Monday, July 1, 2013

កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ច្បាប់​ធានា​ឯករាជ្យ​របស់​តុលាការ


រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ១៣៥​ថ្មី កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​នៅ​ឡើយ​ទេ។
ដោយ វណ្ណ វិចារ
2013-06-16
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បាតុកម្ម តុលាការ ៦១០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar
សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​មួយ​ចំនួន​យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា យឺតយ៉ាវ​ក្នុង​ការ​តាក់តែង​ច្បាប់​នេះ ដោយសារ​តែ​ស្ថាប័ន​យុត្តិធម៌ និង​ក្រុម​អ្នក​ដែល​មាន​តួនាទី​ចូល​រួម​តាក់​តែង​ច្បាប់​នេះ​ឡើង ស្ថិត​ក្រោយ​សម្ពាធ​នយោបាយ ឬ​នៅ​ក្រោម​ឥទ្ធិពល​អ្នក​មាន​លុយ​មាន​អំណាច​នោះ។ បញ្ហា​ទាំង​នេះ​ក៏​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​តុលាការ​មិន​ឯករាជ្យ។
មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ សំណុំ​រឿង​លោក ឈូក បណ្ឌិត សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធ​តែ​ជា​ព្រនង់​ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សំពង​តុលាការ​កម្ពុជា ក្រោម​ហេតុផល​ថា តុលាការ​ក្នុង​ស្រុក​កំពុង​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម​អភិជន។
ករណី​លោក ម៉ម សូណង់ដូ គ្រាន់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ថា ប្រធាន​វិទ្យុ​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ដើម្បី​ចាប់​ខ្លួន។បន្ទាប់​មក សាលា​ដំបូង​រាជធានី កាត់​ទោស​ឲ្យ​ជាប់​គុក ២០​ឆ្នាំ​ទៀត បណ្ដាល​ឲ្យ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ស្ទើរ​មួយ​ចំហៀង​ពិភពលោក រាប់​ទាំង​ប្រធានាធិបតី​អាមេរិក ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ។
ករណី យ៉ោម បុប្ផា ក៏​ត្រូវ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា តុលាការ​សម្រេច​ក្ដី​ដោយ​មិន​យុត្តិធម៌ ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ​ដែរ។ រី​ឯ​ករណី​លោក ឈូក បណ្ឌិត វិញ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សុទ្ធ​តែ​សំដែង​ការ​ហួស​ចិត្ត​លើ​បទ​ចោទ​ដែល​ចោទ​ថា លោក​បាន​បង្ក​របួស​ស្នាម​ដោយ​អចេតនា បើ​ទោះ​ជា​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​កម្មករ​រង​របួស​ស្ទើរ​ស្លាប់​ក៏ដោយ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កត់​សម្គាល់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​គ្រប់​ស្ថាប័ន​ដោយ​គ្រប់គ្រង និង​ដាក់​សម្ពាធ​គាប​សង្កត់​មិន​ឲ្យ​ស្ថាប័ន​យុត្តិធម៌​បំពេញ​ការងារ​ប្រកប​ដោយ​ឯករាជភាព​នោះ​ទេ។
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​សំខាន់​ចង់​ជំរុញ​ឲ្យ​បង្កើត​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គ​ចៅក្រម​ឲ្យ​បាន​ឆាប់​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​យុត្តិធម៌​ពេញលេញ ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។
លោក យ៉ែម បុញ្ញឫទ្ធិ៖ «ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​មិន​ទាន់​មាន​ឯករាជ្យ​នៅ​ឡើយ ដូចជា​ករណី​នៅ​បាវិត លោក សូណង់ដូ ករណី​ឃាតកម្ម​លោក ជា វិជ្ជា ករណី​ឃាតកម្ម​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ហើយ​ទាំង​អស់​នេះ​យើង​សង្កេត​ឃើញ​ថា ប្រព័ន្ធ​តុលាការ​មាន​សមត្ថភាព​ពិត​ប្រាកដ និង​ឯករាជ្យ​ពិត​ប្រាកដ​ហើយ​ឬ​នៅ? គួរ​ថ្វាយ​ព្រះរាជ​សិទ្ធិ ថ្វាយ​មហាក្សត្រ​ជា​អ្នក​រៀបចំ ដើម្បី​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ បើ​សិន​ណា​មាន​តួនាទី​មជ្ឈិម​បក្ស សមាជិក​ជាន់​ខ្ពស់​បក្ស មិន​អាច​ឯករាជ្យ​បាន​ទេ»។
លោក​បន្ត​ថា ច្បាប់​ស្ដីពី​ការ​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ មាន​សារសំខាន់​ណាស់ ប៉ុន្តែ​មុន​នឹង​បង្កើត​ច្បាប់​នេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ពិភាក្សា និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​សិន មិន​ត្រូវ​បង្កើត​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​មនុស្ស​មួយ​ក្រុម ដូច​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​បទឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។
ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ មិន​ទាន់​អាច​បង្កើត​បាន​ឆាប់ៗ​នោះ​ទេ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ។
លោក​បន្ត​ថា ច្បាប់​នេះ​ធំ និង​មាន​សារសំខាន់ ដូច​នេះ​ត្រូវ​មាន​ចំណាយ​ពេល​វេលា​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ពិសេស​ត្រូវ​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ពី​មជ្ឈដ្ឋាន​ទើប​អាច​ចេញ​រួច៖ «ជា​ច្បាប់​ដែល​នីតិប្រតិបត្តិ អ្នក​ធ្វើ​មក​ដោយ​មាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផង ក្រោយ​ពី​ស្ដាប់​ក្មួយៗ​និយាយ​ហ្នឹង ខ្ញុំ​បាន​សួរ​ទៅ​ក្រសួង​យុត្តិធម៌​ហើយ គេ​ថា កំពុង​តែ​ធ្វើ​ហើយ។ ហើយ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ មិន​មែន​ជា​រឿង​បក​ចេក​ហូប​ទេ។ អ៊ីចឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គេ​ជួយ​មើល ហើយ​ការងារ​ហ្នឹង​វែង ខ្ញុំ​សង្ឃឹម​ថា ការងារ​ហ្នឹង​អាណត្តិ​ទី​៥ នឹង​ចប់​ហើយ»។
ទោះ​យ៉ាង​ណា​ក្តី លោក ឈាង វុន បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​កង្វះ​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ អាច​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​សម្រេច​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ឬ​អត់​នោះ​ទេ? ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​រួច​ហើយ។
អ្នក​តាម​ដាន​បញ្ហា​នយោបាយ​បញ្ជាក់​ថា ច្បាប់​មួយ​ចំនួន ដូចជា​ច្បាប់​ឯកពន្ធនភាព​ដែល​បង្កើត​កាល​ពី​ឆ្នាំ​២០០៦ និង​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ព្រឹទ្ធសភា​ទើប​តែ​អនុម័ត​ក្នុង​សប្ដាហ៍​មុន បាន​ធ្វើ​ដោយ​ប្រញាប់ប្រញាល់ ហើយ​ច្បាប់​នេះ​ទំនង​ជា​បម្រើ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល រាប់​ទាំង​លោក​នាយករដ្ឋមន្ត្រី តែង​បដិសេធ​ថា មិន​ដែល​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ទេ។
ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ សមភាព​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន តែ​សមាជិក​ភាគ​ច្រើន​ផ្សេង​ទៀត ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​វិភាគ​បញ្ហា​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ការ​ដែល​មិន​ទាន់​មាន​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ​នេះ​ហើយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ដល់​ក្រសួង​យុត្តិធម៌​ស្ទើរ​តែ​មិន​លុះ​ពេល។
លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ចែង​ច្បាស់​ថា ចៅក្រម ជា​បុគ្គល​បែប​ណា ព្រះរាជអាជ្ញា​ជា​បុគ្គល​បែប​ណា បាន​ប្រាក់​ពី​ណា​ចាយ រដ្ឋ​ធានា​សុវត្ថិភាព​ដូច​ម្ដេច? បើ​ធ្វើ​ខុស​ត្រូវ​រង​ពិន័យ​រដ្ឋបាល​យ៉ាង​ម៉េច ហើយ​ធ្វើ​ល្អ​មាន​កាំ​ប្រាក់​បែប​ណា?
លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បង្កើត​ច្បាប់​នេះ​ទេ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ពន្លឿន​ឲ្យ​ឆាប់​បំផុត​ទៀត​ផង៖ «ធានា​ការពារ​ឯករាជ្យ ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​មាន​មាត្រា ចៅក្រម​ព្រះរាជអាជ្ញា មិន​ត្រូវ​ចូល​ក្នុង​បក្ស​ណា​មួយ​ទេ បើ​ចូល​ហើយ​ត្រូវ​លា​ឈប់​វិញ ហើយ​ដាក់​ទណ្ឌកម្ម​ជន​ណា​ដែល​លូក​ដៃ​ចូល​កិច្ចការ​ចៅក្រម ព្រះរាជអាជ្ញា ទោះ​យ៉ាង​ណា​ធានា​ប្រាក់​ខែ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ ហើយ​ការងារ​ការពារ​សន្តិសុខ​ចៅក្រម ព្រះរាជអាជ្ញា​ហ្នឹង ២៤​ម៉ោង»។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ដាក់​ញត្តិ​នៅ​មុខ​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌។
ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ការពារ​ដីធ្លី ធនធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ បំភ្លៃ​រឿង​ក្ដី​ជម្លោះ​ដីធ្លី​ទៅ​ជា​ករណី​បទល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។
ទន្ទឹម​នឹង​នោះ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​មាន​ច្បាប់​ដោយ​ឡែក​សម្រាប់​ការពារ ឬ​ចែង​ពី​ការ​បំពេញ​ការងារ​តាម​ឋានានុក្រម​នោះ​ឡើយ។ ចៅក្រម និង​ព្រះរាជអាជ្ញា បែរ​ជា​បំពេញ​ការងារ​នៅ​ក្រោម​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ដូច​មន្ត្រី​ក្រសួង​នានា​ទៅ​វិញ។ ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​អាច​គ្រប់គ្រង​ចៅក្រម ឬ​ព្រះរាជអាជ្ញា​បាន​ស្រួល​តាម​ខ្សែ​បណ្ដោយ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

