Monday, July 8, 2013

កុំ​ច្រឡំ​បណ្ឌិត​ពិត និង​បណ្ឌិត​ចែក​អំណោយ


130610_02
បណ្ឌិត វណ្ណ មូលីវណ្ណ ទទួល​​​បាន​​សញ្ញា​បត្រនៅ​បារាំង​។ ភ្នំពេញ ប៉ុស្តិ៍​

និន្នាការ​ឲ្យ​តម្លៃ​មនុស្ស​មាន​លក្ខណៈ​ឈូ​ឆរ​ខុសៗ​គ្នា នៅ​ក្នុង​សង្គម​ខ្មែរ​ទៅ​តាម​សម័យកាល​។ កាល​ពី​ដើម​មុន​សម័យ​ខ្មែរ​ក្រហម​គឺ​គ្រូ​បង្រៀន​ត្រូវ​គេ​លើក​តម្កើង និង​មាន​ឥទ្ធិពល តែ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ គឺ​សង្គម​សម័យកាល​នោះ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ទាហាន​បន្ទាប់​មក​ទៀត​គេ​ក៏​ចាប់​ផ្តើម​ឲ្យ​តម្លៃ​លើ​គ្រូពេទ្យ​គឺ​គ្រាន់​តែ ប្រឡង​ជាប់​សាលា​ពេទ្យ​ភ្លាម គឺ​មាន​គេ​លើក​កូន​ឲ្យ​ភ្លែត​បើ​ទោះ​បី​ជា​ការ​ប្រឡង​ជាប់​នោះ​ប្រកប​ទៅ​ដោយ​ការ​សូក​ប៉ាន់​ក្តី ហើយ​ឲ្យ​តែ​គ្រូពេទ្យ​វេជ្ជបណ្ឌិត​ចង់​និយាយ​ថា ម៉េច​ក៏​ត្រូវ​ដែរ។
មក​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ គឺ​អ្នក​រៀន​ច្បាប់​និង​អ្នក​ចេះ​ភាសា​អង់គ្លេស​ចាប់​ផ្តើម​មាន​តម្លៃ​ខ្លួន​ម្តង គឺ​ថា​ឲ្យ​តែ​ចេះ​ច្បាប់​និង​ភាសា​អង់គ្លេស​ដើរ​ពើង​ទ្រូង​ហើយ​មាន​តម្លៃ​ដូច​មាស​១​តោន​នៅ​ក្នុង​ខ្លួន​អ៊ីចឹង​។ តែ​នៅ​ដើម​ឆ្នាំ​២០០០​គឺ​គេ​កំពុង​ពេញ​និយម​នឹង​ពាក្យ​ថា​៖«​ឯកឧត្តម​» ដោយ​សារ​សង្គម​ចេះ​តែ​ឲ្យ​តម្លៃ​ខ្លួន ឯកឧត្តម គឺ​សុទ្ធ​អ្នក​ធំ និង​មាន​តួនាទី​ថា្នក់​ដឹកនាំ ក្នុង​ជួរ​រាជ​រដ្ឋាភិបាល សមាជិក​សភា និង​ព្រឹទ្ធសភា​ហើយ​។ អ្នក​មួយ​ចំនួន​ដែល​មាន​កូន​ក្រមុំ គ្រាន់​តែ​ឮ​ឈ្មោះ​ឯកឧត្តម​ក៏​ឲ្យ​កូន​ភ្លាម​។ តែ​មក​ដល់​បច្ចុប្បន្ន​ពាក្យ​ថា​ឯកឧត្តម ត្រូវ​បាន​សាប​រលាប​ទៅ​វិញ​ដោយ​ឋានៈ​ឯកឧត្តម ច្រើន​ហួស​ហេតុ​ពេក​មិន​សម​ហេតុ​សម​ផល​ខ្លះ​រក​តែ​ការិយាល័យ​អង្គុយ​មិន​ចង់​បាន​ផង​ក៏​ឯកឧត្តម​ដែរ​។​ឧទាហរណ៍​៖ គ្រាន់​តែ​ជា​ទីប្រឹក្សា​របស់​រដ្ឋ​លេខាធិការ​សោះ មាន​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋ​លេខាធិការ ក៏​បាន​ឈ្មោះ​ថា​ជា​ឯកឧត្តម​ដែរ​។ តែ​ធាតុ​ពិត​ឯកឧត្តម ដែល​មាន​តំណែង​មាន​តួ​នាទី​ពិត​ប្រាកដ​នៅ​តែ​ត្រូវ​បាន​គេ​គោរព និង​ឲ្យ​តម្លៃ​ជា​រៀង​រហូត​នៅ​ក្នុង​សង្គម។
