Friday, August 2, 2013

លោក ហ៊ុន សែន ៖ បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​នឹង​​​បាត់​​​បង់​​​អាសនៈ​​សភា​​​​ ​​​ប្រសិន​​​បក្ស​​​នេះ​​​ហ៊ាន​​​ធ្វើ​​​ពហិការ​​​​​​



​​​លោក​​​ វ៉ូលហ្គាំង​​​ ម៉ូស័រ (Wolfgang Moser) ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃម្សិលមិញ​​​ថា  លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ព្រមាន​​​​​​ថា ខ្លួន​​​នឹង​​​ប្រគល់​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​តូច​​​ៗ​​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​ទេ​​​នោះ​​​។
លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ផ្ញើសារ​​​នេះ​​​បន្ត​​​​​​ទៅ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​មិន​​​បើក​​​ចំហ​​​មួយ​​​នៅ​​​ការិយាល័យ​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណបក្ស​​​នយោបាយ​​​តូច​​​ៗ​​​ផ្សេងៗ​​​​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​គ្មាន​​​អាសនៈ​​​សភា​​​ក្នុង​​​ករណី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ធ្វើ​​​ពហិកា​​​មិន​​​ចូល​​​រួម​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​។
អ្នក​​​ធ្វើ​​​អត្ថាធិប្បាយ​​​នយោបាយ​​​នានា​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ថា អាសនៈ​​​សភា​​​ចំនួន​​​៥៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​រារាំង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​៦៨​​​អាសនៈ​​​ពី​​​ការ​​​បង្គ្រប់​​​នូវ​​​កូរ៉ុម​​​​​​​​​​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​លើក​​​ដំបូង​​​ស្ដី​​​ពី​​​ការ​​​បង្កើត​​​រាជ​​​រដ្ឋាភិបាល​​​ក្រោយ​​​​​​ពេល​​​លទ្ធផល​​​នៃ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​រួច​​​​​​។
លោក ម៉ូស័រ បាន​​​និយាយ​​​ពី​​​ជំនួប​​​ជាមួយ​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថា “ គាត់​​​បាន​​​ដាក់​​​ចេញ​​​សេនារីយោចំនួន​​​ពីរ​​​​​​​​​។ ទី១​​​គឺ​​​​​​គាត់​​​ផ្ដល់​​​កិច្ច​​​សហប្រតិបត្តិការ​​​ជិត​​​ស្និទ្ធ​​​ជាង​​​នៅ​​​រដ្ឋ​​​សភា​​​ [អាណត្តិ​​​មុន​​​]…  គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ព្រម​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ ប៉ុន្តែ​​​បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​បង្កើត​​​ដៃ​​​គូ​​​ចម្រុះ​​​” ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក ម៉ូស័រ បាន​​​បន្ត​​​ថា សេនារីយោ​​​ទី២​​​គឺ​​​មិន​​​ល្អ​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​។
ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គាត់​​​ [លោក ហ៊ុន សែន] បាន​​​និយា​​​យ​​​ថា រដ្ឋ​​​ធម្មនុញ្ញ​​​​​មាន​​​មាត្រា​​​មួយ​​​ … ប្រសិន​​​បើ​​​សមាជិក​​​សភា​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​តាម​​​ពេល​​​កំណត់​​​ទេ​​​នោះ​​​  មាន​​​មាត្រា​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​បែង​​​ចែក​​​អាសនៈ​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ទៀត​​​​​​”។
