Saturday, June 29, 2013

បទល្មើសញុះញង់ដោយផ្ទាល់



        តើបទល្មើសញុះញង់ដោយផ្ទាល់ខុសគ្នាពីការញុះញង់ដូចម្តេចខ្លះ?

 នៅក្នុងបទអត្ថាធិប្បាយពីមុន យើងបានពន្យល់ពីការញុះញង់ដែលជាផ្នែកមួយនៃ អំពើសមគំនិត។ ការញុះញង់ នោះគឺជាពាក្យដែលប្រើជាទូទៅ តែនៅក្នុងក្រមព្រហ្មទណ្ឌ គេប្រើពាក្យថា ការផ្តើមគំនិត ដែលឲ្យនិយមន័យ ដោយមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ។

     ការញុះញង់នៅក្នុងមាត្រា ២៨ នេះមិនមែនជាបទល្មើសទេ តែជាអំពើមួយដែល   ជួយឲ្យកើតបទល្មើសមួយ ក្នុងខណៈដែលអ្នកញុះញង់នោះមិនបានប្រព្រឹត្តបទល្មើស នោះទេ។ ដូចយើងដឹងហើយថា ក្នុងគោលការណ៍ ច្បាប់ព្រហ្មទណ្ឌទូទៅ បើគ្មានអំពើមួយ​ចូលទៅក្នុងធាតុផ្សំសត្យានុម័ត អំពើនោះមិនអាចកើតជា បទល្មើស មួយបានទេ។ ការញុះ​ញង់ ចូលក្នុងស្ថានការណ៍នេះ។ ដើម្បីឲ្យអ្នកញុះញង់ទទួលខុសត្រូវចំពោះបទល្មើសដែល កើតឡើង ច្បាប់ត្រូវតែដាក់ទណ្ឌកម្មអ្នកញុះញង់ ដូចអ្នកប្រព្រឹត្តដែរ តែគេមិនហៅការញុះ ញង់ជាបទល្មើសទេ។

       អ្វីដែលត្រូវចងចាំនោះគឺ ច្បាប់មិនផ្តន្ទាទោសដល់ការញុះញង់ណាដែលគ្មានបាន ផលនោះទេ។ មានន័យថា បើការញុះញង់មិននាំទៅដល់ការប្រព្រឹត្តបទល្មើស ឬ ការប៉ុនប៉ងប្រព្រឹត្តបទល្មើសទេនោះ ច្បាប់ក៏មិនផ្តន្ទាទោស ការញុះញង់នោះដែរ ទោះបីជា មតិសាធារណជនយល់ឃើញថាការញុះញង់នោះមិន សមស្របក្តី។ តាមទ្រឹស្តីនេះ ច្បាប់​ផ្តន្ទាទោស​ការញុះញង់បាន លុះត្រាតែអំពើដែលប្រព្រឹត្តដោយអ្នកទទួលការញុះ​ញង់​ជា​អំពើចូលជា បទល្មើសដែលត្រូវផ្តន្ទាដែរ ដូចជា ប្លន់ ឃាតកម្មជាដើម។

    ប៉ុន្តែ មានស្ថានការណ៍ខ្លះ អំពើដែលប្រព្រឹត្តដោយអ្នកទទួលការញុះញង់ជា អំពើដែលមិនអាចផ្តន្ទាទោសបាន ហើយអំពើញុះញង់នោះក៏ជាអំពើអាក្រក់ដែលត្រូវ​ចៀស​វាងដែរ។ ឧទាហរណ៍ លោក ក បញ្ចុះបញ្ចូលឲ្យកុមារា ខ លេបថ្នាំសម្លាប់ខ្លួនឯង។ ក្នុង​ករណីនេះ កុមារា ខ ប្រព្រឹត្តអត្តឃាតកម្ម ហើយអត្តឃាតកម្មមិនមែនជាបទល្មើស​ដែល​ត្រូវផ្តន្ទាទោសទេ។ លោក ក ជាមនុស្សអាក្រក់ណាស់ តែបើតាមគោលការណ៍​ទូទៅនៃច្បាប់ព្រហ្មទណ្ឌ គេមិន អាចដាក់ទោសលោក ក បានទេ ព្រោះអំពើអត្តឃាត​មិនអាចផ្តន្ទាទោសបាន។ ការនេះគេហៅថាភាពទាល់ ច្រកនៃច្បាប់។ ដូច្នេះ ពួកនីតិករ គឺអ្នកធ្វើច្បាប់(ដូចជាតំណាងរាស្ត្រ ឬរដ្ឋាភិបាល) ត្រូវតែដោះស្រាយបញ្ហា​នេះឲ្យចេញ។ ដំណោះស្រាយគឺបង្កើតបទល្មើសញុះញង់​ដោយឡែក​ពីគេ ដែលគេហៅថា បទល្មើស​ញុះញង់ដោយ​ផ្ទាល់។ នេះជាវិធីនៃនីតិកម្មបែបបារាំង។ ចំពោះបញ្ហាអត្តឃាតនេះ គេ​បង្កើត​បទល្មើសមួយឈ្មោះថា បទល្មើសញុះ​ញង់ដោយផ្ទាល់​ឲ្យធ្វើ​អត្តឃាត។ ជាទូទៅ បទល្មើសញុះញង់ដោយផ្ទាល់នេះមិនទាមទារឲ្យមានលទ្ធផលទេ ព្រោះ​បទល្មើស​បែប​នេះ​​ប្រកាន់យកវិធីទប់ស្កាត់។



ប្រសិនបើអ្នកចង់អានអត្ថបទនេះទាំងមូលសូមចូលទៅគេហទំព័រដើមគឺ www.facebook/pages/សេរីភាព-Sereipheap

No comments:

Post a Comment