ព្រះករុណា​ព្រះមហាក្សត្រ​ បាន​មាន​ព្រះ​រាជ​បន្ទូល​បង្ហាញ​ភាព​មិន​ផ្លាស់​ប្តូរ​ព្រះទ័យ​ក្នុង​ការ​ យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ក្នុង​សម័យ​ប្រជុំ​ដំបូង​សភា​អាណត្តិ​ថ្មី​ នា​ពេល​ខាង​មុខ​នេះ​ឡើយ។
ព្រះរាជ​បន្ទូល​នេះ បាន​បញ្ជាក់​ក្នុង​ព្រះ​រាជសារ​ថ្ងៃទី​១៨​កញ្ញា​នេះ តប​ចំពោះ​បេក្ខជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​នាក់ ដែល​បាន​ធ្វើ​លិខិត​ទូល​ថ្វាយ​ព្រះអង្គ។
គួរ​​កត់​សម្គាល់​ថា មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ នាពេល​ថ្មីៗកន្លង​មក​នេះ​ ថា​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​៥៥​នាក់ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សារ​លិខិត​ថ្វាយ ព្រះករុណា​ព្រះមហាក្សត្រ ដោយ​បញ្ជាក់​ការ​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​កិច្ច​ប្រជុំ​ដំបូង ដែល​កោះ​អញ្ជើញ​ដោយ​ព្រះ​មហា​ក្សត្រ​នោះ​ឡើយ។
បេក្ខជន​តំណាង​រាស្ត្រ​ មណ្ឌល​តាកែវ លោក​ប៉ុល​ហំម កាល​ពី​ថ្ងៃទី​១៥​កញ្ញា ថែម​ទាំង​ប្រើ​សម្តី​ប្រមាថ​នៅ​ពេល​នោះ​ទៀត​ថា អ្នក​ចូល​រួម​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​និតិ​កាល​ទី៥ សុទ្ធ​តែ​ជា​ក្រុម​ចោរ​ថែម​ទៀត។
ក្នុង​ព្រះ​រាជ​សារ​ព្រះ​មហា​ក្សត្រ​ ខ្មែរ​ចុះ​ថ្ងៃទី​១៨​កញ្ញា​នេះ បាន​មាន​ព្រះ​រាជ​បន្ទូល​តប​មក​វិញ​ថា​ព្រះអង្គ​បាន​ទទួល​លិខិត​របស់​ បេក្ខជន​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​នោះ​ហើយ។
ព្រះមហាក្សត្រ បាន​បញ្ជាក់​ថា «ខ្ញុំ​សូម​ជំរាប​ជូន​ឯកឧត្តម និង​លោក​ជំទាវ​ទាំងអស់ មេត្តា​ជ្រាប​ថា ខ្ញុំ​នឹង​យាង​ជា​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​សម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋ​សភា​និតិកាល​ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣​កញ្ញា​ឆ្នាំ២០១៣ ដូច​មាន​ចែង​ក្នុង​ព្រះ​រាជ​សារ​អញ្ជើញ​ប្រជុំ ចុះ​ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​២០១៣»។ ព្រះរាជសារ​បាន​បន្ត​ថា «ខ្ញុំ​សូម ឯកឧត្តម​និង​លោក​ជំទាវ មេត្តា​អញ្ជើញ​ចូល​រួម​ក្នុងសម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋ​សភា ដើម្បី​បង្ហាញ​នូវ​ការ​រួប​រួម​និង​ឯកភាព​ជាតិ»៕
ny1