លោក ម៉ូស័រ បាន​​​បន្ថែម​​​ថា “ តាម​​​ការ​​​យល់​​​ដឹង​​​របស់​​​ខ្ញុំ​​​ គ.ជ.ប. [គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​] ទើប​​​អាច​​​ធ្វើ​​​ដូច្នោះ​​​​​​បាន​​​។ គាត់​​​មិន​​​បាននិយាយ​​​ថា ខ្លួន​​​គាត់​​​ផ្ទាល់​​​នឹង​​​ធ្វើ​​​ដូច្នោះឡើយ​​​​​​។ ប៉ុន្តែ​​​គាត់ [លោក ហ៊ុន សែន] បាន​​​បញ្ជាក់​​​ច្បាស់​​​ណាស់​​​ថា គាត់​​​ទន្ទឹង​​​រង់​​​ចាំ​​​ការ​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​” ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​នេះ។
ពាក់​​​ព័ន្ធ​​​នឹង​​​សេនារីយោ​​​ទី​​​១ លោក ម៉ូស័រ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​បាន​​​បរិយាយ​​​ថា តើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​មាន​​​លក្ខណៈបែប​​​ណា​​​ឡើយ​​​ ប៉ុន្តែ​​​លោក​​​យល់​​​ថា លោក ហ៊ុន សែន ប្រហែល​​​ជា​​​ចង់​​​សំដៅ​​​ទៅ​​​លើ​​​មុខ​​​តំណែង​​សំខាន់​​​ៗ​​​​​​​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​គណៈកម្មការ​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​គណៈ​​​កម្មការ​​​​​​របស់​​​សភា​​​។
ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​បាន​​​បន្ត​​​​​​ថា ក្រៅ​​​ពី​​​​​​នេះ​​​​​​​​​​​​ លោក ហ៊ុន សែន “ បាន​​​និយាយថា រដ្ឋា​​​ភិបាល​​​នឹង​​​ត្រៀម​​​ខ្លួន​​​បាន​​​ប្រសើ​​​រ​ជាង​​​សព្វ​​​ដង​​​​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​សួរ​​​នៅ​​​រដ្ឋ​​​សភាជាតិ​​​​​​​​​”។ លោក​​​ ម៉ូស័រ បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​ដោយ​​​បង្ខំ​​​ទេ​​​ ព្រោះ​​​លទ្ធផល​​​ផ្លូវ​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​បាន​​​ចេញ​​​ផ្សាយ​​​នៅ​​​ឡើយ​​​។
លោក ម៉ូស័រ ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា គេ​​​មិន​​​ទាន់​​​អាច​​​​​​និយាយ​​បាន​​​ថា តើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌​​​ឬ​​​នៅ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​​​​មាន “ សង្ឃឹម​​​ខ្លះ” លើ​​​គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​កំពុង​​​អំពាវ​​​នាវ​​​ឲ្យ​​​បង្កើត​​​ឡើង​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ពី​​​សេចក្ដី​​​រាយការណ៍​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​។
ឯកអគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ស្វាគមន៍​​​ឱកាស​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​អំឡុង​​​ជំនួប​​​មិន​​​បើក​​​ចំហ​​​នេះ។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ​​​ គ.ជ.ប. បាន​​​ច្រាន​​​ចោល​​​​​​តួនាទី​​​ដោយ​​​ផ្ទាល់​​​ណាមួយ​​​របស់​​​គណ​​​បក្ស​​​នយោបាយ​​​ ឬ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​ ខណៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រដ្ឋ​​​បាន​​​ចេញ​​​ផ្សាយ​​​សេចក្ដី​​​កែ​​​តម្រូវ​​​​​​ដោយ​​​បញ្ជាក់​​​ថា  លោក ហ៊ុន សែន មិន​​​បាន​​​ស្វាគមន៍​​​ការ​​​ចូល​​​រួម​​​ “​​​ ជា​​​អន្តរជាតិ” ក្នុង​​​គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​ ដែ​​​ល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បង្កើត​​​ឡើង​​​នោះទេ​​​។
លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ហៅ​​​ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​នេះ​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ថា ជា​​​ទង្វើ​​​មិន​​​ស្រប​​​ច្បាប់​​​ និង​​​ “ ហួស​​​សម័យ​​​”។ លោក យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ សូម​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ទៅ​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​គាត់​​​សាក​​​មើល​​​ ហើយ​​​អ្នក​​​អាច​​​សួរ​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​បី​​​លាន​​​នាក់​​​ទៅ​​​មើល​​​ថា តើ​​​នឹង​​​មាន​​​​​​អ្វីកើត​​​ឡើង​​ បើ​​​​​​គាត់​​​ព្យាយាម​​​បែង​​​ចែក​​​អាសនៈ​​​​​​សភា​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​ផ្សេង​​​នោះ​​​។ តើ​​​អ្នក​​​បោះ​​​ឆ្នោត​​​ព្រម​​​ឬអត់​​​ ហើយ​​​ចុះ​​​យុវជន​​​រាប់​​​លាន​​​នាក់​​​យល់​​​ព្រម​​​ឬអត់​​​?”។
លោក យឹម សុវណ្ណ ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​លោក ហ៊ុន សែន ដែល​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​បង្កើត​​​រដ្ឋាភិបាល​​​ថ្មី​​​​​​ដោយ​​​គ្មាន​​​វត្ត​​​មាន​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា តំណាង​​​រាស្ត្រ​​​​​​យ៉ាង​​​តិច​​​​​​​​​១២០​​​រូប​​​ត្រូវ​​​បង្ហាញ​​​ខ្លួន​​​​​​អំឡុង​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​របស់​​​សភា​​​ ដើម្បី​​​ឲ្យ​​​រដ្ឋាភិបាល​​​ថ្មី​​​មាន​​​លក្ខណៈ​​​ស្រប​​​ច្បាប់​​​។
គួរ​​​បញ្ជាក់​​​ថា រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា រដ្ឋ​​​សភា​​​  “ ត្រូវ​​​មាន​​​សមាជិក​​​យ៉ាង​​​តិច​​​១២០​​​រូប​​​”។ ប៉ុន្តែ​​​ រដ្ឋ​​​ធម្មនុញ្ញ​​​ក៏​​​បាន​​​ចែង​​​ផង​​​ដែរ​​​ថា​​​ រដ្ឋ​​​សភា​​​នីតិកាល​​​ថ្មី​​​នីមួយ​​​ៗ​​​​​​ត្រូវ​​​តែ​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​ដោយ​​​សំឡេង​ភាគ​​​ច្រើន​​​ដាច់ខាត​​​ ឬ​​​៥០​​​បូក​​​១​​​។
ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រដ្ឋ​​​ធម្មនុញ្ញ​​​ហាក់​​​ដូច​​​ជា​​​ពុំ​​​មាន​​​មាត្រ​​​ណាមួយ ​​​ដែល​​​ចែង​​​ពី​​​ការ​​​ជំនួស​​​សមាជិក​​​រដ្ឋ​​​សភា​​​​​​ដែល​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ទេ​​​។ ទោះ​​​ជា​​​​​​ដូច្នេះ​​​ក្តី​​​​​​ ច្បាប់​​​ស្ដី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​ចែង​​​ថា គ.ជ.ប. អាច​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណបក្ស​​​ជាប់​​​ឆ្នោត​​​​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​បាន​​​ ប៉ុន្តែ​​​​​​ បាន​​​តែ​​​ក្នុង​​​ករណី​​​ដែល​​​​​​គណបក្ស​​​ជាប់​​​ឆ្នោត​​​នោះ​​​ “ ប្រកាស​​​បោះ​​​បង់​​​ចោល​​​” អាសនៈ​​​របស់​​​ខ្លួន​​​ ឬ​​​ប្រសិន​​​បើ​​​គណបក្ស​​​នោះ​​​ត្រូវ​​​បាន​​​លប់​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​គណបក្ស​​​នយោបាយ​​​ដែល​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​។
លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅកម្ពុជា ហៅ​​​កាត់​​​ថា ខុមហ្វ្រែល​​​​​​ បាន​​​លើក​​​ឡើង​​​ថា មាត្រា​​​នៅ​​​ក្នុង​​​ច្បាប់​​​ស្ដី​​​ពី​​​រដ្ឋ​​​សភា​​​ជាតិ​​​នេះ​​​​​​មិន​​​អាច​​​យក​​​​​មក​​​ប្រើ​​​ដើម្បី​​​ដក​​​ហូត​​​មុខ​​​តំណែង​​​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទេ​​​។
