Source from http://www.dtn7.com/2013/06/22/2808.html/
ក្នុងចំណោមចៅក្រមកំពុងបម្រើការងារនៅក្នុងស្ថាប័នសាលាជម្រះក្ដីគ្រប់ផ្នែក គ្រប់ថ្នាក់នៃព្រះរាជាណា
ចក្រកម្ពុជាបច្ចុប្បន្ន គឺមានឯកឧត្ដម ជីវ កេង ជាប់លេខជាចៅក្រមដែលមានមុខងារ តួនាទីច្រើនសំពីងសំពោងនិងមានឥទ្ធិពលមហិមាសឹងគ្មានគូប្រៀប។
ឯកឧត្ដម ជីវ កេង កើតនៅថ្ងៃទី២៨ខែមីនាឆ្នាំ១៩៥១ នៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ ។ ឯកឧត្ដមរូបនេះមានអាយុ៦២ឆ្នាំ០៥ខែ២៣ថ្ងៃ(ជាអាយុត្រូវដល់ចូលនិវត្ដន៍ បើយោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ចុះថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០០៥) ។ ឯកឧត្ដម ជីវ កេង បានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៧៩ និងធ្លាប់ធ្វើជាចៅក្រមសាលាដំបូងខេត្ដកំពង់ធំ និងជាចៅក្រមតុលាការកំពូល ហើយក្រោយមកត្រូវបានតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញទល់បច្ចុប្បន្ន ។ ឯកឧត្ដម ជីវ កេង ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(CUP)។
ព័ស្ដុតាងដែលបង្ហាញអំពីមុខងារច្រើនសំពីងសំពោងនិងមហាឥទ្ធិពលដ៏លើសលប់ក្នុងស្ថាប័នតុលាការកម្ពុជារបស់ឯកឧត្ដមជីវ កេង មានដូចតទៅ ៖
១-តែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/ ៤១៧ ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០០៥(មានរយៈពេលជិត៨ឆ្នាំហើយ) ។
២-តែងតាំងជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌(តែងតាំងលើកដំបូងដោយព្រះរាជក្រឹត្យលេខនស/រកត/ ១០០៦/៤០៧ ចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០០៦និងតែងតាំងសាជាថ្មី ដោយព្រះរាជក្រឹត្យលេខនស/ រកត/០៨០៩/៧៦៩ ចុះថ្ងៃទី០១ខែសីហាឆ្នាំ២០០៩) ។
៣-តែងតាំងជាទីប្រឹក្សាឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រី(តែងតាំងលើកដំបូងដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៨/៣៧១ ចុះថ្ងៃទី០៣ខែមេសាឆ្នាំ២០០៨ មានឋានៈស្មើរដ្ឋលេខាធិការនិង តែងតាំងសាជាថ្មីដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៩/៥៧១ ចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០០៩មានឋានៈ ស្មើរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន) ។
៤-តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម (តាមរូបភាពចាត់តាំង ពីព្រោះមិនទាន់មានច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤០ចុះថ្ងៃទី០៩ខែសីហាឆ្នាំ២០០៧ ។
៥-តែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ(តំណាងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម) ដោយអនុក្រឹត្យលេខ៩១អនក្រ. តត ចុះថ្ងៃទី២៧ខែមករាឆ្នាំ២០០៩ ។
៦-តែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលូយ (ជ្រើសចេញពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានឋានៈស្មើរដ្ឋមន្ដ្រី) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ខែមិថុនាឆ្នាំ២០១០ ។
៧-តែងតាំងជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម (ក្នុងនាមជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម) ដោយអនុក្រឹត្យលេខ១៤៤អនក្រ.បក ចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១២ ។
ឯកឧត្ដមជីវ កេង ទោះបីដល់អាយុត្រូវចូលនិវត្ដន៍ក្ដី(អាយុលើសពី៦០ឆ្នាំ) ប៉ុន្ដែត្រូវបានអនុញ្ញាតឱ្យនៅបន្ដបម្រើការងារទៅទៀត (គ្មានចែងអំពីការកំណត់ពេលវេលា) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី ២៥ខែកក្កដាឆ្នាំ២០១១ ។
ដោយឡែក នៅក្នុងការងារជីវភាពគណបក្សនយោបាយវិញ គឺឯកឧត្ដមជីវ កេង ជាគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគិរីវង់ ខេត្ដតាកែវ ។
អនុលោមតាមមាត្រា៣នៃអនុក្រឹត្យបង្កើតអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ហៅកាត់ថា “អ.ក.វ” គឺអ.ក.វ មានតួនាទី និងភារកិច្ចទទួលពាក្យបណ្ដឹង និងតាមដានព័ត៌មានទាំងឡាយ ពាក់ព័ន្ធទៅនឹងចៅក្រម ព្រះរាជអាជ្ញា, រំលឹកដាស់តឿនចៅក្រម ព្រះរាជអាជ្ញាឱ្យអនុវត្ដន៍ក្រមសីល ធម៌ចៅក្រមឱ្យបានត្រឹមត្រូវ និងចុះធ្វើអធិការកិច្ចទៅលើចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស… ។ល។ ដូច្នេះ ឯកឧត្ដមចៅក្រម ជីវ កេង មានឥទ្ធិពលយ៉ាងខ្លាំងមហិមា ទៅលើចៅក្រម និងព្រះរាជអាជ្ញា នៃស្ថាប័នតុលាការទូទាំងប្រទេស ក្នុងឋានៈជាប្រធាន អ.ក.វ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យបានលើកឡើងថា មុខតំណែង តួនាទី របស់ឯកឧត្ដម ជីវ កេង ជាប្រធាន សាលាដំបូងរាជធានីភ្នំពេញផង ជាចៅក្រមជំនុំជម្រះរឿងក្ដីផង ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមផង ជាប្រធាន អ.ក. វ ផង និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផង គឺប្រដូចបានទៅនឹងតួនាទីមនុស្សម្នាក់ជា “កីឡាករផងនិងជាអាជ្ញាកណ្ដាលផ្លុំកញ្ចែផង”ពីព្រោះឯកឧត្ដម ជីវ កេង មានអំណាចមូលដូចបាល់ បើចង់ប្រព្រឹត្ដអំពើពុករលួយក៏គ្មានរណាហ៊ានដាក់ទោសឯកឧត្ដមដែរ (Sic!)។
សរុបសេចក្ដីមក ឯកឧត្ដម ជីវ កេង គឺជាកំពូលចៅក្រមដែលមានមុខងារ តួនាទីដ៏ច្រើនសំពីងសំពោង និងមានឥទ្ធិពលសម្បើមមហិមា នៅក្នុងស្ថាប័នតុលាការកម្ពុជា ក្រោមរូបភាពជា“អាជ្ញាកណ្ដាលផង និងជាកីឡាករផង” នាសម័យ “សម្ដេចតេជោសែន” ៕
No comments:
Post a Comment