Wednesday, December 4, 2013

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បញ្ឈប់​ផ្ដល់​ប្រាក់​បន្ថែម​ដល់​អតិថិជន

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បញ្ឈប់​ផ្ដល់​ប្រាក់​បន្ថែម​ដល់​អតិថិជន

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ មិន​ត្រូវ​ផ្តល់​លុយ​បន្ថែម​ដែល​បណ្ដាល​ឲ្យ​អត្រា​តេ​ចេញ​ក្នុង​ប្រព័ន្ធ​តិច​ជាង ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ត្រូវ​អនុវត្ត​តាម​តម្លៃ​កំណត់​ពី​សារាចរ​អន្តរ​ក្រសួង កាល​ពី​ឆ្នាំ​២០០៩ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច។
ដោយ ទេព សុរ៉ាវី
2013-12-04
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ទូរស័ព្ទ ស្មាត ៦១០
ផ្ទាំង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត (SMART)។
Screenshot
មន្ត្រី​ជាន់​ខ្ពស់​នៃ​បញ្ញតិករ​ទូរគមនាគមន៍ ឬ​អ្នក​រៀប​ចំ​ឲ្យ​អនុវត្ត​បទ​បញ្ចា​សេវា​ទូរគមនាគមន៍ បញ្ជាក់​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត (Smart) ផង ត្រូវ​បញ្ចប់​កម្មវិធី​សេវា​ផ្តល់​ប្រាក់​បន្ថែម​ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដើម្បី​ឲ្យ​អត្រា​ហៅ​ចេញ​ក្នុង និង​ក្រៅ​ប្រព័ន្ធ ស្ថិត​ក្នុង​កម្រិត​មួយ​សមរម្យ។
សមាជិក​ទី​១​នៃ​បញ្ញតិករ​ទូរគមនាគមន៍ និង​ជា​អ្នក​នាំ​ពាក្យ លោក ឡាយ ម៉ារ៉ូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ថា រដ្ឋាភិបាល​បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់​ងាក​ទៅ​អនុវត្ត​តាម​សារាចរ​អន្តរ​ក្រសួង​លេខ​២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០០៩ ដែល​កំណត់​តម្លៃ​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ទាប​បំផុត ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ហៅ​ចេញ​ទៅ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត ៥,៩៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី។
លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​៩ ដែល​កំពុង​ដំណើរ​ការ ក្នុង​នោះ​មាន ៨​ក្រុមហ៊ុន ដែល​បាន​អនុវត្ត​តាម​ការ​ប្រកាស​របស់​ក្រសួង ហើយ​មាន​ក្រុមហ៊ុន​មួយ​ដែល​ទំនង​សំដៅ​ទៅ​លើ​ក្រុមហ៊ុន ស្មាត មិន​បាន​អនុវត្ត​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បង្កើន​ការ​លក់​សេវាកម្ម​ហៅ​ចេញ​ចូល​ទូរស័ព្ទ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ដើម ជា​យុទ្ធសាស្ត្រ​សម្លាប់​គូប្រជែង ដើម្បី​ទាញ​បាន​អតិថិជន​ខ្ពស់ ហើយ​យុទ្ធសាស្ត្រ​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​មួយ​នេះ។
លោក ឡាយ ម៉ារ៉ូ៖ «កាល​ណា​គាត់​លក់​ទាប​ពេក​ទៅ គាត់​លក់​ខាត​ដើម ឧទាហរណ៍​តម្លៃ​ដើម​គាត់​មួយ​សេន គាត់​លក់​ក្រោម​មួយ​សេន អ៊ីចឹង​មាន​ន័យ​ថា គាត់​ខាត គាត់​ប្រកាស​ថា​គាត់​អត់​មាន​លុយ​បង់​ពន្ធ​ជូន​រដ្ឋ។ គាត់​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​បាន​ច្រើន ហើយ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ដួល​មួយ​រយៈ ២ ទៅ ៣​ឆ្នាំ​សិន​ទៅ ដល់​ពេល​គាត់​នៅ​តែ​គាត់ អ៊ីចឹង​ទៅ​ថ្ងៃ​ក្រោយ​គាត់​អាច​ដំឡើង​ថ្លៃ​បាន»។
