Monday, July 1, 2013

ច្បាប់ទាក់ទងនឹងក្រមរដ្ឋប្បវេណី

មាតិកា៖
1-   ច្បាប់ស្ដីពី នីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង
2-   ច្បាប់ស្ដីពី ភតិសន្យាហិរញ្ញវត្ថុ
3-   ច្បាប់ស្ដីពី នីតិវិធីបណ្ដឹងទាក់ទងនឹងឋានៈបុគ្គល
4-   ច្បាប់ស្ដីពី ការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស
5-   ច្បាប់ស្ដីពី កូនស្មុំអន្តរប្រទេស

ច្បាប់ស្ដីពី នីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង

ច្បាប់ស្ដីពី នីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹងនេះ ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១០ ដោយមានគោលបំណងក្នុងការធានាការអនុវត្តឲ្យបានត្រឹមត្រូវនូវនីតិវិធីក្នុងការដោះស្រាយរឿងក្ដី រដ្ឋប្ប​វេណីដែលមិនមែនជាបណ្ដឹង។ ទោះបីជាមានការប្រកាសឲ្យប្រើក៏ដោយ ច្បាប់ដែលមាន ៥៦ មាត្រានេះ មិនទាន់​បានអនុវត្តនៅឡើយទេ រហូតដល់កាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណី។
ច្បាប់ស្ដីពី នីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង បានកំណត់នូវនីតិវិធីពិសេសៗ ដែលនឹងគោរព តាម​ដោយតុលាការ ក្នុងការអនុវត្តនូវអំណាចដែលបានផ្ដល់ជូនដោយក្រមរដ្ឋប្បវេណី ក្នុងការ បង្កើតនូវបញ្ញត្តិ សំខាន់ៗ​នានាលើបញ្ហាដែលទាក់ទងនឹងទំនាក់ទំនងរបស់បុគ្គលឯកជន។
យោងទៅតាមច្បាប់ថ្មីនេះ តុលាការនឹងផ្ដល់ជូននូវវិធានមួយដែលគ្រប់គ្រងលើបញ្ហាមួយចំនួនដូចជា ការប្រកាស​អត្តាធីនភាពចំពោះអនីតិជន ការអនុញ្ញាតឲ្យលក់ដេញថ្លៃនូវវត្ថុដែលជាកម្មវត្ថុនៃបណ្ដឹង ការ​ផ្លាស់ប្ដូរអ្នកដែលមានអំណាចមេបា ការតែងតាំងអភិបាលបណ្ដោះអាសន្ន។ល។ ដែលស្ថិតនៅក្រោមអំណាច​របស់តុលា​ការ ហើយដែលត្រូវបានចុះនៅក្នុងឧបសម្ព័ន្ធនៃច្បាប់នេះ។ ក្នុងរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជា​បណ្ដឹង អ្នកដាក់ពាក្យស្នើរសុំ ភាគីប្រឆាំងអ្នកស្នើសុំ ហើយនិងបុគ្គលផ្សេងទៀតដែលមានសិទ្ធិ ឬផលប្រយោជន៍ ស្របច្បាប់ នឹងត្រូវទទួលឥទ្ធិពលដោយផ្ទាល់ពីសេចក្ដីសម្រេចក្នុងរឿងនេះ ហើយអាចចូលរួមក្នុងនីតិវិធីនៃរឿងក្ដីនេះបាន


ច្បាប់ស្ដីពី ភតិសន្យាហិរញ្ញវត្ថុ
ច្បាប់ស្ដីពី ភតិសន្យាត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០៩ ដោយមានកម្មវត្ថុក្នុង ការអភិវឌ្ឍន៍​ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងសហគ្រាស ដើម្បីធ្វើប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ដោយស្មើភាព សុវត្ថិភាព ប្រសិទ្ធិភាព និងផលិតភាព ឲ្យស្របតាមការវិវត្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ដែលមាន ៣៩ មាត្រានេះ កំណត់នូវសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាំងអស់ ដែលគ្របដណ្ដប់លើដំណើរ ការ​នៃភតិសន្យាហិរញ្ញវត្ថុលើចលនទ្រព្យ និងចាត់វិធានការការពារសិទ្ធិទាំងនោះ។
ច្បាប់ថ្មីនេះ បានឲ្យនិយមន័យនៃកិច្ចសន្យាភតិសន្យាហិរញ្ញវត្ថុថា ជាកិច្ចសន្យាដែលតាមរយៈនេះ ភតិកៈទទួល បាន​ការប្រើប្រាស់ចនលវត្ថុក្នុងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ។ នៅពេលបញ្ចប់កិច្ចសន្យា ភតិកៈអាច ឬមិនអាច​ទទួលបាននូវចនលវត្ថុទាំងស្រុងតែម្ដង។ ភតិបតីធ្វើហិរញ្ញប្បទានក្នុងការប្រើប្រាស់លើចលនទ្រព្យ មិនមែនជាកម្ម​សិទ្ធិរបស់ខ្លួននោះទេ។
តាមរយៈច្បាប់នេះ ដំណើរការនៃភតិសន្យាហិរញ្ញវត្ថុអាចត្រូវបានអនុវត្តដោយធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុ ដែល​ទទួលបានអាជ្ញាប័ណ្ណក្នុងការវិនិយោគលើវិស័យធនាគារពីធនាគារជាតិនៃកម្ពុជា ឬក៏ស្ថាប័នភតិ សន្យាដែលទទួលបានអាជ្ញាប័ណ្ណក្នុងការវិនិយោគភតិសន្យាហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា។