លោក​​​ គល់ បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា   “ អ្នក​​​មិន​​​អាចធ្វើ​​​ការ​​​​​​សន្មតដោយ​​​ស្វ័យ​​​ប្រវត្តិ​​​ថា ពួក​​​គេ​​​បាន​​​បោះ​​​បង់​​​ចោល​​​ [អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​]” ប្រសិន​​​បើ​​​ពួក​​​គេ​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ទេ​​​។ លោក បញ្ញា ក៏​​​បាន​​​សម្ដែង​​​ការ​​​យល់​​​ស្រប​​​ជាមួយ​​​លោក យឹម សុវណ្ណ​​ ថា រដ្ឋ​​​សភា​​​ជាតិ​​​តម្រូវ​​​ឲ្យ​​​​មាន​​​​តំណាង​​​រាស្ត្រ​​​យ៉ាងតិច​​​​​​១២០​​​រូប​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​​​​​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​ដើម្បី​​​បង្កើត​​​រដ្ឋាភិបាល​​​ថ្មី​​​។
លោក កែវ ផល្លា ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​សេវា​​​កម្ម​​​ច្បាប់​​​នៅ​​​គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពីកា​​​រ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន តាម​​​រយៈ​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ឡើយ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​”។
ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ វ៉ូលហ្គាំង ម៉ូស័រ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​សហ​​​ភាព​​​អឺរ៉ុប​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា និយាយ​​​ផ្សេង​​​ធ្វើ​​​ផ្សឹង​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​ជា​​​រឿយៗ​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ ប៉ុន្តែ​​​ក្នុង​​​ពេល​​​ជាមួយ​​​គ្នា​​​នោះ​​​ បែរជា​​​ធ្វើ​​​គ​​​ធ្វើ​​​ថ្លង់​​​​​​ពេល​​​លោក​​​​​​ សម រង្ស៊ី ប្រើ​​​ភាសា​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ជាមួយ​​​វៀតណាម​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោត​​​។ លោក ម៉ូស័រ បាន​​​ឲ្យ​​​ដឹង​​​ថា សហ​​​ភាព​​​អឺរ៉ុប​​​កំពុង​​​ពិចារណា​​​ពី​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ប្រើ​​​ភាសា​​​រើស​​​អើង​​​របស់​​​លោក សម រង្ស៊ី នេះ​​​។
កាល​​​ពី​​​ម្សិលមិញ លោក អ៊ាង សុផាល្លែត ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក ហ៊ុន សែន បាន​​​ផ្ដល់​​​ព័ត៌មាន​​​​​​ដូច​​​គ្នា​​​អំពី​​​ជំនួប​​​​​រវាង​​​លោក ហ៊ុន សែន និង​​​លោក ម៉ូស័រ ហើយ​​​ថា លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ផ្ញើ​​​សារ​​​ព្រមាន​​​ដូច​​​គ្នា​​​នេះ​​​តាម​​​រយៈ​​​ឯកអគ្គ​​​រដ្ឋ​​​ទូ​​ត​​​ចិន​​​​​​ ពូ ជាំងគ័រ (Bu Jianguo) នៅព្រឹក​​​ថ្ងៃ​​​ដដែល​​​នោះ​​​។
លោក សុផាល្លែត បាន​​​មាន​​​ប្រសាសន៍​​​ថា “ ក្នុង​​​ករណី​​​ពួក​​​គេ​​​ [ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] ធ្វើ​​​ពហិកា​​​ ឬ​​​បោះ​​​បង់​​​អាសនៈ​​​របស់​​​ខ្លួន​​​នោះ​​​ វា​​​អាច​​​ត្រូវ​​​បាន​​​ដក​​​យក​​​ និង​​​បែង​​​ចែក​​​ក្នុង​​​ចំណោម​​​គណបក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​។ បន្ទាប់​​​ពី​​​សមាជិក​​​សភា​​​ថ្មី​​​ត្រូវ​​​បាន​​​ប្រកាស​​​ឈ្មោះ​​​ និង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​ហើយ​​​នោះ ​​​គេ​​​នឹង​​​បង្កើត​​​​​​​​​រដ្ឋាភិបាល​​​”។
