Monday, July 1, 2013

លោក ឈូក បណ្ឌិត ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ


ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា ប្រកាស​សាលក្រម​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​រង​របួស ដោយ​សម្រេច​អោយ​អតីត​អភិបាល​ក្រុង​បាវិត ជាប់​គុក ១​ឆ្នាំ​កន្លះ និង​បង្គាប់​ឲ្យ​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​សរុប ៣៨​លាន​រៀល។
ឈូក បណ្ឌិត ៣០៥
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy
ជន​រង​គ្រោះ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ដែល​កាត់​អោយ​លោក ឈូក បណ្ឌិត ជាប់​គុក និង​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ថា មាន​ចំណុច​វិជ្ជមាន​ច្រើន​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​អោយ​ជនរងគ្រោះ។
មេធាវី​ជន​រងគ្រោះ អ្នកស្រី សារី បុត្រចរិយា មាន​ប្រសាសន៍​បន្ទាប់​ពី​ការ​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ពិត​មែន​ថា​សេចក្ដី​សម្រេច​របស់​ចៅក្រម​​នៅ​ពុំ​ទាន់​បាន​ដូច​ការ​ចង់​បាន​របស់​ក្រុម​មេធាវី​ជន​រង​គ្រោះ ប៉ុន្តែ​នេះ​បង្ហាញ​ថា តុលាការ​បាន​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌​អោយ​ជន​រង​គ្រោះ ដែល​ជា​កម្មករ​ក្រីក្រ​ស្លូត​ត្រង់។
ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក លាង សួស្តិ៍ បាន​កាត់​អោយ​លោក ឈូក បណ្ឌិត មាន​ទោស​រយៈ​ពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដី​កា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​អោយ​មក​ទទួល​ទោស។ រីឯ​ជន​ជាប់​ចោទ សរ ចន្ថា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​បាវិត ត្រូវ​រួច​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ​ត្រូវ​ផ្ដន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១​លាន​រៀល ពី​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។
ស្រប​គ្នា​នេះ​ក៏​បាន​បង្គាប់​អោយ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សំណង​សរុប ៣៨​លាន​រៀល​ទៅ​ជន​រង​គ្រោះ​ដែល​ជា​កម្មការិនី​ទាំង ៣​នាក់។ ក្នុង​នោះ​ត្រូវ​បង់​ទៅ​អោយ ប៊ុន ចិន្ដា ដែល​របួស​ធ្ងន់​ជាង​គេ​នូវ​ទឹក​ប្រាក់​ចំនួន ២០​លាន​រៀល នុត សាខន ចំនួន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល។
ឆ្លើយ​តប​នឹង​ការ​កាត់​ទោស​នេះ​លោក​មេធាវី ស៊ុន ប៊ុណ្ណារិទ្ធ ការពារ​អោយ​លោក ឈូក បណ្ឌិត អះអាង​ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍៖ «កូន​ក្ដី​ខ្ញុំ​នឹង​ប្ដឹង​មក​តុលាការ​ជាន់​ខ្ពស់ ដើម្បី​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​គាត់»
ដូច​គ្នា​នេះ​ដែរ​ចំពោះ​លោក សរ ចន្ថា បាន​ចាត់​ទុក​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ថា​ពុំ​មាន​យុត្តិធម៌​ចំពោះ​ខ្លួន​ឡើយ៖ «ដល់​រក​ហេតុ​ផល​មិន​ឃើញ មក​ចោទ​ថា​ខ្ញុំ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទៅ​វិញ។ អាវុធ​នោះ​ខ្ញុំ​អត់​បាន​ប្រើប្រាស់​ទេ វា​អយុត្តិធម៌​ចំពោះ​ខ្ញុំ​ដែរ»
ចំណែក​ជន​រង​គ្រោះ​បាន​អះអាង​ថា ពួក​គេ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​នៅ​ពេល​ដែល​លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​ពី​ការ​ឃុំឃាំង​នៅ​ឡើយ។
កម្មការិនី នុត សាខន បាន​បញ្ជាក់​ថា បើ​ទោះ​ជា​ពួក​នាង​ជា​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​ការ​គំរាម​កំហែង​ណា​មួយ​ក៏​ពួក​នាង​កំពុង​រស់​ក្នុង​ភាព​ភិតភ័យ៖ «ពី​មុន​មក​មិន​ដែល​មាន​ចេញ​ដីកា​ចាប់​ខ្លួន​ទេ ឥឡូវ​ចេញ​ដីកា​ចាប់​ខ្លួន ហើយ​មនុស្ស​នៅ​ក្រៅ​ឃុំ ពួក​ខ្ញុំ​ខ្លាច»
ភ្លាមៗ​នេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​រួម​មាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​សាទរ​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង ប៉ុន្តែ​បាន​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ថា មាន​ការ​ប្រើប្រាស់​បទដ្ឋាន​ច្រើន​ខុសៗ​គ្នា។
សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ថា បទដ្ឋាន​តុលាការ​ខ្មែរ​មាន​ពីរ​ផ្សេង​គ្នា​រវាង​ការ​ផ្ដន្ទាទោស​បុគ្គល​ដែល​មាន​អំណាច​ដូច​ជា​លោក ឈូក បណ្ឌិត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដូច​អ្នកស្រី យ៉ោម បុប្ផា ជាដើម។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា តុលាការ​គួរ​តែ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដោយ​ស្មើ​ភាព​គ្នា ដូច​ដែល​មាន​ធានា​ដោយ​ច្បាប់៖ «ករណី​អ្នក​មាន​អំណាច មាន​ខ្នង​បង្អែក ច្រើន​តែ​គេច​ផុត​ពី​ច្បាប់ ឬ​ក៏​ការ​កាត់​ទោស​មាន​កម្រិត​ស្រាល...»
ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ស្នើ​អោយ​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ឬ​អគ្គព្រះរាជអាជ្ញា​ត្រូវ​ប្ដឹង​ជំទាស់​នឹង​សាលក្រម​​កាត់ទោស លោក ឈូក បណ្ឌិត។
ឆ្លើយ​តប​នឹង​សំណើ​នេះ​ ព្រះ​រាជអាជ្ញា​ខេត្ត​ស្វាយរៀង លោក គា សាន់ថារ៉ូ មាន​ប្រសាសន៍​ថា លោក​យល់​ថា ការ​កាត់​ទោស​នេះ​សមរម្យ​ហើយ ប៉ុន្តែ​លោក​នឹង​ពិចារណា​ទៀត​ថា តើ​ត្រូវ​ប្ដឹង​ជំទាស់ ឬ​អត់៖ «ប្រកាស​ឲ្យ​មាន​ទោស​ប៉ុណ្ណឹង​វា​សមរម្យ​ហើយ តែ​ការ​ប្ដឹង​ឧទ្ធរណ៍​មិន​ប្ដឹង ចាំ​គិត​មើល​សិន»
ស្រប​ពេល​ដែល​មាន​ការ​សាទរ​ចំពោះ​ការ​កាត់​ទោស​លោក ឈូក បណ្ឌិត ទាំង​ជន​រង​គ្រោះ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្នើ​អោយ​សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ​ជា​បន្ទាន់ ទៅ​តាម​ដីកា​របស់​សាលាដំបូង​ដែល​បញ្ជាក់​ថា ពុំ​អនុញ្ញាត​អោយ​លោក​នៅ​ក្រៅ​ឃុំ​ឡើយ បើ​ទោះ​ជា​លោក​ប្ដឹង​ឧទ្ធរណ៍​ភ្លាមៗ​នេះ​យ៉ាង​ណា​ក៏​ដោយ៕

No comments:

Post a Comment