ភ្នំពេញៈ រលកបាតុកម្មតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ ដុល្លារដែលផ្ទុះឡើងជាច្រើនកន្លែងកាលពីព្រឹកម្សិលមិញក្រៅពីមានការបិទផ្លូវជាតិលេខ ២ នៅ ចាក់អង្រែ បិទផ្លូវជាតិលេខ ៤ នៅតំបន់សេដកិច្ចពិសេសភ្នំពេញ កំបូល ក្នុងខណ្ឌ ពោធិ៍សែនជ័យ បានកើតមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុកររាប់រយនាក់ និងកម្លាំងសមត្ថកិច្ចកងឆត្រយោង ៩១១ ដែលក្រៅពីរងរបួសទាំងសងខាង ក៏មានការចាប់ខ្លួនព្រះសង្ឃ សកម្មជន និងបាតុករប្រមាណ ១៥ នាក់ផងដែរ។ ប៉ុន្តែនៅម៉ោងជិត ១២ យប់មិញ មន្ត្រីសិទ្ធិមនុស្ស អាដហុក អះអាងថា ព្រះសង្ឃ ៥ អង្គត្រូវបានដោះលែងវិញ តែបាតុករដទៃទៀតកំពុងបន្តចរចា។
ការផ្ទុះបាតុកម្មម្សិលមិញចំថ្ងៃដែលក្រសួង ការងារ ប្រកាសឲ្យរោងចក្រសហគ្រាស និងកម្មករចូលធ្វើការនិងដំណើរការវិញ នេះគឺដោយក្រុមកម្មករមិនព្រមទទួលយកការដំឡើងប្រាក់ខែអប្បបរមា ១០០ ដុល្លារ ដែលសម្រេចឲ្យអនុវត្តដោយក្រសួង ការងារ បន្ទាប់ពីមានកិច្ចពិភាក្សាចុងក្រោយមុនដាច់ឆ្នាំ ២០១៣។
ការបង្ក្រាបដោយកងឆត្រយោង ៩១១ និងប៉ូលិស ដែលមានប្រើ ខែល ដំបង ដោយកម្លាំងជាងរយនាក់ត្រូវបានតបតពីក្រុមកូដករជាកម្មករ ដឹកនាំដោយលោក វ៉ន ពៅ ដែលប្រើដបទឹកសុទ្ធនិងដំថ្មនៅមុខរោងចក្រ យ៉ាកជីន ក្នុងភូមិ ទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
លោក វ៉ន ពៅ បានរងការវាយនឹងដំបង ហើយត្រូវចាប់ខ្លួនជាមួយនឹងបាតុករព្រះសង្ឃជាង ១០ នាក់/អង្គ។ តាមរបាយការណ៍ព័ត៌មានក្នុងវេបសាយអគ្គស្នងការនគរបាលជាតិថា មនុស្ស ១៥ នាក់រួមមានព្រះសង្ឃ ៥ អង្គផងត្រូវបានចាប់ខ្លួនដោយសារតែមានការគប់ដុំថ្មនិងវាយរបងរោងចក្រ យ៉ាកជីន នៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ម៉ោងប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃ ទី២ ខែ មករា។
របាយការណ៍ព័ត៌មាននេះថា ព្រះសង្ឃ និងគ្រហស្ថ ១៥ អង្គ/នាក់ នេះ រួមមាន៖ ឈ្មោះ វ៉ន ពៅ សុគន្ធ សម្បត្តិ ពិសិដ្ឋ, យុំ សំអន, រ៉េត រដ្ឋា ណាគ្រី វណ្ណា, លង សាន្ត, តេង ចន្ធី, ថេង សារឿន,ឈឹម ធឿន, ចាន់ ពុទ្ធីសក្តិ និងព្រះសង្ឃ ៥ អង្គនាម មាស វិចិត្រ, ថាច់ ហាសំអាង, គង់ រតនៈសារាយ, ឡាយ ឡាត និង គឹម ចាន់ថន។