កាល​ពី​ខែ​មេសា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​កាល​ណោះ​មាន លោក សូរ ឃុន ជា​រដ្ឋមន្ត្រី ធ្លាប់​ចេញ​សេចក្តី​សម្រេច​ដូច​គ្នា​នេះ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត បញ្ឈប់​ការ​ផ្តល់​ប្រាក់​បន្ថែម​ដល់​អតិថិជន។ តែ​ភ្លាមៗ បាន​ពន្យារ​ពេល​អនុវត្ត ក្រោយ​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ពិសេស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បាន​ដាក់​រូប​ផ្ទាំង​ក្រុមហ៊ុន ស្មាត និង​ក្រុមហ៊ុន ម៉ូប៊ីថែល (MOBITEL) បង្ហោះ​ទន្ទឹម​គ្នា និង​បាន​ជជែក​ពី​ការ​ច្រណែន​ឈ្នានីស​របស់​ក្រុមហ៊ុន ម៉ូប៊ីថែល ដែល​ឈាន​ទៅ​ប្ដឹង​ផ្តល់​ឲ្យ​ក្រសួង​ប្រៃសណីយ៍ គាស់​កកាយ​រឿង​អត្រា​ហៅ​ចេញ​ទាប និង​បន្ថែម​លុយ​ច្រើន​របស់​ក្រុមហ៊ុន ស្មាត។
យ៉ាង​ណា អ្នក​នាំ​ពាក្យ​បញ្ញតិករ​ទូរគមនាគមន៍ លោក ឡាយ ម៉ារ៉ូ បញ្ជាក់​ថា ក្រុមហ៊ុន ម៉ូប៊ីថែល មិន​ពាក់ព័ន្ធ​រឿង​នេះ​ទេ។ តែ​រដ្ឋាភិបាល​បាន​គាំទ្រ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​រដ្ឋ។
ក្រុមហ៊ុន ស្មាត បាន​ប្រកាស​ព័ត៌មាន​ភ្លាមៗ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដល់​អតិថិជន​ពី​ការ​ផ្លាស់​ប្ដូរ​គម្រោង​តម្លៃ និង​កម្មវិធី​ខ្លះ​របស់​ខ្លួន ដោយ​អនុវត្ត​មិន​បន្ថែម​លុយ​ដល់​អតិថិជន ដែល​នាំ​ឲ្យ​ការ​ហៅ​ចេញ​ទាប​បំផុត ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ហៅ​ទៅ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត ៥,៩៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី។ កន្លង​មក ក្រុមហ៊ុន ស្មាត បាន​គិត​ថ្លៃ​តេ​ចេញ​ក្នុង​ប្រព័ន្ធ ៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ថ្លៃ​ក្រៅ​ប្រព័ន្ធ ៨​សេន​ដុល្លារ​ក្នុង​មួយ​នាទី។
ក្រុមហ៊ុន ស្មាត ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ជាង​គេ​ទី​២​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន ម៉ូប៊ីថែល ក្រោយ​ពី​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន ហេឡូ (Hello) ដែល​មាន​អតិថិជន​ជាង ៥​លាន​នាក់។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ូប៊ីថែល បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ។
យ៉ាង​ណា ការ​ផ្លាស់​ប្ដូរ​ឲ្យ​ក្រុមហ៊ុន ស្មាត បញ្ឈប់​កម្មវិធី​ផ្តល់​ប្រាក់​ដល់​អតិថិជន និង​មាន​តម្លៃ​ហៅ​ចេញ​ខ្ពស់​ជាង​រាល់​ដង ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ដល់​ស្ថាប័ន​រដ្ឋ។
អតិថិជន​ម្នាក់​របស់​ក្រុមហ៊ុន ស្មាត និយាយ​ថា រដ្ឋ​គ្មាន​វិធាន​ការ​បញ្ចុះ​តម្លៃ​ទាប​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត។ តែ​ក្រុមហ៊ុន ស្មាត បាន​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដល់​អតិថិជន ប៉ុន្តែ​បែរ​ជា​គ្មាន​ការ​គាំទ្រ​ទៅ​វិញ៖ «ខ្ញុំ​ធ្លាប់​តែ​ប្រើប្រាស់ ១០​សេន ខ្ញុំ​និយាយ​បាន​ទៅ​ដល់ ១២០​នាទី ហើយ​ប្ដូរ​លុយ ២០​សេន ខ្ញុំ​បាន​លុយ​ដល់​ទៅ ២​ដុល្លារ ហើយ​ខ្ញុំ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង។ ខ្ញុំ​ឆ្ងល់​ថា ប្រទេស​កម្ពុជា យើង​លក្ខណៈ​ការ​ប្រកួតប្រជែង​ទីផ្សារ​សេរី គាត់​ធ្វើ​អ៊ីចឹង​មាន​ន័យ​ថា មិន​បង្ខិតបង្ខំ​ឲ្យ​រាស្ត្រ​ក្រ ហើយ​គាត់​មិន​ចង់​ឲ្យ​រាស្ត្រ​មាន​ផង​ហ្នឹង»។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​របាយការណ៍​ថ្មី​មួយ កាល​ពី​ខែ​វិច្ឆិកា ថា​វិស័យ​សេវាកម្ម​ត្រូវ​បាន​ចាត់​ទុក​ជា​ក្បាល​ម៉ាស៊ីន ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អាច​ជំរុញ​ឲ្យ​កម្ពុជា រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ លោក ភីធើ ប្រ៊ីមបល (Peter Brimble) អនុប្រធាន​ធនាគារ​នេះ​បញ្ជាក់​ថា ការ​វិនិយោគ​វិស័យ​សេវាកម្ម ដូច​ជា​ទូរគមនាគមន៍​នៅ​កម្ពុជា មាន​ការ​រក​ស៊ី​ផ្តាច់​មុខ ឬ​រួម​គ្នា​រក​ស៊ី​ផ្តាច់​មុខ៕

