ប្រភពមកពីកាសែតភ្នំពេញបុស្តិ៍
- FRIDAY, 25 OCTOBER 2013
- គឹម សារុំ
បណ្តឹងរដ្ឋប្បវេណី គឺជាការអនុវត្តសិទ្ធិតាមផ្លូវតុលាការ ចំពោះភាគីដែលមានសិទ្ធិ ឬនឹងអាចទទួលបានសិទ្ធិនេះតាមផ្លូវច្បាប់ ដោយអនុវត្តសិទ្ធិនេះតាមផ្លូវតុលាការ។ ដើម្បីយល់កាន់តែច្បាស់ពីបណ្តឹងនេះ លោកមេធាវី អ៊ីវ ប៉ូលី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្តល់កិច្ចសម្ភាសនិងធ្វើការបកស្រាយតាមខ្លឹមសារច្បាប់ អំពីបណ្តឹងរដ្ឋប្បវេណីនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
តើបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មានប្រភេទ?
ប្រសិនបើយើងសង្កេត បណ្តឹងរដ្ឋប្បវេណីនៅក្នុងន័យច្បាប់ យើងអាចបែងចែកជា ៣ ប្រភេទ គឺបណ្តឹងទាមទារតាវកលិក បណ្តឹងទាមទារបញ្ជាក់ពីអត្ថិភាព ឬអត្ថិភាពនៃសិទ្ធិបណ្តឹងទាមទារឲ្យបង្កើតការកែប្រែឬរម្លត់ទំនាក់ទំនងគតិយុត្តិ។ ក្រៅពីបណ្តឹងទាំង ៣ ប្រភេទនេះ យើងឃើញបណ្តឹងមួយទៀត ដែលហៅថា បណ្តឹងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង។
-បើសង្កេតឲ្យងាយយល់ពីខ្លឹមសារនេះ បណ្តឹងទាមទារតាវកលិក គឺជាបណ្តឹងទាមទារឲ្យធ្វើសកម្មភាពជាសម្ងាត់មួយ បណ្តឹងទាមទារមិនឲ្យធ្វើសកម្មភាពជាសម្ងាត់មួយ និងបណ្តឹងទាមទារឲ្យបុគ្គលដែលអាចបុគ្គលចលនវត្ថុ ឬបុគ្គលអចលនវត្ថុ។ ជាឧទាហរណ៍ៈ បណ្តឹងទាមទារឲ្យប្រគល់ប្រាក់និងទាមទារឲ្យប្រគល់អចលនវត្ថុ បណ្តឹងទាមទារឲ្យប្រគល់ចលនវត្ថុ...។បើនិយាយពីការធ្វើសកម្មភាព មានដូចជា បណ្តឹងទាមទារឲ្យបញ្ឈប់ការរំខានរបស់អ្នកជិតខាងជាអាទិ៍។បើយើងសង្កេត អំពីបណ្តឹងទាមទារបញ្ជាក់ពីអត្ថិភាព ឬភាពមានសិទ្ធិគឺសំដៅទៅលើការទាមទារបញ្ជាក់ពីសិទ្ធិរបស់ខ្លួន ចំពោះវត្ថុមួយជាក់លាក់ ដូចជាបណ្តឹងទាមទារបញ្ជាក់ពីវត្ថុរបស់ខ្លួន ខណៈមានការរំខានពីភាគីណាមួយដែលខ្លួនកំពុងតែកាន់កាប់និងធានាសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់គឺបុគ្គលនោះអាចធ្វើបណ្តឹងនេះដើម្បីបញ្ជាក់ពីកម្មសិទ្ធិ ខ្លួនតាមផ្លូវតុលាការ។ ប្រសិនបើយើងនិយាយអំពីបណ្តឹងទាមទារបង្កើតការកែ ប្រែឬរម្លត់ឬបង្កើតនូវទំនាក់ទំនងគតិយុត្តិ ឧទាហរណ៍ៈ បណ្តឹងលែងលះ បណ្តឹងលុបចោលអាពាហ៍ពិពាហ៍ និងបណ្តឹងមោឃភាពអាពាហ៍ពិពាហ៍ជាអាទិ៍។ នេះគឺសុទ្ធតែជាបណ្តឹងដែលកើតពីសកម្មភាពនៃបណ្តឹងដែលកើតមានជាញឹកញាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រៅពីនេះនៅមានបណ្តឹងមួយប្រភេទទៀតហៅថា បណ្តឹងរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹងមានការដាក់ពាក្យសុំបង្កើតរបបស្មូមកូន ការដាក់ពាក្យសុំបង្កើតអាណាព្យាបាលទូទៅ ការដាក់ពាក្យសុំបង្កើតអាណាព្យាបាលសម្រាប់អនីតិជន និងការដាក់ពាក្យសុំប្រកាសការបាត់ខ្លួន ជាអាទិ៍ ទាំងនេះ ហៅថា បណ្តឹងរដ្ឋប្បវេណី ដែលមិនមែនជាពាក្យបណ្តឹង។
តើបណ្តឹងរដ្ឋប្បវេណីប្រភេទណាដែលកើតមានជាញឹកញាប់នៅតុលាការ?