ប៉ុន្តែ តាមលោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេត អាដហុក អះអាងនៅម៉ោងជិត ១២ យប់មិញថា សមត្ថកិច្ចបានហៅមន្ត្រីអង្គការសហប្រជាជាតិឲ្យមកទទួលពួកគេដែលត្រូវដោះលែងវិញនៅបន្ទាយកងឆត្រយោង ៩១១ ទាំងយប់។ លោក សុវេត ដែលទៅឃ្លាំមើលការដោះលែងទាំងយប់និយាយថា៖ «ព្រះសង្ឃ ៥អង្គ ត្រូវបានដោះលែងនៅម៉ោងជិត ១២ យប់មិញ តែអ្នកដទៃខាងមន្ត្រី អ.ស.ប កំពុងតែចរចា»។
អ្នកស្រី ទេព វន្នី តំណាងអ្នក បឹងកក់ ដែលបានមកស្វែងរកអ្នកភូមិម្នាក់របស់គាត់ដែលត្រូវចាប់ខ្លួនដោយទាហានបានថ្លែងថា គាត់មិនដឹងថា ហេតុអ្វីបាននគរបាលប្រើហិង្សាទៅលើកម្មករនិងព្រះសង្ឃទេ។
អ្នកស្រីបន្ថែមថា៖ «យើងជាខ្មែរ ហេតុអ្វីបានជាវាយខ្មែរដូចគ្នា ហើយហេតុអ្វីពួកគេវាយទៅលើព្រះសង្ឃ។ ឥឡូវនេះខ្ញុំមិនខ្លាចស្លាប់ទេ សូមបាញ់ខ្ញុំមកខ្ញុំត្រៀមខ្លួនស្លាប់ហើយ»។
អ្នកស្រី ប្រាក់ សុវណ្ណារី ប្រពន្ធរបស់ លោក វ៉ន ពៅ បានប្រាប់ថា ប្តីគាត់បានទូរស័ព្ទមកប្រាប់ថាគាត់មិនអាចទ្រាំបានទេ ពីព្រោះគាត់របួសក្បាលនិងរាងកាយធ្ងន់ធ្ងរ។ អ្នកស្រីថា៖ «មូលហេតុដែលគាត់ទូរស័ព្ទមកខ្ញុំ គឺដើម្បីប្រាប់ឲ្យកម្មករនិងព្រះសង្ឃបើកផ្លូវពីព្រោះគាត់ភ័យខ្លាចថា អាជ្ញាធរនឹងប្រើហិង្សានៅពេលយប់»។
អ្នកស្រីបន្តថា៖ «ប្តីរបស់ខ្ញុំប្រាប់ថា គាត់ឈឺខ្លាំងណាស់ គាត់មិនដឹងថា តើគាត់អាចរស់ឬមិនរស់នោះទេ»។
ភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានសហគមន៍ព្រះសង្ឃខ្មែរក្រោមជាចៅអធិការវត្ត សាមគ្គីរង្សី មានសង្ឃដីកាថា វត្តព្រះអង្គបាត់ព្រះសង្ឃ ៥ អង្គ ជាព្រះសង្ឃពិតប្រាកដមែន។ ហេតុអ្វីពួកគេចោទថាសង្ឃក្លែងក្លាយ។
ព្រះអង្គបន្តថា៖ «អាត្មាសម្រេចបិទផ្លូវជាតិលេខ ៤ ពីព្រោះតែចង់ឲ្យអាជ្ញាធរដោះលែងព្រះសង្ឃ តែហេតុអ្វីក៏ពួកគេផ្សឹកពួកលោក»។
លោក ចាន់ សុវេត បានថ្លែងដែរថា៖ «វាខុសខ្លាំងណាស់ចំពោះករណីនេះ ពីព្រោះពួកគេជាទាហាន ពួកគេត្រូវការពារប្រទេស មិនមែនការពាររោងចក្រទេ ប៉ុន្តែពួកគេការពាររោងចក្រ និងវាយលើព្រះសង្ឃ ទាហាននេះតែងតែការពាររោងចក្រនិងជនមានអំណាច»។
បន្ទាប់ពីការប៉ះទង្គិចគ្នានៅពេលថ្ងៃត្រង់នេះ ក្រុមបាតុករនៅតែប្រមូលផ្តុំនិងបង្កើនការបិទផ្លូវជាតិលេខ ៤ និងផ្លូវ វ៉េងស្រេង បន្តនៅពេលរសៀលដោយមានការដុតម៉ូតូសន្តិសុខរោងចក្រ និងដុតកង់ឡាន បិទចរាចរណ៍ជាច្រើនម៉ោង រហូតដល់ម៉ោងជាង ៧ យប់ ទើបចរាចរណ៍ផ្លូវជាតិលេខ ៤ អាចដំណើរការបានវិញ។