Saturday, November 30, 2013

ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​សង្គម​ស៊ីវិល របាយការណ៍​ប្រចាំ​ប្រទេស – កម្ពុជា

ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​សង្គម​ស៊ីវិល

របាយការណ៍​ប្រចាំ​ប្រទេស –  កម្ពុជា


រៀបចំ​សម្រាប់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជាដោយ​អង្គការ Cord Cambodia
ខែ ធ្នូ ឆ្នាំ ២០១៣

ផ្នែក​ទី ១: សេចក្តីផ្តើម

របាយការណ៍​នេះ ផ្តោត​លើ​បរិស្ថាន​ច្បាប់ បទប្បញ្ញត្តិ និង គោលនយោបាយ ដែល​នៅ​ក្នុង​នោះ អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​​ដំណើរការ។ ច្បាប់​និង​បទប្បញ្ញត្តិ​ទាំងឡាយ ​ដែល​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល កំណត់​លទ្ធភាព​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ការប្រាស្រ័យទាក់ទង​ និង ពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​ដទៃ ដើម្បី​ចូលរួម​ក្នុង​ការជួបជុំដោយ​សន្តិវិធី ដើម្បី​សុំ​ការ​​លើកលែង​ពន្ធ ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង ដើម្បី​ទទួល​ព័ត៌មាន។ កត្តា​ទាំងនេះ ក៏ដូចជា ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល ជួយ​កំណត់សភាព​នៃ​​បរិយាកាសអំណោយ​ផល របស់​សង្គម​ស៊ីវិល។
របាយការណ៍នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីគំនិត​ផ្តួច​ផ្តើម​លំហរ​សង្គម​ស៊ីវិល​ ដោយ​អង្គការ CIVICUS និង មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​ស្តីពី​ការ​មិន​រក​ចំណេញ (ICNL) ក្នុង​ភាព​ជាដៃ​គូ​ជាមួយ​មាត្រា ១៩ (ATICLE19) និង អង្គការ​ចលនា​ពិភពលោក​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (WMD)និង ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែដ (SIDA)។

