Saturday, October 5, 2013

បទ​វិភាគ៖ តើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​មែន​ឬ?

ដោយ វណ្ណ វិចារ
2013-10-05
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បឹង​កក់ តុលាការ​កំពូល ៣០៥
អ្នក​ភូមិ​បឹង​កក់ ដុត​រូប​ជញ្ជីង​តំណាង​យុត្តិធម៌ នៅ​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣។ ក្រុម​អ្នក​ភូមិ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ពួក​គេ គឺ​អ្នកស្រី យ៉ោម បុប្ផា ប៉ុន្តែ​តុលាការ​បដិសេធ។
RFA/Mom Sophon
លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សន្យា​ចំពោះ​រាស្ត្រ​ទាំង​នគរ​ថាលើកនេះ​លោក​នឹង​មិន​កែ​ទម្រង់​រាក់ៗ​ដូច​មុន​ទេ តែ​នឹង​ធ្វើ​ការ​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ។ លោក​ថែម​ទាំង​ព្រមាន​ថា នឹង​ដាក់​ទោស​រដ្ឋមន្ត្រី​ណា​ដែល​ប្រកាន់​បក្ខពួក​ពុក​រលួយ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ហ៊ាន​រិះគន់​មន្ត្រី​តាម​រយៈ​វេទិកា​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ថែម​ទៀត។
តើ​ការ​សន្យា​របស់ លោក ហ៊ុន សែន លើក​នេះ គួរ​ទុក​ចិត្ត​បាន​ឬ​ទេ? យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ នេះ នឹង​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​មែន ឬ​យ៉ាង​ណា?
បើ​និយាយ​ពី​រឿង​ធ្វើ​កំណែ​ទម្រង់ ប្រជាពលរដ្ឋ​ខ្មែរ​ទំនង​ជា​ស៊ាំ​ត្រចៀក​ទៅ​ហើយ តាំង​ពី​អាណត្តិ​ទី៣ រហូត​ដល់​អាណត្តិ​ទី៥ នេះ។ កាល​ពី​អាណត្តិ​ទី៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ជា​លើក​ដំបូង ដែល​ប្រកាន់​យក​អភិបាល​កិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​ល្អ​ជា​ស្នូល ហើយ​លោក​ប្រកាស​ថា នេះ​ជា​កំណែ​ទម្រង់។
កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​គ្រប់​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន សុទ្ធសឹងតែ​ដាក់​មន្ត្រី​បក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា។ ប៉ុន្តែ មិន​បាន​ពាក់​កណ្ដាល​អាណត្តិ​ស្រួលបួល​ផង គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​អូស​ទាញ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាំង​ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មេ​ភូមិ តាម​វិធី​ដែល លោក ហ៊ុន សែន ចម្លង​ទ្រឹស្ដី​អតីត​មេ​ដឹក​នាំ​ចិន តេង ស៊ាវពីង (Teng Hsiao-ping) គឺ​ឆ្មា​ស​ក៏ដោយ ឆ្មា​ខ្មៅ​ក៏ដោយ ឲ្យ​តែ​ចាប់​កណ្ដុរ​បាន សុទ្ធតែ​មាន​ប្រយោជន៍​ដូច​គ្នា។ ពេល​ឱកាស​ហុច​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រៀប​ចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពី​ការ​បង្កើត​រដ្ឋាភិបាល​តាម​រូបមន្ត ២ ភាគ ៣ មក​សំឡេង​ដាច់​ខាត ឬ ៥០% បូក​មួយ វិញ ក្នុង​បំណង​រលាស់​ខ្លួន​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ពី​គណបក្ស​នយោបាយ​ដទៃ​ទៀត ដើម្បី​គ្រប់គ្រង​អំណាច​តែ​ឯកឯង។ នៅ​ឆ្នាំ​២០០៤ មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ក៏​ត្រូវ​បាញ់​សម្លាប់ ហើយ​ឃាតក​សិប្បនិម្មិត​ពីរ​នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​គុក ហើយ​ត្រូវ​តុលាការ​សម្រេច​សេចក្តី​យ៉ាង​អយុត្តិធម៌។