ការបិទផ្លូវជាតិលេខ ៤ ក្បែរបន្ទាយ កំបូល សង្កាត់ កំបូល ខណ្ឌ ពោធិ៍សែនជ័យ នេះធ្វើឡើងដោយបាតុករដឹកនាំដោយសកម្មជនស្រ្តីនៅ បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដើម្បីទាមទារឲ្យមានការដោះលែងលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាជិកព្រមទាំងព្រះសង្ឃទាំងអស់ ១៥នាក់ ដែលត្រូវចាប់ឃុំនៅបន្ទាយកងឆត្រយោង ៩១១ បន្ទាប់ពីប៉ះទង្គិចគ្នានៅពេលថ្ងៃត្រង់។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុនៅផ្លូវ វ៉េងស្រេង សួន កាណាឌីយ៉ា ថា ក្រុមបាតុករប្រើហិង្សារហូតដុតបំផ្លាញម៉ូតូរបស់សន្តិសុខយាមតាមរោងចក្រនេះ គឺដោយសារតែពួកគេខឹងនឹងសន្តិសុខបិទទ្វារមិនឲ្យពួកគេចូលក្នុងរោងចក្រ។ ក្រុមបាតុករថែមទាំងនាំគ្នា ដុតកង់រថយន្តបិទផ្លូវផង។ ប៉ុន្តែ កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់ហិង្សា និងរក្សាសន្តិសុខនៅទីនោះ។
លោក ភឿន ឆន អាយុ ២១ឆ្នាំ ធ្វើការនៅតំបន់រោងចក្រ កាណាឌីយ៉ា ដែលបានទទួលរងរបួសជើងខាងឆ្វេងថ្លែងថា នៅម៉ោងប្រហែល ៤ រសៀល កងរាជអាវុធហត្ថមកកាន់ទីនេះដោយមិននិយាយអ្វីជាមួយកម្មករទេ ហើយគិតតែវាយទៅលើកម្មករ។ គាត់និយាយថា៖ «យើងគ្រាន់តែទាមទារប្រាក់ខែយើង ហេតុអ្វីពួកគេមកវាយកម្មករ ប៉ុន្តែយើងមិនខ្លាចទេ នឹងបន្តធ្វើទៀតនៅថ្ងៃស្អែក»។
លោកថា ក្នុងអំឡុងការតវ៉ាសន្តិសុខរោងចក្រមិនអនុញ្ញាតឲ្យកម្មករចេញក្រៅតំបន់រោងចក្រ កាណាឌីយ៉ា ទេ កម្មករដុតម៉ូតូសន្តិសុខមួយ។ គាត់បន្ថែមថា៖ «យើងតវ៉ារហូតទាល់តែរដ្ឋាភិបាលផ្តល់ប្រាក់ឈ្នួល ១៦០ ដុល្លារ ក្នុងមួយខែដល់យើង»។
អំពើហិង្សារបស់សមត្ថកិច្ចប្រព្រឹត្តទៅលើក្រុមបាតុករបានជះឥទ្ធិពលទៅលើការចាប់ផ្តើមចរចារវាងក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះដោយសារតែគណបក្សសង្គ្រោះជាតិបានសម្រេចលុបចោលវិញនូវចំនួនក្រុមការងារ ៣ នាក់ម្ខាងនេះវិញ។
ក្នុងសេចក្តីថ្លែងការណ៍ម្សិលមិញរបស់គណបក្សប្រឆាំងនេះថា៖ «គណបក្សសង្គ្រោះជាតិសូមផ្អាកគម្រោងចរចាជាមួយគណបក្សប្រជាជនកម្ពុជារកដំណោះស្រាយនយោបាយនេះដោយមកពីការប្រើអំពើហិង្សាមកលើកម្មករ កម្មការិនី និងការចាប់ព្រះសង្ឃ តំណាងសហជីព និងកម្មករ»។ ជាមួយនេះគណបក្សអះអាងថា នឹងពិនិត្យលើលទ្ធភាពចរចាឡើងវិញនៅពេលដែលគណបក្សប្រជាជនបញ្ឈប់ការប្រើអំពើហិង្សាមកលើព្រះសង្ឃ កម្មករ និងពលរដ្ឋទូទៅ។