ការ​វាយតម្លៃ​បរិយាកាសអំណោយ​ផល​ថ្នាក់​ជាតិ​​សម្រាប់​កម្ពុជា

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បាន​ជ្រើស​រើស​ទិដ្ឋភាព​ចំនួន​ប្រាំពីរ​នៃ​បរិយាកាស​អំណោយ​ផល​សម្រាប់​ធ្វើ​ការវាយតម្លៃៈ (១) ការ​រៀបចំបង្កើត, (២) កិច្ចប្រតិបត្តិការ, (៣) លទ្ធភាព​រក​​ធនធាន, (៤) ការ​សម្តែង​មតិ, (៥) ការ​ជួបជុំ​ដោយ​សន្តិវិធី, (៦) ទំនាក់​ទំនង​រាជរដ្ឋាភិបាល-​សង្គម​​ស៊ីវិល, និង (៧) កិច្ចសហប្រតិបត្តិការ​អង្គការ​សង្គមស៊ីវិល។ ការស្រាវជ្រាវ​នេះ​សំដៅ​កំណត់៖
១)  ច្បាប់ បទប្បញ្ញត្តិ និង បរិស្ថាន​គោលនយោបាយ ​ដែល​ប៉ះពាល់​លទ្ធភាព​របស់​​អង្គការ​សង្គមស៊ីវិល​ក្នុង​ការ​បំពេញ​មុខងារ។
២)   បញ្ហាគន្លឹះៗ ចំណុច​ខ្សោយ និងបញ្ហា​ប្រឈម​សំខាន់ៗ ​ដែល​កើត​ចេញ​ពី​ច្បាប់ និង គោលនយោបាយ។
៣)    វិធី​ប្រសើរ​បំផុត​ដើម្បី​ជំនៈបញ្ហា​ប្រឈម និង ជំរុញកំណើន​លំហរ​ប្រជាធិបតេយ្យ​។
និយមន័យ
បរិយាកាស​អំណោយ​ផល​ពេញលេញសម្រាប់​​​សង្គម​ស៊ីវិល នឹង​ការពារ​​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចងក្រង​គ្នា​ជា​ស្ថាប័ន និង ចូលរួម​ក្នុង​ការ​អភិវឌ្ឍ រួមមានៈ សេរីភាព​បង្កើតស​មាគម​ និង​​សេរីភាព​ខាង​ការ​ជួបជុំ​ និង សេរីភាពបញ្ចេញ​មតិ   ការទទួលស្គាល់​ស្របច្បាប់​ដែល​សម្រួល​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល   សេរីភាពក្នុង​​ការ​ធ្វើ​ចលនា សិទ្ធិ​ធ្វើ​ចលនា  និង សិទ្ធិ​ធ្វើ​ដំណើរ  សិទ្ធិធ្វើ​ប្រតិបត្តិការ​ដោយ​មិន​មាន​ការជ្រៀតជ្រែក​ដែល​គ្មាន​ការ​ធានា​របស់​រដ្ឋ និង ក្របខណ្ឌ​គតិយុត្តិ​មួយ​ ដែល​នៅ​ក្នុង​នោះ ការ​ទទួល​បាន​ធនធាន​ចាំបាច់​អាច​ដំណើរការ។
របាយការណ៍​នេះ ផ្តោត​លើ​ការ​បារម្ភ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក (LNGOs) និង អង្គការសហគមន៍ (CBOs) ដែល​ត្រូវ​គ្រប់គ្រង​ដោយ​​​ក្រសួង​មហាផ្ទៃ ឬគណៈ​រដ្ឋមន្ត្រី។ (ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ គ្រប់គ្រង​​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ។)

ផ្នែក​ទី ២: វិធីសាស្ត្រ

ក្រុម​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ដោយ​សហការ​ជាមួយ​គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និង ដោយ​ប្រយោល ជាមួយ​​គណៈប្រឹក្សា​ស្រាវជ្រាវ​នៃ​គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដើម្បី​កំណត់​វិធីសាស្ត្រ​សមស្រប​ដើម្បី​​ប្រមូល​និង​វិភាគ​ព័ត៌មាន​ចាំបាច់។ វិធីសាស្ត្រ​ រួមមាន​ការ​ពិនិត្យ​មើល​ឯកសារ​ និង​ការ​សម្ភាសន៍​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ចំនួន ២៤។

