Thursday, October 17, 2013

អ្នកវិភាគ​យល់ថា​ ​ICJ នឹង​បកស្រាយ​ឲ្យ​កម្ពុជា​​ឈ្នះក្តី​លើ​ថៃ ករណី​ដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​

ប្រភពពីវិទ្យុសម្លេងប្រជាធិបតេយ្យ


ដោយ៖​ កែវ រតនៈ និង ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី17 ខែតុលា ឆ្នាំ2013 | 1 ម៉ោង មុន

ប្រាសាទព្រះវិហារ (រូបថតដោយ Wikipidia)
​អ្នកវិភាគ និង​អ្នកប្រវត្ថិ​សាស្ត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ យល់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) នឹង​បក​ស្រាយ​ឲ្យ​កម្ពុជា​ឈ្នះក្តី​ជាមួយ​ភាគី​ថៃ ករណី​ដី​នៅ​​ជុំវិញ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា ខាងមុខនេះ ដោ​យារ​កម្ពុជា​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​។
ICJ គ្រោង​នឹង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ករណី​ប្រាសាទព្រះវិហារ​តាម​ការស្នើសុំ​របស់​ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់ពី​បាន​បើក​សវនាការ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩​ខែ​មេសា កន្លងទៅ​។
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ឃើញថា ICJ ជា​តុលាការអន្តរជាតិ​មួយ ដូចនេះ តុលាការ​នេះ នឹង​បកស្រាយ​នូវ​អ្វី​ដែល​ការពារ​នូវ​​សេចក្តីសម្រេច​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៦២ ពោល​គឺ ផ្តល់​យុត្តិធម៌​ឲ្យ​កម្ពុជា​ឈ្នះ​ ៖ "ការ​បក​ស្រាយ​នេះ យើងជឿ​ជាក់ថា មាន​ប្រាំ​ចំណុច ទី​មួយ​​យើង​មាន​សន្ធិសញ្ញា​បារាំង​-សៀម នៅឆ្នាំ​១៩០៤ ហើយ​យើង​មានការ​គូស​ផែន​ទី​ជាឧបសម្ព័ន្ធ​មួយ នៅឆ្នាំ​១៩០៤ ទីបី​យើង​មានភាព​ជោគ​ជ័យ​នៅ​ឆ្នាំ​១៩៦២ ទីបួន យើង​បាន​បញ្ចូល​ប្រាសាទព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភព​លោក ចំណុច​ទី​៥ ប្រវត្តិ​សាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះ​វិហារ​មានអាយុ​កាល​មុន​​សុខោ​ទ័យ"។
​អ្នក​វិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា មិន​មាន​ចំណុច​ណា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ បក​ស្រាយ​ឲ្យ​ភាគី​ថៃ មានប្រៀប​លើ​កម្ពុជា​​​បានឡើយ ព្រោះ​ថា​កម្ពុជា​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​។ លោក​បន្តថា យ៉ាងហោចណាស់​តុលាការ​អន្តរជាតិ​មួយ​នេះ នឹង​បកស្រាយ​ឲ្យ​កម្ពុជា​បាន​​កាន់កាប់​ដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ៖ "យ៉ាង​ហោច​ណាស់​ តុលាការ​អន្តរ​ជាតិ​នៅ​ទីក្រុង​ឡា​អេ​ហ្នឹង នឹង​​បកស្រាយ​សេចក្តី​សម្រេច​របស់​ខ្លួន​ឆ្នាំ​១៩៦២​ ទៅ​តាម​សំណូម​ពរ​របស់​ប្រ​ទេស​កម្ពុជា ហើយ​និង​កំណត់ព្រំប្រទល់​ដែន ទីតាំង​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​មិន​តិច​ជាងទំហំ​និង​បរិវេណ​ទីតាំង​ ដែល​ខ្មែរ​ធ្លាប់​​ត្រួត​ត្រា​ពី​មុន​ ពេល​ដែល​កង​ទ័ព​ថៃ​ បាន​ចូល​មក​ឈ្លាន​ពាន"។
​អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ​ សំបូរ ម៉ា​ណ្ណា​រ៉ា មានប្រសាសន៍ថា កម្ពុជា​នឹង​ឈ្នះក្តី​នៅពេលដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ ។ ​លោក​បន្តថា ការ​ដែល​ថៃ​បង្កើត​ករណី​ដី​៤.៦​គីឡូម៉ែត្រ​​ក្រឡា​នេះ​ គឺ​ដើម្បី​ទាញយក​ផល​ចំណេញ​​​នយោបាយ ព្រោះ​ថា​តំបន់​នោះ ជា​កន្លែង​ដែល​អាច​ទាញយក​ផល​សេដ្ឋកិច្ច​បាន ៖ "ទាក់ទង​ជាមួយបញ្ហា​​​តំបន់ ៤.៦ ដែល​គាត់​ខំប្រឹង​ទាម​ទារ​នោះ​ ឬ​ក៏យ៉ាង​ណា​យ៉ាង​ណីនោះ គឺ​ជា​ផល​ប្រ​យោជន៍​នយោ​បាយ​ផង ផល​ប្រយោជន៍សេដ្ឋកិច្ច​ផង តំបន់​ទាំង​នោះ​គឺជា​មូល​ដ្ឋាន​ដែល​សំខាន់​បំផុត ដែល​​គេ​អាច​ប្រើ​ប្រាស់​​ក្នុង​ន័យ​អភិវឌ្ឍន​នៃ​​​សេដ្ឋកិច្ច ចំណុច​សំខាន់នៃ​សេដ្ឋកិច្ច គឺ​សេដ្ឋកិច្ច​ទេស​ចរណ៍ ផល​ប្រយោជន៍​នយោ​បាយ​គឺ​កា​រ​បំពេញ​នូវ​ការ​ពេញ​ចិត្ត​ និង​ការ​ចង់​បាន​​របស់​​ប្រជា​ពលរដ្ឋ​របស់​គេ​មួយ​ចំនួន"។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង ប្រាប់​VOD​ថា គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបទេស លោក​ហោ ណាំហុង បាន​ត្រៀម​ជា​ស្រេច ដើម្បី​ទៅ​ចូលរួម​ស្តាប់​ការបកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ករណី​ប្រាសាទ​ព្រះវិហារ​នេះ​ ៖ "​ធ្វើយ៉ាងណាគឺ​ថា​ឲ្យ​នៅ​ថ្ងៃ​១១​ហ្នឹង​ ​គណៈប្រតិ​ភូយើងនឹង​មាន​វត្ត​មាន​នៅទី​នោះ​តែ​ម្តង"។
​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ បាន​ប្រកាស​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ ដើម្បី​ពិភាក្សា​ពី​ការឆ្លើយតប​របស់​ថៃ​ទៅនឹង​ការ​សម្រេច​​​របស់​​តុលាការ​​អន្តរ​ជាតិ​(ICJ) នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។
​ក្រសួង​ការបរទេស​ថៃ ទស្សន៍​ទាយ​ថា ចំណុច​បួន​យ៉ាង​សម្រាប់​សេក្តីសម្រេច​របស់​ICJ គឺ​ទីមួយ តុលាការ មិន​សិទ្ធិអំណាច​ក្នុង​ការសម្រេច​លើ​ករណី​នេះ ទី​ពីរ តំបន់​ត្រួតស៊ីគ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា  ទី​បី តុលាការ នឹង​សម្រេច​ថា ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ ត្រូវបាន​កណត់​ដោយ​ប៉ារ៉ា​ម៉ែត្រ ដែល​កំណត់​ដោយ​ខុទ្ទកាល័យ​របស់​ថៃ​ក្នុង​ឆ្នាំ​១៩៦២  និង​ទី​បួន តុលាការ​នឹង​កំណត់​បន្ទាត់​ព្រំដែន​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ​៕

No comments:

Post a Comment