Saturday, November 30, 2013

ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​សង្គម​ស៊ីវិល របាយការណ៍​ប្រចាំ​ប្រទេស – កម្ពុជា

ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​សង្គម​ស៊ីវិល

របាយការណ៍​ប្រចាំ​ប្រទេស –  កម្ពុជា


រៀបចំសម្រាប់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដោយអង្គការ Cord Cambodia
ខែ ធ្នូ ឆ្នាំ ២០១៣

ផ្នែក​ទី : សេចក្តីផ្តើម

របាយការណ៍នេះ ផ្តោតលើបរិស្ថានច្បាប់ បទប្បញ្ញត្តិ និង គោលនយោបាយ ដែលនៅក្នុងនោះ អង្គការ​សង្គម​ស៊ីវិលកម្ពុជា​​ដំណើរការ។ ច្បាប់និងបទប្បញ្ញត្តិទាំងឡាយដែលគ្រប់គ្រងអង្គការ​សង្គម​ស៊ីវិល កំណត់លទ្ធភាពរបស់អង្គការសង្គមស៊ីវិលក្នុងការប្រាស្រ័យទាក់ទងនិង ពាក់ព័ន្ធជាមួយស្ថាប័នដទៃ ដើម្បីចូលរួមក្នុងការជួបជុំដោយសន្តិវិធី ដើម្បីសុំការ​​លើកលែងពន្ធ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និង ដើម្បីទទួលព័ត៌មាន។ កត្តាទាំងនេះ ក៏ដូចជា ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ជួយកំណត់សភាពនៃ​​បរិយាកាសអំណោយ​ផល របស់សង្គម​ស៊ីវិល។
របាយការណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធីគំនិតផ្តួចផ្តើមលំហរសង្គមស៊ីវិលដោយអង្គការ CIVICUS និង មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​ស្តីពី​ការ​មិន​រក​ចំណេញ (ICNL) ក្នុងភាពជាដៃគូជាមួយមាត្រា ១៩ (ATICLE19) និង អង្គការចលនាពិភពលោកដើម្បីលទ្ធិប្រជាធិបតេយ្យ (WMD)និង ដោយមានការជួយឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA)

ការ​វាយតម្លៃ​បរិយាកាសអំណោយ​ផល​ថ្នាក់​ជាតិ​​សម្រាប់​កម្ពុជា

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានជ្រើសរើសទិដ្ឋភាពចំនួនប្រាំពីរនៃបរិយាកាស​អំណោយ​ផលសម្រាប់ធ្វើការវាយតម្លៃៈ () ការរៀបចំបង្កើត, () កិច្ចប្រតិបត្តិការ, () លទ្ធភាពរក​​ធនធាន, () ការសម្តែងមតិ, () ការជួបជុំដោយសន្តិវិធី, () ទំនាក់ទំនងរាជរដ្ឋាភិបាល-​សង្គម​​ស៊ីវិល, និង () កិច្ចសហប្រតិបត្តិការអង្គការ​សង្គមស៊ីវិល។ ការស្រាវជ្រាវនេះសំដៅកំណត់៖
ច្បាប់ បទប្បញ្ញត្តិ និង បរិស្ថានគោលនយោបាយ ដែលប៉ះពាល់លទ្ធភាពរបស់​​អង្គការ​សង្គមស៊ីវិលក្នុងការបំពេញមុខងារ។
)   បញ្ហាគន្លឹះៗ ចំណុច​ខ្សោយ និងបញ្ហា​ប្រឈមសំខាន់ៗ ដែលកើតចេញពីច្បាប់ និង គោលនយោបាយ។
)    វិធីប្រសើរបំផុតដើម្បីជំនៈបញ្ហា​ប្រឈម និង ជំរុញកំណើនលំហរប្រជាធិបតេយ្យ
និយមន័យ
បរិយាកាស​អំណោយ​ផលពេញលេញសម្រាប់​​​សង្គម​ស៊ីវិល នឹងការពារ​​សិទ្ធិ​មនុស្សជាមូលដ្ឋានដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចងក្រងគ្នាជាស្ថាប័ន និង ចូលរួមក្នុងការអភិវឌ្ឍ រួមមានៈ សេរីភាព​បង្កើតសមាគមនិង​​សេរីភាពខាងការជួបជុំ និង សេរីភាពបញ្ចេញមតិ   ការទទួលស្គាល់ស្របច្បាប់ដែលសម្រួលដល់ការងាររបស់អង្គការ​សង្គម​ស៊ីវិល   សេរីភាពក្នុង​​ការធ្វើចលនា សិទ្ធិធ្វើចលនា  និង សិទ្ធិធ្វើដំណើរ  សិទ្ធិធ្វើប្រតិបត្តិការដោយមិនមានការជ្រៀតជ្រែកដែលគ្មានការធានារបស់រដ្ឋ និង ក្របខណ្ឌគតិយុត្តិមួយដែលនៅក្នុងនោះ ការទទួលបានធនធានចាំបាច់អាចដំណើរការ។
របាយការណ៍នេះ ផ្តោតលើការបារម្ភរបស់អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក (LNGOs) និង អង្គការសហគមន៍ (CBOs) ដែលត្រូវគ្រប់គ្រងដោយ​​​ក្រសួងមហាផ្ទៃ ឬគណៈរដ្ឋមន្ត្រី។ (ក្រសួងការបរទេស​​ និងសហប្រតិបត្តិការអន្តរជាតិ គ្រប់គ្រង​​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ។)

