ដោយ៖ ស៊ុន ណារិន | ថ្ងៃច័ន្ទ ទី29 ខែកក្កដា ឆ្នាំ2013, ម៉ោង 08:58 AM
អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល ប្រកាសលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ ថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧អាសនៈ ស្មើនឹង៥៤.៤៧ភាគរយ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៦អាសនៈ ស្មើនឹង៤៥.៥៣ភាគរយ។
លទ្ធផលនេះ មិនខុសគ្នាច្រើននឹងលទ្ធផលបឋមរបស់គណបក្សប្រជាជនកម្ពុជាទេ ដោយសារគណបក្សកាន់អំណាច បានប្រកាសថាខ្លួនទទួលបានអាសនៈចំនួន៦៨ ក្នុងចំណោមអាសនៈចំនួន១២៣ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការខុមហ្វ្រែល ចេញផ្សាយនៅថ្ងៃទី២៩ខែកក្កដា ឲ្យដឹងលទ្ធផលដែលទទួលបាននេះ គឺប្រមូលចេញមកពីការិយាល័យរាប់សន្លឹកឆ្នោត ដោយអ្នកសង្កេតការណ៍ខុមហ្វ្រែលពី១៤៧០ការិយាល័យរាប់សន្លឹកឆ្នោត។
គណបក្សប្រជាជនកម្ពុជា(CPP) កាលពីថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តរក្សាភាពស្ងប់ស្ងៀមនឹងន ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ប្រសើរ ដើម្បីបង្កលក្ខណៈ ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្តដំណើរការរបស់ខ្លួនរហូតបានបញ្ចប់ជាស្ថាពរ។
ចំណែកគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ អំពាវឲ្យរក្សាភាពស្ងប់ស្ងៀម រង់ចាំទទួលលទ្ធផលផ្លូវការនៃការបោះឆ្នោត និងសូមអំពាវនាវឲ្យចៀសវាងនូវការប្រើហិង្សា និងការបង្កបញ្ហាណាមួយ ដែលនាំឲ្យមានចលាចលនៅក្នុងសង្គម។
លទ្ធផលបណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ចំនួន២២អាសនៈ ពោលគឺពី៩០ មក៦៨។ នេះជាលើកទីមួយហើយ ដែលអាសនៈសភាគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានដឹកនាំប្រទេសជិត៣០ឆ្នាំមកហើយ ធ្លាក់ចុះ។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥៤។ នៅឆ្នាំ១៩៩៨ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៣ និងនៅឆ្នាំ២០០៣ ទទួលបាន៧៣អាសនៈ។ នៅឆ្នាំ២០០៨ អាសនៈសភារបស់គណបក្សប្រជាជនកម្ពុជា បានកើនរហូតដល់៩០អាសនៈ។
លទ្ធផលបណ្តោះអាសន្ននេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា អាចបង្កើតរដ្ឋាភិបាលតែឯងបាន ដោយប្រើសំទ្បេង៥០បូក១ ដោយស្របទៅនឹងរដ្ឋធម្មនុញ្ញដែលត្រូវបានធ្វើវិសោធនកម្មឆ្នាំ២០០៦។
គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបែងចែកអាសនៈ និងកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីមាន ឬគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតសារជាថ្មី) ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣៕
- See more at: http://vodhotnews.com/15029#sthash.eRBtI8xb.dpufគ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបែងចែកអាសនៈ និងកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីមាន ឬគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតសារជាថ្មី) ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣៕
No comments:
Post a Comment