ក្នុងចំណោមអ្នករបួសទាំងនោះ យុវជន ហឿន ចាន់ មានរបួសធ្ងន់ជាងគេ ដោយត្រូវគ្រាប់កាំភ្លើងចំចង្កេះខាងឆ្វេង ហើយប៉ះពាល់ដល់ខួរឆ្អឹងខ្នង ជាហេតុធ្វើឲ្យយុវជនរូបនោះត្រូវពិការមួយកំណាត់ខ្លួនចុះក្រោមជារៀងរហូត។
ស្ថិតក្នុងវ័យ ២៦ឆ្នាំ ហឿន ចាន់ បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យធនធានមនុស្ស ស្ទើរតែមិនជឿទាល់តែសោះចំពោះអនាគតដែលក្លាយជាជនពិការ ដោយគ្រាន់តែគេឈរមើលការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករ។
ក្រុមគ្រួសារ និងសាច់ញាតិយុវជន ហឿន ចាន់ សម្រេចយកយុវជនរូបនេះចេញទៅព្យាបាលនៅបរទេស បន្ទាប់ពីគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ី ប្រាប់ថា អស់សមត្ថភាពព្យាបាល និងមិនឲ្យស្នាក់នៅក្នុងមន្ទីរពេទ្យយូរទៀត ខ្លាចក្រែងឆ្លងរោគផ្សេងៗ ធ្វើឲ្យរបួសរឹតតែធ្ងន់។
យុវជន ហឿន ចាន់ ត្រូវបានគ្រូពេទ្យប្រាប់ថា ពិការមួយកំណាត់ក្រោមត្រឹមចង្កេះអស់មួយជីវិត ដោយសារតែគ្រាប់កាំភ្លើងដែលបៀមជាប់ក្នុងពោះ ប៉ះពាល់ដល់ខួរឆ្អឹង។ គ្រូពេទ្យបានវះកាត់យកគ្រាប់ចេញដោយសុវត្ថិភាព ប៉ុន្តែមិនអាចសង្គ្រោះជើងទាំងគូរបស់គេឲ្យដើរដូចមុនបានទេ។
«សំឡេង»
យុវជន ហឿន ចាន់ ត្រូវគ្រាប់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងក្រុមសមត្ថកិច្ច និងកម្មកររោងចក្រ អែស.អិល កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅក្បែរវត្តស្ទឹងមានជ័យ។ មានស្ត្រីអ្នកលក់បាយម្នាក់បានស្លាប់ និងមានមនុស្សច្រើននាក់ទៀតរងរបួស។
យុវជនរូបនោះនៅចាំថា មានមន្ត្រីសមត្ថកិច្ចម្នាក់ក្នុងចំណោម ៤ ឬ ៥នាក់ ដែលទើបរួចផុតពីការបង្ខាំងក្នុងកុដិមួយ នៅវត្តស្ទឹងមានជ័យ បានចេញមកបាញ់បង្ហើរគ្រាប់កាំភ្លើងពោរពាសទៅលើពលរដ្ឋ និងកម្មករដែលនៅខាងក្រៅ។ ជើងទាំងពីររបស់ ហឿន ចាន់ បានព្យាយាមរត់គេចពីការបាញ់រះរបស់សមត្ថកិច្ច ហើយនោះក៏ជានាទីចុងក្រោយដែរដែលជើងរបស់គេអាចទ្រសរីរាង្គបាន។ ដំបូង យឿន ចាន់ គិតថា ត្រូវគាប់ចំពាមប៉ុណ្ណោះ ប៉ុន្តែភ្លាមៗ បានដួលប្រូសទៅលើដី ហើយស្ទុះក្រោកមិនរួច ជើងទាំងពីរកម្រើកលែងបាន ហើយចាប់ផ្ដើមស្ពឹក។
សេចក្តីប្រាថ្នាតែមួយគត់ដែល ហឿន ចាន់ ចង់បាននៅពេលនេះ គឺឱកាសអាចដើរម្តងទៀត។
«សំឡេង»
សមត្ថកិច្ចបានច្រានចោលការទទួលខុសត្រូវ ចំពោះការស្លាប់អ្នកលក់បាយ និងធ្វើឲ្យមនុស្សរបួស។ តែបានបង្កើតគណៈកម្មការស៊ើបអង្កេតស្វែងរកឃាតកពិត ចំពោះករណីបាញ់ប្រហារ និងបានទម្លាក់កំហុសទាំងអស់ទៅលើជនទី៣។