នរណា​ជា​កំពូល​ចៅក្រម​មានមុខងារ​ច្រើន​សំពីងសំពោង​និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្ថាប័ន​តុលាការ​?

ក្នុង​ចំណោម​ចៅក្រម​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​សាលា​ជម្រះក្ដី​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​នៃព្រះរាជាណា
ចក្រ​កម្ពុជា​បច្ចុប្បន្ន​ គឺ​មាន​ឯកឧត្ដម​ ជីវ​ កេង​ ជាប់​លេខ​ជា​ចៅក្រម​ដែល​មានមុខ​ងារ​ តួនាទី​ច្រើន​សំពីងសំពោង​និង​មាន​ឥទ្ធិពល​មហិមា​សឹង​គ្មាន​គូ​ប្រៀប​។
​ ​ឯកឧត្ដម​ ជីវ​ កេង​ កើត​នៅ​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ​១៩៥១​ នៅ​ស្រុក​ប្រាសាទ​សំបូរ​ ខេត្ដកំពង់ធំ​ ។​ ឯកឧត្ដម​រូប​នេះ​មាន​អាយុ​៦២​ឆ្នាំ០៥​ខែ​២៣​ថ្ងៃ​(​ជា​អាយុ​ត្រូវ​ដល់​ចូល​និវត្ដន៍​ បើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ចុះ​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០០៥)​ ។​ ឯកឧត្ដម​ ជីវ​ កេង​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧៩​ និង​ធ្លាប់​ធ្វើ​ជា​ចៅក្រម​សាលាដំបូង​ខេត្ដ​កំពង់ធំ​ និង​ជា​ចៅក្រម​តុលាការ​កំពូល​ ហើយ​ក្រោយមក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន​ ។​ ឯកឧត្ដម​ ជីវ​ កេង​ ទទួល​បាន​សញ្ញាបត្រ​ប​ណ្ឌិ​តផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ចំរើនព​ហុប​ច្ចេក​វិទ្យា​(​CUP​)​។​
​ព័ស្ដុតាង​ដែល​បង្ហាញ​អំពី​មុខ​ងារ​ច្រើន​សំពីងសំពោង​និង​មហា​ឥទ្ធិពល​ដ៏​លើសលប់​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​របស់​ឯកឧត្ដម​ជីវ​ កេង​ មាន​ដូច​តទៅ​ ៖
១-​តែងតាំង​ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះ​រាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/​ ៤១៧​ ចុះ​ថ្ងៃ​ទី​០៧​ខែតុលា​ឆ្នាំ​២០០៥(​មាន​រយៈពេល​ជិត​៨​ឆ្នាំ​ហើយ​)​ ។​
២-​តែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រ​ព័ន្ធ​យុត្ដិធម៌​(​តែងតាំង​លើក​ដំបូង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/​ ១០០៦/៤០៧​ ចុះ​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ​២០០៦​និង​តែងតាំង​សា​ជា​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​ រក​ត​/០៨០៩/៧៦៩​ ចុះ​ថ្ងៃ​ទី​០១​ខែ​សីហា​ឆ្នាំ​២០០៩)​ ។​
៣-​តែងតាំង​ជាទី​ប្រឹក្សា​ឯក​ឧត្ដម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ​អាន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ដ្រី​(​តែងតាំង​លើក​ដំបូង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤០៨/៣៧១​ ចុះ​ថ្ងៃ​ទី​០៣​ខែមេសា​ឆ្នាំ​២០០៨​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​និង តែងតាំង​សា​ជា​ថ្មី​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៧១​ ចុះ​ថ្ងៃ​ទី​២៧​ខែឧសភា​ឆ្នាំ​២០០៩​មាន​ឋានៈ​ ស្មើ​រដ្ឋមន្ដ្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​)​ ។​
៤-​តែងតាំង​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​តាម​រូបភាព​ចាត់តាំង​ ពីព្រោះ​មិន​ទាន់​មានច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​)​ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤០​ចុះ​ថ្ងៃ​ទី​០៩​ខែសីហា​ឆ្នាំ​២០០៧​ ។​
៥-​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​(​តំណាង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​)​ ដោយ​អនុក្រឹត្យ​លេខ​៩១​អន​ក្រ​.​ ត​ត​ ចុះ​ថ្ងៃ​ទី​២៧​ខែមករា​ឆ្នាំ​២០០៩​ ។​
៦-​តែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រ​ឆាំង​អំពើ​ពុករ​លូ​យ​ (​ជ្រើស​ចេញពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ខែមិថុនា​ឆ្នាំ​២០១០​ ។​
៧-​តែងតាំង​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​ក្នុង​នាម​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​)​ ដោយ​អនុក្រឹត្យ​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ខែកញ្ញា​ឆ្នាំ​២០១២​ ។​
​ឯកឧត្ដម​ជីវ​ កេង​ ទោះបី​ដល់​អាយុ​ត្រូវ​ចូល​និវត្ដន៍​ក្ដី​(​អាយុ​លើស​ពី​៦០​ឆ្នាំ​)​​ ប៉ុន្ដែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​បន្ដ​បម្រើ​ការងារ​ទៅ​ទៀត​ (​គ្មាន​ចែង​អំពី​ការ​កំណត់ពេល​វេលា​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​ ២៥​ខែកក្កដា​ឆ្នាំ​២០១១​ ។​ ​
ដោយឡែក​ នៅ​ក្នុង​ការងារ​ជីវភាព​គណបក្ស​នយោបាយ​វិញ​ គឺ​ឯកឧត្ដម​ជីវ​ កេង​ ជា​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​គិរីវង់​ ​ខេត្ដតាកែវ​ ។​
​អនុលោម​តាម​មាត្រា​៣​នៃ​អនុក្រឹត្យ​បង្កើត​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ហៅ​កាត់​ថា​ “​អ​.​ក​.​វ​”​ គឺ​អ​.​ក​.​វ​ មាន​តួនាទី​ និង​ភារកិច្ច​ទទួល​ពាក្យបណ្ដឹង​ និង​តាមដាន​ព័ត៌មាន​ទាំងឡាយ​ ពាក់ព័ន្ធ​ទៅ​នឹង​ចៅក្រម​ ព្រះរាជ​អាជ្ញា​,​ រំលឹក​ដាស់តឿន​ចៅក្រម​ ព្រះរាជអាជ្ញា​ឱ្យ​អនុវត្ដន៍​ក្រម​សីល​ ធម៌​ចៅក្រម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ចុះ​ធ្វើ​អធិការកិច្ច​ទៅ​លើ​ចៅក្រម​ ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​…​ ។​ល​។​ ដូច្នេះ​ ឯកឧត្ដម​ចៅក្រម​ ជីវ​ កេង​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មហិមា​ ទៅ​លើ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ នៃ​ស្ថាប័ន​តុលាការ​ទូ​ទាំង​ប្រទេស​ ក្នុង​ឋានៈ​ជា​ប្រធាន​ អ​.​ក​.​វ​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ថា​ មុខ​តំណែង​ តួនាទី​ របស់​ឯកឧត្ដម​ ជីវ​ កេង​ ជា​ប្រធាន​ សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ ជា​ចៅក្រម​ជំនុំជម្រះ​​រឿង​ក្ដី​ផង​ ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ ជា​ប្រធាន​ អ​.​ក​.​ វ​ ផង​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ គឺ​ប្រដូច​បាន​ទៅ​នឹង​តួនាទី​មនុស្ស​ម្នាក់​ជា​ “​កីឡាករ​ផង​និង​ជា​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​ផង​”​ពីព្រោះ​ឯកឧត្ដម​ ជីវ​ កេង​ មាន​អំណាច​មូល​ដូច​បាល់​ បើ​ចង់​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ក៏​គ្មាន​រណា​ហ៊ាន​ដាក់ទោស​ឯកឧត្ដម​ដែរ​ (​Sic!)​។
​សរុបសេចក្ដី​មក​ ឯកឧត្ដម​ ជីវ​ កេង​ គឺជា​កំពូល​ចៅក្រម​ដែល​មាន​មុខងារ​ តួនាទី​ដ៏​ច្រើន​សំពីងសំពោង​ និង​មាន​ឥទ្ធិពល​សម្បើម​មហិមា​ នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ ក្រោម​រូបភាព​ជា​“​អាជ្ញាកណ្ដាល​ផង​ និង​ជា​កីឡាករ​ផង​”​ នា​សម័យ​ “​សម្ដេច​តេ​ជោ​សែន​”​ ៕
Pp-Court-(2)ទីតាំងអគារសាលាដំបូងរាជធានីភ្នំពេញនិងឯកឧត្តម ជីវ កេង ប្រធានសាលាដំបូង