ផ្នែក​ទី : វិធីសាស្ត្រ

ក្រុមស្រាវជ្រាវបានធ្វើការដោយសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និង ដោយប្រយោល ជាមួយ​​គណៈប្រឹក្សាស្រាវជ្រាវនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដើម្បីកំណត់វិធីសាស្ត្រសមស្របដើម្បី​​ប្រមូលនិងវិភាគព័ត៌មានចាំបាច់។ វិធីសាស្ត្ររួមមានការពិនិត្យមើលឯកសារនិងការសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធសំខាន់ៗចំនួន ២៤។

ផ្នែក​ទី : ការ​រៀបចំបង្កើត​អង្គការ​​សង្គម​ស៊ីវិល

សិទ្ធិបង្កើតនិងចុះបញ្ជី​​អង្គការ​សង្គមស៊ីវិលមួយ ត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​​កម្ពុជា ហើយបច្ចុប្បន្នមានអង្គការ​មិនមែន​រដ្ឋាភិបាលនិងសមាគមដំណើរការប្រហែល ១ ៣៥០។ រាជរដ្ឋាភិបាលមានអំណាចបដិសេធការចុះបញ្ជី។ ច្បាប់គ្រោងថ្មីមួយស្តីពីអង្គការ​មិនមែន​រដ្ឋាភិបាលនិង​សមាគម (LANGO) អាចសម្រួលបទប្បញ្ញត្តិច្បាប់សម្រាប់ការចុះបញ្ជី។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិលជាច្រើន​​បារម្ភខ្លាចក្រែងការផ្លាស់ប្តូរត្រូវបានប្រើ​​ដើម្បីរឹតត្បិតលំហរ​ប្រជាធិបតេយ្យ។
បញ្ហា​ប្រឈមសំខាន់ៗចំពោះការបង្កើតអង្គការ​សង្គមស៊ីវិលនៅ​​កម្ពុជា រួមមាន៖
·         កង្វះភាពច្បាស់លាស់ក្នុងក្រមរដ្ឋប្បវេណីសម្រាប់​​ប្រទេសកម្ពុជា និង លក្ខខណ្ឌចុះបញ្ជីដ៏ស្មុគ្រស្មាញ
·         ឆន្ទានុសិទ្ធិលើសលុបរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះបញ្ជី
·         ការតម្រូវឲ្យបង់​ ‘ថ្លៃសម្រួលកិច្ចការពោលគឺសំណូកជូនមន្ត្រីរាជរដ្ឋាភិបាល ដើម្បីទទួលបានជំនួយសម្រាប់កិច្ចដំណើរការ​​ចុះបញ្ជី
·         អវត្តមាន​នៃយន្តការ​តវ៉ាសម្រាប់កិច្ចប្រឹងប្រែង​​ចុះបញ្ជីមិនបានសម្រេច
·         ភាពមិនប្រាកដប្រជានិងការសង្ស័យពីតួអង្គ​​​សង្គម​ស៊ីវិល ទាក់ទិននឹងបទប្បញ្ញត្តិច្បាប់​​ដែលកំណត់លក្ខខណ្ឌបង្កើត និង ជាពិសេស ទាក់ទិននឹងលទ្ធភាពដែលបទប្បញ្ញត្តិច្បាប់ថ្មីនឹងត្រូវបានប្រើដើម្បីរឹតត្បិត​​សេរីភាព។

ផ្នែក​ទី : កិច្ចប្រតិបត្តិការ​របស់​​អង្គការ​សង្គមស៊ីវិល

  • ច្បាប់ដែលគ្រប់គ្រងអង្គការ​សង្គម​ស៊ីវិល រួមមានក្រមរដ្ឋប្បវេណីនៃប្រទេសកម្ពុជា ឆ្នាំ ២០០៧ ច្បាប់ស្តីពីការយកពន្ធឆ្នាំ ២០០៤ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ច្បាប់ស្តីពីការធ្វើ​​បាតុកម្មដោយសន្តិវិធីឆ្នាំ ២០០៩ និង ច្បាប់ប្រឆាំងនឹងអំពើពុករលួយឆ្នាំ ២០១០។ អង្គការ​សង្គម​ស៊ីវិល​​ដែលជំរុញសិទ្ធិ​មនុស្ស ត្រូវបានគម្រាមកំហែង និង ព្យួរការងារដោយ​​រាជរដ្ឋាភិបាល។ អង្គការ​មិនមែន​រដ្ឋាភិបាលជាច្រើនបារម្ភថាច្បាប់គ្រោងថ្មី​​ស្តីពីអង្គការ​មិនមែន​រដ្ឋាភិបាលនិងសមាគម (LANGO) នឹងបង្កើនការជ្រៀតជ្រែក​​និងការត្រួតត្រារបស់រាជរដ្ឋាភិបាលលើ​​អង្គការ​សង្គម​ស៊ីវិល។
បញ្ហា​ប្រឈមសំខាន់ៗទាក់ទិននឹងកិច្ចប្រតិបត្តិការរបស់អង្គការ​សង្គមស៊ីវិលនៅកម្ពុជា រួមមាន៖
  • អនុលោមភាពទាបជាមួយនឹង​​បទប្បញ្ញត្តិច្បាប់ជាធរមាន ដោយ​អង្គការសង្គម​ស៊ីវិល
  • កាតព្វកិច្ចរាយការណ៍ស្មុគ្រស្មាញនិងសាំញ៉ាំ
  • ការយល់ដឹងមិនបានល្អ និង​/​ឬ ការអនុវត្តមិនសមស្របនូវ​​បទប្បញ្ញត្តិច្បាប់ជាធរមានដោយមន្ត្រីរាជរដ្ឋាភិបាល
  • ការតម្រូវឲ្យបង់ប្រាក់ក្រៅផ្លូវការជូនបុគ្គលិក​​រាជរដ្ឋាភិបាល ដើម្បីសម្រួលកិច្ចប្រតិបត្តិការ
  • អវត្តមាន​​និងអសង្គតិភាពនៃផលវិបាក​​ចំពោះការខកខានមិនបានគោរពតាមកាតព្វកិច្ចស្របច្បាប់
  • ការយាយីម្តងម្កាលលើ​​អង្គការ​សង្គម​ស៊ីវិលមួយចំនួនដែលពាក់ព័ន្ធក្នុងការងារសិទ្ធិ​មនុស្ស
  • អវត្តមាន​នៃយន្តការតវ៉ា​ក្នុងករណីនៃការលុបបញ្ជី ការព្យួរការងារ ឬ ការរំលាយ
  • ការបារម្ភទាក់ទិននឹងសក្តានុពលប្រើបំពានច្បាប់គ្រោងថ្មីស្តីពីអង្គការ​មិនមែន​រដ្ឋាភិបាល និងសមាគម