ចំណែកខាងសង្គមស៊ីវិល ក៏បានចាត់ទុកការបង្ក្រាបទៅលើកម្មករបាតុករដោយអំពើហិង្សា ២ កន្លែង នៅ កំបូល និងនៅសួនឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូវ វេងស្រេង ជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយដែរ។
សមាគម អាដហុក ក៏បានចេញសេចក្តីថ្លែងការណ៍ហៅ ទង្វើនេះថា ជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍ នេះ អាដហុក បានអំពាវនាវឲ្យមានការដោះលែងអ្នកត្រូវចាប់ខ្លួនហើយស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ដល់សមត្ថកិច្ចណា ដែលប្រព្រឹត្តខុសច្បាប់ និងដាក់ទោសតាមច្បាប់។
បាតុកម្មកម្មករ រហូតឈានដល់ការប៉ះទង្គិចដោយហិង្សាម្សិលមិញធ្វើឡើងខណៈសហជីពចំនួន ៩ បានដាក់ឱសានវាទទៅដល់រាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចំនួន ៣ថ្ងៃ បើកចរចាពីរឿងប្រាក់ឈ្នួលកម្មករដែលទាមទារ ១៦០ ដុល្លារជាថ្មី នៅមុនពេលមហាបាតុកម្មទ្រង់ទ្រាយធំផ្ទុះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានធ្វើការប្រកាសនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា បន្ទាប់ពីសហព័ន្ធសហជីពទាំង ៩ ពិភាក្សាគ្នាបានសម្រេចថា បើមានការចរចានៅពេលខាងមុខនេះសហព័ន្ធលោកនឹងប្រកាសឲ្យកម្មករចូលធ្វើការងារវិញ។ លោកបន្តថា៖ «ប៉ុន្តែបើគ្មានជំនួបចរចា ឬគ្មានដំណោះស្រាយទេ ការធ្វើកូដកម្ម បាតុកម្មនឹងនៅតែបន្តរហូត នេះជាការសម្រេចរបស់សហព័ន្ធសហជីពទាំង ៩»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ស៊ីខៅឌូ បានឲ្យដឹងថា តាមការស្ទាបស្ទង់គឺកម្មករនៅតែទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ ដុល្លារដដែល។ លោកឲ្យដឹងទៀតថា៖ «មកដល់ពេលនេះសន្ទុះនៃការតវ៉ានៅតែកើតមាន ប៉ុន្តែទោះយ៉ាងណាក៏ក្នុងនាមយើងជាសហជីព ក្នុងករណីរាជរដ្ឋាភិបាលឬក៏ក្រុមហ៊ុនចង់ធ្វើការជជែកពិភាក្សា ក្នុងរយៈពេលបីថ្ងៃ គឺពីថ្ងៃនេះដល់ខានស្អែក យើងនឹងធ្វើការជជែកគ្នា ដើម្បីបញ្ឈប់ការធ្វើកូដកម្មនេះ»។
លោក អាត់ ធន់ បន្តថា កូដកម្ម បាតុកម្មនៅតែបន្ត បើមិនមានជំនួបចរចាជាថ្មីទេនោះ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជានិយាយដែរថា សហជីពទាំងអស់ផ្ញើសារទៅរាជរដ្ឋាភិបាលថា សុំកុំប្រើវិធីគំរាមលុបបញ្ជិកា ប្តឹង ឬចាប់ខ្លួនពួកគេ ព្រោះវាគ្មានប្រយោជន៍នោះទេ។
