លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិច ហូលឌីង គ្រុប (Layimex Holdings Group Co.,Ltd.) ប្រមូលទិញដីធ្លីទំហំជាង៣៤ហិកតា ឋិតនៅចំណុចភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនាអំឡុងឆ្នាំ១៩៩៩ ពីក្រុមប្រជាពលរដ្ឋដែលបានរស់នៅ និងកាន់កាប់ដីនោះតាំងពីអំឡុងឆ្នាំ១៩៧៩។
ដំណើរការទិញ-លក់ដីធ្លីនេះរវាងលោកស្រី ឈិន សុគន្ធារី និងក្រុមប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ដឹងឮពីអាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងត្រូវបានយាយក្រពើ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិនាអំឡុងដើមឆ្នាំ២០០៥ផងដែរ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា ឲ្យរង់ចាំការកំណត់ព្រំដីបឹងពោងពាយជាផ្លូវការសិន មុននឹងធ្វើប័ណ្ណកម្មសិទ្ធិជូនយាយក្រពើ ។ លើសពីនេះ អាជ្ញាធរសង្កាត់ភ្នំពេញថ្មីបានចេញប្លង់ផែនទីបង្ហាញទំហំដីជាក់ស្តែងរបស់យាយក្រពើ តាមលិខិតបញ្ជាក់លេខ០៤៦លប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៧ ទៀតផង ។
ដោយឡែក ការស្នើសុំចាក់និងឈូសឆាយដី និងការស្នើសុំសាងសង់ទីស្នាក់ការក្រុមហ៊ុនលើទីតាំងដីនោះ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរសង្កាត់ភ្នំពេញថ្មី គឺលោក ជុំ សារ៉ាយ។ ក្នុងគម្រោងអភិវឌ្ឍន៍កសិដ្ឋានចិញ្ចឹមក្រពើលំដាប់អន្តរជាតិនៅលើទីតាំងដីរបស់យាយក្រពើ ត្រូវបានអាជ្ញាធរមូលដ្ឋានធ្វើការបញ្ជាក់អំពីទីតាំងដីយ៉ាងច្បាស់លាស់នៅឆ្នាំ២០១១ និងមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល នាថ្ញៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ដោយ យាយក្រពើ បានបង់ពន្ធជូនរដ្ឋលើទំហំផ្ទៃដីទំហំជាង៣៤ហិកតានោះទៀតផង។
អនុលោមតាមដំណើររឿងហេតុ ឯកសារជាព័ស្តុតាង និងអង្គច្បាប់ គឺយាយក្រពើអាចឡើងជាកម្មសិទ្ធិករនៅលើទីតាំងដីទំហំជាង៣៤ហិកតា ដែលបានធ្វើលទ្ធកម្មទិញពីក្រុមប្រជាពលរដ្ឋតាំងពីអំឡុងឆ្នាំ១៩៩៩មកនោះ ។
ប៉ុន្តែក្រោយមក ទីតាំងដីទាំងអស់របស់យាយក្រពើត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដែលមានឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងសម្រេចដកហូតធ្វើជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ នាខែកញ្ញាឆ្នាំ២០១២ ហើយទីតាំងដីដដែលនេះក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអនុបយោគពីដីទ្រព្យសម្បត្តិរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឲ្យឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍តាមរយៈការដោះដូរដី និងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោមួយកន្លែង ឋិតនៅព្រែកព្នៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមស្មារតីលិខិតលេខ៩៨៩សជណ ចុះថ្ងៃទី០៧ ខែកញ្ឡា ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
មិនតែប៉ុណ្ណោះ ក្រោមទម្ងន់នៃបណ្តឹងរបស់អាជ្ញាធររាជធានីភ្នំពេញ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ យាយក្រពើត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ០៦ ខែ ពីបទអំពើប៉ះពាល់ទៅលើកម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ តាមសាលក្រមព្រហ្មទណ្ឌលេខ៨៧”ខ” ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០១២ និងក៏ត្រូវបានលោក លី លីបម៉េង ជាចៅក្រមជំនុំជម្រះ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦០៣តព្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ធ្វើឲ្យយាយក្រពើត្រូវបង្ខំចិត្តពួនសំងំលាក់ខ្លួនទល់បច្ចុប្បន្ន ខណៈដែលពាក្យបណ្តឹងរបស់យាយក្រពើដែលប្តឹងប្រឆាំងនឹងឯកឧត្តម កែប ជុតិមា និងគូកន ចោទប្រកាន់ពីបទប្រើអំណាចដោយរំលោភយកដីជាង៣៤ហិកតា និងទាមទារទឹកប្រាក់ខាតបង់ចំនួន១០០លានដុល្លារអាមេរិក ត្រូវបានស្ថាប័នតុលាការតាំងពីសាលាដំបូងរាជធានីភ្នំពេញ រហូតដល់សាលាឧទ្ធរណ៍ សម្រេចតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់ ។
លោកស្រី ឈិន សុគន្ធារី ត្រូវបានតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១១/៦០៦ ចុះថ្ងៃទី២២ខែមិថុនាឆ្នាំ២០១១ ។ លោកស្រីឧកញ៉ា ឈិន សុគន្ធារី ក៏ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភានីតិកាលទី២ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៨៥ ចុះថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១១ ។
ឥឡូវ ព្រោះតែមានករណីអំពើអយុត្តិធម៌ក្នុងរឿងរ៉ាវវិវាទដីធ្លីជាមួយឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាឧត្តមមន្ត្រីសម្បូណ៌លុយកាក់ និងអំណាច គឺលោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ់ បានជាប់ឈ្មោះជាជនជាប់ចោទ និងត្រូវបានតុលាការផ្តន្ទាទោស ព្រមទាំងចេញដីកាចាប់ខ្លួន លែងរស់នៅហ៊ឺហាក្នុងឋានៈ និងងារជាលោកជំទាវឧកញ៉ាដូចពេលមុនទៀតឡើយ ៕
No comments:
Post a Comment