ផ្នែក​ទី ៣: ការ​រៀបចំបង្កើត​អង្គការ​​សង្គម​ស៊ីវិល

សិទ្ធិ​បង្កើត​ និង​ចុះ​បញ្ជី​​អង្គការ​សង្គមស៊ីវិល​មួយ ត្រូវ​បាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា ហើយ​បច្ចុប្បន្ន​ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ដំណើរការ​ប្រហែល ១ ៣៥០។ រាជរដ្ឋាភិបាល​មាន​អំណាច​បដិសេធ​ការ​ចុះបញ្ជី។ ច្បាប់​គ្រោង​ថ្មីមួយ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សមាគម (LANGO) អាចសម្រួល​បទប្បញ្ញត្តិ​ច្បាប់​សម្រាប់​ការចុះបញ្ជី។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​​បារម្ភ​ខ្លាច​ក្រែង​ការ​ផ្លាស់​ប្តូរត្រូវ​បាន​ប្រើ​​ដើម្បីរឹតត្បិតលំហរ​ប្រជាធិបតេយ្យ។
បញ្ហា​ប្រឈម​សំខាន់ៗ​ចំពោះ​ការ​បង្កើត​អង្គការ​សង្គមស៊ីវិល​នៅ​​កម្ពុជា រួម​មាន៖
·         កង្វះ​ភាព​ច្បាស់លាស់​ក្នុង​ក្រម​រដ្ឋប្បវេណី​សម្រាប់​​ប្រទេស​កម្ពុជា និង លក្ខខណ្ឌ​ចុះបញ្ជី​ដ៏​ស្មុគ្រស្មាញ
·         ឆន្ទានុសិទ្ធិ​លើសលុប​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កំណត់ភាពមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចុះបញ្ជី
·         ការ​តម្រូវ​ឲ្យ​បង់​ ‘ថ្លៃ​សម្រួលកិច្ចការ’ ពោល​គឺ​សំណូក​ជូន​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​កិច្ចដំណើរការ​​ចុះបញ្ជី
·         អវត្តមាន​នៃ​យន្តការ​​តវ៉ា​សម្រាប់​កិច្ចប្រឹងប្រែង​​ចុះបញ្ជី​មិន​បាន​សម្រេច
·         ភាព​មិន​ប្រាកដ​ប្រជា​និង​ការសង្ស័យ​ពី​តួអង្គ​​​សង្គម​ស៊ីវិល ទាក់ទិននឹង​បទប្បញ្ញត្តិ​ច្បាប់​​ដែល​កំណត់​លក្ខខណ្ឌ​បង្កើត និង ជាពិសេស ទាក់ទិននឹង​លទ្ធភាព​ដែល​បទប្បញ្ញត្តិច្បាប់​ថ្មី​នឹងត្រូវ​បាន​ប្រើ​ដើម្បី​រឹតត្បិត​​សេរីភាព។