បើយើងពិនិត្យមើលពីបណ្តឹងរដ្ឋប្បវេណីដែលកើតមានជាញឹកញាប់ក្នុងសង្គមនា បច្ចុប្បន្ន គឺមានពាក់ព័ន្ធនឹងវិវាទដីធ្លីពាក់ព័ន្ធនឹងការអះអាងពីកម្មសិទ្ធិនិងបណ្តឹងដែលពាក់ព័ន្ធនឹងការអនុវត្ថខ្លឹមសារនៃកិច្ចសន្យាដូចជា ការខ្ចីប្រាក់ការធ្វើកិច្ចសន្យាជួលការផ្ទេរប្រាក់ និងកិច្ចសន្យាបញ្ចាំជាដើម។ មួយទៀតក៏យើងឧស្សាហ៍ឃើញដែរដូចជាពាក់ព័ន្ធនឹងការលែងលះ ការគ្រប់គ្រងកូននិងការបែងចែកទ្រព្យរួម។
តើត្រូវដោះស្រាយដូចម្តេចនៅពេលដែលមានបញ្ហានេះកើតឡើង?
នៅពេលមានបញ្ហាទាំងនេះកើតឡើង អ្វីដែលភាគីវិវាទគួរយល់ដឹងគឺសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយច្បាប់របស់ភាគី។ នៅពេលដែលភាគីយល់ដឹងពីសិទ្ធិរបស់ខ្លួនតាមផ្លូវ ច្បាប់ មានន័យថា ភាគីបានយល់អំពីអ្វីដែលខ្លួនឯងធ្វើបាន ក្នុងកម្រិតដែល ច្បាប់ទទួលស្គាល់។ ការយល់ដឹងពីខ្លឹមសារនៃសិទ្ធិច្បាប់ គឺមានសារៈសំខាន់ណាស់។ ភាគីខ្លះមិនមានការយល់ច្បាស់ពីច្បាប់នេះហេតុនេះគប្បីទទួលការពិគ្រោះយោបល់ជាមួយអ្នកដែលមានជំនាញផ្នែកច្បាប់នេះឬ អ្នកយល់ដឹងពីច្បាប់មានមេក្រុម មេភូមិ មេឃុំ ជាដើម។ មេធាវី គណៈមេធាវី ឬសេវាកម្មច្បាប់មួយអាចជួយផ្តល់យោបល់ផ្នែកផ្លូវច្បាប់ ចំពោះបុគ្គលទាំងនោះបាន។ ដូច្នេះនៅពេលដែលគាត់យល់ពីខ្លឹមសារនៃសិទ្ធិនេះហើយ គាត់អាចអនុវត្តសិទ្ធិរបស់គាត់បានត្រឹមត្រូវ ឬគាត់អាចអនុវត្តសិទ្ធិ តាមផ្លូវតុលាការ ខណៈមានការបំពានសិទ្ធិ ឬមានការរំលោភបំពាននៅតែបន្ត។
តើមេធាវីមានតួនាទីដូចម្តេចខ្លះដែរនៅក្នុងបណ្តឹងរដ្ឋប្បវេណីនេះ?
មេធាវីមានតួនាទីសកម្មបំផុត នៅក្នុងបណ្តឹងរដ្ឋប្បវេណី។ មេធាវី ជាអ្នកធ្វើសកម្មភាពរាល់ឯកសារទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងបណ្តឹង។ មេធាវីអាចជាអ្នកដាក់ពាក្យបណ្តឹង អាចជាអ្នករៀបចំឯកសារមេធាវីជាអ្នកឆ្លើយដោះសារ ឆ្លើយការពារ ឬជាអ្នកផ្តល់យោបល់តាមផ្លូវច្បាប់ ដើម្បីឲ្យភាគីយល់ដឹងពីខ្លឹមសារច្បាប់នោះបានច្បាស់លាស់។ មេធាវីជាអ្នកបង្ហាញផ្លូវ ដើម្បីឲ្យ ភាគីអនុវត្តសិទ្ធិនោះពេញលេញ ត្រឹមត្រូវ មានភាពសុចរិត ចំពោះបណ្តឹងរបស់ខ្លួន។
ជាឧទាហរណ៍មួយប្រសិនអ្នកខ្ចីប្រាក់មិនព្រមសងតើម្ចាស់បំណុលគួរធ្វើដូចម្តេច?