ផ្នែក​ទី : លទ្ធភាព​ទទួល​បាន​​ធនធាន

រាជរដ្ឋាភិបាលកម្ពុជា ហាក់បីដូចជាមិនទទួលស្គាល់​​អង្គការ​សង្គម​ស៊ីវិលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយទេ។
បញ្ហា​ប្រឈមសំខាន់ៗ​​សម្រាប់អង្គការ​សង្គមស៊ីវិលកម្ពុជាក្នុងការទទួលបានធនធាន រួមមាន៖
  • កំណើនការប្រកួតប្រជែងក្នុងការទទួលមូលនិធិបរទេស
  • កំណើនកង្វល់របស់ម្ចាស់ជំនួយIពីនិរន្តរភាពហិរញ្ញវត្ថុនៃគម្រោងនិងការផ្លាស់ប្តូរអាទិភាពរបស់ម្ចាស់ជំនួយ (ងាកចេញពីកម្ពុជា)
  • សមត្ថភាពស្ថាប័នទាបក្នុងការស្វែងរកមូលនិធិ
  • សម្ពាធឲ្យរកចំណូលដោយឯករាជ្យ
  • សក្តានុពលនៃការអភិវឌ្ឍសហគ្រាសសង្គមដែលប៉ះពាល់ការងារស្នូលរបស់សង្គម​ស៊ីវិល
  • អវត្តមាន​នៃកិច្ចព្រមព្រៀងភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិង​សង្គម​ស៊ីវិល
  • ភាពស្ទើរតែគ្មានវត្តមាន​នៃការផ្តល់អំណោយមនុស្សធម៌ លើកលែងតែទាក់ទិននឹងការផ្តល់អំណោយសាសនា និង នយោបាយ។

ផ្នែក​ទី : ការ​បញ្ចេញ​មតិ

សារព័ត៌មាននៅកម្ពុជា ត្រូវបានកំណត់ថា​ ‘មិនមានសេរីភាពហើយការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ បាននិងកំពុងកើនឡើងតាំងពីឆ្នាំ ២០១២។
បញ្ហា​ប្រឈមសំខាន់ៗ​​ទាក់ទិននឹងការបញ្ចេញមតិនៅកម្ពុជា រួមមាន៖
  • កង្វះឯករាជ្យភាពនៃបណ្តាញព័ត៌មានក្នុងស្រុកស្ទើរតែទាំងអស់ ជាពិសេស ទូរទស្សន៍ និង កាសែតភាសាខ្មែរ។
  • ការអនុម័តសេចក្តីព្រាងច្បាប់ថ្មីស្តីពីការប្រឆាំងអ៊ីនធឺណេត អាចរឹត្បិត​​សេរីភាពនៃការបញ្ចេញមតិ។
  • ការសម្លុតបំភ័យលើបុគ្គលខ្លះដែលបានបញ្ចេញមតិផ្ទុយនឹងរាជរដ្ឋាភិបាល។
  • សក្តានុពលដែល​​ច្បាប់ថ្មីស្តីពីអង្គការ​មិនមែន​រដ្ឋាភិបាលនិងសមាគមរឹតត្បិត​​សេរីភាពនៃការបញ្ចេញមតិ។

ផ្នែក​ទី: ការជួបជុំ​ដោយ​សន្តិវិធី

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថាប្រជាពលរដ្ឋមានសេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ប៉ុន្តែ ក្នុងករណីខ្លះ រាជរដ្ឋាភិបាលបានរឹតត្បិតដោយបំពានលើ​​សេរីភាពនៃការធ្វើចលនា និង សេរីភាពខាងការ​​​ប្រជុំ បានបដិសេធមិនផ្តល់ការអនុញ្ញាតឲ្យធ្វើការតវ៉ាដោយសន្តិវិធី ហើយនគរបាលបានរំខានកិច្ចប្រជុំ និង បានគម្រាមកំហែងសហគមន៍ដែលចូលរួមជាមួយអង្គការ​មិនមែន​រដ្ឋាភិបាល។
បញ្ហា​ប្រឈមសំខាន់ៗ​​ទាក់ទិននឹងការជួបជុំដោយសន្តិវិធីនៅកម្ពុជា រួមមាន៖
  • ការបដិសេធដោយបំពានយ៉ាងច្បាស់នូវសំណើប្រជុំ​/​ធ្វើបាតុកម្ម
  • ការភ័យខ្លាចផលវិបាកប្រឆាំងនឹងអ្នករៀបចំនិងអ្នកចូលរួមក្នុង​ការប្រជុំដោយ​សន្តិវិធី
  • ការំខាន​​ការប្រជុំ​ដោយ​សន្តិវិធីដោយអាជ្ញាធរ
  • កំណើនម្តងម្កាលនៃអំពើហិង្សា​​លើបាតុកម្ម​ដោយ​សន្តិវិធី
  • កង្វះតម្លាភាពក្នុងកិច្ចដំណើរការស៊ើបអង្កេតលើនគរបាលអាជ្ញាធរដទៃទៀតដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងអ្នកចូលរួមក្នុងការប្រជុំដោយ​សន្តិវិធី
  • អវត្តមាន​នៃផលវិបាកលើអ្នកដែលប្រព្រឹត្តអំពើហិង្សាលើអ្នកចូលរួម ទោះបីជាមានភស្តុតាងជារូបភាពនិងជាខ្សែវីដេអូក្តី។

