Wednesday, March 5, 2014

ស្ត្រី​បុរីកីឡា​ខ្លះ​ក្លាយ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ក្រោយ​ការ​បណ្ដេញ​ចេញ

ប្រភពពីវទ្យុអាស៊ីសេរី


ដោយ ទេព សុរ៉ាវី
2014-03-05
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បុប្ផា បុរីកីឡា ៦១០
២១-កុម្ភៈ-២០១៤៖ បុប្ឆា (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) អង្គុយ​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ រង់​ចាំ​ភ្ញៀវ​មក​រក​សេវា​ផ្លូវ​ភេទ។
RFA/Tep Soravy
ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​សហគមន៍​បុរីកីឡា ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ។
អ្នក​បុរីកីឡា​ខ្លះ ដែល​ត្រូវ​ក្រុមហ៊ុន​និង​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ដើម​ឆ្នាំ​២០១២ អោយ​ទៅ​រស់​នៅ​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បាន​ត្រឡប់​មក​ជួល​ផ្ទះ​នៅ​លើ​ទីតាំង​ចាស់ ដើម្បី​អាច​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន។
អ្វី​ដែល​ចាប់​អារម្មណ៍​នោះ ក្រោយ​ការ​បណ្ដេញ​ចេញ​ជាង ២​ឆ្នាំ ស្ត្រី​អ្នក​បុរីកីឡា​ខ្លះ បាន​ធ្លាក់​ខ្លួន​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ស្ត្រី​ម្នាក់​ដែល​ធ្លាប់​មាន​ប្ដី​និង​កូន​ពីរ​នាក់ ធ្លាប់​ជា​អ្នក​ដេរ​ខោអាវ និង​ជា​អ្នក​បោស​សម្អាត​នៅ​តាម​ផ្សារ សាលារៀន​ឯកជន បាន​ធ្លាក់​ទៅ​ធ្វើ​ជា​ស្រី​លក់​ខ្លួន​នៅ​តាម​សួន​ច្បារ ដើម្បី​ដូរ​ប្រាក់​យក​មក​ផ្គត់ផ្គង់​គ្រួសារ និង​សង​បំណុល​គេ ក្រោយ​ពី​ផ្ទះ​របស់​នាង​ត្រូវ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ចោល។
បុប្ឆា គឺ​ជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ។ នាង​តែង​អង្គុយ​លើ​បង់​ជាមួយ​ស្ត្រី​ឯ​ទៀត​នៅ​សួន​ច្បារ​មាត់​ទន្លេ ក្បែរ​ភោជនីយដ្ឋាន​ទន្លេសាប។ ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ក្រហម​ព្រាលៗ ដាក់​លំអ​សួន​ច្បារ បុប្ឆា បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​ចាំ​ភ្ញៀវ​ហៅ​យក​ទៅ​រួម​ភេទ។
(សំឡេង​បុប្ផា​សួរ​ភ្ញៀវ៖ បង​មក​រក​ស្រី​យក​ទៅ​គេង​មែន?)
