Thursday, November 7, 2013

មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ទាមទារ​ឲ្យ លោក ឈាង វុន លា​ឈប់​ពី​តំណែង


មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន លាលែង​ចេញ​ពី​តំណែង​ជា​បន្ទាន់ ក្រោយ​ពី​លោក​ត្រូវ​បាន​កាសែត​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​កម្ពុជា បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។
ដោយ យន់ សាមៀន
2013-11-07
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ឈាង វុន ៦១០
លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។
RFA
ចំណែក​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) អះអាង​ថា ផល​ប្រយោជន៍​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ទៅ​លើ​ក្រុម​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ឡើយ។
បទ​អត្ថាធិប្បាយ​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន នៅ​សប្ដាហ៍​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​នៅ​ក្នុង​ស្រុក និង​បរទេស​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ប្រទេស តាម​រយៈ​ការ​បំផ្លាញ​ធម្មជាតិ។
ការ​សម្ដែង​កំហឹង​របស់​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន កើត​ឡើង​ក្រោយ​ពេល លោក ឈាង វុន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា បាន​ផ្តល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទាមទារ​ឲ្យ លោក ឈាង វុន លាលែង​ពី​តំណែង ដោយ​លោក​អះអាង​ថា តំណាង​រាស្ត្រ​រូប​នេះ​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន។
របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី​១៣ ឧសភា បង្ហាញ​ថា ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ពីរ នៅ​ខេត្ត​រតនគិរី ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ពាណិជ្ជករ និង​ឧកញ៉ា​ពុក​រលួយ បំពាន​ច្បាប់ បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ លទ្ធផល​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​មាន​កម្រាស់ ៤៩​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ តាម​រយៈ​ការ​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ បាន​បង្ក​ផល​វិបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់។
គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២,៦​លាន​ហិកតារ ដែល​ក្នុង​ចំនួន​នេះ​មាន ១,២​លាន​ហិកតារ សម្រាប់​ដំណាំ​កៅស៊ូ។ ទោះ​ជា​រដ្ឋ​បាន​ជួល​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក៏ដោយ ក៏​គេ​មិន​ដឹង​ថា​បាន​ប្រាក់​ចំណូល​ប៉ុន្មាន និង​ទៅ​ទី​ណា​ដែរ។
កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី Josie Cohen កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​មិន​យល់​ស្រប​ទៅ​នឹង​អត្ថាធិប្បាយ​របស់ លោក ឈាង វុន ឡើយ។ អ្នកស្រី​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​កន្លង​មក​របស់​អង្គការ​អ្នកស្រី បង្ហាញ​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ដល់​ពលរដ្ឋ គឺ​មាន​តែ​ផ្តល់​ផល​លំបាក និង​វិនាសកម្ម​ព្រៃ​ឈើ។
អ្នកស្រី Josie Cohen៖ «យើង​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ជា​ការ​ពិត អ្វី​ដែល​យើង​មើល​ឃើញ​ម្តង​ហើយ​ម្តង​ទៀត ការ​បំផ្លាញ​ព្រៃ​ឈើ បាន​ក្លាយ​ជា​វិនាសកម្ម​ប៉ះពាល់​ដល់​សហគមន៍​ជាច្រើន និង​ពលរដ្ឋ​សាមញ្ញ​ទៀត​ផង ពីព្រោះ​ពួក​គេ​មិន​ត្រឹម​តែ​បាត់​បង់​ដី​ស្រែ​ចម្ការ​ដែល​ពឹងពាក់​អាស្រ័យ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាត់​បង់​ភោគ​ផល​ធម្មជាតិ។ ពួក​គេ​បាត់​បង់​ថ្នាំ​បុរាណ និង​ឈើ​ប្រណីត ទី​កន្លែង​ដែល​ពួក​គេ​តែង​តែ​ធ្វើ​ប្រមាញ់​សត្វ។ ភោគ​ផល​ធម្មជាតិ​ទាំង​នេះ​ហើយ ដែល​ពលរដ្ឋ​បាន​ពឹងពាក់​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ។ យើង​ក៏​ឃើញ​ថា ការ​សន្យា​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន សឹងតែ​មិន​បាន​កើត​ឡើង។ ហើយ​ពេល​មាន ការងារ​ខ្លះ ការងារ​ទាំង​នោះ​ជា​ការងារ​មាន​ប្រាក់​កម្រៃ​ទាប ឬ​លក្ខខណ្ឌ​ការងារ​មិន​ល្អ។ ដូច្នោះ​ហើយ សំណួរ​ត្រូវ​តែ​ចោទ​សួរ​ថា តើ​នរណា​ធ្វើ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​នោះ​សម្រាប់​នរណា? តើ​ការ​អភិវឌ្ឍ​ទាំង​នោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ឬ​សម្រាប់​តែ​ក្រុម​អ្នក​នយោបាយ និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច ដែល​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​ទាំង​នោះ និង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ? ផល​ប្រយោជន៍​ទាំង​ឡាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន នៅ​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ជា​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ទាំងអស់»
អ្នកស្រី​បន្ថែម​ទៀត​ថា ការ​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត៖ «យើង​ឃើញ​ហើយ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​មិន​ពេញ​ចិត្ត​នោះ បាន​បង្ហាញ​កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ។ ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កេង​ប្រវ័ញ្ច​ធម្មជាតិ ដោយ​ក្រុម​អ្នក​មាន​អំណាច ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​មិន​ដែល​ឃើញ​មាន​ករណី​ណា​មួយ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ជីវភាព​ពលរដ្ឋ។ ពលរដ្ឋ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង រួម​ទាំង​ជីវភាព​រស់​នៅ និង​សន្តិសុខ​ស្បៀង​អាហារ ដើម្បី​ចិញ្ចឹម​គ្រួសារ​ពួក​គេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈាង វុន ដើម្បី​សុំ​បកស្រាយ​សម្ដី​របស់​លោក​បាន​ឡើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល លោក ឈាង វុន បាន​ធ្វើ​អត្ថាធិប្បាយ​បណ្ដាល​ឲ្យ​មាន​ការ​អន់​ចិត្ត​ពី​សំណាក់​ពលរដ្ឋ និង​គណបក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោក ឈាង វុន បាន​ប្រើ​ពាក្យ​ជ្រុលជ្រួស​ដាក់​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​បាន​ប្រៀប​ប្រដូច​ក្រុម​អ្នក​ទាំង​នោះ​ថា មាន​ចរិត​ព្រៃផ្សៃ​ដូច​ជា​ពួក​ព្នង។
ការ​ប្រដូច​របស់ លោក ឈាង វុន ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ លោក ឈាង វុន សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​តាម​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី។ ជា​ចុង​ក្រោយ លោក​បាន​សុំ​ទោស​ជនជាតិ​ព្នង៕

No comments:

Post a Comment