ផ្នែក​ទី : ទំនាក់​ទំនង​រាជរដ្ឋាភិបាលនិង​សង្គម​ស៊ីវិល

តួនាទីរបស់​សង្គម​ស៊ីវិលក្នុងការអភិវឌ្ឍកម្ពុជា ត្រូវបានមើលរំលង។ អ្នកផ្តល់បទសម្ភាសន៍ម្នាក់បាននិយាយថាវាគឺជារឿងកម្រណាស់ដែល​​រដ្ឋាភិបាលជាតិមិនមានការតាំងចិត្តចំពោះភាពជាដៃគូជាមួយអង្គការ​សង្គម​ស៊ីវិល ដូចជាករណីនៅប្រទេសកម្ពុជា
បញ្ហា​ប្រឈមសំខាន់ៗសម្រាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិង​សង្គម​ស៊ីវិល រួមមាន៖
        កង្វះទំនុកចិត្តជាពិសេសរវាងរាជរដ្ឋាភិបាល និង ​អង្គការ​សង្គមស៊ីវិលទាំងឡាយដែលធ្វើសកម្មភាពលើការជំរុញលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិ​មនុស្ស
        ឱកាសមិនគ្រប់គ្រាន់សម្រាប់ការសុន្ទនា​​គ្នា និង សម្រាប់ឲ្យរាជរដ្ឋាភិបាលនិង​សង្គម​ស៊ីវិលផ្តល់ធាតុចូលនិងមតិកែលម្អប្រកបដោយអត្ថន័យជូនគ្នាទៅវិញទៅមក ជាពិសេសនៅកម្រិតជាតិ
        ការខកខានក្នុងការផ្តល់លទ្ធភាព​​និងពេលវេលាគ្រប់គ្រាន់​​សម្រាប់ការរួមចំណែកបស់​​សង្គម​ស៊ីវិល ជូនដល់ក្រុមការងារបច្ចេកទេស និង យន្តការពិគ្រោះយោបល់ប្រហាក់ប្រហែលផ្សេងទៀត
        កង្វះភាព​ច្បាស់លាស់អំពីវេទិកាគ្រោងប្រចាំឆ្នាំ​​រាជរដ្ឋាភិបាល និង ​សង្គម​ស៊ីវិល
        ការខកខានក្នុងការបញ្ជាក់តួនាទីច្បាស់លាស់ជូនសង្គម​ស៊ីវិលនៅក្នុងយុទ្ធសាស្ត្រចតុកោណ​​កម្ពុជា
        សមត្ថភាពមានកម្រិតសម្រាប់កិច្ចសហប្រតិបត្តិការ ទាំង​​ខាង​​រាជរដ្ឋាភិបាល ទាំងខាងសង្គម​ស៊ីវិល
        កង្វះចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការ។

ផ្នែក​ទី : កិច្ចសហប្រតិបត្តិការ​ និង​សម្ព័ន្ធភាព​សង្គម​ស៊ីវិល

សម្ព័ន្ធភាពនៃ​អង្គការ​សង្គមស៊ីវិល អាចកំពុងកើនឡើង ប៉ុន្តែ ជម្រៅនៃ​​កិច្ចសហប្រតិបត្តិការ គឺរាក់។
បញ្ហា​ប្រឈមសំខាន់ៗទាក់ទិននឹងកិច្ចសប្រតិបត្តិការនិងសម្ព័ន្ធភាពសង្គមស៊ីវិល រួមមាន៖
        កង្វះទំនុកចិត្តក្នុងចំណោមអង្គការ​មិនមែន​រដ្ឋាភិបាល
        កិច្ចសហប្រតិបត្តិការរាក់ ដែលភាគច្រើនដោះស្រាយបញ្ហាបច្ចេកទេស
        យន្តការមិនគ្រប់គ្រាន់សម្រាប់ការវាយតម្លៃលើសមិទ្ធកម្មការងារនៃក្រុមសមាជិកភាព
        យន្តការ​មិនគ្រប់គ្រាន់សម្រាប់ទទួលនិងដោះស្រាយបណ្តឹងពីសមាជិក

        កិច្ចសហប្រតិបត្តិការអន្តរវិស័យមិនល្អ

Thursday, November 28, 2013

អង្គការសង្គមស៊ីវិលទាមទារនូវការគោរព​ និង​ភាពជាដៃគូរពេញលេញជាមួយរាជរដ្ឋាភិបាលកម្ពុជា

