ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបង្ហាញភាពមិនផ្លាស់ប្តូរព្រះទ័យក្នុងការ យាងជាព្រះរាជាធិបតីភាពក្នុងសម័យប្រជុំដំបូងសភាអាណត្តិថ្មី នាពេលខាងមុខនេះឡើយ។
ព្រះរាជបន្ទូលនេះ បានបញ្ជាក់ក្នុងព្រះរាជសារថ្ងៃទី១៨កញ្ញានេះ តបចំពោះបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥នាក់ ដែលបានធ្វើលិខិតទូលថ្វាយព្រះអង្គ។
គួរកត់សម្គាល់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសនៅទីលានប្រជាធិបតេយ្យ នាពេលថ្មីៗកន្លងមកនេះ ថាបេក្ខជនតំណាងរាស្ត្រទាំង៥៥នាក់ របស់គណបក្សសង្គ្រោះជាតិ បានធ្វើសារលិខិតថ្វាយ ព្រះករុណាព្រះមហាក្សត្រ ដោយបញ្ជាក់ការមិនចូលរួមក្នុងកិច្ចប្រជុំក្នុងកិច្ចប្រជុំដំបូង ដែលកោះអញ្ជើញដោយព្រះមហាក្សត្រនោះឡើយ។
បេក្ខជនតំណាងរាស្ត្រ មណ្ឌលតាកែវ លោកប៉ុលហំម កាលពីថ្ងៃទី១៥កញ្ញា ថែមទាំងប្រើសម្តីប្រមាថនៅពេលនោះទៀតថា អ្នកចូលរួមប្រជុំដំបូងនៃរដ្ឋសភានិតិកាលទី៥ សុទ្ធតែជាក្រុមចោរថែមទៀត។
ក្នុងព្រះរាជសារព្រះមហាក្សត្រ ខ្មែរចុះថ្ងៃទី១៨កញ្ញានេះ បានមានព្រះរាជបន្ទូលតបមកវិញថាព្រះអង្គបានទទួលលិខិតរបស់ បេក្ខជនជាប់ឆ្នោតទាំង៥៥នាក់នោះហើយ។
ព្រះមហាក្សត្រ បានបញ្ជាក់ថា «ខ្ញុំសូមជំរាបជូនឯកឧត្តម និងលោកជំទាវទាំងអស់ មេត្តាជ្រាបថា ខ្ញុំនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភានិតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣កញ្ញាឆ្នាំ២០១៣ ដូចមានចែងក្នុងព្រះរាជសារអញ្ជើញប្រជុំ ចុះថ្ងៃទី១៤កញ្ញាឆ្នាំ២០១៣»។ ព្រះរាជសារបានបន្តថា «ខ្ញុំសូម ឯកឧត្តមនិងលោកជំទាវ មេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា ដើម្បីបង្ហាញនូវការរួបរួមនិងឯកភាពជាតិ»៕