Monday, July 22, 2013

រឿង​មហា​អយុត្ដិធម៌​ ៖​ បើកបរ​បុក​មនុស្ស​ស្លាប់​ដល់​ទៅ​៣​នាក់​គ្មាន​ទោស​ជាប់គុក​ ចប់​រឿង​ត្រឹម​បង់លុយ​


​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ​ កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០១៣​វេលា​ ម៉ោង​១៧​និង​៣៤​នាទី​ល្ងាច​ នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌមានជ័យ​ រាជ​ធានី​ភ្នំពេញ​ បង្ក​ដោយ​បុរស​វ័យ​ ក្មេង​ម្នាក់​ឈ្មោះ​ ប៊ុ​ន​ រតនៈ​ អាយុ​៣១​ឆ្នាំ​ បើកបរ​រថយន្ដ​ទំនើប​១​គ្រឿង​ម៉ាក​ Range Rover​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-6777​ ឌុ​ប​សង្សារ​ទាំង​អាកា​រៈ​ស្រវឹង​ បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BQ-4083​ ចំ​ពីមុខ​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​មនុស្ស​ស្រី​ចំនួន​៣​នាក់​ជិះ​នៅ​លើ​ម៉ូតូ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ដោយ​សាកសព​ខ្ទាត​ពាសពេញ​ផ្លូវ​នោះ​ ត្រូវ​បាន​គេ​បិទ​បញ្ចប់​សំណុំរឿង​ហើយ​ ត្រឹម​ធ្វើការ​ចរចា​សម្រុះសម្រួល​គ្នា​ ដោយ​ជន​បង្ក​បង់លុយ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជន​បង្ក​ឈ្មោះ​ ប៊ុ​ន​ រតនៈ​ បាន​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌​មាន​ដើម​ត្នោត​ចុះ​ផ្សាយ​ថ្ងៃ​ទី​២០​ ខែកក្កដា​ឆ្នាំ​២០១៣​បន្ថែម​)​ ។​
​កិច្ចចរចា​សម្រុះសម្រួល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ​នេះ​ អាច​ប្រព្រឹត្ដ​ទៅ​បាន​នៅ​ត្រឹម​កម្រិត​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ ដោយ​សារ​ជន​បង្ក​ឈ្មោះ​ ប៊ុ​ន​ រតនៈ​ គឺ​ជា​កូនប្រុស​របស់​ឈ្មោះ​ ប៊ុ​ន​ សេរី​ ដែល​គេ​ស្គាល់​ថា​ ជាម​ន្ដ្រី​កាន់​លុយ​ដុះ​ស្លែ​នៅ​សាលា​រាជធានី​ភ្នំពេញ​ (​ប្រធាន​គណនេយ្យ​ហិរញ្ញ​វត្ថុ​)​ ហើយ​មន្ដ្រី​រូប​នេះ​បាន​ប្រើ​ប្រាស់​ទឹក​លុយ​ជះ​ទៅ​លើ​ក្រុម​គ្រួ​សារ​សព​ និង​សមត្ថកិច្ច​នគរបាល​យុត្ដិធម៌​ កុំឱ្យ​មានការ​ប្ដឹងផ្ដល់​ និង​ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ជា​សមត្ថកិច្ច​ ខ្លាចក្រែង​កូនប្រុស​ជា​ទីស្រឡាញ់​របស់​ខ្លួន​ឈ្មោះ​ ប៊ុ​ន​ រតនៈ​ ទទួល​រង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​ច្រវាក់​ ។​
​អនុលោម​តាម​មាត្រា​៨២​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ “​ជន​ណា​បើកបរ​ដោយ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ដោយ​អ​ចេតនា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​…​ត្រូវ​ផ្ដន្ទាទោស​ដល់​កម្រិត​អតិបរមា​ ក្នុង​ករណី​ជន​បង្ក​ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​,​ រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​…”​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​បញ្ជាក់​ថា​ ជន​បង្ក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៣​នាក់​ ជន​បង្ក​ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ជន​បង្ក​មាន​បំណង​បើករថយន្ដ​គេចខ្លួន​ថែម​ទៀត​(​បើកឡាន​រត់​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ទើប​បែក​កង់​ទៅ​មុខ​លែង​រួច​)​ ដូច្នេះ​ ជន​បង្ក​ត្រូវ​តែ​ទទួលទោស​ជា​អតិបរមា​ មិន​ត្រូវ​បញ្ចប់​ទាំង​សោះកក្រោះ ​តាម​វិធី​បង់លុយ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ទេ​ ។​ បើ​ចេះ​តែ​សម្រួល​គ្នា​ងាយស្រួល​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដូច្នេះ​ គឺ​វា​នឹង​ក្លាយទៅជា​គំរូ​អាក្រក់​សម្រាប់​ អ្នកមាន​អំណាច​ អ្នកមាន​លុយ​ អាច​បើករថយន្ដ​បុក​គេ​ហើយ​មិន​ទទួលទោស​ ដោយ​យ៉ាង​ខ្លាំង​ចប់​ត្រឹម​បង់លុយ​ជា​ការ​ស្រេច​ ។​
​ឥឡូវ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ​ ត្រូវ​បាន​បិទ​បញ្ចប់​សំណុំរឿង​ហើយ​ ត្រឹម​គ្រួសារ​ជន​បង្ក​ជា​អ្នកមាន​លុយ​មាន​អំណាច​បង់លុយ​ឱ្យទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដោយ​មិន​ទទួលទោស​ទណ្ឌ​តាម​ការ​ផ្ដន្ទា​ ទោស​របស់​តុលាការ​អ្វី​ឡើយ​ ។​
​នេះ​គឺជា​រូបភាព​រឿងរ៉ាវ​ដ៏​មហា​អយុត្ដិធម៌​ និង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​វប្បធម៌​និ​រ​ទណ្ឌ​ភាព​នៅ​កម្ពុជា​ ដែល​កើតឡើង​ដោយ​អំពើ​របស់​អ្នកមាន​អំណាច​ និង​អ្នកមាន​លុយ​នៅ​ក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ ៕

No comments:

Post a Comment