សម្រាប់ការផ្សាយបន្ទាន់                                               ថ្ងៃពុធ ទី ២៧​វិច្ឆិកា ២០១៣សហគមន៍អង្គការក្រៅរដ្ឋាភិបាលបានផ្តល់ឲ្យប្រជាជនកម្ពុជានូវប្រាក់រាប់រាយលានដុល្លារតាមរយះសំភារះ និងសេវាកម្មផ្សេងៗក្នុងមួយឆ្នាំៗ ប៉ុន្តែគួរអោយសោកស្តាយរបាយការណ៍ថ្មីមួយបាននិយាយថា រដ្ឋាភិបាលហាក់បីដូចជាមិនបានចាត់ទុក សហគមន៍អង្គការក្រៅរដ្ឋាភិបាលជា"ដៃគូយុទ្ធសាស្រ្តសំខាន់មួយនោះទេ"។របាយការណ៍មួយដែលមានចំណងជើងថាការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​អង្គការ​សង្គម​ស៊ីវិល គឺបានធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវ និងបទសម្ភាសន៍នានាៗ ជាមួយនឹងអ្នកតំណាងរបស់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងអង្គការសមាជិកដទៃទៀត សាស្រ្តចារ្យ សមាជិកសហជីព អ្នកសារពត៌មាន និងអ្នតំណាងពីខាងរដ្ឋាភិបាលដែល​សុំមិនបញ្ចេញឈ្មោះរបាយការណ៍នេះបានលើកឡើងពីឧបសគ្គនានាៗដែលរំខានដល់ការប្រតិបត្តិប្រកបដោយប្រសិទិ្ធភាពរបស់អង្គការសង្គមស៊ីវិល ដែលមានតាំងពីការដែលមន្រ្តីរដ្ឋាភិបាលយកកម្រៃខុសច្បាប់​​ក្នុងការចុះបញ្ជីអង្គការក្រៅរដ្ឋាភិបារហូតដល់ការរំខានរបស់នគរបាលទៅលើអ្នករៀបចំ និងអ្នកចូលរួមនៅក្នុងកិច្ចប្រជុំ និងបាតុកម្មស្របច្បាប់នានាៗ។មិនតែប៉ុណ្ណោះមានការរិះគន់ជាបន្តបន្ទាប់ចំពោះការបែរខ្នងមិនអើពើរពីសំណាក់រដ្ឋាភិបាល​​ចំពោះ​ការព្រួយបារម្ភ និងអនុសាសន៍នានាៗដែលសង្គមស៊ីវិលបានពាំនាំមកពីថ្នាក់មូលដ្ឋាន​នៅក្នុងប្រទេស​កម្ពុជា។ មនុស្សម្នាក់ដែលបានសម្ភាសន៍សម្រាប់របាយការណ៍នេះបាននិយាយថា

"នៅក្នុងប្រទេសកម្ពុជាវាជាការកម្រណាស់ដែលរាជរដ្ឋាភិបាលថ្នាក់ជាតិមានការប្តេជ្ញាចិត្តក្នុងការកសាងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល"។
    របាយការណ៍ប្រចាំប្រទេសកម្ពុជា​:
ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​អង្គការសង្គម​ស៊ីវិលការពិគ្រោះយោបល់ថ្នាក់ជាតិ: សណ្ឋាគារហ៊ីមាវ៉ារី អាគារលេខ ៣១៣ ផ្លូវព្រះស៊ីសុវត្ថិ ភ្នំពេញនៅថ្ងៃព្រហស្បតិ ទី ២៨ វិច្ឆិកា ២០១៣ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៤:៣០រសៀល
សន្និសិទកាសែត នៅម៉ោង ១០ព្រឹក ​​របាយការណ៍នេះបានរៀបចំសម្រាប់អង្គការ CCC ដោយអង្គការ Cord-Cambodiaក្រោមគំនិត ផ្តួចផ្តើម​របស់អង្គការ CIVICUS និង អង្គការមជ្ឈមណ្ឌលច្បាប់អន្តរជាតិ ដោយមិនរកប្រាក់កំរៃ ​​ICNL​ក្នុងគោលបំណងគាំទ្រដល់សិទ្ធរបស់អង្គការសង្គមស៊ីវិល។
របាយការណ៍ដែលមានចំណងជើងថា "ការវាយតម្លៃ​បរិយាកាស​អំណោយផល​សម្រាប់​​​អង្គការ​សង្គម​ស៊ីវិល" បានពិនិត្យលើផ្នែក​ចំនួនប្រាំពីរ (៧) ដែលទាក់ទងនឹងការរៀបចំ ការធ្វើប្រតិបត្តិការ និងស្វែងរកធនធាននានា របស់អង្គការសង្គមស៊ីវិល ហើយនៅក្នុងករណីនីមួយៗបានបញ្ជាក់ផង​ដែរនូវ​បញ្ហា​ប្រឈមនិងឧបសគ្គគន្លឹះសំខាន់ៗដែលអង្គការសង្គមស៊ីវិលបាន​​ជួបប្រទះ។
ចំណុចទាំងប្រាំពីរនោះរួមមាន(១)​.ការ​រៀបចំបង្កើត​អង្គការ​​សង្គម​ស៊ីវិល(២).កិច្ចប្រតិបត្តិការ​របស់​​​​​អង្គការ​សង្គម​ស៊ីវិល​ (៣).លទ្ធភាព​ទទួល​បាន​​ធនធាន (៤).ការ​បញ្ចេញ​មតិ (៥).ការជួបជុំ​ដោយ​សន្តិវិធី​ (៦).ទំនាក់​ទំនង​រាជរដ្ឋាភិបាលនិង​សង្គម​ស៊ីវិល និងចំណុចចុងក្រោយស្តីពី​ (៧).កិច្ចសហប្រតិបត្តិការ​ និង​សម្ព័ន្ធភាព​សង្គម​ស៊ីវិល។
អ្នកដឹកនាំអង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវ នឹងពិនិត្យមើលឡើងវិញនូវការរកឃើញនេះនៅឯកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ដោយមានកម្មវត្ថុក្នុងការបង្កើតនូវយុទ្ធនាការសម្រាប់ភាពជាដៃគូពេញលេញមួយដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។សិក្ខាកាមដែលចូលរួមក្នុងការពិគ្រោះយោបល់នេះ និងត្រូវបានស្នើសុំ​អោយអានរបាយ​ការណ៍ កំណត់បញ្ហាចំបង និងស្វែងរកវិធីសាស្រ្តក្នុងការតស៊ូមតិ។  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លោកស្រី គឹម ធីតាកល្យាណីប្រធានផ្នែកទំនាក់ទំនង និងកិច្ចការសាធារណ:
ទូរស័ព្ទដៃ: +855 (0)12 492 798    ទូរស័ព្ទលើតុ: +855 (0)23 214 152    
  “This press release is prepared by CCC through the Civic Space Initiative, implemented in partnership with the International Center for Not-for-Profit Law, ARTICLE 19, CIVICUS: World Alliance for Citizen Participation, and the World Movement for Democracy.”
 