ម៉ោង​ជិត ៩​យប់​ហើយ បុប្ឆា នៅ​មិន​ទាន់​បាន​ភ្ញៀវ​ម្នាក់​នៅ​ឡើយ។ ថ្មើរ​ណេះ​កាល​ពី​ជាង ២​ឆ្នាំ​មុន បុប្ឆា តែង​នៅ​ផ្ទះ​គេង​ឱប​ប្ដី​និង​កូន​តូចៗ ២​នាក់​នៅ​ក្នុង​ដៃ ក្រោម​ដំបូល​ផ្ទះ​ឈើ​មួយ​ក្នុង​ប្លុក​បុរីកីឡា៖ «បើ​គ្មាន​ការ​បណ្ដេញ​ចេញ​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក៏​ជីវិត​ខ្ញុំ​មិន​ធ្លាក់​រណ្ដៅ​ដល់​ថ្នាក់​ហ្នឹង​ដែរ ប្តី​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ព្រាត់ប្រាស​គ្នា​អ៊ីចឹង​ដែរ កូន​ខ្ញុំ​ក៏​នៅ​ដេក​ឱប​ទ្រូង​បាន។ ពេល​ខ្ញុំ​មក​ធ្វើ​ស្រី​បារ ស្រី​ខូច​រាល់​ថ្ងៃ​ហ្នឹង ក្រុមហ៊ុន​ផានអ៊ីម៉ិច បំផ្លិចបំផ្លាញ​ជីវិត​របស់​ខ្ញុំ»
កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ ដំបូល​ផ្ទះ​ដែល​ធ្លាប់​ផ្ដល់​សេចក្ដី​សុខ​ត្រូវ​ដួល​រាប​ដល់​ដី​ដោយ​កម្លាំង​រុញ​របស់​គ្រឿងចក្រ​ក្រុមហ៊ុន​ផានអ៊ីម៉ិច។ បុប្ឆា រំលឹក​ថា គ្រឿងចក្រ​ដែល​ប្រៀប​ដូចជា​សត្វ​ដាយណូស័រ​នោះ បាន​ច្បាម​ផ្ទះ​នាង​កម្ទេច​ចោល។
(សំឡេង​នៃ​ការ​បណ្ដេញ​ចេញ​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២)
ចាប់​ពី​ពេល​នោះ​មក ជីវិត​របស់​នាង​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង។ មុន​ការ​បណ្ដេញ​ចេញ បុប្ឆា ប្រកប​របរ​ជា​អ្នក​ដេរ​ខោអាវ​បាន​ប្រាក់​ខ្លះ​ផ្សែផ្សំ​នឹង​ប្រាក់ខែ​ប្តី​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​ថ្ងៃ​បណ្ដេញ​ចេញ​នោះ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ដឹក​សម្ភារៈ ទ្រព្យសម្បត្តិ​អ្នក​បុរីកីឡា​ជា​ច្រើន​ទៅ​ចាក់​ចោល​នៅ​ទួល​សំបូរ និង​ភ្នំបាត។ ពេល​នោះ​ហើយ​ដែល​នាង​បាត់បង់​ម៉ាស៊ីន​ដេរ​របស់​នាង​ដែល​ជា​ទ្រព្យ​សំខាន់​តែ​មួយ​មុខ​គត់​ដែល​នាង​មាន​សម្រាប់​ប្រើប្រាស់​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។
បុប្ឆា បាត់​បង់​អាជីព​ជា​អ្នក​ដេរ​ខោអាវ​ពី​ពេល​នោះ​មក។ កូន ៤​ខែ​ក្នុង​ផ្ទៃ​ក៏​ត្រូវ​ស្លាប់​ក្នុង​ពោះ​ពេល​ដែល​ប៉ូលិស​ធាក់​នាង​មួយ​ជើង។ និយាយ​ត្រឹម​នេះ បុប្ឆា បាន​សើយ​អាវ​ឡើង​លើ និង​ទាញ​ខោ​ខោវប៊យ​នាង​ចុះ​ក្រោម​បន្តិច ឲ្យ​មើល​ស្នាម​វះ​ពោះ​របស់​នាង ពេល​ដែល​នាង​វះ​យក​កូន​ដែល​ស្លាប់​នោះ។
សាក្សី​ម្នាក់​ជា​អ្នក​ភូមិ​បុរីកីឡា ដែល​ឃើញ​ហេតុការណ៍​នោះ​ប្រាប់​ថា បុប្ឆា បាន​ស្ទុះ​ទៅ​ជួយ​បងស្រី​នាង​ដែល​សមត្ថកិច្ច​វាយ​បែក​ក្បាល​នៅ​ថ្ងៃ​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ដាក់​កម្លាំង​ច្រើន​រយ​នាក់​បណ្ដេញ​ចេញ។ នាង​ត្រូវ​សមត្ថកិច្ច​ធាក់​ជា​ច្រើន​ជើង​ចំ​ពោះ។ នៅ​យប់​នោះ​ហើយ​ដែល បុប្ឆា ធ្លាក់​ឈាម​ច្រើន​ទៅ​លើ​ដី៖ «ពេល​ហ្នឹង​ខ្ញុំ​ដឹង​ថា ពេល​គាត់​ត្រឡប់​ទៅ​មន្ទីរពេទ្យ គឺ​ពេទ្យ​ឲ្យ​គាត់​សម្រេច​ចិត្ត​ថា ឲ្យ​គាត់​វះ បើ​មិន​អ៊ីចឹង​ទេ គឺ​អាច​ទាំង​ខ្លួន​គាត់​និង​កូន​អត់​រស់​ដូច​គ្នា»
