រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទចល័តបញ្ឈប់ផ្ដល់ប្រាក់បន្ថែមដល់អតិថិជន
មន្ត្រីជាន់ខ្ពស់នៃបញ្ញតិករទូរគមនាគមន៍ ឬអ្នករៀបចំឲ្យអនុវត្តបទបញ្ចាសេវាទូរគមនាគមន៍ បញ្ជាក់ថា ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ រួមទាំងក្រុមហ៊ុនទូរស័ព្ទ ស្មាត (Smart) ផង ត្រូវបញ្ចប់កម្មវិធីសេវាផ្តល់ប្រាក់បន្ថែមដល់អតិថិជនរបស់ខ្លួនឲ្យបានយ៉ាងយូរត្រឹមថ្ងៃទី៦ ខែធ្នូ ដើម្បីឲ្យអត្រាហៅចេញក្នុង និងក្រៅប្រព័ន្ធ ស្ថិតក្នុងកម្រិតមួយសមរម្យ។
សមាជិកទី១នៃបញ្ញតិករទូរគមនាគមន៍ និងជាអ្នកនាំពាក្យ លោក ឡាយ ម៉ារ៉ូ មានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូ ថា រដ្ឋាភិបាលបានដាក់កំហិតឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ងាកទៅអនុវត្តតាមសារាចរអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច កាលពីឆ្នាំ២០០៩ ដែលកំណត់តម្លៃអត្រាហៅចេញក្នុងប្រព័ន្ធទាបបំផុត ៤,៥សេនដុល្លារក្នុងមួយនាទី និងហៅចេញទៅក្រៅប្រព័ន្ធទាបបំផុត ៥,៩៥សេនដុល្លារក្នុងមួយនាទី។
លោកបញ្ជាក់ថា ក្រុមហ៊ុនទូរស័ព្ទចំនួន៩ ដែលកំពុងដំណើរការ ក្នុងនោះមាន ៨ក្រុមហ៊ុន ដែលបានអនុវត្តតាមការប្រកាសរបស់ក្រសួង ហើយមានក្រុមហ៊ុនមួយដែលទំនងសំដៅទៅលើក្រុមហ៊ុន ស្មាត មិនបានអនុវត្តទេ។ លោកបន្តថា ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្មបង្កើនការលក់សេវាកម្មហៅចេញចូលទូរស័ព្ទក្នុងតម្លៃទាបជាងតម្លៃដើម ជាយុទ្ធសាស្ត្រសម្លាប់គូប្រជែង ដើម្បីទាញបានអតិថិជនខ្ពស់ ហើយយុទ្ធសាស្ត្រនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ និងធ្វើឲ្យប៉ះពាល់ដល់ការប្រមូលពន្ធលើវិស័យមួយនេះ។
លោក ឡាយ ម៉ារ៉ូ៖ «កាលណាគាត់លក់ទាបពេកទៅ គាត់លក់ខាតដើម ឧទាហរណ៍តម្លៃដើមគាត់មួយសេន គាត់លក់ក្រោមមួយសេន អ៊ីចឹងមានន័យថា គាត់ខាត គាត់ប្រកាសថាគាត់អត់មានលុយបង់ពន្ធជូនរដ្ឋ។ គាត់ប្រើយុទ្ធសាស្ត្រនេះ ដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើន ហើយឲ្យក្រុមហ៊ុនផ្សេងៗដួលមួយរយៈ ២ ទៅ ៣ឆ្នាំសិនទៅ ដល់ពេលគាត់នៅតែគាត់ អ៊ីចឹងទៅថ្ងៃក្រោយគាត់អាចដំឡើងថ្លៃបាន»។
កាលពីខែមេសា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកាលណោះមាន លោក សូរ ឃុន ជារដ្ឋមន្ត្រី ធ្លាប់ចេញសេចក្តីសម្រេចដូចគ្នានេះឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត បញ្ឈប់ការផ្តល់ប្រាក់បន្ថែមដល់អតិថិជន។ តែភ្លាមៗ បានពន្យារពេលអនុវត្ត ក្រោយពីមានការរិះគន់យ៉ាងខ្លាំង ពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយបានដាក់រូបផ្ទាំងក្រុមហ៊ុន ស្មាត និងក្រុមហ៊ុន ម៉ូប៊ីថែល (MOBITEL) បង្ហោះទន្ទឹមគ្នា និងបានជជែកពីការច្រណែនឈ្នានីសរបស់ក្រុមហ៊ុន ម៉ូប៊ីថែល ដែលឈានទៅប្ដឹងផ្តល់ឲ្យក្រសួងប្រៃសណីយ៍ គាស់កកាយរឿងអត្រាហៅចេញទាប និងបន្ថែមលុយច្រើនរបស់ក្រុមហ៊ុន ស្មាត។
