ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើនឹងគណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាមរយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពលនេះ ពិតជាចាំបាច់ណាស់។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃដាក់ជាសញ្ញា។ (រូបភាព AP Photo/Heng Sinith)
ហ្វេសប៊ុកជាបណ្ដាសង្គម ដែលមានប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក។ បណ្ដាញនេះបង្កើតឡើងនៅឆ្នាំ២០០៤ ដោយយុវជនជនជាតិអាមេរិកាំងមួយរូប ដែលមកទល់នឹងពេលនេះ គាត់មានអាយុទើបតែ ២៩ឆ្នាំប៉ុណ្ណោះ ហើយបណ្ដាញសង្គមដែលបានក្លាយសឹងតែជាថ្នាំញៀនមួយនេះ មានមនុស្សចូលមកចុះឈ្មោះជាសមាជិកមានចំនួនដ៏ច្រើនហួសប្រមាណ រហូតជាង១,១៥ពាន់លានគណនី (ស្ថិតិនៅខែកក្កដាឆ្នាំ២០១៣) ដែលមិនធ្លាប់មានបណ្ដាញសង្គមណាដូច។ សម្រាប់សមាជិកដែលបានចុះឈ្មោះ និងដាក់ទីលំនៅស្នាក់អាស្រ័យនៅប្រទេសកម្ពុជា តួលេខដែលមនោរម្យព័ងអាំងហ្វូស្រាវជ្រាវ និងទទួលបាននៅខណៈនេះ អ្នកមានគណនីនៅក្នុងហ្វេសប៊ុក មានចំនួនច្រើនជាង ១,០៦លាននាក់ ក្នុងនោះចំនួនជាង៤សែននាក់ជាស្ត្រី។ បើចំនួនអ្នកចូលទៅលេខមានចំនួនសន្ធឹកសន្ធាប់បែបនេះ សួរថាតើហ្វេសប៊ុកមានឥទ្ធិពលអ្វី នៅក្នុងសង្គមនិងនយោបាយនៅកម្ពុជា?
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា ធ្លាប់បានអំពាវនាវទៅបណ្ដាជនដែលមានគណនី ប្រើប្រាស់ក្នុងបណ្ដាញសង្គមដ៏ល្បីមួយនេះ ជាពិសេសយុវជនៗ ឲ្យជួយចុច«ចូលចិត្តតាមដាន (Like)»ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឲ្យបានឈ្នះ និងច្រើនជាងទំព័រហ្វេសប៊ុកមួយទៀត ដែលលោកគិតថាជាទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រី បានឆ្លើយតបមកវិញថា លោកមិនមានហ្វេសប៊ុកផ្ទាល់ខ្លួននោះទេ ហើយថា លោកសុខចិត្តយកពេលទំនេររបស់លោក ទៅតាមដានព័ត៌មាន និងទៅលេងអុកវិញប្រសើរជាង។
ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ទំនងជាលោកមានទំនុកចិត្តជាខ្លាំង ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានរួមទាំងវិទ្យុទូរទស្សន៍ ទាំងការសែតបោះពុម្ភ ព្រមទាំងគេហទំព័រផ្សេងទៀតជាច្រើននោះផង។ គណបក្សប្រជាជន ជឿ ជាក់ថា ខ្លួនពិតជាមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីធ្វើការទាក់ទាញសម្លេងឆ្នោត និងធ្វើជាកម្មវិធីកំសាន្ដគ្រប់ប្រភេទ រាប់ ទាំងការយកអ្នកសិល្បៈ មកទាក់ទាញចំណាប់អារម្មណ៍រាស្ត្រខ្មែរម្ចាស់ឆ្នោតនោះផង។ ម្យ៉ាងទៀតការមិនឲ្យតម្លៃ ទៅបណ្ដាញសង្គមហ្វេសប៊ុក ដោយគណបក្សនេះយល់ថា អ្នកដែលចូលទៅលេងភាគច្រើន ច្រើនតែនៅឯបរទេស ហើយវានឹងមិនប៉ះពាល់អ្វីច្រើនឡើយ បើប្រៀបធៀបទៅនឹងសម្លេងឆ្នោតក្នុងស្រុក។