បុរីកីឡា ភ្នំបាត ៦១០
ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ត្រូវ​គេ​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត។ រូបថត​ថ្ងៃ​២១ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Tep Soravy
ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ បុប្ឆា បាន​ព្យាយាម​ចាប់​ផ្ដើម​ជីវិត​ជា​ថ្មី​នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​ចែក​ឲ្យ​នៅ​ភ្នំបាត ដោយ​បាន​ប្រមែប្រមូល​លុយ​ដែល​សន្សំ​ទុក​ឲ្យ​កូន​រៀន​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ​ទំហំ​ជាង ៣​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ​នៅ​ទី​នោះ។ ទី​បំផុត​ផ្ទះ​នោះ​បាន​ត្រឹមតែ​សង់​ទុក​ចោល បន្ទាប់​ពី​នាង​និង​ប្តី​បាន​បែក​បាក់​គ្នា​ក្រោយ​មាន​ជម្លោះ​ប្ដី​ប្រពន្ធ​រឿង​ព្រម​យក​ដីធ្លី​នៅ​ភ្នំបាត។
បុប្ផា៖ «ដី​ភ្នំ​បាត នេះ​គ្មាន​នរណា​អាច​រស់​បាន​ទេ ព្រោះ​រក​តែ​ស្អី​ហូប​គ្មាន​ផង។ ពួក​បងៗ​នៅ​ហ្នឹង​គាត់​នៅ​បាន​ដោយសារ​គាត់​អត់​មាន​មុខ​របរ​អី​ឲ្យ​ធ្វើ បើ​គាត់​ទៅ​រក​មាន​ធ្វើ​អី មាន​តែ​ធ្វើ​ស្រីបារ​ដូច​ជា​ខ្ញុំ​ទេ ហើយ​គេ​មាន​គ្រួសារ ធ្វើ​ដូច​ខ្ញុំ​ម៉េច​បាន? នោះ​ផ្ទះ​ខ្ញុំ បើ​អាច​ចូល​ខាង​ក្រោយ​បាន ព្រោះ​ទ្វារ​មុខ​បើក​មិន​បាន។ នេះ​ផ្ទះ​ខ្ញុំ តែ​ឥឡូវ​បាក់បែក​អស់​ហើយ ព្រោះ​ខ្ញុំ​បែកបាក់​គ្រួសារ​ខ្ញុំ ខ្ញុំ​ទុក​ចោល»
នាង​សម្រេច​ត្រឡប់​មក​រស់​នៅ​បុរីកីឡា​វិញ​ជាមួយ​ម្ដាយ​និង​បង​ប្អូន ៩​នាក់ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់នៅ​បណ្ដោះអាសន្ន។ ក្រោយ​ពី​លែង​លះ​ប្តី បុប្ឆា បាន​ចាប់​អាជីព​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​រក​លុយ​មក​មើល​ជំងឺ​ម្ដាយ​ដែល​ឈឺ​សន្លាក់ជើង ពេល​ដែល​ដួល​លើ​ដី​នៅ​ថ្ងៃ​ក្រុមហ៊ុន​បណ្ដេញ​ចេញ។ នាង​នៅ​មាន​អម្រែក​ធ្ងន់​មួយ​ទៀត គឺ​ត្រូវ​សង​បំណុល​ជាង ២​ពាន់​ដុល្លារ​ជួស​ម្ដាយ និង​មាន​ភារៈ​ឧបត្ថម្ភ​កូន ២​នាក់​ឲ្យ​ទៅ​រៀន។