យុវជន​ម្នាក់​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​នៅ​ស្ទឹងមានជ័យ​ពិការ​មួយ​ជីវិត


ជាង​ពីរ​សប្ដាហ៍​ហើយ​ដែល​ក្រុម​គ្រួសារ​សព លោកស្រី អេង សុខុម ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ។ ក្រៅ​ពី​ស្ត្រី​លក់​បាយ​រូប​នេះ នៅ​មាន​ពលរដ្ឋ​រង​របួស ៩​នាក់​ផ្សេង​ទៀត ក៏​នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ដូច​គ្នា​ដែរ។
ដោយ ទេព សុរ៉ាវី
2013-11-27
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ជន​រងគ្រោះ​នៅ​ស្ទឹងមានជ័យ ៦១០
២៤-វិច្ឆិកា-២០១៣៖ លោកស្រី ហ៊ុន ឃន ម្តាយ​យុវជន ហឿន ចាន់ ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​បាតុករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ពិការ​អស់​មួយ​ជីវិត កំពុង​អង្គុយ​មើល​ថែ​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី។
RFA/Tep Soravy
ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ យុវជន ហឿន ចាន់ មាន​របួស​ធ្ងន់​ជាង​គេ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ចង្កេះ​ខាង​ឆ្វេង ហើយ​ប៉ះ​ពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​រូប​នោះ​ត្រូវ​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​ជា​រៀង​រហូត។
ស្ថិត​ក្នុង​វ័យ ២៦​ឆ្នាំ ហឿន ចាន់ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សកលវិទ្យាល័យ​ធនធាន​មនុស្ស ស្ទើរ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ចំពោះ​អនាគត​ដែល​ក្លាយ​ជា​ជន​ពិការ ដោយ​គ្រាន់​តែ​គេ​ឈរ​មើល​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ។
ក្រុម​គ្រួសារ និង​សាច់ញាតិ​យុវជន ហឿន ចាន់ សម្រេច​យក​យុវជន​រូប​នេះ​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស បន្ទាប់​ពី​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រាប់​ថា អស់​សមត្ថភាព​ព្យាបាល និង​មិន​ឲ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​យូរ​ទៀត ខ្លាច​ក្រែង​ឆ្លង​រោគ​ផ្សេងៗ ធ្វើ​ឲ្យ​របួស​រឹត​តែ​ធ្ងន់។
យុវជន ហឿន ចាន់ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ពិការ​មួយ​កំណាត់​ក្រោម​ត្រឹម​ចង្កេះ​អស់​មួយ​ជីវិត ដោយសារ​តែ​គ្រាប់​កាំភ្លើង​ដែល​បៀម​ជាប់​ក្នុង​ពោះ ប៉ះ​ពាល់​ដល់​ខួរ​ឆ្អឹង។ គ្រូពេទ្យ​បាន​វះ​កាត់​យក​គ្រាប់​ចេញ​ដោយ​សុវត្ថិភាព ប៉ុន្តែ​មិន​អាច​សង្គ្រោះ​ជើង​ទាំង​គូ​របស់​គេ​ឲ្យ​ដើរ​ដូច​មុន​បាន​ទេ។
«សំឡេង»
យុវជន ហឿន ចាន់ ត្រូវ​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ។ មាន​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​បាន​ស្លាប់ និង​មាន​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស។
យុវជន​រូប​នោះ​នៅ​ចាំ​ថា មាន​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ក្នុង​ចំណោម ៤ ឬ ៥​នាក់ ដែល​ទើប​រួច​ផុត​ពី​ការ​បង្ខាំង​ក្នុង​កុដិ​មួយ នៅ​វត្ត​ស្ទឹងមានជ័យ បាន​ចេញ​មក​បាញ់​បង្ហើរ​គ្រាប់​កាំភ្លើង​ពោរពាស​ទៅ​លើ​ពលរដ្ឋ និង​កម្មករ​ដែល​នៅ​ខាង​ក្រៅ។ ជើង​ទាំង​ពីរ​របស់ ហឿន ចាន់ បាន​ព្យាយាម​រត់​គេច​ពី​ការ​បាញ់​រះ​របស់​សមត្ថកិច្ច ហើយ​នោះ​ក៏​ជា​នាទី​ចុង​ក្រោយ​ដែរ​ដែល​ជើង​របស់​គេ​អាច​ទ្រ​សរីរាង្គ​បាន។ ដំបូង យឿន ចាន់ គិត​ថា ត្រូវ​គាប់​ចំពាម​ប៉ុណ្ណោះ ប៉ុន្តែ​ភ្លាមៗ បាន​ដួល​ប្រូស​ទៅ​លើ​ដី ហើយ​ស្ទុះ​ក្រោក​មិន​រួច ជើង​ទាំង​ពីរ​កម្រើក​លែង​បាន ហើយ​ចាប់​ផ្ដើម​ស្ពឹក។