លោកស្រីថា៖ «អំពើបែបនេះ មិនអាចដោះស្រាយបញ្ហាបានទេ គឺមានតែការចូលតុចរចាទេ ទើបអាចដោះស្រាយបាន»។
ឆ្លើយតបទៅនឹងការទាមទារឲ្យមានការចរចាជាថ្មីវិញនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួង ការងារ ពីម្សិលមិញបានប្រាប់ថា ក្រសួងបានធ្វើប្រកាសជាផ្លូវការហើយពីការកំណត់ប្រាក់ឈ្នួលអប្បបរមាឲ្យអនុវត្តនៅឆ្នាំ ២០១៤ ដែលជាយន្តការចុងក្រោយនៅក្នុងច្បាប់ដើម្បីឲ្យប្រាក់ឈ្នួលអប្បបរមាចូលជាធរមាន។
លោកថ្លែងថា៖ «អ្វីៗ បានដោះស្រាយ និងបានកំណត់រួចហើយ។ ឯអ្វីដែលសហជីព ឬអង្គការវិជ្ជាជីវៈដាក់ឱសានវាទនោះជាសិទ្ធិរបស់ពួកគេឲ្យតែអ្វីៗប្រព្រឹត្តទៅតាមច្បាប់ លក្ខន្តិកៈនៃសហជីពនីមួយៗ។ ជាពិសេសត្រូវប្រព្រឹត្តដោយរលូន ដោយគ្មានការញុះញង់ រារាំង បង្ខិតបង្ខំ ឬក៏បង្កឲ្យកើតអំពើហិង្សា»។
លោក ហេង សួរ បញ្ជាក់ថា មានរោងចក្រប្រមាណ ៦០ ភាគរយបើកដំណើរការវិញ និងមានកម្មករប្រមាណ ៨០ ភាគរយចូលធ្វើការពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ មានរោងចក្រមួយចំនួន ត្រូវបង្ខំចិត្តផ្អាកដំណើរការវិញ ដោយសារតែមានការរំខានពីអ្នកតវ៉ាដោយការដើរអុកឡុក គប់ដុំថ្មនិងរុញទ្វាររបងរោងចក្រ ធ្វើឲ្យបារម្ភពីសុវត្ថិភាពកម្មករ និងនិយោជកខ្លួនឯង។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយពីថ្ងៃម្សិលមិញដោយបានបដិសេធចូលរួមធ្វើការចរចា តាមការស្នើសុំរបស់ក្រសួង ការងារ។
ជាមួយគ្នាដែរ GMAC ក៏បានផ្ញើលិខិតមួយទៀតទៅកាន់ក្រសួង ការងារ ដដែលជូនដំណឹងពីការបន្តព្យួរការងារ នៅតាមរោងចក្រនានា។
លិខិតចុះហត្ថលេខាដោយលោក ខេន លូ អគ្គលេខាធិការ GMAC បញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នមានភាពជ្រួលច្របល់និងប្រកបដោយគ្រោះថ្នាក់ ក្រៃលែង ពិសេសទាក់ទងសុវត្ថិភាព និងអាយុជីវិតរបស់កម្មករ ធ្វើឲ្យរោងចក្រពិបាកគ្រប់គ្រង។ លោកថ្លែងដែរថា៖ «សមាជិក សមាគមដែលបានទទួលរងគ្រោះ ពីស្ថានការណ៍ដ៏អាក្រក់នេះ បានស្នើឲ្យសមាគមដាក់ជាសំណើរួមមួយដើម្បីព្យួរការងារនិង ផ្អាកផលិតកម្មដោយគ្មានពេលកំណត់រហូតដល់ស្ថានភាពវិលទៅដូចដើមវិញ ហើយដែលសន្តិសុខ និងសុវត្ថិភាពអាយុជីវិតរបស់កម្មករ និងទ្រព្យសម្បត្តិរបស់រោងចក្រត្រូវបានធានា»៕