ឥឡូវ​នេះ​ឈាន​ចូល​ដល់​ពាក្យ​ថា​៖«​បណ្ឌិត​»​វិញ​ម្តង​គឺ​ក្រឡេក​ទៅ​ណា​ក៏​ឃើញ​ក៏​ឮ​ពាក្យ​នេះ​ដែរ​តំាង​ពី​នៅ​តាម​កន្លែង​ធ្វើ​ការ​រហូត​ដល់​កន្លែង​ចែក​អំណោយ​និង​ពី​អត្ថបទ​សារ​ព័ត៌មាន​រហូត​ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជូន​ពរ ពី​បណ្ឌិត​មួយ​ទៅ​បណ្ឌិត​មួយ​ព្រោង​ព្រាត ដែល​កំពុង​ពេញ​និយម​។​គឺ​ថា ឲ្យ​តែ​បាន​បណ្ឌិត​ភ្លាម អាង​ដូរ​នាមប័ណ្ណ​ចែក​គេ​ឯង ដើម្បី​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​ហើយ​។ ខ្លះ​ទៀត​គ្រាន់​តែ​នៅ​រៀន​ក៏​ប្រឹង​ដាក់​បន្ថែម​លើ​ការងារ​របស់​ខ្លួន ដែរ​ជា​បេក្ខជន​បណ្ឌិត ខ្លាច​គេ​មិន​ដឹង។​តើ​នេះ​មក​ពី​បណ្ឌិត​ពិបាក​រៀន​យក​សញ្ញាបត្រ​ណាស់​ទៅ ឬ​ក៏​មក​ពី​សង្គម​កំពុង​ឲ្យ​តម្លៃ​បាន​ជា​ម្នាក់ៗ​ខិតខំ​ហ៊ឺហា​នឹង​ពាក្យ​បណ្ឌិត​នេះ​ខ្លាំង​ម៉្លេះ?
បើ​តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ពាក្យ​ថា​បណ្ឌិត​មាន​ន័យ​ថា​៖«​ជន​អ្នក​មាន​ប្រាជ្ញា ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ដោយ​ខ្ជាប់​ខ្ជួន​ហ្មត់​ចត់​ជានិច្ច​អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌​។ ពាក្យ​នេះ​ជា​ការ​សន្មត​ប្រើ​តាម​សម័យ​និយម​ហៅ​អ្នក​មាន​វិជ្ជា​ខ្ពស់​ដែល មាន​សញ្ញាបត្រ​កម្រិត​ដុកទ័ររ៉ាត៍​(Doctorate) »។ ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ម្នាក់ៗ​ខំ​ប្រឹង​បង្ហាញ​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​បាន​បណ្ឌិត​ជា​ជាង​ខំ​រៀន​មែន​ទែន​យក​កម្រិត​នេះ​។ ជាក់​ស្តែង​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​ការ​បែង​ចែក​ពាក្យ​បណ្ឌិត​មួយ​ចំនួន​ខុសៗ​គ្នា រួម​មាន បណ្ឌិត​អាកាឌឺមី (PhD) បណ្ឌិត​កិត្តិយស និង​បណ្ឌិត​រៀន​លេងៗ​តែ​ចង់​បាន​សញ្ញាបត្រ​មែន​ទែន​៖