សេចក្តី​ប្រាថ្នា​តែ​មួយ​គត់​ដែល ហឿន ចាន់ ចង់​បាន​នៅ​ពេល​នេះ គឺ​ឱកាស​អាច​ដើរ​ម្តង​ទៀត។
«សំឡេង»
សមត្ថកិច្ច​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​អ្នក​លក់​បាយ និង​ធ្វើ​ឲ្យ​មនុស្ស​របួស។ តែ​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតក​ពិត ចំពោះ​ករណី​បាញ់​ប្រហារ និង​បាន​ទម្លាក់​កំហុស​ទាំងអស់​ទៅ​លើ​ជន​ទី​៣។
យុវជន ហឿន ចាន់ បញ្ជាក់​ថា សមត្ថកិច្ច​ជា​អ្នក​បង្ក​ឲ្យ​មាន​ហិង្សា និង​បាន​ប្រើ​អាវុធ​បង្ក្រាប​លើ​ពលរដ្ឋ និង​ក្រុម​បាតុករ។
យ៉ាង​ណា រហូត​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​នោះ​នៅ​មិន​ទាន់​រក​មនុស្ស​ណា​ឲ្យ​មក​ទទួល​បន្ទុក​នេះ​នៅ​ឡើយ។
អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍ ជុំវិញ​ដំណើរ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ការ​រុក​រក​ឃាតក​ទេ។
ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ចាត់​ទុក​ការ​បង្កើត​គណៈកម្មការ​ពិសេស ស៊ើប​អង្កេត​រឿង​នេះ​ជា​ការ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​សមត្ថកិច្ច​ចង់​បង្អូស​កុំ​ឲ្យ​មាន​ការ​តវ៉ា​តក់​ក្រហល់​ពី​ជន​រងគ្រោះ។
«សំឡេង»
រហូត​មក​ដល់​ពេល​នេះ ទាំង​គ្រួសារ​ស្ត្រី​លក់​បាយ ទាំង ហឿន ចាន់ នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នៅ​ឡើយ។ តែ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ដែល​មាន​សមាជិក​ជា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៣ កំពុង​សិក្សា​ករណី​នេះ មុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ។
«សំឡេង»
កូន​ស្រី​សព​ស្ត្រី​លក់​បាយ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល គឺ​កញ្ញា វង្ស វរលក្ខណ៍ មិន​ជឿ​ថា តុលាការ​អាច​រក​ឃាតក​ឃើញ​ទេ។ តែ​នាង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។
«សំឡេង»
ម្តាយ ហឿន ចាន់ គឺ​លោកស្រី ហ៊ុន ឃន មាន​ប្រសាសន៍​ថា ទណ្ឌកម្ម​ដែល​ឲ្យ​កូន​ប្រុស​ទី​២​របស់​គាត់​ពិការ​អស់​មួយ​ជីវិត គឺ​ជា​ទណ្ឌកម្ម​ដែល​ពិបាក​ជាង​ស្លាប់។
«សំឡេង»
ជា​ត្រកូល​កសិករ​នៅ​ខេត្ត​ព្រៃវែង លោកស្រី ហ៊ុន ឃន គ្មាន​អ្វី​ដាក់​បញ្ចាំ​នៅ​ធនាគារ ក្រៅ​តែ​ពី​ដី​ស្រែ ២​ហិកតារ និង​ប្លង់​ដី​ភូមិ ជា​ថ្នូរ​បាន​ប្រាក់​កម្ចី ២​ពាន់​ដុល្លារ យក​ទៅ​ជាប់​ខ្លួន ដើម្បី​ទុក​ព្យាបាល​កូន​នៅ​ក្រៅ​ប្រទេស។ ក្តី​សង្ឃឹម​ប៉ុន​ស្រមោច​នៅ​ក្នុង​ចិត្ត​លោកស្រី ដែល​ជឿ​ថា​កូន​ប្រុស​របស់​គាត់​អាច​ដើរ​វិញ​បាន។
ជីវិត​រស់​នៅ​របស់ ហឿន ចាន់ ទាំង​ការ​សិក្សា ការងារ​ជា​អ្នក​ទីផ្សារ​ផង​នោះ បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​លើ​ក្រុម​បាតុករ​របស់​សមត្ថកិច្ច។ ហឿន ចាន់ មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ស្នេហា​របស់​គេ​ជាមួយ​សង្សារ នឹង​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ឬ​ក៏​អត់ បើ​ខ្លួន​ក្លាយ​ជា​មនុស្ស​ពិការ​ហើយ​នោះ?