ផ្នែក​ទី ៤: កិច្ចប្រតិបត្តិការ​របស់​​អង្គការ​សង្គមស៊ីវិល

  • ច្បាប់​ដែល​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល រួមមានក្រមរដ្ឋប្បវេណី​នៃប្រទេស​កម្ពុជា ឆ្នាំ ២០០៧ ច្បាប់​ស្តីពី​ការ​យកពន្ធ​ឆ្នាំ ២០០៤ ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ ២០០៩ ច្បាប់​ស្តីពី​ការ​ធ្វើ​​បាតុកម្ម​ដោយ​សន្តិវិធី​ឆ្នាំ ២០០៩ និង ច្បាប់ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឆ្នាំ ២​០១០។ អង្គការ​សង្គម​ស៊ីវិល​​ដែល​ជំរុញ​សិទ្ធិ​មនុស្ស ត្រូវ​បាន​គម្រាម​កំហែង និង ព្យួរ​ការងារ​ដោយ​​រាជរដ្ឋាភិបាល។ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​បារម្ភ​ថា​ច្បាប់​គ្រោង​ថ្មី​​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​និងសមាគម (LANGO) នឹង​បង្កើន​ការជ្រៀតជ្រែក​​និង​ការ​ត្រួតត្រា​របស់​រាជរដ្ឋាភិបាល​លើ​​អង្គការ​សង្គម​ស៊ីវិល។
បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់​ទិននឹង​កិច្ចប្រតិបត្តិការ​របស់អង្គការ​សង្គមស៊ីវិល​នៅកម្ពុជា រួមមាន៖
  • អនុលោមភាព​ទាប​ជាមួយ​នឹង​​បទប្បញ្ញត្តិច្បាប់​ជាធរមាន ដោយ​អង្គការ​សង្គម​ស៊ីវិល
  • កាតព្វកិច្ច​រាយការណ៍​ស្មុគ្រស្មាញ​និង​សាំញ៉ាំ
  • ការយល់ដឹង​មិន​បាន​ល្អ និង​/​ឬ ការ​អនុវត្ត​មិន​សមស្រប​នូវ​​បទប្បញ្ញត្តិច្បាប់​ជាធរមាន​ ដោយ​មន្ត្រី​រាជរដ្ឋាភិបាល
  • ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​ជូន​បុគ្គលិក​​រាជរដ្ឋាភិបាល ដើម្បី​សម្រួល​កិច្ច​ប្រតិបត្តិការ
  • អវត្តមាន​​និង​អសង្គតិភាព​នៃ​ផលវិបាក​​ចំពោះ​ការ​ខកខាន​មិន​បាន​គោរព​តាម​កាតព្វកិច្ច​ស្របច្បាប់
  • ការ​យាយី​ម្តង​ម្កាល​លើ​​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ក្នុង​ការងារសិទ្ធិ​មនុស្ស
  • អវត្តមាន​នៃ​យន្តការ​តវ៉ា​​ក្នុង​ករណី​នៃ​ការលុប​បញ្ជី ការ​ព្យួរការងារ ឬ ការ​រំលាយ
  • ការ​បារម្ភ​ទាក់ទិន​នឹង​សក្តានុពល​ប្រើ​បំពាន​ច្បាប់​គ្រោង​ថ្មី​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និងសមាគម

ផ្នែក​ទី ៥: លទ្ធភាព​ទទួល​បាន​​ធនធាន

រាជរដ្ឋាភិបាល​កម្ពុជា ហាក់​បី​ដូចជា​មិន​ទទួល​ស្គាល់​​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ទេ។
បញ្ហា​ប្រឈម​សំខាន់ៗ​​សម្រាប់​អង្គការ​សង្គមស៊ីវិលកម្ពុជា​ក្នុង​ការ​ទទួល​បាន​ ធនធាន រួមមាន៖
  • កំណើន​ការប្រកួតប្រជែង​ក្នុង​ការ​ទទួល​មូលនិធិ​បរទេស
  • កំណើន​កង្វល់​របស់​ម្ចាស់​ជំនួយ​អIពី​និរន្តរភាព​ហិរញ្ញវត្ថុ​នៃ​គម្រោង​និង​ការផ្លាស់​ប្តូរ​អាទិភាព​របស់​ម្ចាស់​ជំនួយ (ងាក​ចេញ​ពី​កម្ពុជា)
  • សមត្ថភាព​ស្ថាប័ន​ទាប​ក្នុង​ការ​ស្វែង​រក​មូលនិធិ
  • សម្ពាធ​ឲ្យ​រក​ចំណូល​ដោយ​ឯករាជ្យ
  • សក្តានុពល​នៃ​ការអភិវឌ្ឍ​សហគ្រាស​សង្គម​ដែល​ប៉ះពាល់​ការងារស្នូល​របស់​សង្គម​ស៊ីវិល
  • អវត្តមាន​នៃកិច្ចព្រមព្រៀង​ភាព​ជាដៃគូ​រវាង​រាជរដ្ឋាភិបាល​និង​​សង្គម​ស៊ីវិល
  • ភាព​ស្ទើរ​តែ​គ្មាន​វត្តមាន​នៃការ​ផ្តល់​អំណោយ​មនុស្សធម៌ លើកលែង​តែ​ទាក់ទិននឹងការ​ផ្តល់​អំណោយ ​សាសនា និង នយោបាយ។