ផ្ទុយទៅវិញ ដៃគូរបដិបក្ខរបស់លោកហ៊ុន សែន ឯណោះវិញ ជាមួយនឹងមធ្យោបាយស្ដួចស្ដើង ដែលរកបានទាំងត្រដរ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក សម រង្ស៊ី បានប្រើប្រាស់បណ្ដាញហ្វេសប៊ុកនេះ ជាផ្លូវការ និងជាមធ្យោបាយធំទីមួយ ក្នុងការធ្វើសេចក្ដីថ្លែងការណ៍នានា និងការឃោសនាទាក់ទាញសម្លេងឆ្នោត ជាពិសេសនៅក្នុងស្រទាប់យុវជនជំនាន់ក្រោយ ដែលស្រេកឃ្លានចំណេះដឹងនិងរបកគំឃើញថ្មីៗ។ ទំព័រផ្លូវការដែលមានអាយុទើបតែជាងបីខែ របស់ប្រធានគណបក្សប្រឆាំងរូបនេះ បានកើនប្រជាប្រិយភាពកាន់តែច្រើនឡើងៗ រហូតទទួលការចុច«ចូលចិត្តតាមដាន»មកទល់នឹងថ្ងៃនេះ បានច្រើនជាង ១,៨៨សែននាក់។ ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ទទួលបានការចុចចូលទៅ«ចូលចិត្តតាមដាន» ច្រើនជាង ១,៥៧សែននាក់ គួរសមដែរ។
ក្រៅពីនេះ គណបក្សប្រឆាំងនៅមានទំព័រមិនផ្លូវការជាច្រើនទៀត ដែលមានសមាជិកជាច្រើនរ៉ាប់ម៉ឺនសែននាក់ដូចគ្នា និងទំព័រឯកជនរាប់សិបផ្សេងទៀត ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង នៅលើហ្វេសប៊ុក។ ជាមួយនឹងទំព័រទាំងនេះ ចលនាប្រឆាំងនៅកម្ពុជាបានពង្រីកបណ្ដាញរបស់ខ្លួន ដើម្បីនិយាយបកអាក្រាតពីរាល់ចំនុចខ្សោយ នៃនយោបាយរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។ សមាជិកខ្លះទៀត បានយកបច្ចេកវិទ្យាថ្មីតាមបណ្ដាញសង្គមមួយនេះ មកធ្វើការទម្លាយអាថ៌កំបាំងផ្សេងៗទៀត គ្រប់បែបយ៉ាងជាពិសេស នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាទឹកភ្លៀងជនលិចទីក្រុង ដែលគ្មានការអភិវឌ្ឍន៍ផ្នែកលូទឹក អំពើពុករលួយរបស់មន្ត្រីអាជ្ញាធរ ឬនាយកសាលាបង្ខំគ្រូបង្រៀនឲ្យបម្រើគណបក្ស ...ដែលមន្ត្រីខិលខូចទាំងនោះសុទ្ធសឹងជាមន្ត្រីបានបុណ្យឡើង«តាមជើងខោ» របស់រដ្ឋាភិបាលលោកហ៊ុន សែន នោះជាដើម។
លិទ្ធិផ្លែល្វានៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
នៅមុនថ្ងៃបោះឆ្នោតថ្ងៃទី២៨ខែកក្កដា បណ្ដាអ្នកវិភាគទាំងក្នុងស្រុកនិងទាំងក្រៅស្រុក សុទ្ធតែបានរំពឹងថា គណបក្សកាន់អំណាចរបស់លោកហ៊ុនសែន នឹងនៅតែឈ្នះដោយសម្លេងភាគច្រើន ហើយនឹងបន្តកាន់អំណាច ដែលមានរយៈពេលជិត៣០ឆ្នាំរួចហើយនេះតទៅទៀត។ តែអ្វីដែលគេនឹកស្មានមិនដល់ ហើយដែលធ្វើឲ្យស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានប្រែក្រឡាស់ និងបង្កឲ្យគណបក្សប្រឆាំងបែរជាមានទម្ងន់ ក្នុងការកំណត់វាសនាប្រទេសនោះ គឺលទ្ធផលដែលបានប្រដេញគ្នា យ៉ាងប្រកិតរវាងគណបក្សធំៗទាំងពីរ។ មកទល់នឹងពេលនេះ គណបក្សទាំងពីរបានប្រកាសជ័យជំនះ ពីការបោះឆ្នោតនេះតែរៀងៗខ្លួន ហើយបានធ្វើឲ្យគេចោទជាសំនួរថា ហេតុអ្វីក៏ប្រជារាស្ត្រខ្មែរម្ចាស់ឆ្នោត ហាក់លែងនៅក្នុងការលង់លក់ជាបន្ត តែបែរជាបានចេញទៅបោះឆ្នោត និងខ្លះទៀត បានទាំងធ្វើការតវ៉ាពីសិទ្ធិរបស់ខ្លួន ដែលត្រូវបានគេបំបាត់ចោល ក្នុងពេលបោះឆ្នោតនោះថែមទៀត។