ប្រសិនបើមានករណីការខ្ចីបុលកើតឡើងហើយម្ចាស់បំណុលមិនសងតាមកំណត់ទេ ជំហាន ទី១ ដែលម្ចាស់បំណុលត្រូវធ្វើ គឺដាស់តឿននិងកំណត់ពេលសងជាថ្មី ដែលអាចមានមួយសប្តាហ៍ឬ ១០ ថ្ងៃជាដើម។ បើកូនបំណុលហាក់គ្មានឆន្ទៈសង ហើយមានការបំពានកាន់តែងខ្លាំងពេលនោះយើងអាចពិគ្រោះជាមួយអ្នកច្បាប់ ដើម្បីធ្វើវិធានការបន្ត។ដូចជាការប្តឹងទៅតុលាការជាដើមហើយជាទូទៅអ្នកច្បាប់តែងផ្តល់យោបល់ទៅម្ចាស់បំណុល ពីចំនួនសងឬកូនបំណុលមានទ្រព្យសម្បត្តិលក់ឡៃឡុងតាមផ្លូវតុលាការដើម្បីសម្រេចសិទ្ធិរបស់ម្ចាស់បំណុលដែរឬទេ? ចំណុចនេះមានសារៈសំខាន់ ប្រសិនបើប្តឹងទៅតុលាការហើយកូនបំណុលគ្មានទ្រព្យសម្បត្តិសងទេ ទោះបីយើងឈ្នះក្តីក៏ដោយ ក៏យើងមិនដឹងថាយកសាលក្រមនោះឬយកសេចក្តីសម្រេចរបស់តុលាការទៅអនុវត្តដើម្បីរឹបអូសទ្រព្យសម្បត្តិកូនបំណុលដូចម្តេចដែរ។ មានន័យថា បើកូនបំណុល ជំពាក់លុយ ១ ម៉ឺនដុល្លារយើងអាចយល់ដឹងពីទ្រព្យសម្បត្តិរបស់កូនបំណុលមានដូចជា ផ្ទះ ឡានឬលុយនៅក្នុងធនាគារ ជាអាទិ៍ វិធានការដែលយើងត្រូវធ្វើមុនគេ គឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរក្សាការពារ។ ដើម្បីរឹបអូសទ្រព្យរបស់កូនបំណុលទុកធានាសងសិទ្ធិលើ បំណុលរបស់យើងនៅពេលដើមបណ្តឹងរបស់យើងបានចប់សព្វគ្រប់។
បើសិនជាគេរំលោភកាន់កាប់ដីរបស់យើងតើម្ចាស់ដីត្រូវធ្វើដូចម្តេចដើម្បីការពារ?
បើមានការរំលោភបំពានលើដីជាកម្មសិទ្ធិស្របច្បាប់ មានរបងត្រឹមត្រូវនិងមានប្លង់ កម្មសិទ្ធិ ជាដើម។ ក្នុងករណីនេះយើងអាចប្រើសិទ្ធិ យើងតាមប្រព័ន្ធតុលាការរដ្ឋប្បវេណី និងតាមប្រព័ន្ធតុលាការព្រហ្មទណ្ឌ ផងដែរ។ បើយើងសម្លឹងទៅប្រព័ន្ធតុលាការរដ្ឋប្បវេណីយើងអាច ឲ្យគេបញ្ឈប់សកម្មភាពរំលោភបំពាននេះ ហើយអាចជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានដូចជា មេភូមិ មេឃុំ ជាដើម។ នៅពេលគ្មានការសម្របសម្រួលឬមានដែរតែមិនទទួលបានលទ្ធផល វិធានការបន្ទាប់ដែលយើងអនុវត្ត គឺការយល់ដឹងពីខ្លឹមសារច្បាប់ ដែលជាសិទ្ធិរបស់យើងត្រូវបានទទួលស្គាល់ ហើយអ្នកជំនាញច្បាប់គួរតែជាទីប្រឹក្សារបស់យើង។ បន្ទាប់មក យើងអនុវត្តតាមផ្លូវតុលាការ ហើយមេធាវីគឺជាទីប្រឹក្សាដ៏ល្អមួយ។ ភាពច្បាស់លាស់ចំពោះអយ្យការ ភាពច្បាស់លាស់ចំពោះការរៀបចំសិទ្ធិភាពច្បាស់លាស់ចំពោះការអះអាងសិទ្ធិ គឺជាចំណុចនៃភាពជោគជ័យ។
ក្នុងបណ្តឹងរដ្ឋប្បវេណីតើមេធាវីមានអ្វីកំពុងប្រឈមទេ?
បញ្ហាប្រឈមជាទូទៅ គឺទី១ ពាក់ព័ន្ធនឹងការអនុវត្តខ្លឹមសារនៃមាត្រាច្បាប់ដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណីក៏ដូចជាក្នុងក្រមនីតិវិធីរដ្ឋប្បវេណី នេះគឺប្រឈមនឹងការបកស្រាយផ្ទុយគ្នាពីបញ្ហាច្បាប់។ បញ្ហា ទី២ គឺការអនុវត្តមិនទាន់បានពេញលេញជាលក្ខណៈទូទៅលើខ្លឹមសារច្បាប់នីមួយៗ មួយទៀតដែលឧស្សាហ៍ជួបប្រទះ គឺពាក់ព័ន្ធនឹងឯកសារដែលជាមូលដ្ឋាននៃភ័ស្តុតាងជាដើមនៅក្នុងការសម្រេចពីសិទ្ធិ៕
No comments:
Post a Comment