នៅ​អាណត្តិ​ទី៣ ដែរ រាជ​រដ្ឋាភិបាល​បាន​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​វៀតណាម ក្នុង​បញ្ហា​ព្រំដែន កាល​ពី​ឆ្នាំ​២០០៥ ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​ថា ចាញ់​ប្រៀប​វៀតណាម។ បុគ្គល​សំខាន់ៗ​ដែល​ពូកែ​ថ្វី​មាត់​ទិតៀន​រដ្ឋាភិបាល ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ដូច​ជា ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា។ រហូត​ដល់​ចុង​អាណត្តិ​ទី៣ បក្ស​កាន់​អំណាច​បាន​បង្កើត​ច្បាប់​ឯកពន្ធនភាព ឬ​ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ ដែល​ច្បាប់​នេះ​ទំនង​ជា​មាន​ចេតនា​ដាក់​ទោស​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ។
របាយការណ៍​របស់​សង្គម​ស៊ីវិល បង្ហាញ​ថា តាំង​ពី​ដើម​អាណត្តិ​ដល់​ចុង​អាណត្តិ​ទី៣ មាន​បញ្ហា​ជាច្រើន ដូច​ជា បទ​ល្មើស​នេសាទ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និទ្ទណ្ឌភាព ការ​គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ បក្ខពួក​និយម​ពុក​រលួយ ជាដើម។ រាជ​រដ្ឋាភិបាល បាន​បន្ត​សង់​សាលា​រៀន ដោយ​បាន​ជំនួយ​ពី​ថៅកែ គេច​ពន្ធ​ធំៗ និង​ពី​លុយ​រដ្ឋ ដោយ​ដាក់​ឈ្មោះ លោក ហ៊ុន សែន។ ស្ថាបនា​ផ្លូវ​ជាតិ និង​ផ្លូវ​លំ​ជនបទ​ជាច្រើន​ខ្សែ ប៉ុន្តែ​មិន​សូវ​មាន​គុណភាព​ឡើយ។ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ ក៏​នៅ​តែ​ក្បាល​ធំ​ជាង​ខ្លួន ឬ​ជា​ប្រទេស​មាន​មន្ត្រី​ឋានៈ​ជា​ឯកឧត្តម​ជាច្រើន​រយ​នាក់។ រដ្ឋមន្ត្រី​កាន់​តំណែង​រាប់​សិប​ម្នាក់​ឯង ព្រម​ទាំង​មាន​ទីប្រឹក្សា​រាប់​រយ​នាក់​ទៀត​ផង។
លុះ​ដល់​អាណត្តិ​ទី៤ ជា​អាណត្តិ​មាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បែក​បាក់​ផ្ទៃ​ក្នុង។ អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត​ជាង ៧០% ឬ​បាន​ទទួល​កៅអី​សភា ៩០​អាសនៈ ពី​ការ​រៀប​ចំ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​ប្រជាជន នៅ​ក្នុង​ពេល​ប្រកាស​ផែន​ការ​ដឹក​នាំ​ប្រទេស រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បុរស​ខ្លាំង លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ ៤​សំខាន់ ដូច​ជា ផ្លូវ ទឹក ភ្លើង មនុស្ស ឬ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ការ​អភិវឌ្ឍ​អគ្គិសនី និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហើយ​ប្រកាស​កែ​ទម្រង់​រដ្ឋ​ដោយ​ផ្ដោត​លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មុន​គេ​បង្អស់។
ពេល​ចាប់​ផ្ដើម​អាណត្តិ​ថ្មី រាជ​រដ្ឋាភិបាល​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជា​ខ្លាំង តាម​រយៈ​នយោបាយ​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ ការ​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​បញ្ហា​សេដ្ឋកិច្ច​សកល និង​ជា​អាណត្តិ​ដែល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ ពលរដ្ឋ​ក៏​សាទរ​នឹង​ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​អង្គភាព​ជំនាញ ហ៊ាន​ចាប់​ខ្លួន​ផ្កាយ​បី និង​ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​ពុក​រលួយ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​រដ្ឋាភិបាល​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច។ ទោះ​ជា​បែប​ណា​ក៏ដោយ អាណត្តិ​ទី៤ ពេល​វេលា​ដែល​ម្ចាស់​ឆ្នោត​មួយ​ចំនួន រង​នូវ​អំពើ​អយុត្តិធម៌ ជា​ពិសេស​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។