ករណី​ដាក់​ចៅក្រម​-​ព្រះរាជ​អាជ្ញា​នៃ​ស្ថាប័ន​តុលាការ​ឱ្យ​ចូល​និវត្ដន៍​មាន​ភាព​មិន​ច្បាស់លាស់​

កម្មវិធី​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​សម្រាប់​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​(២០០៣-២០០៨)​ ​ទាក់​ទង​នឹង​​កិច្ចការ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​តុលាការ​បាន​ចែង​ថា​ “​ចៅក្រម​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្ដន៍​”​ ។​
​ក្រោយមក​ មាន​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ខែ​ខែកញ្ញា​ឆ្នាំ​២០០៥​ បាន​ចែង​ថា​ “​មាត្រា​១​ ៖​ ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្ដន៍​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ។​ មាត្រា​២​ ៖​ ចៅក្រម​ឬ​ព្រះរាជអាជ្ញា​មួយ​ចំនួន​អាច​នៅ​បន្ដការងារ​តាម​ការ​ចាំបាច់​ ។​”​ ។​
​អនុលោម​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០០៥​ គឺ​គេ​អាច​ធ្វើការ​ប្រៀបធៀប​បាន​ថា​ កម្មវិធី​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចែង​ដូច​ជា​មាន​ភាព​ច្បាស់​លាស់​ណាស់​(​ចៅក្រម​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​​​ ត្រូវ​ដាក់​ឱ្យ​ចូល​និវត្ដន៍​)​ ប៉ុន្ដែ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០០៥​ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​“​សម្ដេច​តេ​ជោ​សែន​”​ដើម្បី​សុំ​ឡាយព្រះហស្ដ​ពី​ព្រះមហាក្សត្រ​ ចែង​មិន​មាន​ភាព​ច្បាស់លាស់​ទាល់​តែ​សោះ​ ពីព្រោះ​មាត្រា​១​កំណត់​ឱ្យ​ចៅក្រម​ឬ​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ឱ្យ​ចូល​និវត្ដន៍​ រីឯ​មាត្រា​២​បែរជា​ចែង​ថា​ ចៅក្រម​ឬ​ព្រះរាជអាជ្ញា​មួយ​ចំនួន​អាច​នៅ​បន្ដការងារ​តាម​ការ​ចាំបាច់​ទៅ​វិញ​ ។​
​ដោយសារ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ចុះ​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០០៥​ចែង​មិន​ច្បាស់​លាស់​ ទាក់ទង​នឹង​ការ​ដាក់​ចៅ​ក្រម​-​ព្រះរាជអាជ្ញា​ឱ្យ​ចូល​និវត្ដន៍​បែប​នេះ​ ទើប​មាន​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ដល់​ចូល​និវត្ដន៍​ជា​ច្រើន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​បន្ដ​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​តទៅ​ទៀត​គ្មាន​កំណត់​ពេលវេលា​ ។​
​ចៅក្រម​-​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​បន្ដ​បម្រើ​ការងារ​តទៅ​ទៀត​ រួម​មាន​ជា​អាទិ៍​ ៖​ ១-​ឯកឧត្ដម​ ឌិ​ត​ មុន្ទី​ ប្រ​ធាន​តុលាការ​កំពូល​ អាយុ​៧១​ឆ្នាំ​ (​គិត​តាម​ការ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ដាក់​កើត​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ ឆ្នាំ​១៩៤១)​និង​មាន​អាយុ​៦៨​ឆ្នាំ​ (​គិត​តាម​ការ​ចូល​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ដាក់​កើត​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​១៩៤៤)​ ២-​ឯកឧត្ដម​ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ អាយុ​៧៣​ឆ្នាំ​០២​ខែ​(​កើត​ថ្ងៃ​ទី​២១​ខែ​មេ​សា​ឆ្នាំ​១៩៤០)​ ៣-​លោក​ ប្រាក់​ គឹ​ម​សាន​ ចៅក្រម​តុលាការ​កំពូល​ និង​ជា​ចៅក្រម​អង្គ​បុ​រេ​ជំនុំជម្រះ​សា​លា​ក្ដី​ខ្មែរក្រហម​ អាយុ​៧០​ឆ្នាំ​០៥​ ខែ​(​កើត​ថ្ងៃ​ទី​០៤​ខែមករា​ឆ្នាំ​១៩៤០)​ ៤-​លោក​ទី​ ណេ​ង​ ចៅក្រម​តុលា​ការ​កំពូល​ អាយុ​៦៩​ឆ្នាំ​០៤​ខែ​(​កើត​ថ្ងៃ​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​១៩៤៤)​ ៥-​លោក​ យស់​ សូ​ខឿន​ ចៅក្រម​ តុលាការ​កំពូល​ អាយុ​៦៨​ឆ្នាំ​០៤​ខែ​ (​កើត​ថ្ងៃ​ទី​០៥​ខែកុម្ភៈ​ឆ្នាំ​១៩៤៥)​ ៦-​ឯកឧត្ដម​ជួន​ ស៊ុន​ឡេ​ង​ អនុ​ប្រ​ធាន​សាលាឧទ្ធរណ៍​ អាយុ​៦៦​ឆ្នាំ​០៤​ខែ​(​កើត​ថ្ងៃ​ទី​១៣​ខែកុម្ភៈ​ឆ្នាំ​ ១៩៤៧)​ ៧-​លោក​ សំរឹទ្ធិ​ សុផល​ ចៅក្រម​សាលាឧទ្ធរណ៍​ អាយុ​៦២​ឆ្នាំ​(​កើត​ថ្ងៃ​ទី​២៥​ខែសីហា​ឆ្នាំ​១៩៥០)​ ៨-​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ ចៅ​ក្រម​សាលាឧទ្ធរណ៍​ អាយុ​៦៦​ឆ្នាំ​០៥​ខែ​(​កើត​ថ្ងៃ​ទី​១៣​ខែមករា​ឆ្នាំ​១៩៤៧)​ ៩-​ឯកឧត្ដម​ ជីវ​ កេង​ ប្រ​ធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ អាយុ​៦២​ឆ្នាំ​០២​ខែ​(​កើត​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ​១៩៥១)…​។​ល​។​
ចៅ​ក្រម​ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្ដន៍​ទាំង​អស់នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​បន្ដ​បម្រើ​ការងារ​តទៅ​ទៀត​គ្មាន​កំណត់​ពេលវេលា​ ដោយ​ព្រះ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១១​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ស្ថាប័ន​តុលាការ​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មានច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ ចៅក្រម​និង​ព្រះរាជអាជ្ញា​សម្រាប់​យក​មក​អនុវត្ដន៍​ទេ​ ជា​ហេតុ​នាំ​ឱ្យ​គ្មាន​ម៉ែត្រ​សម្រាប់​វាស់​ស្ទង់​អំពី​កំហុស​ឆ្គង​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ផង​ និង​មិន​អាច​កំណត់​អំពី​រូបភាព​នៃ​ការ​ដាក់​ឱ្យ​ចូល​និវត្ដន៍​របស់​ចៅ​ក្រម​-​ព្រះរាជអាជ្ញា​ឱ្យ​មាន​ភាព​សុក្រឹត​ផង​ ។​
​ដូច្នេះ​ រូបភាព​នៃ​ការ​ដាក់​ចៅ​ក្រម​-​ព្រះរាជអាជ្ញា​នៃ​ស្ថាប័ន​តុលាការ​កម្ពុជា​សព្វថ្ងៃ​ឱ្យ​ចូល​និវត្ដន៍​ គឺ​គ្មាន​ភាព​ច្បាស់លាស់​ទេ​ ហើយ​អាច​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​និង​បក្ខពួក​និយម​ថែម​ទៀត​ផង​ ពីព្រោះ​មន្ដ្រី​តុលាការ​ទាំងនោះ​សុទ្ធតែ​ជា​មនុស្ស​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ មាន​ន័យ​ថា​ បើ​ចៅក្រម​ខ្លួនឯង​ជា​អ្នក​ប្រព្រឹត្ដ​ខុសច្បាប់​ឬ​គ្មាន​ភាព​ស្អាតស្អំ​ មិន​គោរព​ក្រមសីលធម៌​ និង​យុត្ដិធម៌​ តើ​ធ្វើ​ដូច​ម្ដេច​អាច​វិនិច្ឆ័យ​សេចក្ដី​ផ្ដល់​យុត្ដិធម៌​ក្នុង​នាម​ជា​ប្រជារាស្ដ្រ​ខ្មែរ​ដូច​រដ្ឋ​ធម្ម​នុ​ញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​ទៅ​កើត​ ?​ គឺ​មិន​អាច​ទៅ​រួច​ឡើយ​ ៕
Court-For-web

ដីកាចាប់ខ្លួន​របស់​តុលាការ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​អ្នកមានអំណាច និង​អ្នកមាន​លុយ​

ដីកាចាប់ខ្លួន​របស់​តុលាការ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​អ្នកមានអំណាច និង​អ្នកមាន​លុយ​

