Monday, July 8, 2013

អ្នកលេង​ហ្វេ​សប៊ុក​៖ អាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ លោក សម រង្ស៊ី ប្រសិនបើ​មាន​ការចាប់ខ្លួន​


បោះពុម្ព
analysis-on-fb-sam-rangsy
អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន លើកឡើងថា អាច​នឹង​មាន​ចលនា​យុវជន និង​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ ប្រ​សិន​បើ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​​បាន​​​ចាប់​ខ្លួន នៅ​​ពេល​លោក​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​​​ចូល​រួម​ប្រកួតប្រជែង​ការបោះឆ្នោត​។​

​ការលើកឡើង​នេះ បន្តបន្ទាប់ លោក សម រង្ស៊ី បានប្រកាស​ចុងក្រោយ​ថា លោក​នឹង​ចូល​ម​កម្ពុជា ឲ្យបាន​មុន​​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាងមុខ​។ តែ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ កាលពី​ថ្ងៃ​ចន្ទ បានប្រកាសថា នគរបាល​កម្ពុជា​​នឹង​អនុវត្ត​ដីកា ចាប់ខ្លួន​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ វិល​ត្រ​ទ្ប​ប់​ចូល​ប្រ​ទេស​វិញ​។
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ អ្នកនាង ផេង សុគន្ធា អាយុ​២៨​ឆ្នាំ ដែល​បាន​ប្រើប្រាស់​ហ្វេ​សប៊ុក តាំងពី​ឆ្នាំ​២០០៨ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុក​ថា អាច​នឹង​មាន​ចលាចល នៅ​​រាជធានី​ភ្នំពេញ គឺ​ចលនា​យុវជន ដែល​គាំទ្រ​ឲ្យមាន​ការ​មក​ដល់​ លោក សម រង្ស៊ី តែ​អ្នក​នាង មិន​ច្បាស់​ថា តើ​យុវជន​នឹង​​ក្លាហាន​​ប៉ុណ្ណា ដើម្បី​ចលនា​ប្រឆាំង​នេះ​។ អ្នក​​នាង​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​រូប​ភាព​​​អាក្រក់ ដោយសារ​នេះ​បង្ហាញថា ជាការ​កំសាក​មួយ សម្រាប់​គណបក្ស​កាន់អំណាច ក្នុង​ការភ័យខ្លាច​ប្រ​កួត​ប្រ​ជែង ដោយ​យុត្តិ​ធម៌​។​
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ទៀត លោក អ៊ូ រិទ្ធី អាយុ​២៦​ឆ្នាំ​ប្រាប់​VOD តាមរយៈ​ទូរស័ព្ទ​ថា ការចាប់​លោក សម រង្ស៊ី នឹង​នាំ​ឲ្យ​រដ្ឋាភិបាល មាន​រូបភាព​អាក្រក់​មួ​យ​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា ដោយសារ​ពិភពលោក បានដឹងថា លោក​នឹង​ចូលមក​កម្ពុជា​។ លោក​​បន្តថា ការចាប់ខ្លួន​នេះ អាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ​ លោក សម រង្ស៊ី ដែល​​នឹង​ទៅ​ទទួល​លោក នៅ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ តែ​លោក​គិតថា លទ្ធភាព​នៃ​ការចាប់ខ្លួន​នេះ នឹង​មិន​អាច​ទៅរួច​ទេ​ ៖
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេរិក លោកស្រី Jen Psaki កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និយាយថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរតែ​ត្រូវបាន​អនុ​ញ្ញាត​ឲ្យចូល​មក​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដោយ​គ្មាន​ការចាប់​ដាក់ពន្ធនាគារ​។​
​សារព័ត៌មាន AP បាន​ដកស្រង់​សម្តី​របស់ លោកស្រី Jen Psaki​ថា លោក សម រង្ស៊ី គួរតែ​ត្រឡប់​មក​កម្ពុជា ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​​នូវ​​សុវត្ថិ​ភាព​​ផ្ទាល់ខ្លួន និង​ការចាប់​ដាក់​ពន្ធនាគារ​។ លោកស្រី​បញ្ជាក់​ថា ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ តម្រូវឲ្យ​មាន​ការ​ប្រកួ​ត​​ប្រជែង​​គ្រប់​លំដាប់ថ្នាក់ ដោយ​ការចូលរួម ដោយ​មិន​បាន​ការ​គាប​សង្កត់​​លើ​គណបក្សប្រឆាំង​ទាំង​អស់​។​
​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស តាំងពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំង​មុខ​លោក ដាក់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ក្លែងបន្លំ​អក្សរ​​ក្នុង​ឯកសារ​សាធារណៈ ការផ្សាយ​ព័ត៌​មាន​​មិន​​ពិត និង​សកម្មភាព​ដក​តម្រុយ​បង្គោល​ព្រំដែន​​​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​
​លិខិត​មួយ បង្ហោះ​តាម​ហ្វេ​សប៊ុក​(Facebook) កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា លោក សម រង្ស៊ី បានសរសេរថា ការ​ត្រឡប់​របស់​លោក​មក​​កម្ពុជា​​វិញ នឹង​ជា​ការសាកល្បង​មួយ សម្រាប់​ភាព​ពិតប្រាកដ​នៃ​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​​យុត្តិធម៌ បើទោះជា​លោក​ប្រឈម​​នឹង​ហានិភ័យ​នៃ​ការចាប់ខ្លួន​ក៏ដោយ​៕

No comments:

Post a Comment