យ៉ាងណា អ្នកនាំពាក្យបញ្ញតិករទូរគមនាគមន៍ លោក ឡាយ ម៉ារ៉ូ បញ្ជាក់ថា ក្រុមហ៊ុន ម៉ូប៊ីថែល មិនពាក់ព័ន្ធរឿងនេះទេ។ តែរដ្ឋាភិបាលបានគាំទ្រឲ្យមានការត្រួតពិនិត្យការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនទូរស័ព្ទចល័ត ដែលធ្វើឲ្យបាត់បង់ចំណូលរដ្ឋ។
ក្រុមហ៊ុន ស្មាត បានប្រកាសព័ត៌មានភ្លាមៗនៅថ្ងៃទី៤ ខែធ្នូ ដល់អតិថិជនពីការផ្លាស់ប្ដូរគម្រោងតម្លៃ និងកម្មវិធីខ្លះរបស់ខ្លួន ដោយអនុវត្តមិនបន្ថែមលុយដល់អតិថិជន ដែលនាំឲ្យការហៅចេញទាបបំផុត ៤,៥សេនដុល្លារក្នុងមួយនាទី និងហៅទៅក្រៅប្រព័ន្ធទាបបំផុត ៥,៩៥សេនដុល្លារក្នុងមួយនាទី។ កន្លងមក ក្រុមហ៊ុន ស្មាត បានគិតថ្លៃតេចេញក្នុងប្រព័ន្ធ ៥សេនដុល្លារក្នុងមួយនាទី និងថ្លៃក្រៅប្រព័ន្ធ ៨សេនដុល្លារក្នុងមួយនាទី។
ក្រុមហ៊ុន ស្មាត ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេទី២នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន ម៉ូប៊ីថែល ក្រោយពីច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន ហេឡូ (Hello) ដែលមានអតិថិជនជាង ៥លាននាក់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ម៉ូប៊ីថែល បានទេ នៅថ្ងៃទី៤ ខែធ្នូ។
យ៉ាងណា ការផ្លាស់ប្ដូរឲ្យក្រុមហ៊ុន ស្មាត បញ្ឈប់កម្មវិធីផ្តល់ប្រាក់ដល់អតិថិជន និងមានតម្លៃហៅចេញខ្ពស់ជាងរាល់ដង ធ្វើឲ្យមានការរិះគន់ដល់ស្ថាប័នរដ្ឋ។
អតិថិជនម្នាក់របស់ក្រុមហ៊ុន ស្មាត និយាយថា រដ្ឋគ្មានវិធានការបញ្ចុះតម្លៃទាបឲ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ តែក្រុមហ៊ុន ស្មាត បានផ្តល់ការបញ្ចុះតម្លៃពិសេសដល់អតិថិជន ប៉ុន្តែបែរជាគ្មានការគាំទ្រទៅវិញ៖ «ខ្ញុំធ្លាប់តែប្រើប្រាស់ ១០សេន ខ្ញុំនិយាយបានទៅដល់ ១២០នាទី ហើយប្ដូរលុយ ២០សេន ខ្ញុំបានលុយដល់ទៅ ២ដុល្លារ ហើយខ្ញុំស្រួលក្នុងការទំនាក់ទំនង។ ខ្ញុំឆ្ងល់ថា ប្រទេសកម្ពុជា យើងលក្ខណៈការប្រកួតប្រជែងទីផ្សារសេរី គាត់ធ្វើអ៊ីចឹងមានន័យថា មិនបង្ខិតបង្ខំឲ្យរាស្ត្រក្រ ហើយគាត់មិនចង់ឲ្យរាស្ត្រមានផងហ្នឹង»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ថ្មីមួយ កាលពីខែវិច្ឆិកា ថាវិស័យសេវាកម្មត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ច និងអាចជំរុញឲ្យកម្ពុជា រួចចាកផុតពីភាពក្រីក្រយ៉ាងឆាប់រហ័ស។ ប៉ុន្តែ លោក ភីធើ ប្រ៊ីមបល (Peter Brimble) អនុប្រធានធនាគារនេះបញ្ជាក់ថា ការវិនិយោគវិស័យសេវាកម្ម ដូចជាទូរគមនាគមន៍នៅកម្ពុជា មានការរកស៊ីផ្តាច់មុខ ឬរួមគ្នារកស៊ីផ្តាច់មុខ៕
No comments:
Post a Comment