ច្បាប់ស្ដីពី នីតិវិធីបណ្ដឹងទាក់ទងនឹងឋានៈបុគ្គល

ច្បាប់ស្ដីពី នីតិវិធីបណ្ដឹងទាក់ទងនឹងឋានៈបុគ្គលនេះ ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១០ ដោយមានគោលបំណងក្នុងការធានាការអនុវត្តឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី ក្នុងការដោះស្រាយបណ្ដឹងដែល​ទាក់ទងនឹងឋានៈបុគ្គល។ ទោះបីជាមានការប្រកាសឲ្យប្រើនេះក៏ដោយ ច្បាប់ដែលមាន ៣០ មាត្រានេះមិនត្រូវបាន​អនុវត្តភ្លាមនោះទេ គឺរងចាំរហូតដល់កាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណី ទើបអនុវត្តច្បាប់នេះបាន។
ច្បាប់ពិសេសនេះ បង្កើតនូវអញ្ញត្រកម្មរបស់បញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី ក្នុងការគ្រប់គ្រងលើនីតិ វីធីនៃបណ្ដឹង​នានា ដែលទាក់ទងនឹងឋានៈបុគ្គល ដែលក្នុងនោះរួមមាន បណ្ដឹងទាមទារបញ្ជាក់ អំពីមោឃភាព នៃអាពាហ៍​ពិពាហ៍ បណ្ដឹងទាមទារលុបចោលអាពាហ៍ពិពាហ៍ បណ្ដឹងទាមទារលែងលះ បណ្ដឹងបដិសេធបិតុភាព បណ្ដឹងទាមទារឲ្យ​ទទួលស្គាល់ បណ្ដឹងដែលមានគោលបំណងបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាព បណ្ដឹងដែលមាន គោលបំណងបញ្ជាក់ពី​អត្ថិភាពនៃមាតុភាព បណ្ដឹងទាមទារកាត់កាល់នៃកូនស្មុំពេញលេញ ហើយនិងបណ្ដឹង ផ្សេងៗទៀតដែលមានគោល​បំណងបង្កើត បញ្ជាក់អត្ថិភាព ឬនត្ថិភាពនៃទំនាក់ទំនងនឹងឋានៈបុគ្គល។
យោងទៅតាមច្បាប់ថ្មីនេះ បណ្ដឹងដែលទាក់ទងនឹងឋានៈបុគ្គល ត្រូវស្ថិតក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់សាលា ដំបូង​ដែលមានសមត្ថកិច្ចនៅលំនៅឋានរបស់ភាគីនៃទំនាក់ទំនងនឹងឋានៈបុគ្គលពាក់ព័ន្ធនឹងបណ្ដឹងនោះ ឬក៏ក្នុងករណី​ដែលភាគីទទួលមរណភាព គឺនៅទីកន្លែងដែលចុះលិខិតមរណភាពរបស់ភាគីដែលទទួល មរណភាពនោះ។ ប្រសិន​បើបណ្ដឹងដែលទាក់ទងនឹងឋានៈបុគ្គលត្រូវបានធ្វើឡើងដោយភាគីម្ខាងនៃទំនាក់ទំនង ឋានៈបុគ្គល ប្រឆាំងនឹងភាគី​ម្ខាងទៀតនៃទំនាក់ទំនងបុគ្គលដែរ នោះភាគីដែលត្រូវគេប្ដឹងនឹងក្លាយជា ចុងចម្លើយនៅក្នុងបណ្ដឹងនេះ។ ម្យ៉ាងទៀត ប្រសិនបើបណ្ដឹងដែលទាក់ទងនឹងឋានៈបុគ្គល ត្រូវបានធ្វើ ឡើងដោយជនដែលមិនមែនជាភាគីនៃទំនាក់ទំនងឋានៈ​បុគ្គលពាក់ព័ន្ធនឹងបណ្ដឹងទេ ភាគីទាំងសងខាងនៃ ទំនាក់ទំនងបុគ្គល នឹងក្លាយជាចុងចម្លើយនៅក្នុងបណ្ដឹងនេះ។ លើសពីនេះទៅទៀត ក្នុងករណីដែលចុងចម្លើយ នៅក្នុងបណ្ដឹងណាមួយទទួលមរណភាព ភាគីដែលនៅរស់ត្រូវ​ក្លាយជាចុងចម្លើយ ហើយបើភាគីនេះទទួល មរណភាពទៀតនោះ តំណាងអយ្យការត្រូវចាត់ទុកថាជាចុងចម្លើយ​នៅក្នុងបណ្ដឹងដែលគ្មានចុងចម្លើយនេះ។