បុប្ផា៖ «ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​ផ្ទះ​ម៉ែ​ខ្ញុំ ម៉ែ​ខ្ញុំ​មាន​បញ្ហា​ជំពាក់​លុយ​គេ។ ខ្ញុំ​បិទ​ភ្នែក​ដេក គេ​មក​ទារ​លុយៗ។ ខ្ញុំ​អង្គុយ​គិត​ខ្លួន​ឯង​ថា បើ​ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង ខ្ញុំ​គ្មាន​លុយ​សង​គេ​ទេ អ៊ីចឹង​ខ្ញុំ​អង្គុយ​ជុំ​គ្នា ៣​នាក់​បង​ប្អូន ប្រាប់​ប្អូន​ថា ទៅ​ធ្វើ​ការ​ទៅ បង​ទៅ​ធ្វើ (រក​ស៊ី​ផ្លូវ​ភេទ) តែ​ឯង​ទេ ហ្អែង​មិន​បាច់​ធ្វើ​ទេ ស៊ី​តែ​ប្រាក់​ខែ​ទៅ។ ខ្ញុំ​ដាក់​ចិត្ត​ទៅ​គេង​ជាមួយ​ភ្ញៀវ​រាល់​ថ្ងៃ​ហ្នឹង មិន​មែន​បាន​លុយ ៥០ ឬ ១០០​ដុល្លារ​ទេ បាន​តែ ១៥ ឬ ២០​ទេ អ៊ីចឹង​ខ្ញុំ​ប្រាប់​ម្ចាស់​បំណុល​ថា មួយ​អាទិត្យ​មក​យក ២០​ដុល្លារ​ទៅ​ខ្ញុំ​អោយ តែ​ឥឡូវ​ខ្ញុំ​សង​គេ​បាន​ពាក់​កណ្ដាល​ហើយ។ ប្អួនៗ​ខ្ញុំ​វា​ឃើញ​អ៊ីចឹង វា​សួរ​ថា ចែ​នៅ​ដេក​ជាមួយ​ភ្ញៀវ​មែន? ខ្ញុំ​ថា​បើ​មិន​ទៅ​មាន​លុយ​ពី​ណា តែ​ហ្អែង​មិន​បាច់​ទៅ​ទេ។ ប្អូន​ខ្ញុំ​តូចៗ​ណាស់​អត់​ចេះ​គិត​អី​ទេ»
ក្រៅ​ពី​អាជីព​រក​ស៊ី​តាម​សួន​ច្បារ​នៅ​ពេល​រាត្រី បុប្ឆា ក្នុង​វ័យ ២៦​ឆ្នាំ ដែល​មាន​រូប​សម្រស់​មិន​ចាញ់​តារា​សម្ដែង​ប៉ុន្មាន​នោះ ក៏​មាន​សមត្ថភាព​ច្រៀង​កំដរ​ក្នុង​ពិធី​មង្គលការ ជប់លៀង​ផ្សេងៗ​ដែរ ដោយ​មាន​ក្រុម​តន្ត្រី​មួយ​ជួល​នាង​ទៅ​ច្រៀង។
(សំឡេង បុប្ឆា ច្រៀង​ចម្រៀង)
ចំណូល​នេះ​ហាក់​បាន​តិច​ជាង​របរ​នៅ​តាម​សួន​ច្បារ ដោយ​ច្រៀង​មួយ​កម្មវិធី​នៅ​ភ្នំពេញ ទទួល​បាន ១៥​ដុល្លារ ហើយ​បើ​ចុះ​ទៅ​ខេត្ត​វិញ​បាន ២០ ទៅ ២៥​ដុល្លារ​តាម​ខេត្ត​ជិត ឬ​ខេត្ត​ឆ្ងាយ។ ត្បិត​នាង​មាន​ដុង ឬ​ទេពកោសល្យ​ច្រៀង​តាំង​ពី​តូច តែ​នាង​មិន​អាច​ចាប់​អាជីព​ច្រៀង​បាន​ជាប់​លាប់ ដោយសារ​តែ​រក​លុយ​បាន​តិច​មិន​គ្រប់​សង​បំណុល ម្យ៉ាង​របរ​នេះ​រក​បាន​តាម​ពេល។
បុប្ឆា មាន​ប្អូន​ស្រី ២​នាក់​ធ្វើ​ការ​នៅ​ហាង​ខារ៉ាអូខេ។ ម្នាក់​ជា​អ្នក​កំដរ​ភ្ញៀវ ហើយ​ម្នាក់​ទៀត​ជា​អ្នក​ចាប់​ទឹក​កក ដែល​ទទួល​កម្រៃ​បាន ៣៥​ដុល្លារ​ក្នុង​មួយ​ខែ។ ប្អូន​ស្រី​របស់​នាង​ម្នាក់​ធ្លោយ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ម្ដងម្កាល ពេល​ដែល​ភ្ញៀវ​ឲ្យ​កម្រៃ​ខ្ពស់។ រី​ឯ​ម្នាក់​ទៀត ទើប​តែ​ចាប់​ផ្ដើម​ការងារ​នេះ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដោយសារ​ខ្វះខាត​ជីវភាព។