របាយការណ៍​របស់​សង្គម​ស៊ីវិល ផ្សាយ​ថា ៥​ឆ្នាំ​ក្នុង​នីតិកាល​ទី៤ មាន​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជិត ៥០០​នាក់ ត្រូវ​បាន​ឈ្មួញ និង​អ្នក​អំណាច ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​ទោស​ដោយ​អយុត្តិធម៌​ក្នុង​សំណុំ​រឿង​ដីធ្លី។ ករណី​ទំនាស់​ដីធ្លី កើត​មាន​ស្ទើរ​ទូទាំង​ប្រទេស បណ្ដាល​មក​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ២០០​លាន​ហិកតារ ឲ្យ​ក្រុមហ៊ុន​ឯកជន​រយៈពេល ៩៩​ឆ្នាំ។ ទំនាស់​ដីធ្លី​ដែល​ល្បីៗ មាន​ដូច​ជា ការ​បណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ​នៅ​តំបន់​បឹងកក់ បុរីកីឡា សម្បុក​ចាប ភូមិ​៧៨ នៅ​សង្កាត់​ទន្លេ​បាសាក់ ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ ករណី​អាជ្ញាធរ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​កែវផុស ខេត្ត​ព្រះសីហនុ ករណី​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងប្រាំ ខេត្ត​បាត់​ដំបង ករណី​ទំនាស់​ដីធ្លី​នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ និង​ករណី​ជាច្រើន​ទៀត។
ក្រៅ​ពី​ទំនាស់​ដីធ្លី បញ្ហា​ពុក​រលួយ​នៅ​តែ​រុករាន​សង្គម​កម្ពុជា។ តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា នៅ​តែ​ឈរ​លំដាប់​អាក្រក់ ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ ចំណាត់​ថ្នាក់​ពុក​រលួយ​ដែល​កម្ពុជា ទទួល​បាន​ល្អ​បំផុត​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នោះ គឺ​ជា​ប្រទេស​ឈរ​នៅ​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ជាង ១៧០ លើ​ពិភពលោក។
នៅ​អាណត្តិ​ទី៤ បញ្ហា​អ្នក​ប្រព្រឹត្តិ​ខុស​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ ក៏​នៅ​តែ​បន្ត​ដែរ។ អតីត​អភិបាល​ក្រុង​បាវិត ដែល​លើក​កាំភ្លើង​បាញ់​កម្មករ​រោងចក្រ​ប៊ិះ​នឹង​ស្លាប់​នោះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​អំពើ​ហិង្សា​ដោយ​អចេតនា ដែល​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ថា ជា​ការ​ចោទ​ប្រកាន់ ដែល​មិន​សម​ហេតុផល។ ពិរុទ្ធជន ឈូក បណ្ឌិត កំពុង​រស់​នៅ​គេច​ខ្លួន​ក្រៅ​គុក ដោយ​សុវត្ថិភាព​ទៀត​ផង ដែល​គេ​សង្ស័យ​ថា មាន​អ្នក​មាន​អំណាច​នៅ​ការពារ​ពិរុទ្ធជន​រូប​នេះ។
លើស​ពី​នេះ ផ្លូវ​គមនាគមន៍​ដែល​សាងសង់​ដោយ​រាជ​រដ្ឋាភិបាល ក៏​ត្រូវ​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​គុណភាព មាន​ជា​អាទិ៍​ដូច​ជា ផ្លូវ​ជាតិ​លេខ​៥៧ ពី​បាត់ដំបង ទៅ​ប៉ៃលិន សង់​បាន​កន្លះ​ឆ្នាំ ក៏​ឈូស​ចេញ​ធ្វើ​ថ្មី ផ្លូវ​ជាតិ​លេខ​៣ ពី​ភ្នំពេញ ទៅ​កំពត ចាប់​សម្ពោធ​មិន​ដល់​មួយ​ឆ្នាំ ផ្ដើម​ជួសជុល​រាប់​រយ​កន្លែង ផ្លូវ​ជាតិ​លេខ​៤៨ ពី​ផ្លូវ​បំបែក​ស្រែអំបិល ទៅ​កោះកុង ដាច់​ដោច​ដោយ​កន្លែង ព្រម​ទាំង​ផ្លូវ​ខេត្ត ផ្លូវ​លំ​ជាច្រើន​ខ្សែ​ទៀត រង​ការ​ខ្ទេចខ្ទាំ​អាច​មក​ពី​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ។ បន្ថែម​ពី​នេះ ធនធាន​រ៉ែ ព្រៃ​ឈើ ធនធាន​ត្រី ធនធាន​ខ្សាច់ ក៏​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់។
យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ បាន​លើក​ទិសដៅ​ជំរុញ​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន នៅ​តែ​ពិបាក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ ពលរដ្ឋ​រាប់​សែន​នាក់ បាន​ចេញ​ទៅ​រក​ការ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ទី​បី​ទៀត ដោយ​ប្រថុយប្រថាន ដើម្បី​ក្រពះ។ នៅ​ទឹក​ចុង​ក្រោយ​នៃ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៤ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត យ៉ាង​ហោច​ណាស់​ជាង​កន្លះ​លាន​នាក់ លែង​ទុក​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បោះ​ឆ្នោត​ទម្លាក់។ បក្ស​កាន់​អំណាច​ធ្លាក់​ចំនួន​អាសនៈ​ក្នុង​សភា ២២​អាសនៈ។ លទ្ធផល​បោះ​ឆ្នោត​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ហៅ​ថា​ជា​លទ្ធផល​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី។
គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់​ចោល​សំណើ​របស់​បក្ស​ប្រឆាំង ដែល​ស្នើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត និង​ទាមទារ​គ្រប់គ្រង​រដ្ឋសភា។ គណបក្ស​កាន់​អំណាច​សម្រេច​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​ឡើយ។
នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា បញ្ជូន​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី៥ ដោយ​ដក​តំណែង​រដ្ឋមន្ត្រី​ចំនួន ១០​នាក់ ចេញ​ពី​ក្រសួង​ដែល​ធ្លាប់​គ្រប់គ្រង និង​បង្កើត​ក្រសួង​ថ្មី​មួយ​បន្ថែម​ពី​លើ​ក្រសួង​ដែល​មាន​ស្រាប់​ទាំង​២៦។ នៅ​ពេល​ប្រកាស​គោល​នយោបាយ​ចាស់ តែ​បន្ថែម​ចំណុច​ថ្មី​ខ្លះ​នោះ លោក ហ៊ុន សែន ប្រកាស​រំលាយ​ស្ថាប័ន​ដែល​ធ្លាប់​ក្ដោបក្ដាប់​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រួម​មាន​ឧត្តម​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ ឧត្ដមក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ ប៉ុន្តែ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទេ គណៈរដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​អនុរដ្ឋលេខាធិការ ដល់​ឧបនាយករដ្ឋមន្ត្រី​មាន​ចំនួន​ជាង ៧០០​នាក់ ហើយ​ចំនួន​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ទីប្រឹក្សា​មន្ត្រី​ជាន់​ខ្ពស់​ទាំងអស់​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ទេ។ មន្ត្រី​ដែល​មាន​យស​សក្តិ​ធំៗ​ក្នុង​ជួរ​ប៉ូលិស ប៉េអិម ក៏​សម្បូរ​ណាស់​ដែរ។ មេ​ប៉ូលិស មេ​ប៉េអិម ក្រុង​ភ្នំពេញ សុទ្ធតែ​ពាក់​សក្តិ​ផ្កាយ​បី ដែល​គេ​សង្ស័យ​ថា កម្ពុជា កើត​មាន​អតិផរណា​យស​សក្តិ​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង។ ចំនួន​ងារ​ឯកឧត្តម និង​សក្តិ​លើ​ស្មា​នេះ ទាក់ទង​នឹង​ការ​ចំណាយ​ថវិកា​ជាតិ សម្រាប់​ប្រាក់​ខែ បើក​លុយ​សាំង លុយ​បេសកកម្ម និង​ជា​ពិសេស​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។
បើ​ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ ដែល​ស្ទើរ​តែ​ដូច​គ្នា​បេះបិទ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ និង​ទី១ ហើយ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ក៏​មិន​ខុស​ពី​ប្រសាសន៍​លើក​មុនៗ​ទៀត​នោះ គេ​ពិបាក​ជឿ​ថា នេះ​ជា​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ណាស់។ រដ្ឋាភិបាល​អាណត្តិ​នេះ ក៏​មិន​ខុស​ពី​អាណត្តិ​មុន​ដែរ បាន​ស្រវា​កាន់​អំណាច​ផង និង​កាន់​ច្បាប់​ផង​តែ​ម្នាក់​ឯង។
តើ​មាន​អ្នក​ណា​មក​ជួយ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នានា រួម​ទាំង​ការ​កែ​ទម្រង់​របស់​រដ្ឋាភិបាល​បាន?
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា លោក​ធ្លាប់​យក​ទ្រូង​ពាំង​មន្ត្រី​ដែល​ធ្វើ​ខុស និង​ថា មន្ត្រី​របស់​លោក​ម្នាក់ៗ​មាន​ក្អែល​ក្រាស់​ដុះ​ស្នឹម​ប៉ុន្មាន​អាណត្តិ​រួច​មក​ហើយ។ តើ​គេ​អាច​រំពឹង​ថា អ្នក​មាន​ក្អែល​ក្រាស់​ខ្លួន​ឯង អាច​ទៅ​ជួយ​ដុះ​ជ្រះ​អ្នក​មាន​ក្អែល​ក្រាស់​ដូច​គ្នា​បាន​ឬ​ទេ?

No comments:

Post a Comment