ច្បាប់ស្ដីពី ការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស

ច្បាប់ស្ដីពី ការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសនេះ ត្រូវបាន ប្រកាសឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១០ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ជនបរទេស ក្នុងការយកទុន​មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឆ្លើយតមទៅនឹងការកើនឡើងនៃទីផ្សារ អចលនវត្ថុនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ដែលមាន ២៤ មាត្រានេះ ទទួលស្គាល់នូវសិទ្ធិកម្មសិទ្ធិរបស់ជណបរទេសទៅលើចំណែកឯកជន នៃអគារ​សហកម្មសិទ្ធិ ហើយនិងសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់ និងអាស្រ័យផលលើចំណែករួមនៃអគារ​សហកម្មសិទ្ធិ​ផងដែរ។ ទោះជាយ៉ាងណាក្ដី ការទទួលស្គាល់ខាងលើនេះមិនត្រូវបានអនុវត្តលើសិទ្ធិកម្មសិទ្ធិ របស់ជនបរទេស លើ​ជាន់ផ្ទាល់ដី និងជាន់ក្រោមដីនៃអគារសហកម្មសិទ្ធិទេ ហើយក៏មិនអនុញ្ញាតផងដែរចំពោះ សិទ្ធិកម្មសិទ្ធិលើចំណែក​ឯកជននៃអគារសហកម្មសិទ្ធិដែលមានទីតាំងក្នុងរយៈចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែន គោកនៃព្រះរាជាណាចក្រ​កម្ពុជាឡើយ។
ច្បាប់ថ្មីនេះ កំណត់អំពីសិទ្ធិ និងករណីកិច្ចរបស់ជនបរទេសដែលមានសិទ្ធិកម្មសិទ្ធិ ទៅលើចំណែក ឯកជននៃអគារ​សហកម្មសិទ្ធិ ហើយនិងទុករយៈពេលពីរឆ្នាំដល់ជនបរទេសណា ដែលទទួលបានសិទ្ធិកម្មសិទ្ធិលើ ចំណែកឯកជន​នៃអគារសហកម្មសិទ្ធិ មុនច្បាប់នេះចូលជាធរមាន និងមិនស្របនឹងបញ្ញត្តិទាំងឡាយនៃ ច្បាប់នេះ ក្នុងការដោះ​ស្រាយដើម្បីឲ្យស្របតាមច្បាប់នេះឡើងវិញ។


ច្បាប់ស្ដីពី ស្មុំកូនអន្តរប្រទេស

ច្បាប់ស្ដីពី ស្មុំកូនអន្តរប្រទេសនេះត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០០៩ ដោយមានគោលបំណងធា​នាឧត្ដមប្រយោជន៍ និងការពារសិទ្ធិជាមូលដ្ឋានរបស់កុមារដែលជាកម្មវត្ថុនៃការស្មុំកូនអន្តរប្រទេស។ ច្បាប់ដែល​មាន ៥៨ មាត្រានេះ បានបង្កើតនូវ គោលការណ៍ លក្ខខណ្ឌ នីតិវធី ទម្រង់បែបបទ និងអនុភាពនៃការស្មុំកុមារ​ដែលមានសញ្ជាតិខ្មែរ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគូរស្វាមីភរិយា ឬជនណា​ម្នាក់ដែលមានទីលំនៅអចិន្ត្រៃយ៍នៅបរទេស។

មានតែស្មុំកូនពេញលេញតែប៉ុណ្ណោះ ដែលអាចបង្កើតទំនាក់ទំនងញាតិភាពរវាងឳពុកម្ដាយ និងកូនជាអចិន្ត្រៃយ៍ ដោយផ្ដល់ដល់កូនស្មុំនូវសិទ្ធិ និងឋានៈដូចគ្នាទៅនឹងកូនបង្កើតរបស់ឳពុកម្ដាយចិញ្ចឹម ដែលអនុញ្ញាតិដោយច្បាប់ថ្មី​នេះ។ ជាគោលការណ៍ កូនស្មុំត្រូវតែមានអាយុតិចជាង ៨ (ប្រាំបី) ឆ្នាំ គិតមកដល់កាលបរិច្ឆេទនៃការទទួលពាក្យ​សុំ ហើយឳពុកម្ដាយចិញ្ចឹមត្រូវតែរៀបការរួច ហើយមានអាយុយ៉ាង តិច ៣០ (សាមសិប) ឆ្នាំ និងយ៉ាងច្រើន ៤៥ (សែសិបប្រាំ) ឆ្នាំ និងមានអាយុច្រើនជាងកូនស្មុំ យ៉ាងហោចណាស់ ២២ (ម្ភៃពីរ) ឆ្នាំ។ លិខិតស្នើសុំកូនស្មុំអន្តរ​ប្រទេស ត្រូវតែចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលដើរតួនាទីជាអាជ្ញាធរ​កណ្ដាលក្នុងការស្មុំកូនអន្តរប្រទេស ហើយសេចក្ដី សម្រេចចុងក្រោយ នឹងត្រូវបានធ្វើឡើងដោយសាលាដំបូងរាជធា​នីភ្នំពេញ។

No comments:

Post a Comment