បុប្ផា៖ «ខ្ញុំ​ទាន់​ម្ដង​ឃើញ​ប្អូន​ខ្ញុំ​ទៅ​ដេក​ជាមួយ​គេ ខ្ញុំ​អត់​ឲ្យ​ទៅ​ទេ ខ្ញុំ​គិត​ថា មនុស្ស​ប្រុស​គេ​មើល​ងាយ​យើង​ណាស់ ខ្ញុំ​ដឹង ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់។ ខ្ញុំ​ហៅ​បង​ប្អូន ៣​នាក់​ទៅ​និយាយ​នៅ​មុខ​វាំង ថា​ធ្វើ​អី​ក៏ដោយ កុំ​ឲ្យ​ម៉ែ​ដឹង ទៅ​ដេក​ជាមួយ​គេ​ទៅ​តែ​បង​មួយ​បាន​ហើយ ហ្អែង​មិន​បាច់​ទៅ​ទេ តែ​ប្អូន​ខ្ញុំ​វា​អាណិត​ខ្ញុំ។ អ្នក​ធ្វើ​ការ​ទាំង​អស់​គេ​ទៅ​ម៉ោង ៧​យប់ តែ​ចំពោះ​ខ្ញុំ ម៉ោង ៨​យប់​ទើប​ចេញ​ពី​ផ្ទះ​ទៅ ព្រោះ​ខ្ញុំ​អង្គុយ​តាម​សួន ខ្ញុំ​ខ្មាស​គេ​ណាស់ ភ្លើង​ភ្លឺ គេ​ជិះ​មក​ឃើញ​យើង​បាន​យក​យើង​ទៅ»
លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​ស្ថាប័ន​រដ្ឋ​មួយ​ដែល​បាន​ជួយ​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច បំពាន​ច្បាប់​កិច្ចសន្យា​បាន​ជោគជ័យ​នោះ មាន​ប្រសាសន៍​ថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មាន​ច្រើន​ស្ទើរ​គ្រប់​កន្លែង ដែល​ពិបាក​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ថា មក​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់។
មន្ត្រី​រូប​នេះ​អះអាង​បន្ត​ថា ជួនកាល​លក្ខខណ្ឌ​រស់​នៅ​ល្អ​ក៏​មាន​ស្ត្រី​ស្ម័គ្រ​ទៅ​ប្រកប​របរ​នេះ​ដែរ៖ «យើង​មិន​អាច​ដឹង​ថា ស្ថានភាព​ពួកគាត់​យ៉ាង​ម៉េច​ទេ ខ្ញុំ​អត់​មាន​អ្វី​អត្ថាធិប្បាយ​លើស​នេះ​ទេ»។
តំណាង​អ្នក​ភូមិ​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន បញ្ជាក់​ថា ពី​មុន បុប្ឆា មាន​របរ​ត្រឹមត្រូវ ជា​អ្នក​បោស​សម្អាត​នៅ​តាម​សាលារៀន​មួយ និង​ជួយ​ដេរ​ខោអាវ​ជាមួយ​ម្ដាយ​ក្នុង​ផ្ទះ​នៅ​សហគមន៍​បុរីកីឡា។ ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ជា​ដើម​ចម​ធ្វើ​ឲ្យ បុប្ឆា ធ្លាក់​ដាប​ទៅ​ចាប់​អាជីព​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។
លោកស្រី ឆាយ គឹមហ៊ន៖ «អ្វី​ដែល​ជំរុញ​ឲ្យ​គាត់​ធ្វើ គឺ​មិន​មែន​ជា​ទឹក​ចិត្ត​របស់​គាត់​ខ្លួន​គាត់​ផ្ទាល់​ទេ គឺ​ក្នុង​គ្រួសារ​របស់​គាត់​អត់​មាន​រក​អី​បាន អ៊ីចឹង​ហើយ​គាត់​ក៏​ជំរុញ​ចិត្ត​ទៅ​ធ្វើ។ ជាក់ស្ដែង​បំផុត​គាត់​តែងតែ​ត្អូញត្អែរ​ប្រាប់​ខ្ញុំ​ដែរ អ្នក​ដែល​មិន​ទាន់​ចាកចេញ គាត់​ថា កុំ​យក​សំណង​ដែល​មិន​សមរម្យ​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ព្រោះ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ប្តី បាត់​បង់​គ្រួសារ​ដ៏​ធំ​ល្វឹងល្វើយ​របស់​គាត់»
