ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដង្ហែក្បួនចេញពីទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ នៅវេលាម៉ោងប្រមាណ ៧ និង ៣០នាទី ដោយមានមនុស្សប្រមាណ បីទៅបួនពាន់នាក់ហែចេញពីទីស្នាក់ការដើម្បីឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ក៏ប៉ុន្តែនៅតាមផ្លូវមានប្រជាពលរដ្ឋចូលរួមដង្ហែជាហូរហែ។ ចំណែកឯអនុប្រធានគណបក្ស លោក កឹម សុខា ក៏ដង្ហែក្បួនចេញពីទីស្នាក់ការគណបក្សនៅទួលគោក ឆ្ពោះមកទីលានប្រជាធិបតេយ្យដូចគ្នា ដែលមានមនុស្សប្រមាណ ៥ពាន់ចូលរួមដង្ហែ ពេលចេញដំណើរ។
ដោយឡែកប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងធ្វើដំណើរចូលមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដោយអ្នកខ្លះមានទាំងកាបូបសម្លៀកបំពាក់ និងគ្រឿងបរិភោគយកមកជាមួយជាដើម។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសនៅក្នុងមហាបាតុកម្មនេះថា បើសិនជាការប្រជុំនៅព្រឹកថ្ងៃច័ន្ទ ទី១៦ កញ្ញា ជាមួយគណបក្សប្រជាជនកម្ពុជា មិនមានដំណោះស្រាយសមរម្យនោះទេ ក្រុមបាតុករនឹងបន្តស្នាក់នៅទីលានប្រជាធិបតេយ្យ តវ៉ាទាំងយប់ទាំងថ្ងៃបន្តទៅទៀត។ ប្រសិនបើ ការតវ៉ារយៈពេល ៣ថ្ងៃហើយនៅតែពុំមានដំណោះស្រាយ នោះមហាបាតុកម្មនឹងផ្ទុះឡើងទូទាំងប្រទេស។
លោកបញ្ជាក់ថា ការធ្វើមហាបាតុកម្មទូទាំងប្រទេសនោះ គឺធ្វើជារបៀបពហិការ រួមមាន អ្នកលក់ទំនិញនៅតាមទីផ្សារផ្អាកលក់ដូរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ផ្អាកធ្វើការ គ្រូបង្រៀន ផ្អាកបង្រៀន ហើយបាតុករនឹងនាំគ្នាចាប់ផ្ដើមឈប់ទិញទំនិញ ឬប្រើប្រាស់ផលិតផលរបស់អ្នកគាំទ្រអ្នកលួចសន្លឹកឆ្នោត (គណបក្សប្រជាជនកម្ពុជា)។
លោក កឹម សុខា ក៏បានអនុញ្ញាតឲ្យបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់សម្រេចចិត្ត ថាតើទៅចូលរួមប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា ឬអត់? លោកថា បើសិនជាតំណាងរាស្ត្រណាម្នាក់សម្រេចចិត្តចូលរួមប្រជុំ អ្នកតំណាងរាស្ត្រនោះនឹងត្រូវទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតដោយខ្លួនឯង។
នៅក្នុងមហាបាតុកម្មនៅព្រឹកនេះដែរ មានតំណាងរាស្ត្រជាច្រើនបានឡើងប្រកាសប្ដេជ្ញាចិត្តមិនចូលរួមប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រនោះទេ។
ក្នុងឱកាសថ្លែងសុន្ទរកថាទៅកាន់ក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានធនធាននៅរាជធានីភ្នំពេញ ជួយចូលរួមឧបត្ថម្ភម្ហូបអាហារ ទឹក មកដល់ក្រុមបាតុករក្នុងអំឡុងពេលបាតុកម្ម ៣ថ្ងៃ ដែលក្រុមបាតុករទាំងនោះនឹងស្នាក់នៅទីលានប្រជាធិបតេយ្យនេះផ្ទាល់តែម្ដង។
No comments:
Post a Comment