មាន​មនុស្ស​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ត្រូវបាន​ស្ថាប័ន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​នៅមុន​ពេល​ជំនុំជម្រះ​ក៏មាន និង​នៅក្រោយពេល​សវនាការ​ជំនុំជម្រះ​ក៏មាន​។​
​ជន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការ​រួមមាន​ត្រួសៗ​ដូចតទៅ​៖
១-​កញ្ញា ជា រដ្ឋា អតីត​ជានា​យ​អាវុធហត្ថ និង​នគរបាលជាតិ ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ព្រោះ​ពាក់ព័ន្ធ​នឹង​រឿង​ជះ​ទឹក​អាស៊ីដ​ទៅលើ​ម្តាយមីង​របស់ កញ្ញា អ៊ិន សុខ​លីន​ដា​។ កាល​នៅមាន​អំណាច​មុខ​ពេល​តុលា​ការចេញ​ដីកាចាប់ខ្លួន​កញ្ញា​ជា រដ្ឋា អាច​អញ្ជើញ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ឲ្យ​ចូលរួម​ធ្វើជា​អធិបតី​សម្ពោធ​យានដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ហ៊ឺហា​។​
២-​លោក ម៉ី រដ្ឋា អតីត​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១១ ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត​។ លោក ម៉ី រដ្ឋា ដែល​ក្លាយជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ត្រូវជា​ស្វាមី​របស់​ឈ្មោះ​ឌី លីន​ណា នៅមុន​ពេល​តុលា​ការចេញ​ដីកាចាប់ខ្លួន​គឺមាន​ជំនាញ​ខាង​ចេញ​មូល​ប្ប​ទា​នប​ត្រ «​សែក​» អត់លុយ​។​
៣-​លោក យាន ស៊ីណា អតីត អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ត្រូវបាន​តុល​ការចេញ​ដីកាចាប់ខ្លួន ព្រោះ​មានការ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ប្រើ​អំពើហិង្សា​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​។​ ​លោក យាន ស៊ីណា ដែលមាន​ឈ្មោះ​ជា​ជនជាប់ចោទ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៣ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ២ ឆ្នាំ គិតពី​ថ្ងៃ​ចាប់ខ្លួន និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល​។​
៤-​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកាចាប់ខ្លួន​ព្រោះ​មានការ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​បាញ់​កម្មការិនី​ចំនួន ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។ លោក​ឈូក បណ្ឌិត ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន ១៨ ខែ ពីបទ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​អ​ចេតនា​។ ​តាម​ប្រភពព័ត៌មាន​ខ្លះ បាន​ឲ្យ​ដឹងថា លោក​ឈូក បណ្ឌិត ដោយសារ​មាន​លុយកាក់​ច្រើន​ត្រូវបាន​អ្នកធំ​តាម​ជួយ​ការពារ​មិន​ឲ្យ​ជនជាប់ចោទ​រូបនេះ​ស្គាល់​រសជាតិ​គុក​ឡើយ​។​
៥-​លោកស្រី​ឧកញ៉ា ឈិន សុគន្ធា​រី ហៅ​យាយ​ក្រពើ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១២ ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម កែប ជុតិមា អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​ ​យាយ​ក្រពើ​ដែល​សព្វថ្ងៃ​កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នោះ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ៤ ឆ្នាំ ០៦ ខែ ពីបទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​។​ ​
បច្ចុប្បន្ន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង ៥ នាក់ ដូច​បាន​រៀបរាប់​ខាងលើ​របស់​ស្ថាប័ន​តុលាការ​គឺ​បាន​ត្រឹម​ឋិត​នៅលើ​ក្រដាស​តែប៉ុណ្ណោះ ឬ​អាច​និយាយថា «​ចាប់ខ្យល់​» ពីព្រោះ​ជនជាប់ចោទ​ខ្លះ​បាន​ពួន​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​អ្នកធំ អ្នកមានអំណាច និង​ជនជាប់ចោទ​ខ្លះទៀត​បាន​រត់គេចខ្លួន​ទៅ​បរទេស​ឋិត​នៅក្បែរ​ខាង​ប្រទេស​កម្ពុជា ដោយ​ខ្លាច​ជាប់ពន្ធនាគារ​។
មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​បានលើកឡើង​ថា គេ​មិនដឹងថា ដីកាចាប់ខ្លួន​ចេញ​ដោយ​ស្ថាប័ន​តុលាការ​នោះ​មាន​យុត្តិធម៌ ឬ​អយុត្តិធម៌​សម្រាប់​ជនជាប់ចោទ​ទេ ប៉ុន្តែ​តាម​គោល​ការ​ច្បាប់​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​តុលាការ​គឺ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ (​ជា​នគរបាលជាតិ ឬ​ជា​កងរាជអាវុធហត្ថ​…) ចូលរួម​អនុវត្តន៍​ក្នុងការ​តាម​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ ឬ​ទណ្ឌិត​។ ប្រសិនបើ​ដីកាចាប់ខ្លួន​របស់​តុលាការ​ចេញមក​ក្លាយជា​ឥតប្រយោជន៍ ឬ​បាន​ត្រឹម «​ចាប់ខ្យល់​» នៅ​គ្រប់​ករណី (​ចាប់ខ្លួន​ជនជាប់ចោទ​មិនបាន​អស់​រយៈពេល​រាប់​ឆ្នាំ​) នាំ​ឲ្យ​ដីកា​របស់​ស្ថាប័ន​តុលាការ​គ្មា​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នៃ​ផល​ប្រ​យោ​ជ​ន័​ច្បាប់ ព្រមទាំង​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ស្ថាប័ន​តុលាការ​ទាំងមូល​។​ ​
ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា រវាង​មន្ត្រី​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌​កម្ពុជា នៅក្នុង​សម័យ «​សម្តេច​តេ​ជោ​សែន​» គឺ​មួយ​ដំប និង​បួន គិតតែ​ផលប្រយោជន៍​លុយកាក់ និង​បុណ្យស័ក្តិ​ផ្ទាល់ខ្លួន​ដូចគ្នា គ្មាន​ខ្វល់​នឹង​ការអនុវត្តន៍​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ជា​ម្ចាស់​វាសនា​ប្រទេសជាតិ​អ្វី​ឡើយ​៕​
5555

ស្ថាប័ន​តុលាការ​និង​ការ​ប្រគល់​កិច្ចសន្យា​ដោយ​មិន​ដេញថ្លៃ​ជា​ចំណុច​ត្រូវ​កែទម្រង់​ចាំបាច់​


