សារាចរថ្មីរបស់រាជរដ្ឋាភិបាលធ្វើឱ្យអំណាចឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រលើព្រះរាជក្រឹត្យតាមព្រះរាជសិទ្ធិព្រះអង្គបាត់បង់
មាត្រា១ កថាខណ្ឌទី១, មាត្រា៧ កថាខណ្ឌទី១, មាត្រា៨ កថាខណ្ឌទី១, មាត្រា២១ កថាខណ្ឌទី២ និងមាត្រា ២៧នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា “ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្ដរូបជាតិនៃឯកភាពជាតិ និងនិរន្ដរភាពជាតិ ។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរឬដកចៅក្រមផ្នែកយុត្ដាធិការ ។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។” ។
នៅពេលនេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមលើកយកត្រឹមការតែងតាំងទីប្រឹក្សា ឬជំនួយការរបស់ព្រះមហាក្សត្រ និងការតែងតាំងជនមួយចំនួនជាឧកញ៉ា ឬអ្នកឧកញ៉ាដោយព្រះរាជក្រឹត្យ មកនិយាយតែប៉ុណ្ណោះ ។
តាមការកត់សម្គាល់នាពេលកន្លងមក បានបង្ហាញថា មានព្រះរាជក្រឹត្យមួយចំនួនតិចតួចដែលបានតែងតាំងឥស្សរជនជាទីប្រឹក្សាព្រះមហាក្សត្រដោយយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា (ឧទាហរណ៍ការ តែងតាំងឯកឧត្ដម សួន សាលីម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៩/៥១៤ ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០០៩) រីឯការតែងតាំងភាគច្រើនមិនបានឆ្លងកាត់ការយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ដ្រីទេ(សូមមើលឯកសារព័ស្ដុតាងជូនភ្ជាប់) ។
ដោយឡែកការតែងតាំងជនជាឧកញ៉ា ឬអ្នកឧកញ៉ាក៏ដូចគ្នាដែរ គឺមានការតែងតាំងខ្លះដោយយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចប្រធានរដ្ឋសភា (ការតែងតាំងឯកឧត្ដម ឈាង ប៉េត្រូ ជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤៥ចុះថ្ងៃទី០៩ខែសីហាឆ្នាំ២០០៧) តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចប្រធានព្រឹទ្ធសភា (ការតែងតាំងឯកឧត្ដម តេង ស៊ីថា ជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/០៥៤ ចុះថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០០៧) តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ដ្រី (ការ តែងតាំងឯកឧត្ដម សួន សិទ្ធី ជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៧/០១២ ចុះថ្ងៃទី០៨ខែមករាឆ្នាំ២០០៧) ។ ប៉ុន្ដែមានការតែងតាំងភាគច្រើនទៀតមិនបានឆ្លងកាត់តាមការយោងសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចប្រធានព្រឹទ្ធសភាក្ដី សម្ដេចប្រធានរដ្ឋសភាក្ដី និងសម្ដេចនាយករដ្ឋមន្ដ្រីក្ដីឡើយ(ឧទាហរណ៍ ការតែងតាំងលោក ឌួង ងៀប ជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៨/៥៥៧ ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០០៨, ការតែងតាំងឯកឧត្ដម ពុង ឃាវសែ ជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៧៥ ចុះថ្ងៃទី២៦ខែមករាឆ្នាំ២០០៩, ការតែងតាំងលោកជំទាវ ចាប ច័ន្ទម៉ានីកា ជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៨០ ចុះថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១០។ល។)។
អនុលោមតាមទម្រង់នៃការចេញព្រះរាជក្រឹត្យឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រក្នុងការតែងតាំងជនជាឧកញ៉ាកន្លងមកមានចំនួនរាប់ភ្លេច គឺបានបង្ហាញថា ក្រៅពីសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចព្រះប្រធានរដ្ឋសភា និងសម្ដេចនាយករដ្ឋមន្ដ្រីនោះ គឺព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិ ប្រោសប្រទានតែងតាំងជនជាឧកញ៉ាបានតាមព្រះទ័យរបស់ព្រះអង្គផ្ទាល់ ។
ឥឡូវនេះ រាជរដ្ឋាភិបាលបានចេញសារាចរមួយលេខ០៣សរ ចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣ ស្ដីពីការអនុវត្ដគោលការណ៍ណែនាំអំពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត គឺបានតម្រូវឱ្យការតាក់តែងព្រះរាជក្រឹត្យស្ដីពីការតែងតាំង(ឬប្រទានងារ) អ្នកឧកញ៉ា ឬឧកញ៉ា ត្រូវយោង តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ដ្រី ។ លើសពីនេះ ការតាក់តែងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសក៏ត្រូវយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ដ្រីដែរ ។
សរុបសេចក្ដីមក យោងតាមសារាចររបស់រាជរដ្ឋាភិបាលនេះ គឺអំណាចឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រលើព្រះរាជក្រឹត្យតាមព្រះរាជសិទ្ធិរបស់ព្រះអង្គផ្ទាល់ ត្រូវបានបាត់បង់ទាំងស្រុងហើយៗត្រូវអនុវត្ដន៍តាមការស្នើរបស់“សម្ដេចតេជោសែន”ជានាយករដ្ឋមន្ដ្រីជាបុរសខ្លាំងរបស់កម្ពុជាជាដរាប និងសិទ្ធិមួយចំនួនរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងសិទ្ធិរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើការស្នើទៅព្រះមហាក្សត្រតែងតាំងជនជាឧកញ៉ាដូចបានធ្លាប់ធ្វើកន្លងមក ក៏បាត់បង់ទៅទាំងអស់គ្នាដែរ ។ ឯវំ ! ។!
No comments:
Post a Comment