ផ្នែក​ទី ៦: ការ​បញ្ចេញ​មតិ

សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​កំណត់​ថា​ ‘មិន​មាន​សេរីភាព’ ហើយ​ការ​បង្ក្រាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បាន​និង​កំពុង​កើន​ឡើង​តាំង​ពី​ឆ្នាំ ២០១២។
បញ្ហា​ប្រឈម​សំខាន់ៗ​​ទាក់ទិននឹង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា រួមមាន៖
  • កង្វះ​ឯករាជ្យភាព​នៃ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ស្ទើរ​តែ​ទាំងអស់ ជាពិសេស ទូរទស្សន៍ និង កាសែត​ភាសា​ខ្មែរ។
  • ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ថ្មី​ស្តីពី​ការ​ប្រឆាំងអ៊ីន​ធឺណេត អាច​រឹត្បិត​​សេរីភាព​នៃ​ការបញ្ចេញ​មតិ។
  • ការ​សម្លុត​បំភ័យ​លើ​បុគ្គល​ខ្លះ​ដែល​បាន​បញ្ចេញ​មតិ​ផ្ទុយ​នឹង​រាជរដ្ឋាភិបាល។
  • សក្តានុពល​ដែល​​ច្បាប់​ថ្មី​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សមាគមរឹតត្បិត​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ផ្នែក​ទី ៧: ការជួបជុំ​ដោយ​សន្តិវិធី

មាត្រា​ ៤១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថាប្រជាពលរដ្ឋ​មាន​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ប៉ុន្តែ ក្នុងករណី​ខ្លះ រាជរដ្ឋាភិបាល​បាន​រឹតត្បិត​ដោយ​បំពាន​លើ​​សេរីភាព​នៃ​ការ​ធ្វើ​ចលនា និង សេរីភាព​ខាង​ការ​​​ប្រជុំ បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី ហើយ​នគរបាល​បានរំខាន​កិច្ចប្រជុំ និង បាន​គម្រាម​កំហែង​សហគមន៍​ដែល​ចូលរួម​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល។
បញ្ហា​ប្រឈម​សំខាន់ៗ​​ទាក់ទិននឹង​ការជួបជុំ​ដោយ​សន្តិវិធីនៅ​កម្ពុជា រួមមាន៖
  • ការ​បដិសេធ​ដោយ​បំពាន​យ៉ាង​ច្បាស់​នូវ​សំណើ​ប្រជុំ​/​ធ្វើ​បាតុកម្ម
  • ការ​ភ័យ​ខ្លាច​ផលវិបាក​ប្រឆាំង​នឹង​អ្នក​រៀបចំ​និង​អ្នកចូលរួម​ក្នុង​​ការប្រជុំ​ដោយ​សន្តិវិធី
  • កា​រ​រំខាន​​ការប្រជុំ​​ដោយ​សន្តិវិធី​ដោយ​អាជ្ញាធរ
  • កំណើន​ម្តងម្កាល​នៃ​អំពើ​ហិង្សា​​លើ​បាតុកម្ម​ដោយ​សន្តិវិធី
  • កង្វះ​តម្លាភាព​ក្នុង​កិច្ចដំណើរការ​ស៊ើប​អង្កេត​លើ​នគរបាល​ឬ​អាជ្ញាធរ​ដទៃទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នកចូលរួម​ក្នុង​ការ​ប្រជុំ​ដោយ​សន្តិវិធី
  • អវត្តមាន​នៃ​ផលវិបាក​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នក​ចូលរួម ទោះ​បីជា​មាន​ភស្តុតាង​ជារូបភាព​និង​ជា​ខ្សែ​វីដេ​អូ​ក្តី។