​ក្រៅពី​អំពើ​ពុក​រលួយ​ដែល​បាន​និង​កំពុង​គ្របដណ្ដប់​ វាយលុក​ទៅ​លើ​គ្រប់​វិស័យ​ និង​គ្រប់​ស្ថាប័ន ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ​នេះ​ គឺ​ស្ថាប័ន​តុលាការ​ក៏​ត្រូវ​បាន​ម​ជ្ឈ​ដ្ឋា​ន​ទូទៅ​រិះគន់​ដោយ​ចំៗ​ថា​ លម្អៀង​ អសមត្ថភាព​ និង​មិន​អាច​បម្រើសេវា​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ តូចតាច​ ។​ លើស​ពី​នេះ​ ទម្លាប់​នៃ​ការ​ប្រគល់​កិច្ចសន្យា​ដោយ​ មិន​ដេញថ្លៃ​(​ធ្វើ​លទ្ធកម្ម​សាធារណៈ​)​ ពី​សំណាក់​រាជរដ្ឋាភិបាល​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន​លើ​ការ​ផ្គត់​ ផ្គង់​សេវា​ផ្សេងៗ​ ក៏​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់​ព្រោងព្រាត​ដែរ​ ។​
​ព័ស្ដុតាង​បាន​បង្ហាញ​ថា​ ការ​ប្រគល់​កិច្ចសន្យា​លើ​ការ​បម្រើសេវា​ជួសជុល​ផ្លូវជាតិ​លេខ​៤​ជា​ថ្នូរ​នឹង​ការ​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​អេ​ហ្សិត​(AZ​)​ របស់​ឯកឧត្ដម​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ រយៈពេល​៣៥​ឆ្នាំ​ដោយ​មិន​ដេញថ្លៃ​ ការ​ធ្វើ​កិច្ចសន្យា​ដោះ​ដូរ​ផ្ទៃដី​បឹង​ពោង​ពាង​ទំហំ​ជាង​១០៨​ហិ​កតា​ និង​ការ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ ក្នុង​តម្លៃ​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ឱ្យ​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​ គ្រុប​(LYP Group​)​ របស់​ឯកឧត្ដម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ដោយ​មិន​ដេញថ្លៃ​ ការ​ចុះ​កិច្ច​សន្យា​ជួល​ផ្ទៃដី​បឹង​កក់​ឱ្យទៅ​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​(SHUKAKU Inc.​)​ របស់​ឯកឧត្ដម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ (​ស្វាមី​យាយ​ភូ​ ហៅ​ ជឹ​ង​ សុភាព​)​រយៈពេល​៩៩​ឆ្នាំ​ក្នុង​តម្លៃ​ជាង​៧៩​លាន​ដុល្លារ​អា​មេ​រិ​កដោយ​មិន​ដេញថ្លៃ​​ ការ​ធ្វើ​កិច្ចសន្យា​លើ​ការ​បម្រើសេវា​ប្រមូល​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​អង្គរវត្ដ​ ទៅ​ឱ្យ​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ (Sokha Hotel)​របស់​អ្នកឧកញ៉ា​ សុខ​ គង់​ ដោយ​ទទួល​បាន​ចំណូល​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំៗ​ មិន​ដេញថ្លៃ​ ការ​ចុះ​កិច្ច​សន្យា​លើ​ការ​បម្រើសេវា​រថយន្ដ​ប្រណីត​សម្រាប់​ដឹក​ភ្ញៀវ​ជា​ប្រតិភូ​បរទេស​ទៅ​ឱ្យ​ក្រុមហ៊ុន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ក៏​មិន​ដេញថ្លៃ​…​។​ល​។​
​ផលវិបាក​នៃ​ការ​មិន​ធ្វើ​លទ្ធកម្ម​សាធារណៈ​(​មិន​ដេញថ្លៃ​​)លើ​ការ​ផ្គត់ផ្គង់​សេវា​នានា​ដោយ​ក្រុមហ៊ុន​ឯកជន​មក​ឱ្យ​រដ្ឋ​ គឺ​បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​និង​គ្មាន​តម្លាភាព​ ។​
​និយាយ​អំពី​ស្ថាប័ន​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ​វិញ​ គឺ​ភាព​ឯក​រាជ្យ​ក៏​គ្មាន​ ច្បាប់​មូលដ្ឋាន​សំខាន់ៗ​ សម្រាប់​ដំណើរការ​ការងារ​របស់​ស្ថាប័ន​ក៏​គ្មាន​ និង​ធនធានមនុស្ស​ក្នុង​នាម​ជា​ចៅក្រម​-​ព្រះរាជអាជ្ញា​ល្អ​ក៏​ខ្វះខាត​…​។​
​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​១២៨​ថ្មី​(​មាត្រា​១០៩​ចាស់​)​បាន​តម្រូវ​ឱ្យអំណាច​ តុលាការ​ជា​អំណាច​ឯករាជ្យ​ ។​ ប៉ុន្ដែ​តាម​ការ​ពិត​ ស្ថាប័ន​តុលាការ​កម្ពុជា​បច្ចុប្បន្ន​ជា​តុលាការ​ដែល​ស្ដាប់​តាម​ការ​បង្គាប់បញ្ជា​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​គ្រប់គ្រង​អំណាច​ ហើយ​មន្ដ្រី​ធំៗ​របស់​តុលាការ​គឺជា​សមាជិក​និង​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ នៅ​តាម​ការិយាល័យ​ធ្វើការ​របស់​ប្រធាន​តុលាការ​មួយ​ចំនួន​មិន​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ ដែល​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​ទេ​ បែរជា​ដាក់​តាំង​រូបថត​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​ស្ថាប័ន​នីតិប្រតិបត្ដិ​)​និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ទៅ​វិញ​ ។​
​មាត្រា​១៣៥​ថ្មី​(​មាត្រា​១១៦​ចាស់​)​នៃ​រដ្ឋធម្មនុញ្ញ​ក៏​បាន​ចែង​តម្រូវ​ឱ្យ​មានការ​បង្កើត​ច្បាប់​ស្ដី​ពី​ លក្ខន្ដិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ ប៉ុន្ដែ​រហូត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​ចូល​២០​ឆ្នាំ​ហើយ​ ច្បាប់​ដ៏​សំ​ខាន់​នេះ​មិន​ទាន់​បាន​បង្កើត​ឱ្យ​ចេញ​ជា​រូបរាង​នៅឡើយ​ ។​
​ការណ៍​ដែល​មិន​ទាន់​មានច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ គឺ​មាន​ន័យ​ថា​ មិន​ទាន់​មាន​ម៉ែត្រ​ ឬ​រង្វាស់រង្វាល់​សម្រាប់​វាស់​ស្ទង់​អំពី​កំហុសឆ្គង​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា​ និង​ការ​ផ្ដល់​ពិន្ទុ​ចំណាត់ថ្នាក់​ដល់​ចៅក្រម​-​ព្រះរាជ​អាជ្ញា​ដែល​បម្រើ​ការងារ​បាន​ល្អ​ បាន​ពិតប្រាកដ​ទេ​ មិន​អាច​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ចៅក្រម​-​ព្រះរាជអាជ្ញា​ចំនួន​៣​រូប​ជាស​មា​ជិ​ក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ចេញពី​ឆន្ទៈ​របស់​ចៅក្រម​-​ព្រះ​រាជអាជ្ញា​ទូ​ទាំង​ប្រទេស​បាន​ មិន​អាច​កំណត់​អំពី​ការ​ដាក់​ឱ្យ​ចូល​និវត្ដន៎៍​នៃ​ចៅក្រម​-​ព្រះរាជអាជ្ញា​ឱ្យ​បាន​ច្បាស់លាស់​ និង​មិន​អាច​បង្កើត​ តុលាការ​ឯកទេស​មួយ​ចំនួន​បាន​ ដូច​ជា​តុលាការ​ការងារ​ តុលាការ​ពាណិជ្ជកម្ម​ តុលាការ​រដ្ឋបាល​ និង​តុលាការ​អនីតិជន​…​។​ល​។​ ​ដូច្នេះ​ ស្ថាប័ន​តុលាការ​និង​ការ​ប្រគល់​កិច្ចសន្យា​ដោយ​គ្មាន​ការ​ ដេញថ្លៃ​ជា​សាធារណៈ​ គឺជា​ចំ​ណុ​ច​ដែល​ត្រូវ​ធ្វើការ​កែ​លម្អ​ជា​ចាំ​បាច់​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​នឹង​បង្កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ដ្បិត​រាជ​រដ្ឋាភិបាល​កន្លង​មក​គ្មាន​ឆន្ទៈរ​វី​រវល់​ដោះស្រាយ​អំពី​ករណី​នេះ​ទេ​ ដោយ​ខ្លាច​ស្ថាប័ន​តុលាការ​មាន​ឯករាជ្យ​ភាព​កាត់ក្ដី​ពួក​មន្ដ្រី​ពុក​រលួយ​ឱ្យ​ជាប់គុក​អស់​ ៕
Tlok2មេដឹកនាំផ្តាច់ការនិងពុករលួយគឺប្រជារាស្ត្ររស់នៅដោយជីវភាពក្រីក្រលំបាកតោកយ៉ាក

ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុជា​

ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុជា​

​ស្ថាប័ន​តុលាការ​កម្ពុជា​មាន​មន្ដ្រី​បម្រើ​ការងារ​ចំនួន​៣​ប្រភេទ​សំខាន់​ គឺ​ ៖​ ១-​ចៅក្រម ​(​អាច​ជា​ប្រធាន​តុលាការ​ ជា​អនុប្រធាន​តុលាការ​ ឬ​ជា​ចៅក្រម​ធម្មតា​)​ ២-​ចៅក្រម​ អយ្យការ​(​ជា​អគ្គ​ព្រះរាជអាជ្ញា​-​អគ្គ​ព្រះរាជអាជ្ញា​រង​ និង​ព្រះរាជ​អាជ្ញា​ សម្រាប់​នៅ​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ និង​ជា​ព្រះរាជ​អាជ្ញា​-​ព្រះរាជអាជ្ញា​រង​សម្រាប់​ សាលាដំបូង​រាជធានី​-​ខេត្ដ​)​និង​ ៣-​ក្រឡាបញ្ជី​(​អាច​ជា​ក្រឡាបញ្ជី​ ចៅក្រម​ និង​អាច​ជា​ក្រឡាបញ្ជី​អយ្យការ​) ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំង​អស់​ត្រូវ​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ចៅ​ក្រម​ រីឯ​ក្រឡាបញ្ជី​(​ស្ថានភាព​បច្ចុប្បន្ន​)​ត្រូវ​ឋិត​នៅ​ក្រោម​អាណា​ ព្យាបាល​របស់​ក្រសួងយុត្ដិធម៌​ ។​
​ចៅក្រម​និង​ព្រះរាជអាជ្ញា​មាន​មុខងារ​រៀងៗ​ខ្លួន​ទៅ​តាម​ប្រភេទ​រឿង​ក្ដី​ ជា​រឿង​ព្រហ្មទណ្ឌ​ឬ​ជា​រឿង​រដ្ឋប្បវេណី​ ។​ ប៉ុន្ដែ​ទោះ​យ៉ាង​ណា​ មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះក្ដី​ និង​មាន​តែ​អង្គការ​អយ្យការ​ទេ​ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹងអាជ្ញា​ ។​ ​ដោយឡែក​ចំពោះ​ក្រឡាបញ្ជី​ត្រូវ​មាន​ភារកិច្ច​ក្នុង​នាម​ជា​ជំនួយ​ការ​ ឬ​ជា​ស្មៀន​ ឬ​ជា​អ្នក​កាន់​រក្សា​ទុកដាក់​ឯកសារ​ឱ្យ​ចៅក្រម​-​ព្រះ​រាជអាជ្ញា​ ។​​ នៅ​ក្នុង​ការងារ​រក​លុយ​ ក្រឡាបញ្ជី​ក៏​អាច​ដើរតួ​សំ​ខាន់​ផង​ដែរ​ជំនួស​ចៅក្រម​ឬ​ព្រះ​ រាជអាជ្ញា​ ដូច​ជា​ការ​ស្ល​ សម្លុត​ឬ​គោះ​ឱ្យ​អ្នក​មានរឿង​ក្ដី​ធ្លាក់​លុយ​តាម​បច្ចេកទេស​របស់​ពួក​គេ​ ។​
I-​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រដ្ឋ​ប្បវេណី​ ៖
​ព្រះរាជអាជ្ញា​មិនសូវ​មានមុខ​ងារ​សំខាន់​នៅ​ក្នុង​សំណុំរឿង​រដ្ឋ​ប្បវេណី​ទេ​ វៀរលែងតែ​ក្នុង​ករណី​សំណុំរឿង​អនុវត្ដន៍​មួយ​ចំនួន​ដែល​ផ្នែក​អយ្យការ​ដើរតួ​ជា​អាជ្ញាសាលា​ (​ស្ថានភាព​បច្ចុប្បន្ន​)​រីឯ​ចៅក្រម​មាន​ តួនាទី​សំខាន់​ណាស់​លើ​ការ​ សម្រេច​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​។​
​សំណុំរឿង​វិវាទ​ដីធ្លី​ ការ​ចែក​ទ្រព្យសម្បត្ដិ​ ការ​រំលាយ​កិច្ចសន្យា​ឬ​ទាក់ទង​នឹង​ការ​អនុវត្ដន៍​កិច្ចសន្យា​ ការ​លែងលះ​ប្ដី​-​ប្រពន្ធ​ វិវាទ​ក្នុង​វិស័យ​ការងារ​ វិស័យ​ពាណិជ្ជកម្ម​ និង​ការ​ស្នើ​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​…​។​ល​។​ សុទ្ធតែ​ជា​ សំណុំរឿង​រដ្ឋប្បវេណី​ ។​
ការ​ចេញ​ដីកា​សម្រេច​រក្សា​ការ​ពារ​(​ច្បាប់​ចាស់​ហៅ​ថា​ដីកា​សម្រេច​តាម​ពាក្យសុំ​ឬ​ដីកា​សម្រេច​កិច្ចការ​ប្រញាប់​)​ ក៏​អាច​ឱ្យ​ចៅក្រម​មាន​ លទ្ធភាព​ស្វែងរក​លុយ​បាន​ដែរ​ ពី​ព្រោះ​ច្បាប់​មិន​បាន​ចែង​ឱ្យ​ច្បាស់​លាស់​ ពោល​គឺ​បើ​មាន​លុយ​ចេញ​លឿន​ តែបើ​គ្មាន​លុយ​អាច​យឺត​ ប្រែក្លាយ​ពី​កិច្ចការ​ប្រញាប់​ទៅ​ជា​កិច្ចការ​លែង​ប្រញាប់​ ។​
​ចំពោះ​សំណុំរឿង​អង្គសេចក្ដី​វិញ​ ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចែង​អំពី​នីតិវិធី​សម្រេច​ក្នុង​រឿង​ក្ដី​ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ត្រៀម​សម្រាប់​ ការ​ទាញហេតុផល​ និង​ដំណាក់​កាល​ទាញហេតុផល​ដោយ​ផ្ទាល់​មាត់​(​ជំនុំជម្រះ​)​។​ កាលបរិច្ឆេទ​​ដំណើរការ​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញហេតុផល​ ត្រូវ​កំណត់​ក្នុង​ រយៈពេល​៣០​ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដែល​ពាក្យបណ្ដឹង​ត្រូវ​បាន​ដាក់​ លើក​លែង​តែ​ក្នុង​ករណី​ដែល​មាន​មូល​ហេតុ​ពិសេស​ ។​ ប៉ុន្ដែ​ក្រម​នីតិវិធី​នេះ​មិន​បាន​ចែង​ឱ្យ​ជាក់លាក់​អំពី​កាលបរិច្ឆេទ​កំណត់​ក្នុង​ដំណាក់កាល​នីតិវិធី​បន្ដ​ពី​ការ​ត្រៀម​សម្រាប់​ការ​ទាញហេតុផល​នោះ​ទេ​ ជា​ហេតុ​អ្វី​ឱ្យ​ចៅក្រម​មួយ​ចំនួន​អាច​យក​លេស​ផ្អាប់​រឿង​ទុក​ចោល​រាប់​ខែ​ រាប់​ឆ្នាំ​ ទាល់តែ​មាន​លុយ​ទើប​ដំណើរការ​រឿង​ក្ដី​ទៅ​មុខ​បាន​បន្ដិច​។​