យុវជន ហឿន ចាន់ បញ្ជាក់ថា សមត្ថកិច្ចជាអ្នកបង្កឲ្យមានហិង្សា និងបានប្រើអាវុធបង្ក្រាបលើពលរដ្ឋ និងក្រុមបាតុករ។
យ៉ាងណា រហូតដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតនោះនៅមិនទាន់រកមនុស្សណាឲ្យមកទទួលបន្ទុកនេះនៅឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធមិនផ្តល់បទសម្ភាសន៍ ជុំវិញដំណើរការវិវឌ្ឍន៍ចុងក្រោយនៃការរុករកឃាតកទេ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ចាត់ទុកការបង្កើតគណៈកម្មការពិសេស ស៊ើបអង្កេតរឿងនេះជាការខុសច្បាប់។ លោកបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះឡើង គឺសមត្ថកិច្ចចង់បង្អូសកុំឲ្យមានការតវ៉ាតក់ក្រហល់ពីជនរងគ្រោះ។
«សំឡេង»
រហូតមកដល់ពេលនេះ ទាំងគ្រួសារស្ត្រីលក់បាយ ទាំង ហឿន ចាន់ នៅមិនទាន់ដាក់ពាក្យបណ្ដឹងទៅតុលាការនៅឡើយ។ តែគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលមានសមាជិកជាអង្គការសង្គមស៊ីវិលចំនួន ២៣ កំពុងសិក្សាករណីនេះ មុននឹងដាក់ពាក្យបណ្ដឹងទៅតុលាការរាជធានីភ្នំពេញ។
«សំឡេង»
កូនស្រីសពស្ត្រីលក់បាយ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មកររោងចក្រ អែស.អិល គឺកញ្ញា វង្ស វរលក្ខណ៍ មិនជឿថា តុលាការអាចរកឃាតកឃើញទេ។ តែនាងស្នើឲ្យរដ្ឋាភិបាលចេញមុខទទួលខុសត្រូវចំពោះរឿងនេះ។
«សំឡេង»
ម្តាយ ហឿន ចាន់ គឺលោកស្រី ហ៊ុន ឃន មានប្រសាសន៍ថា ទណ្ឌកម្មដែលឲ្យកូនប្រុសទី២របស់គាត់ពិការអស់មួយជីវិត គឺជាទណ្ឌកម្មដែលពិបាកជាងស្លាប់។
«សំឡេង»
ជាត្រកូលកសិករនៅខេត្តព្រៃវែង លោកស្រី ហ៊ុន ឃន គ្មានអ្វីដាក់បញ្ចាំនៅធនាគារ ក្រៅតែពីដីស្រែ ២ហិកតារ និងប្លង់ដីភូមិ ជាថ្នូរបានប្រាក់កម្ចី ២ពាន់ដុល្លារ យកទៅជាប់ខ្លួន ដើម្បីទុកព្យាបាលកូននៅក្រៅប្រទេស។ ក្តីសង្ឃឹមប៉ុនស្រមោចនៅក្នុងចិត្តលោកស្រី ដែលជឿថាកូនប្រុសរបស់គាត់អាចដើរវិញបាន។
ជីវិតរស់នៅរបស់ ហឿន ចាន់ ទាំងការសិក្សា ការងារជាអ្នកទីផ្សារផងនោះ បានផ្លាស់ប្ដូរទាំងស្រុង ក្រោយព្រឹត្តិការណ៍បង្ក្រាបលើក្រុមបាតុកររបស់សមត្ថកិច្ច។ ហឿន ចាន់ មិនប្រាកដក្នុងចិត្តថា តើស្នេហារបស់គេជាមួយសង្សារ នឹងអាចបន្តទៅមុខបានទៀតឬក៏អត់ បើខ្លួនក្លាយជាមនុស្សពិការហើយនោះ?
No comments:
Post a Comment