Thursday, November 7, 2013

មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ទាមទារ​ឲ្យ លោក ឈាង វុន លា​ឈប់​ពី​តំណែង


មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន លាលែង​ចេញ​ពី​តំណែង​ជា​បន្ទាន់ ក្រោយ​ពី​លោក​ត្រូវ​បាន​កាសែត​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​កម្ពុជា បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។
ដោយ យន់ សាមៀន
2013-11-07
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ឈាង វុន ៦១០
លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។
RFA
ចំណែក​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) អះអាង​ថា ផល​ប្រយោជន៍​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ទៅ​លើ​ក្រុម​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ឡើយ។
បទ​អត្ថាធិប្បាយ​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន នៅ​សប្ដាហ៍​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​នៅ​ក្នុង​ស្រុក និង​បរទេស​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ប្រទេស តាម​រយៈ​ការ​បំផ្លាញ​ធម្មជាតិ។
ការ​សម្ដែង​កំហឹង​របស់​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន កើត​ឡើង​ក្រោយ​ពេល លោក ឈាង វុន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដក​ស្រង់​សម្ដី​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា បាន​ផ្តល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទាមទារ​ឲ្យ លោក ឈាង វុន លាលែង​ពី​តំណែង ដោយ​លោក​អះអាង​ថា តំណាង​រាស្ត្រ​រូប​នេះ​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន។
របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី​១៣ ឧសភា បង្ហាញ​ថា ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ពីរ នៅ​ខេត្ត​រតនគិរី ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ពាណិជ្ជករ និង​ឧកញ៉ា​ពុក​រលួយ បំពាន​ច្បាប់ បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ លទ្ធផល​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​មាន​កម្រាស់ ៤៩​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ តាម​រយៈ​ការ​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ បាន​បង្ក​ផល​វិបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់។
គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២,៦​លាន​ហិកតារ ដែល​ក្នុង​ចំនួន​នេះ​មាន ១,២​លាន​ហិកតារ សម្រាប់​ដំណាំ​កៅស៊ូ។ ទោះ​ជា​រដ្ឋ​បាន​ជួល​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក៏ដោយ ក៏​គេ​មិន​ដឹង​ថា​បាន​ប្រាក់​ចំណូល​ប៉ុន្មាន និង​ទៅ​ទី​ណា​ដែរ។
កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី Josie Cohen កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​មិន​យល់​ស្រប​ទៅ​នឹង​អត្ថាធិប្បាយ​របស់ លោក ឈាង វុន ឡើយ។ អ្នកស្រី​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​កន្លង​មក​របស់​អង្គការ​អ្នកស្រី បង្ហាញ​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ដល់​ពលរដ្ឋ គឺ​មាន​តែ​ផ្តល់​ផល​លំបាក និង​វិនាសកម្ម​ព្រៃ​ឈើ។
អ្នកស្រី Josie Cohen៖ «យើង​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ជា​ការ​ពិត អ្វី​ដែល​យើង​មើល​ឃើញ​ម្តង​ហើយ​ម្តង​ទៀត ការ​បំផ្លាញ​ព្រៃ​ឈើ បាន​ក្លាយ​ជា​វិនាសកម្ម​ប៉ះពាល់​ដល់​សហគមន៍​ជាច្រើន និង​ពលរដ្ឋ​សាមញ្ញ​ទៀត​ផង ពីព្រោះ​ពួក​គេ​មិន​ត្រឹម​តែ​បាត់​បង់​ដី​ស្រែ​ចម្ការ​ដែល​ពឹងពាក់​អាស្រ័យ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាត់​បង់​ភោគ​ផល​ធម្មជាតិ។ ពួក​គេ​បាត់​បង់​ថ្នាំ​បុរាណ និង​ឈើ​ប្រណីត ទី​កន្លែង​ដែល​ពួក​គេ​តែង​តែ​ធ្វើ​ប្រមាញ់​សត្វ។ ភោគ​ផល​ធម្មជាតិ​ទាំង​នេះ​ហើយ ដែល​ពលរដ្ឋ​បាន​ពឹងពាក់​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ។ យើង​ក៏​ឃើញ​ថា ការ​សន្យា​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន សឹងតែ​មិន​បាន​កើត​ឡើង។ ហើយ​ពេល​មាន ការងារ​ខ្លះ ការងារ​ទាំង​នោះ​ជា​ការងារ​មាន​ប្រាក់​កម្រៃ​ទាប ឬ​លក្ខខណ្ឌ​ការងារ​មិន​ល្អ។ ដូច្នោះ​ហើយ សំណួរ​ត្រូវ​តែ​ចោទ​សួរ​ថា តើ​នរណា​ធ្វើ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​នោះ​សម្រាប់​នរណា? តើ​ការ​អភិវឌ្ឍ​ទាំង​នោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ឬ​សម្រាប់​តែ​ក្រុម​អ្នក​នយោបាយ និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច ដែល​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​ទាំង​នោះ និង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ? ផល​ប្រយោជន៍​ទាំង​ឡាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន នៅ​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ជា​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ទាំងអស់»
អ្នកស្រី​បន្ថែម​ទៀត​ថា ការ​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត៖ «យើង​ឃើញ​ហើយ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​មិន​ពេញ​ចិត្ត​នោះ បាន​បង្ហាញ​កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ។ ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កេង​ប្រវ័ញ្ច​ធម្មជាតិ ដោយ​ក្រុម​អ្នក​មាន​អំណាច ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​មិន​ដែល​ឃើញ​មាន​ករណី​ណា​មួយ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ជីវភាព​ពលរដ្ឋ។ ពលរដ្ឋ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង រួម​ទាំង​ជីវភាព​រស់​នៅ និង​សន្តិសុខ​ស្បៀង​អាហារ ដើម្បី​ចិញ្ចឹម​គ្រួសារ​ពួក​គេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈាង វុន ដើម្បី​សុំ​បកស្រាយ​សម្ដី​របស់​លោក​បាន​ឡើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល លោក ឈាង វុន បាន​ធ្វើ​អត្ថាធិប្បាយ​បណ្ដាល​ឲ្យ​មាន​ការ​អន់​ចិត្ត​ពី​សំណាក់​ពលរដ្ឋ និង​គណបក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោក ឈាង វុន បាន​ប្រើ​ពាក្យ​ជ្រុលជ្រួស​ដាក់​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​បាន​ប្រៀប​ប្រដូច​ក្រុម​អ្នក​ទាំង​នោះ​ថា មាន​ចរិត​ព្រៃផ្សៃ​ដូច​ជា​ពួក​ព្នង។
ការ​ប្រដូច​របស់ លោក ឈាង វុន ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ លោក ឈាង វុន សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​តាម​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី។ ជា​ចុង​ក្រោយ លោក​បាន​សុំ​ទោស​ជនជាតិ​ព្នង៕