ច្បាប់​បាន​ផ្ដល់​ឆន្ទានុសិទ្ធិ​ឱ្យ​ចៅក្រម​ក្នុង​ការ​ជំនុំ​ជម្រះក្ដី​ តែ​ស្ថានភាព​សម្រេច​របស់​ចៅក្រម​បច្ចុប្បន្ន​នេះ​ភាគច្រើន​ គឺ​ឆន្ទានុសិទ្ធិ​រេ​រាំ​ទៅ​តាម​សម្ពាធ​អំណាច​ពី​ខាងក្រៅ​ និង​ឥទ្ធិពល​លុយកាក់​ជា​ធំ​ ។​ មាន​ន័យ​ថា​ បើ​គ្មាន​លុយ​ គ្មាន​បក្ខពួក​ រឿង​ក្ដី​យូរ​ និង​អាច​ទទួលលទ្ធផល​ចាញ់ក្ដី​ទៀត​ ។​ ការ​អនុវត្ដ​នីតិវិធី​នៅ​សាលាឧទ្ធរណ៍​និង​តុលាការ​កំពូល​ក៏​មិនសូវ​ខុស​គ្នា​ពី​សាលាដំបូង​រាជធានី​-​ខេត្ដ​ប៉ុន្មាន​ឡើយ​ បូក​រួម​ ទាំង​ល្បិច​គោះ​យក​លុយ​របស់​ចៅ​ក្រម​ពី​អ្នក​មានរឿង​ក្ដី​ ។​
II-​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ ៖
១-​ការ​ចោទប្រកាន់​ឬ​មិន​ចោទប្រកាន់​(​បើក​ការ​ស៊ើបសួរ​)​ លើ​ជនសង្ស័យ​(​ជន​ដែល​គេ​ប្ដឹង​ទៅ​តុលាការ​)​គឺជា​សមត្ថកិច្ច​របស់​ចៅក្រម​អយ្យការ​(​ព្រះរាជអាជ្ញា​ ឬ​ព្រះរាជអាជ្ញា​រង​)​។​ ការ​ចោទ​ប្រកាន់​ ឬ​មិន​ចោទប្រកាន់​នេះ​ ចៅក្រម​អយ្យការ​អាច​ស្វែងរក​លុយកាក់​ជា​ផលប្រយោជន៍​បាន​ដែរ​ ហើយ​អាច​ចោទ​ក្នុង​កម្រិត​ធ្ងន់​ ឬ​កម្រិត​ស្រាល​ក៏​បាន​ ។​ ការ​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​(​ចោទ​ប្រកាន់​ជា​ស្ថាពរ​)​ទៅ​លើ​ជន​ត្រូវ​ចោទ​ ចៅក្រម​អយ្យការ​ក៏​អាច​ទទួល​បាន​ចំណែក​លុយកាក់​ពី​ចៅ​ក្រម​ស៊ើបសួរ​បន្ថែម​ទៀត​ដែរ​ បូក​រួម​ទាំង​លើ​ការ​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន​ក្នុង​ដំណាក់កាល​នីតិវិធី​ស៊ើបសួរ​ (​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​)​។​
២-​ដល់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ម្ដង​ ការ​ឃុំខ្លួន​ឬ​មិន​ឃុំ​ខ្ល្ញួ​ន​ជន​ត្រូវ​ចោទ​(​ជន​ដែល​ចៅ​ក្រម​អយ្យការ​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​រួច​ហើយ​)​ គឺជា​រឿង​សំខាន់​ ហើយ​ក៏​ជា​វគ្គ​ដែល​អាច​គោះ​យក​លុយ​បាន​ដែរ​ជាមួយ​ចៅក្រម​អយ្យការ​ រហូត​ដល់​ដំ​ណា​ក់​កាល​លើកលែង​ចោទប្រកាន់​ ឬ​បន្ដ​ចោទប្រកាន់​បញ្ជូន​សំណុំរឿង​និង​ជនជាប់ចោទ​ទៅ​ជំនុំជម្រះ​ ។​ មាន​ន័យ​ថា​ បើ​មាន​លុយ​អាច​ត្រូវ​ តុលាការ​លើកលែង​ចោទប្រកាន់​ ឬ​បន្ដ​ចោទប្រកាន់​ដែរ​ តែ​មិន​ធ្វើ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ ។​
៣-​ដល់​ដំណាក់កាល​ចៅក្រម​ជំនុំជម្រះ​ គឺជា​រឿង​សំខាន់​បន្ដ​ទៀត​សម្រាប់​ការ​ចេញ​ជា​សាល​ក្រម​ ឬ​សាលដីកា​…​។​ ចៅក្រម​ជំនុំជម្រះ​ ទោះជា​ចៅក្រម​ទោល​ ឬ​ជា​រូបភាព​សមូហភាព​(​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​)​គឺ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ បើ​មាន​លុយ​អាច​លើក​រឿង​មក​ជំនុំ​ជម្រះ​បាន​លឿន​ តែបើ​គ្មាន​លុយ​ទុក​រាប់​ខែ​ឬ​រាប់​ឆ្នាំ​តាម​កម្រិត​សាច់​រឿង​ បើ​មាន​លុយ​អាច​កាត់ក្ដី​សម្រាលទោស​ ឬ​អាច​កាត់ទោស​លើស​ពី​មួយ​ឆ្នាំ​ដោយ​មិន​ព្យួរ​ ហើយ​មិន​ចេញ​ដីកាឃុំខ្លួន​(​ករណី​ វត្ដមាន​ជនជាប់ចោទ​នៅ​ក្នុង​សវ​នា​ការ​)​ឬ​មិន​ចេញ​ដីកាចាប់ខ្លួន​(​ករណី​ ជនជាប់ចោទ​អវត្ដមាន​ក្នុង​សវ​នា​ការ​)​ ឬ​ក៏​កាត់ក្ដី​ឱ្យ​រួច​ផុត​ពី​បទ​ចោទប្រកាន់​ក៏​បាន​…​។​ លើស​ពី​នេះ​ ការ​ទទួល​បាន​សាលក្រម​ឬ​សាលដីកា​ក៏​ត្រូវ​គិតគូរ​រឿង​លុយ​ដែរ​ បើ​ពុំនោះ​ទេ​ រាប់​ខែ​មិន​អាច​ចេញ​សាលក្រម​ឡើយ​ក្នុង​រឿង​ក្ដី​ខ្លះ​ ។​ល​។​​ នៅ​មាន​រូបភាព​គោះ​យក​លុយ​ជា​ច្រើន​សណ្ឋាន​ទៀត​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ។​
​ទាំងនេះ​គឺជា​រូបភាព​មួយ​ចំនួន​នៃ​ល្បិច​កល​ដើម្បី​រក​លុយ​ដាក់​ហោ​ប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុ​ជានា​សម័យ​“​សម្ដេច​តេ​ជោ​ សែន​”​ ៕
Court

