ប្រភពពីកាសែត កម្ពុជាថ្មី
ភ្នំពេញ ៖ សំណុំរឿងដ៏រសើបរបស់អ្នកមានឥទ្ធិពលនៅក្នុងសង្គមនាពេលបច្ចុប្បន្នត្រូវបានបញ្ចប់ដោយសាលាឧទ្ធរណ៍ហើយ ប៉ុន្តែពលរដ្ឋបានចាត់ទុកថាជាការមិនយុត្តិធម៌ ខណៈដែលសំណុំរឿងអ្នកគ្មានលុយខ្លះត្រូវបានពន្យារពេលរាប់ឆ្នាំទោះដឹងហើយថា ជនសង្ស័យគ្មានបទល្មើសចោទប្រកាន់។
មន្ត្រីតុលាការក្រុងភ្នំពេញបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ២១ខែតុលាថា សំណុំរឿងកូនឧកញ៉ា ឌួង ងៀប ដែលជាមនុស្សមានឥទ្ធិពលនៅក្នុងសង្គមត្រូវបានបញ្ចប់ជាស្ថាពរហើយកាលពីចុងសប្តាហ៍មកនេះ ។
មន្ត្រីដដែលបានបញ្ជាក់ថា ពិរុទ្ធជន ឈ្មោះ ដួង ឧត្តម ឆវិន ហៅ ដួង ឆាយ ឧកញ៉ា វ័យក្មេង ដ៏មានឥទ្ធិពលនៅក្នុងសង្គមត្រូវបានមន្ត្រីអនុរក្សពន្ធនាគារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅប៉េហ្ស៊ី ដោះលែងហើយ ក្រោយពីសាលាឧទ្ធរណ៍បានជម្រះក្តីកាលពីថ្ងៃសុក្រ១៨ ខែតុលាដោយបន្ថយទោសត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេបានប្តឹងជំទាស់កាលពីពេលថ្មីៗ ខណៈដែលសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់៣បទល្មើស និងផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមេសា បានសម្រេចឃុំខ្លួន លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់៣បទល្មើសរួមនិង ឌួង គឹមឡុង ត្រូវជាប្អូន។ បទល្មើសទី១ កាលនោះ តុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ទី២-ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតនិងទី៣-ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។
លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវបានលោកឧកញ៉ា ឌួង ងៀបជាឪពុកនាំទៅប្រគល់ឲ្យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ដោយរូបលោកជាឪពុកស្តីប្រដៅលែងបាន។
គួររំលឹកថា លោកឌួង ឧត្តមឆវិន ហៅឆាយ និងប្អូនប្រុសឈ្មោះឌួង គឹមឡុង ព្រមទាំងអង្គរក្សមួយចំនួនទៀតបានប្រើអំពើហិង្សាទៅលើអ្នកដទៃ បណ្តាលឲ្យមានរបួសស្នាមនៅក្នុងហាងបបរសយីហោហ្គេឡាងឡារ៉ង់ ស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែមសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ក្នុងហេតុការណ៍នេះ លោកឌួង ឆាយ បានវាយដោយស្នាប់កាំភ្លើងខ្លីរ៉ូឡូទៅលើលោកមុំ ឌីណា បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រើនកន្លែង និងធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅក្រៅ ប្រទេស។
ក្រោយហេតុការណ៍ លោកឌួង ឆាយ និងប្អូនប្រុស ឌួង គឹមឡុងបានរត់គេចខ្លួន ប៉ុន្តែនៅវេលាទៀបភ្លឺថ្ងៃទី១៤ មេសា ឌួង គឹមឡុងជាប្អូនត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនខណៈពេល បើករថយន្តមកដល់មុខមន្ទីររដ្ឋសភាថ្មីបម្រុងគេចខ្លួន។ លុះថ្ងៃទី១៨ មេសា លោកឧកញ៉ា ឌួង ងៀប ត្រូវជាឪពុកលោក ឌួង ឆាយ និងលោកឌួង គឹមឡុង បាននាំកូនប្រុសសំណព្វចិត្ត ឌួង ឆាយ ដែលរត់គេចខ្លួន និងស្ថិតក្រោមការតាមប្រមាញ់យ៉ាងស្អិតពីសមត្ថកិច្ចនោះមក ប្រគល់ឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ដែលជាចេតនានាំកូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ព្រោះបើប្រឹងគេចក៏រកកន្លែងលាក់ខ្លួនលែងបានដែរ៕
កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី21 តុលា ឆ្នាំ2013 ម៉ោង20:46
No comments:
Post a Comment