១) បណ្ឌិត​អាកាឌឺមី​(PhD) គឺ​ជា​អ្នក​ដែល​ប្រឹង​ប្រែង​រៀន​បន្ទាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ៣ ទៅ​៥​ឆ្នាំ​អាស្រ័យ​ទៅ​តាម​សាកល​វិទ្យាល័យ​ខ្លះ​អាច​រៀន​លើស​ពី​នេះ​ទៅ​ទៀត​ហើយ​ស្រាវជ្រាវ​ទៅ​តាម​ស្តង់ដារ​នូវ​របក​គំហើញ​អ្វី​ដែល​ថ្មី​ពិត​ប្រាកដ​ដែល​អាច​យក​ទៅ​បោះពុម្ព​ជា​សៀវភៅ​សម្រាប់​ការ​ប្រើ​ប្រាស់​យក​ជា​ការ​បាន​។ ក្នុង​នោះ​ក៏​មាន​អ្នក​យក​សញ្ញាបត្រ​នេះ​មិន​បាន​ដែរ មិន​មែន​ឲ្យ​តែ​រៀន​សុទ្ធ​តែ​បាន​សញ្ញាបត្រ​នោះ​ទេ។
២) បណ្ឌិត​កិត្តិយស គឺ​ជា​គោរមងារ ដែល​ផ្តល់​ដោយ​ព្រះ​មហាក្សត្រ តាម​រយៈ​ស្នាដៃ​ការងារ​កសាង​ជាតិ​របស់​ឥស្សរជន។ ឧទាហរណ៍​៖ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​គោរមងារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ លោក​ជំទាវ សម​នឹង​ទទួល​បាន​នូវ​គោរមងារ​នេះ តាម​រយៈ​ស្នាដៃ​របស់​គាត់​ដែល​បាន​ចូល​រួម​អភិវឌ្ឍ​ជាតិ​ហើយ​សកម្មភាព​គាត់​ក៏​ដូច​ជា​ស្ត្រី​ទី១​ដទៃ​ទៀត​នៅ​លើ​សកលលោក​ផង​ដែរ​។ ប៉ុន្តែ បណ្ឌិត​ប្រភេទ​នេះ​មិន​អាច​ហៅ​គាត់​បាន​ថា ជា​បណ្ឌិត​អាកាឌឺមី​(PhD)​បាន​ទេ​។ តែ​មាន​បណ្ឌិត​កិត្តិយស​មួយ​ទៀត​នោះ គឺ​មាន​ឥស្សរជន​មួយ​ចំនួន​បាន​ទទួល​សញ្ញាបត្រ​កិតិ្តយស​ពី​សាកល​វិទ្យាល័យ​នានា ទោះ​ជា​នៅ​ក្នុង​ស្រុក ឬ​ក៏​ក្រៅ​ស្រុក​ក្តី​។ តែ​មិន​អាច​យក​ឈ្មោះ​គាត់​ដាក់​ថា បណ្ឌិត​នេះ បណ្ឌិត​នោះ​ដើម្បី​បោក​ប្រាស់​ឬ​ក៏​បំភាន់​ភ្នែក​គេ​បាន​ទេ ឬ​ក៏​ដើម្បី​ដំឡើង​កាំ​ប្រាក់​បៀវត្សរ៍​បាន​ដែរ​ព្រោះ​វា​មិន​មែន​ជា​បណ្ឌិត​អាកាឌឺមី​(PhD)​ទេ​។ សព្វ​ថ្ងៃ​នេះ​មាន​ការ​ច្របូក​ច្របល់​រឿង​ប្រើ​ពាក្យ​ថា​បណ្ឌិត​កិត្តិយស​នេះ​និង​បណ្ឌិត​អាកាឌឺមី​(PhD) នៅ​តាម​សារ​ព័ត៌មាន ឬ​ក៏​លិខិត​ជូន​ពរ​ជា​ដើម​ហើយ​បណ្ឌិតៗ​ទាំង​នេះ គេ​ឃើញ​តែ​ចុះ​ចែក​អំណោយ​ទេ។
