Monday, July 29, 2013

អាសនៈ​បក្ស​ប្រជាជន​កម្ពុជា​រវាង​ការបោះឆ្នោត​ឆ្នាំ១៩៩៨ រហូតដល់​ឆ្នាំ២០១៣

Original source from: http://thmeythmey.com/index.php?page=detail&ctype=article&id=7443&lg=kh

នៅ​ឆ្នាំ១៩៩៨ ចំនួន​អាសនៈ​សរុប​មាន​ចំនួន ១២២។ កាលណោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៤ អាសនៈ។ នៅ​ឆ្នាំ២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៧៣ អាសនៈ។ នៅ​ឆ្នាំ២០១៣នេះ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​ចំនួន៦៨អាសនៈ។ 

ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក​ប្រទេស​កម្ពុជា​ធ្លាប់​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន៥ដង​រួចមកហើយ បើ​គិត​ទាំង​ការបោះឆ្នោត​នា​ថ្ងៃទី២៨ខែកក្កដា​ខាងមុខនេះ។នៅ​ឆ្នាំ១៩៩៣ អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) បានរៀបចំ​ការបោះឆ្នោត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

ការបោះឆ្នោត​ពេលនោះ គឺត្រូវធ្វើ​ឡើង​មាន​រយៈពេល ៦ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៣ដល់ ២៨ ខែមេសា ឆ្នាំ១៩៩៣ ដែលមាន​គណបក្សនយោបាយ ចំនួន ២០ បាន​ចូលរួម។ប្រជាជន​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ប្រហែល ៤.៧ លាន​នាក់​ពោល​គឺមាន​អត្រា ៨៩.៥% នៃ​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។នៅ​អាណត្តិ​នោះ​មាន​អាសនៈ​សរុប​ចំនួន ១២០ ដែលជា​លទ្ធផល​គឺ​បាន​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន ៥៨ អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ៥១ អាសនៈ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា(លោកតា​សឺ​ន សាន) បាន ១០អាសនៈ​និង​បាន​ទៅ​គណបក្ស​ម៉ូលីណាកា និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ចំនួន ១អាសនៈ​ផងដែរ ។
ចូល​មកដល់​ឆ្នាំ ១៩៩៨ ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ម្ដងទៀត​នៅ​ថ្ងៃទី២៦ ខែកក្កដា​ដោយមាន​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ខុសពី​អាណត្តិ​មុន។ 

ការបោះឆ្នោត​លើក​នេះ​មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៩និង​មាន​ប្រជាជន​បាន​ទៅ​ចូលរួម​បោះឆ្នោត ចំនួន​ប្រហែល ៥.៣លាន​នាក់​ឬ​ស្មើនឹង ៩៣.៧% នៃ​ចំនួន​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។ចំនួន​អាសនៈ​សរុប​គឺមាន ១២២ ដែលជា​លទ្ធផល គឺ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ៦៤ អាសនៈ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ទទួលបាន ៤៣ អាសនៈ​និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១៥ អាសនៈ​ផងដែរ។

សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី៣វិញ គឺ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០០៣ ដែលមាន​គណបក្សនយោបាយ​ចំនួន ២៣ បាន​ចូលរួម​និង​មាន​ប្រជាជន​ដែល​បាន​ទៅ​បោះឆ្នោត ចំនួន​ប្រហែល ៦.៣ លាន​នាក់​ពោល​គឺមាន​អត្រា ៨៣.២% នៃ​ប្រជាជន​សរុប គឺ​បាន​ទៅ​បោះឆ្នោត​នៅពេលនោះ។ចំពោះ​អាសនៈ​វិញ​គឺមាន​ចំនួន ១២៣ ហើយ​គណបក្ស​ដែល​ទទួលបាន​អាសនៈ​គឺមាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៧៣ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៤អាសនៈ និង​គណបក្ស​សមរង្ស៊ី​ទទួលបាន ២៦ អាសនៈ។

ចំណែកឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី៤កន្លងទៅនេះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ដែលមាន​គណបក្សនយោបាយ​ចំនួន១១ បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះ។ប្រជាជន​ដែលមាន​ឈ្មោះ ហើយ​បាន​ទៅ​បោះឆ្នោត​គឺមាន​ប្រហែល ៨.១ លាន​នាក់​គឺ​ស្មើនឹង​អត្រា ៧៥.២% នៃ​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។នៅ​អាណត្តិ​នោះ​ផងដែរ​គឺមាន​អាសនៈ​សរុប​ចំនួន ១២៣ហើយ​គណបក្សនយោបាយ​ដែល​ទទួលបាន អាសនៈ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន៩០ អាសនៈ គណបក្ស​សមរង្ស៊ី ទទួលបាន២៦ អាសនៈ គណបក្ស​សិទ្ធិមនុស្ស​ទទួលបាន ៣អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ​ទទួលបាន ២ អាសនៈ​និង​ជា​ចុងក្រោយ​គឺ​គណបក្ស​ហ្វ៊ុ​ស៊ីន​ប៉ិច​ទទួលបាន ២ អាសនៈ។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាលពី​ម្សិលមិញ​ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៥ដែលមាន​គណបក្សនយោបាយ​ចំនួន ៨ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ដណ្ដើមយក​អាសនៈ​ចំនួន ១២៣ នៅក្នុង​រដ្ឋសភាជាតិ​ជាមួយនឹង​អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ចំនួន​ប្រហែល ៩.៦ លាន​នាក់​នោះ។ 

លទ្ធផល​បណ្តោះអាសន្ន​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន៦៨ រីឯ​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​ទទួលបាន៥៥អាសនៈ។លទ្ធផល​នេះ​បាន​បង្ហាញថា ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថយចុះ​កាលពី​អាណត្តិ​ទី១ កើនឡើង​នៅក្នុង​អាណត្តិ​ទី២ ៣ ៤ តែ​ថយចុះ​វិញ នៅក្នុង​អាណត្តិ​ទី៥នេះ៕ 

No comments:

Post a Comment