បុរីកីឡា ភ្នំបាត ៦១០
ក្មេងៗ​កូន​អតីត​អ្នក​បុរីកីឡា លេង​នៅ​ក្នុង​ភូមិ​នៅ​តំបន់​ភ្នំបាត។ រូបថត​ថ្ងៃ​២១ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Tep Soravy
តំណាង​អ្នក​ភូមិ​ភ្នំបាត លោក ទូច ខន ប្រាប់​ថា អ្នក​រស់​នៅ​ភ្នំបាត សព្វ​ថ្ងៃ​រស់​នៅ​ពឹង​ទាំង​ស្រុង​លើ​ជំនួយ​សប្បុរសធម៌។ ពួកគេ​គ្មាន​ដី​ស្រែ​សម្រាប់​បង្កបង្កើន​ផល ភ្លើង​ក៏​គ្មាន​ប្រើ មណ្ឌល​សុខភាព​ក៏​គ្មាន សាលារៀន​ក៏​នៅ​ឆ្ងាយ ទឹក​ក៏​ប្រើ​មិន​គ្រប់។ លោក​បន្ត​ថា ស្ត្រី​ខ្លះ​ទាល់​តម្រិះ តែង​កាត់​សក់​ខ្លួន​ឯង​លក់​ដើម្បី​បាន​ចំណូល​ខ្លះៗ ហើយ​ស្ត្រី​ខ្លះ​ត្រឡប់​ទៅ​បុរីកីឡា​វិញ រក​ស៊ី​ផ្លូវ​ភេទ។ រី​ឯ​ប្រុស​ខ្លះ​ពេញ​កម្លាំង ទៅ​ភ្នំពេញ ធ្វើ​ការ​សំណង់ រក​លុយ​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ដែល​រស់​នៅ​ភ្នំបាត។
ស្ត្រី​មេម៉ាយ​កូន ២​ម្នាក់​រស់​នៅ​ភ្នំបាត ប្រាប់​ថា ២​ឆ្នាំ​ហើយ​ដែល​អ្នកស្រី​និង​កូន​រស់​នៅ​ពឹង​លើ​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ប្រសិន​បើ​គ្មាន​ជំនួយ​អង្ករ ទឹក​ត្រី ទឹកស៊ីអ៊ីវ ដែល​ផ្គត់ផ្គង់​រាល់​ខែ​ទេ​នោះ ពួក​គាត់​នឹង​ស្លាប់៖ «បាត់​អស់​ហើយ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ​អី​ពេល​រុះរើ​បុរីកីឡា​នោះ បាត់​អស់​ហើយ បើ​មាន​ទៅ​យើង​ចេះ​តែ​ធ្វើ​ការ​រោងចក្រ ប្រកប​របរ​រក​ស៊ី​បាន ដល់​ពេល​បាត់​អស់​មិន​ដឹង​ជា​ទៅ​ធ្វើ​អី»
សព្វថ្ងៃ​អ្នក​ភ្នំបាត ស៊ូ​រស់​នៅ​មាន​ជាង ១០០​នាក់ ភាគ​ច្រើន​ជា​កុមារ​តូចៗ ដែល​ម្ដាយ​ឪពុក​ផ្ញើ​នឹង​ជីដូន។ ក្មេងៗ​ទាំង​នោះ​ខ្លះ​ទ្រាំ​ដើរ​ជាង ៦​គីឡូម៉ែត្រ ទៅ​សាលារៀន​នៅ​ជើង​ភ្នំ​ឧត្តុង្គ។ ក្មេង​ជាង ១​ខួប​ខ្លះ បៅ​ដោះ​ស្វិត​ជីដូន​ជំនួស​ការ​បៅ​ដោះ​ម្ដាយ។ ក្មេង​ខ្លះ​រាង​កាយ​ស្គមស្គាំង ស្លេកស្លាំង​ខ្វះ​អាហារ ហើយ​ខ្លះ​ខ្លួន​ឡើង​ស្រមក​ដូច​មិន​ដែល​ងូត​ទឹក។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភិរម្យ សិក្សា​រក​ឃើញ​ថា អ្នក​បុរីកីឡា បាន​បាត់បង់​ផ្ទះសម្បែង គ្រួសារ​និង​មុខ​របរ​ពី​ការ​អភិវឌ្ឍ​ដែល​គ្មាន​យុត្តិធម៌ មិន​មាន​តម្លាភាព និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋាភិបាល។
អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់​ថា អភិបាល​រាជធានី​ភ្នំពេញ​ថ្មី លោក ប៉ា សុជាតិវង្ស ត្រូវ​ការ​ពេល​យូរ​ដើម្បី​ដោះស្រាយ​រឿង​នេះ។ តែ​ជា​ដំបូង​លោក​ស្នើ​ឲ្យ​អ្នក​បុរីកីឡា ជាង ១០០​គ្រួសារ កំពុង​រស់​នៅ​ក្បែរ​គំនរ​សំរាម​ក្រោម​សំពត់​តង់​កៅស៊ូ​ក្ដៅ​ហែង និង​ក្រោម​ជណ្ដើរ​អាគារ យល់​ព្រម​ទទួល​យក​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​សិន។
ក្តី​សង្ឃឹម​តែ​មួយ​គត់​លើ​អភិបាល​ថ្មី​ដែល​ធ្លាប់​សន្យា​ថា នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ឲ្យ​លែង​មាន​នៅ​លើ​ទំព័រ​កាសែត​នោះ ត្រូវ​បាន​អ្នក​បុរីកីឡា ដក​ទំនុក​ចិត្ត បន្ទាប់​ពី​អាជ្ញាធរ​ដាក់​កម្លាំង​ទៅ​វាយ​បណ្ដេញ​ពួកគេ​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ចំ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ទៅ​តាំង​ទីលំនៅ​លើ​អាគារ​ទី​៩ ក្នុង​តំបន់​បុរីកីឡា របស់​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច គឺ​លោកស្រី ស៊ុយ សុផាន ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាម​ផ្លូវ​ច្បាប់ ពលរដ្ឋ​សហគមន៍​បុរីកីឡា គឺ​ជា​អ្នក​មាន​ប្រៀប​ស្រប​ច្បាប់​ក្នុង​ជម្លោះ​នោះ ដោយសារ​តែ​ពួកគេ​មាន​កិច្ច​សន្យា​ជា​ភស្តុតាង​យ៉ាង​រឹងមាំ​ជាមួយ​ក្រុមហ៊ុន ដោយ​មាន​ការ​ដឹង​ឮ​ពី​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ចាស់ លោក កែប ជុតិមា អំពី​ការ​សាងសង់​អាគារ ១០ សម្រាប់​អ្នក​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ គឺ​មិន​មែន​សង់ ៨​អាគារ ហើយ​ប្រកាស​ថា ខាត​បង់​យក​រួច​ខ្លួន​នោះ​ទេ។
វិល​ទៅ​រក បុប្ឆា វិញ នាង​បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ចំពោះ​ការ​បំផ្លាញ​គ្រួសារ​នាង​ឲ្យ​បែកបាក់ រហូត​ធ្វើ​ឲ្យ​នាង​ធ្លាក់​ខ្លួន​ក្លាយ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។
នាង​ទទូច​ឲ្យ​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​អ្នក​ភូមិ​បុរីកីឡា ដែល​មិន​ទាន់​បាន​សំណង ចៀសវាង​កុំ​ឲ្យ​ស្ត្រី​ឯ​ទៀត​ប្រកប​របរ​ដូច​ជា​នាង៖ «សូម​ក្រុមហ៊ុន​និង​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់​ទៅ កុំ​ទុក​ឲ្យ​ពួកគាត់​រហេមរហាម ប្រយ័ត្ន​គេ​ធ្វើ​សំផឹង​ដូចជា​ខ្ញុំ ព្រោះ​អ្នក​នៅ​ក្រោម​តង់​ទាំង​អស់​សុទ្ធ​តែ​ស្រី​ស្អាត កូន​គេ​ស្អាតៗ គេ​មិន​ចង់​ឲ្យ​គេ​ធ្វើ​ការងារ​ដូច​ជា​ខ្ញុំ​ទេ»

No comments:

Post a Comment