៣) បណ្ឌិត​រៀន​លេងៗ​តែ​ចង់​បាន​សញ្ញាបត្រ​បណ្ឌិត​មែន​ទែន៖ ដែល​ភាសា​សាមញ្ញ​ហៅ​ថា​រៀន​គ្រាន់​តែ​យក​សញ្ញាបត្រ ឬ​ក៏​បណ្ឌិត​គ្មាន​គុណភាព​។ ជាមួយ​គ្នា​នេះ​ដែរ​មាន​ឥស្សរជន​មួយ​ចំនួន​និង​អ្នក​ដែល​មាន​តួនាទី​គួរ​សម​ចាប់​ផ្តើម​ចង់​បាន​សញ្ញាបត្រ​នឹង​គេ​ដែរ​ក៏​ចាប់​ផ្តើម​បង់​លុយ​រៀន​លេងៗ មួយ​ខែ​ឬ​មួយ​ខួប​ទៅ​រៀន​ម្តង​ព្រោះ​គ្មាន​ពេល​ទៅ​រៀន​ទេ​តែ​មាន​ពេល​ទៅ​ចុះ​មូលដ្ឋាន​និង​ចែក​សារុង ប៊ីចេង និង​លុយ​ជូន​ពលរដ្ឋ​នៅ​តាម​ជនបទ​។ ពេល​សរសេរ​និក្ខេបបទ​ជួល​គេ​ឲ្យ​សរសេរ​ក៏​មាន​បន្ទាប់​ពី​បាន​សញ្ញាបត្រ​ព្យួរ ទុក​គ្រាន់​បន្លាច​ក្មេងៗ​។ ម្យ៉ាង​ទៀត​ស្រុក​ខ្មែរ​ស្រួល​ទេ គឺ​ឲ្យ​តែ​បង់​លុយ​ឲ្យ​សាលា​ទៅ​គឺ​បាន​ជាប់​សញ្ញាបត្រ​នេះ​ហើយ តែ​គ្មាន​គុណភាព​គេ​មិន​គិត​ទេ។
មាន​និក្ខេបបទ​ក្នុង​ស្រុក​មួយ​ចំនួន​គឺ​ចម្លង​ទាំង​ដុល​យក​មក​ដាក់​ឲ្យ​តែ​បាន​វែង​ច្រើន​ទំព័រ ហើយ​ក៏​គ្មាន​ឃើញ​ផ្សព្វ​ផ្សាយ​ជា​របក​គំហើញ​អ្វី​ដែល​ថ្មី​ដែរ​ពោល​គឺ​ឲ្យ​តែ​បាន​សញ្ញាបត្រ​ទៅ​រួច​ខ្លួន​ហើយ​។ ដូច្នេះ​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​កុំ​ច្រឡំ​បណ្ឌិត​ចែក​អំណោយ​និង​បណ្ឌិត​ស្រាវ​ជ្រាវ​មែន​ទែន។
បើ​តាម​ស្ថិតិ​របស់​ក្រសួង​អប់រំ យុវជន ឆ្នាំ ២០១១-២០១២ មាន​គ្រូ​បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​៧០០ នាក់​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​។ តែ​នៅ​មាន​បណ្ឌិត​ដែល​មិន​ធ្វើ​ជា​គ្រូ​បង្រៀន​ទៀត​ឡើង​ជាង​១០០០​នាក់​ទៅ​ហើយ​។ បើ​បណ្ឌិត​ទាំង​នេះ​មាន​ឆន្ទៈ​ស្រាវជ្រាវ​អ្វី​ថ្មីៗ​មួយ​ប្រធាន​បទ​ក្នុង​ម្នាក់​កម្ពុជា​នឹង​ទទួល​បាន​នូវ​របក​គំហើញ​ជា​ច្រើន​សម្រាប់​រាជ​រដ្ឋាភិបាល ឬ​ក៏​វិស័យ​ឯកជន​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​អភិវឌ្ឍ​ជាតិ​ដែរ​។ ផ្ទុយ​ទៅ​វិញ​ឲ្យ​តែ​បាន​សញ្ញាបត្រ​បណ្ឌិត​នោះ​គឺ​ចប់​ហើយ​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី​បន្ត​ទៀត​ទេ។ ទុក​ពេល​ចូល​ខារ៉ាអូខេ​វិញ​សប្បាយ​ជាង​៕

No comments:

Post a Comment