ផ្នែក​ទី ៨: ទំនាក់​ទំនង​រាជរដ្ឋាភិបាល​ និង​​សង្គម​ស៊ីវិល

តួនាទី​របស់​​សង្គម​ស៊ីវិល​ក្នុង​ការអភិវឌ្ឍ​កម្ពុជា ត្រូវ​បាន​មើល​រំលង។ អ្នក​ផ្តល់​បទសម្ភាសន៍​ម្នាក់​បាន​និយាយថា “វា​គឺជា​រឿង​កម្រ​ណាស់​ដែល​​រដ្ឋាភិបាល​ជាតិ​ មិន​មាន​ការតាំងចិត្ត​ចំពោះភាព​ជាដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដូចជា​ករណី​នៅ​ប្រទេស​កម្ពុជា”។
បញ្ហា​ប្រឈម​សំខាន់ៗ​សម្រាប់​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាល​និង​​សង្គម​ស៊ីវិល រួមមាន៖
•        កង្វះ​ទំនុកចិត្ត​ ជាពិសេស​រវាង​រាជរដ្ឋាភិបាល និង ​អង្គការ​សង្គមស៊ីវិល​ទាំងឡាយ​ដែល​ធ្វើ​សកម្មភាព​លើ​ការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ និង សិទ្ធិ​មនុស្ស
•        ឱកាស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​សុន្ទនា​​គ្នា និង សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល​និង​​សង្គម​ស៊ីវិល​ផ្តល់​ធាតុចូលនិង​មតិ​កែលម្អ​ប្រកបដោយ​អត្ថន័យ​ជូន​គ្នា​ទៅវិញ​ទៅមក ជាពិសេស​នៅ​កម្រិត​ជាតិ
•        ការ​ខកខាន​ក្នុង​ការ​ផ្តល់​លទ្ធភាព​​និង​ពេល​វេលា​គ្រប់គ្រាន់​​សម្រាប់​ការ​រួម​ចំណែក​រ​បស់​​សង្គម​ស៊ីវិល ជូន​ដល់​ក្រុមការងារបច្ចេកទេស និង យន្តការ​ពិគ្រោះយោបល់​ប្រហាក់​ប្រហែល​ផ្សេង​ទៀត
•        កង្វះ​ភាព​ច្បាស់លាស់​អំពី​វេទិកាគ្រោង​ប្រចាំឆ្នាំ​​រាជរដ្ឋាភិបាល និង ​សង្គម​ស៊ីវិល
•        ការ​ខកខាន​ក្នុង​ការ​បញ្ជាក់​តួនាទី​ច្បាស់លាស់​ជូន​សង្គម​ស៊ីវិល​នៅក្នុងយុទ្ធសាស្ត្រ​ចតុកោណ​​កម្ពុជា
•        សមត្ថភាព​មាន​កម្រិត​សម្រាប់​កិច្ចសហប្រតិបត្តិការ ទាំង​​ខាង​​រាជរដ្ឋាភិបាល ទាំង​ខាងសង្គម​ស៊ីវិល
•        កង្វះ​ចំណាប់​អារម្មណ៍​លើ​កិច្ចសហប្រតិបត្តិការ។

ផ្នែក​ទី ៩: ​កិច្ចសហប្រតិបត្តិការ​ និង​សម្ព័ន្ធភាព​សង្គម​ស៊ីវិល

សម្ព័ន្ធភាព​នៃ​​អង្គការ​សង្គមស៊ីវិល អាច​កំពុង​កើនឡើង ប៉ុន្តែ ជម្រៅ​នៃ​​កិច្ចសហប្រតិបត្តិការ គឺ​រាក់។
បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទិននឹង​កិច្ចសប្រតិបត្តិការ​និង​សម្ព័ន្ធភាព​សង្គម​ស៊ីវិល រួមមាន៖
•        កង្វះ​ទំនុកចិត្តក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល
•        កិច្ចសហប្រតិបត្តិការ​រាក់ ដែល​ភាគ​ច្រើន​ដោះស្រាយ​បញ្ហា​បច្ចេកទេស
•        យន្តការ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​វាយតម្លៃ​លើ​សមិទ្ធកម្ម​ការងារ​នៃ​ក្រុម​សមាជិកភាព
•        យន្តការ​​មិន​គ្រប់គ្រាន់​សម្រាប់​ទទួល​និង​ដោះស្រាយ​បណ្តឹង​ពី​សមាជិក

•        កិច្ចសហប្រតិបត្តិការ​អន្តរវិស័យ​មិន​ល្អ