ចម្លើយមានតែមួយទេ គឺសក្ដានុពលដ៏ខ្លាំងក្លា នៃប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រជាធិបតេយ្យ ដែលប្រព័ន្ធបែបនេះ «មិនដែល»ត្រូវបានក្រុមដែលមាននិន្នាការកុម្មុយនីស នឹកនាដល់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រជាធិបតេយ្យ ដែលក្រុមប្រឆាំងបានជ្រើសរើស តាមរយៈបណ្ដាញហ្វេសប៊ុកនេះ បានពង្រីកខ្លួនខ្លាំងឡើង ព្រោះបើសូម្បីតែនៅតាមខេត្ត ក៏ក្រុមយុវជនវ័យគ្រប់ការទាំងនោះ មិនពិបាកនឹងបើកគណនីនៃបណ្ដាញសង្គមនេះ នៅតាមទូរស័ព្ទដៃរបស់ពួកគេនោះឡើយ។ ពួកគេជាច្រើនបាននិយាយថា គេសុទ្ធចិត្តចំណាយប្រាក់ទិញទិន្នន័យតាមប្រព័ន្ទទូរស័ព្ទ ដើម្បីបានចូលទៅលេងហ្វេសប៊ុក មើលព័ត៌មានថ្មី និងច្បាស់ការ តែពួកគេមិនចង់សូម្បីបន្តិចឡើយ ចំណាយថ្លៃភ្លើងអគ្គិសនី ឬអង្គុយ ឲ្យ«ក្ដៅគូថ» នៅពីមុខការធ្វើវិភាគ ប្រកបដោយទស្សនវិស័យដ៏មហាអស្ចារ្យ របស់ក្រុម«មហាបណ្ឌិត»មួយចំនួន នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះ។
ជារឿយៗ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើន ត្រូវបានរងការរិះគន់ថា មិនមានវិជ្ជាជីវះពិតប្រាកដ មិនឯករាជ្យ និងលំអៀងទៅរកគណបក្សកាន់អំណាច។ កម្មវិធីព័ត៌មាន និងរបាយការណ៍ភាគច្រើន ត្រូវបានរឹតត្បិត និងរងការបង្គាប់បញ្ជា។ ពិធិករជាច្រើននាក់ មានជំនាញខាងសូត្ររត់មាត់តាមបែបនយោបាយ«ដដែលៗ» ច្រើនជាងការធ្វើអាត្ថាធិប្បាយប្រកបដោយវិជ្ជាជីវះ។ ការផ្សាយនោះទៀតសោធ គេសង្កេតឃើញច្រើនតែជាការផ្សព្វផ្សាយសកម្មភាព ឲ្យបក្សកាន់អំណាច និងភារកិច្ចមួយចំនួនរបស់រដ្ឋាភិបាល ដែលមានភាពដដែលៗ និងមានលក្ខណៈចាប់បង្ខំ ដោយមិនខ្ចីរវល់ថាតើប្រិយមិត្តរបស់ខ្លួនចង់បានអ្វីនោះផង។ ករណីទាំងនេះហើយ ដែលបណ្ដាជន ត្រូវតែដើរទៅស្វែងរកប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលគេគិតថា មានប្រភពព័ត៌មានសម្បូរបែប សព្វទិសតំបន់ ទាក់ទងគ្រប់ហេតុការណ៍ ទាំងសង្គម និង នយោបាយ។
បន្ទាប់មកទៀត នៅលើបណ្ដាញហ្វេសប៊ុកនេះ ការចូលរួមរបស់ក្រុមយុវជនទាំងក្រុមៗ ទាំងប្រុសទាំងស្រី ដែលពួកគេគិតថាមានលក្ខណៈ«ទាន់សម័យ»នោះ មានសភាពកាន់តែក្លៀវក្លាខ្លាំងឡើង ក្នុងនោះមានការ«ហ៊ាន»និយាយ អោយយោបល់ជជែកពិភាក្សា និងចរន្តមួយចំនួនទៀត ដែលទាមទារឲ្យមានការផ្លាស់ប្ដូរឲ្យខាងតែបាន នូវ«របប»កាន់អំណាចជិត៣០ឆ្នាំ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសម្រាប់ពួកគេ មិនមានអ្វីរីកចម្រើនឡើយ ក្រៅតែពីការអភិវឌ្ឍន៍ជំហាន«អណ្ដើក»នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ខាងគណបក្សប្រឆាំង បាននិយាយថា នោះជាការងើបឈរឡើងរបស់រាស្ត្រម្ចាស់ឆ្នោត។ តែផ្ទុយទៅវិញ គណបក្សកាន់អំណាចតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បានហៅការផ្សព្វផ្សាយតាមបណ្ដាញហ្វេសប៊ុននោះ ថាជាការបំប៉ោងសភាពការណ៍ ការបំពុលបរិយាកាសសង្គម ... ដោយក្រុមប្រឆាំង និងក្រុម ជ្រុលនិយមមួយចំនួន។
ការស្រាវជ្រាវរបស់យើង នឹងត្រឡប់មកវិញដើម្បីពិនិត្យឲ្យឃើញថា បើរដ្ឋាភិបាលរបស់លោកហ៊ុន សែន នៅតែបន្តអំណាច តើហ្វេសប៊ុក អាចនឹងត្រូវបានបិតទ្វាឬយ៉ាងណា? ថាតើនៅពេលនេះ គណបក្សកាន់អំណាចនឹងរៀបចំការវាយបកវិញ តាមរយៈហ្វេសប៊ុកដោយរបៀបណា និងយ៉ាងដូចម្ដេច? បន្ទាប់មកទៀត សម្រាប់អ្នកដែលបង្កើតគណនី«ក្លែងក្លាយ» នឹងទទួលបានផលត្រឡប់មកវិញដោយរបៀបណា? តើមានអ្នករងគ្រោះនឹងហ្វេសប៊ុកដែរឬទេ?
No comments:
Post a Comment