លោក​​​បានបន្ត​​​ថា លោក ហ៊ុន សែន ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​បក​​​ស្រាយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ដែល​​​ថា រដ្ឋ​​​សភា​​​ជាតិ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​តំណាង​​​រាស្ត្រ​​​​​​លើស​​​ពី​​​ចំនួន​​​ភាគ​​​ច្រើន​​​ដាច់​​​ខាត​​​ ដើម្បី​​​ចាប់​​​ផ្ដើម​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។
លោក សុផាល្លែត ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក ហ៊ុន សែន បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នៃ​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ សម្ដេច [លោក ហ៊ុន សែន] បាន​​​ផ្ញើសារ​​​ទៅ​​​សហ​​​ភាព​​​អឺរ៉ុប​​​ និង​​​គណបក្ស​​ប្រឆាំង​​​រួច​​​ហើយ​​​ថា វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ព្រោះ​​​វា​​​ផ្ទុយ​​​ពី​​​គោល​​​ការណ៍​​​ប្រជា​​​ធិប​​​តេយ្យ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាលមួយ​​​​​​ និង​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​”។
ប៉ុន្តែ ក្រោយសន្និសីទ​​​កាសែត​​​ដំបូង​​​របស់​​​លោក​​​ ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ត្រូវ​​​លោក​​​ហៅ​​​ឲ្យ​​​មក​​​ការិយាល័យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វិញ​​​រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​ម៉ោង​​​ក្រោយ​​​មក​​​ដើម្បី​​​ប្រាប់​​​ថា សន្និសីទ​​​កាសែត​​​ដំបូង​​​របស់​​​លោក​​​ គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។
ក្នុង​​​សន្និសីទ​​​កាសែត​​​លើក​​​ទី២ លោក សុផាល្លែត​​​ បាន​​​ចៀស​​​វាង​​​មិន​​​និយាយអំ​​​​​​ពី​​​ចំណុច​​​ភាគ​​​ច្រើន​​​ ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​​​ពី​​​ដំបូង​​​ ដែល​​​បាន​​​និយាយ​​​ដូច្នេះ​​​វិញ​​​ថា ទាំង​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ចិន និង​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ បាន​​​អប​​​អរ​​​សាទរ​​​លោក ហ៊ុន សែន ចំពោះ​​​ការ​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ឯកឧត្ដម​​​ វ៉ូលហ្គាំង ក៏​​​បាន​​​អប​​​អរ​​​សាទរ​​​សម្ដេ​​ច​​​ចំពោះ​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ ផងដែរ ហើយ​​​បាន​​​និយាយ​​​ថា អធិការបតី​​​របស់​​​គាត់​​​ គឺ​​​លោក​​​ស្រី​​​ អ៊ែន​​​ជីឡា មើគែល ប្រាកដ​​​ជានឹង​​​​​​មាន​​​​​​ក្ដី សោមន​​​ស្ស​​​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​ ប្រសិន​​​បើ​​​គាត់​​​បាន​​​ឈ្នះ​​​​​អាសនៈ​​​ភាគ​​​ច្រើន​​​​​​ដូច​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​”។ លោក ម៉ូស័រ បាន​​​បញ្ជាក់​​​នៅពេល​​​ក្រោយ​​​មក​​​ថា លោក​​​ពិត​​​ជា​​​បាន​​​អប​​​អរ​​​សាទរ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ចំពោះ​​​ជ័យ​​​ជម្នះ​​​ដោយ​​​ “ ផ្អែក​​​លើ​​​លទ្ធផល​​​បឋម​​​” មែន​​​៕

No comments:

Post a Comment