Saturday, June 29, 2013

អ្វីទៅជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ?



          ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។​​ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ ​លាន​ទៅ ៤ លាន រៀល។

        តើបទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ មានការទាក់ទងអ្វីដល់សេរីភាពនៃ ការបញ្ចេញមតិ សេរីភាពក្នុងការនិយាយ?

          បើបទល្មើសនេះសុទ្ធសាធ វាគ្មានអ្វីទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិឬការ និយាយស្តីទេ។  ប៉ុន្តែ បទល្មើសនេះអាចត្រូវបានប្រើដោយភាគីជម្លោះដើម្បីចោទប្រកាន់ គ្នា ដើម្បីបង្វែរដានពីការទាមទារសិទ្ធិដីធ្លី ឬ ការទាមទារផ្សេងទៀត ឲ្យទៅជាបទល្មើស មួយសាមញ្ញ ហាក់ដូចជាគ្មានទាក់ទងនឹងការទាមទារដើម។ ឧទាហរណ៍ សមាជិក សហគមន៍ជាច្រើន​ត្រូវបានគេរាយការណ៍មកថា ពួកគេត្រូវបានចោទប្រកាន់ពីបទបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ​របស់ភាគី​ដែលខ្លួនកំពុងទាមទារឲ្យប្រគល់ដីមកឲ្យពួកគេវិញ។ ការចោទប្រកាន់នេះ កើតឡើង​ដោយសារសមាជិកសហគមន៍បានធ្វើបាតុកម្ម ហើយបាន ធ្វើឲ្យខូចខាត​ដំណាំដែលភាគី​ម្ខាងទៀត​បានដាំ ឬបានធ្វើឲ្យបាក់របង ឬមានការបំផ្លាញ គ្រឿងយន្តរបស់ភាគី​ម្ខាងទៀត។  ការទាមទារ​ជា​សេរីភាពនៃការបញ្ចេញមតិ។ មានពេល ខ្លះ មានការខូចខាតបន្តិចបន្តួច ដើម្បីបង្វែរការទាមទារ ភាគីម្ខាងទៀតរិះរកមធ្យោបាយ ដើម្បីប្រែក្លាយ រឿងទៅជាព្រហ្មទណ្ឌ ដើម្បីឲ្យអ្នក​តវ៉ាជាប់​រវល់​នឹងរឿងក្តីព្រហ្មទណ្ឌប្រឆាំង នឹងសហសេវិក​របស់ខ្លួន។

  ចុះបើយើងបំផ្លាញទ្រព្យសម្បត្តិគេហើយ ម្តេចថា គេបង្វែររឿងមិនឲ្យសមាជិក សហគមន៍នោះបន្តការទាមទារ? តើនេះមានន័យថាអ្នកដែលបំផ្លាញចេះតែរួចខ្លួនទៅឬ?

       ការពិតអ្នកធ្វើខុសត្រូវតែទទួលទណ្ឌកម្មអញ្ចឹងមែន។ គេមិនត្រូវការពារអ្នកដែល ធ្វើខុសទេ។ ប៉ុន្តែ គេត្រូវគិតមួយរឿងៗ។ រឿងទាំងអស់មិនមែនសុទ្ធតែដូចគ្នាទេ ថ្វីបើមាន ការបំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិមែន។
ប្រសិនបើលោកអ្នកចង់បានឯកសារនេះលំអិតសូមចូលទៅក្នុងគេហទំព័រដើមរបស់ម្ចាស់ អត្តបទ​គឺ https://www.facebook.com/pages/%E1%9E%9F%E1%9F%81%E1%9E%9A%E1%9E%B8%E1%9E%97%E1%9E%B6%E1%9E%96-Sereipheap/142811009241761?fref=ts ឬ Download the whole document by clicking here

.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