Friday, July 26, 2013

អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​រិះគន់​ថា​ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ជា​ប្រព័ន្ធ

សិទ្ធិ​មនុស្ស

អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​រិះគន់​ថា​ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ជា​ប្រព័ន្ធ

កែប្រែ​​​ទំហំ​​​អក្សរ 
ទីក្រុងវ៉ាស៊ីនតោន៖ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការឃោសនា​រក​សំឡេង​ឆ្នោត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ អង្គការ​ស.រ.អា.​មួយ​ឈ្មោះ ​Human ​Rights​ Watch ​(HRW)​ បាន​និយាយ​ថា​ មាន​បញ្ហា​ជាប្រព័ន្ធ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ថ្ងៃ​២៨ ​ខែ​កក្កដា​នេះ​គ្មាន​លក្ខណៈ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូវ។​ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃនេះ។​

អង្គការ ​HRW ​និយាយ​ដូច្នេះ​ដោយ​យោង​ទៅលើ​បញ្ហា​សំខាន់​បី​គឺ​ទាក់ទង​នឹង​ភាព​ស្មើគ្នា​នៃ​ប្រព័ន្ធ​ឃោសនា​ ក្រុម​មន្ត្រី​មាន​ភាព​លម្អៀងទៅរក​គណបក្ស គ្រប់គ្រង​ប្រទេស​ ហើយ​នឹងការ​មិនឲ្យ​លោកសម រង្ស៉ី​មេដឹកនាំ​ជំទាស់​ឈរ ឈ្មោះឲ្យ​គេបោះឆ្នោត​ជូននៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី២៨​ខែកក្កដា​នេះ។

លោកBrad Adams ​នាយក​អង្គការ​ HRW ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែងថា​ គណ បក្ស​ជំទាស់​មិនមាន​ប្រព័ន្ធ​ឃោសនា​ស្មើគ្នា​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស រចនា​សម្ព័ន្ធ​ថ្នាក់ជាតិ​និងថ្នាក់​មូលដ្ឋាន​មានភាព​លម្អៀងទៅរក​គណបក្ស​ប្រជា ជនកម្ពុជា​ គ្មាន​ប្រព័ន្ធ​យន្តការណ៍​ដោះស្រាយ​ទំនាស់​ដោយ​ឯករាជ្យ​និង​មិន​លម្អៀង​ ​បញ្ជី​បោះឆ្នោត​មាន​ឈ្មោះ​ប៉ោងឬ​ឈ្មោះខ្មោច​ ការផាត់​ចោល​លោក សម រង្ស៉ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិនឲ្យ​ឈរឈ្មោះ​ប្រកួតប្រជែង​ហើយ កងកម្លាំង​ប្រដាប់​អាវុធបាន​ជួយ​ឃោសនា​បោះឆ្នោត​ដល់​គណបក្ស​ប្រជាជន កម្ពុជា។

លោកBrad Adams ​បានថ្លែងថា៖​ «ដំណើរការ​ទាំងមូល​គឺមាន​ភាព​លម្អៀងទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ ប្រឆាំង​នឹង​គណបក្ស​ជំទាស់។ ​លទ្ធផល​ដែល​គួរ​ធ្វើ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ ត្រូវ​គេ​រៀបចំ​ឲ្យ​ទៅ​ជា​លទ្ធផល​តាម​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​បន្ត​ថា​ ការ​បោះឆ្នោត​មួយ​ដែល​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​គេ​រារាំង​មិន​ ឲ្យ​ប្រកួត​ប្រជែង​គឺ​សឹងតែ​ជា​ដំណើរការ​ដែល​គ្មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​នឹង​ យុត្តិធម៌។​

តែលោកទេព នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដោយ​ថ្លែង​ថា​ អង្គការ ​HRW ​ជា​អង្គការ​មិន​ដែល​និយាយ​អ្វីល្អ​ពី​កម្ពុជា ​រួមទាំង​ការ​បោះឆ្នោត។​ លោក​ថ្លែង​ថា ​បញ្ហា​លោក​សម រង្ស៉ី​ជា​រឿងមិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ដែល​គ.ជ.ប.​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​ដើម្បី​លុប​ឈ្មោះ​លោក​តែ​ប៉ុណ្ណោះ ​ហើយ​ការ​តវ៉ាត្រូវ​បិទផ្លូវ​ហើយ​ដោយ​សារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្បាស់​លាស់​ហើយ។​ ​លោក​អះអាង​ថា​ គ.ជ.ប​.គ្មាន​សមត្ថ​កិច្ច​លើ​ប្រព័ន្ធ​ឃោសនា​ឯកជន​ដែល​មាន​ឯក​រាជ្យភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់គេ​នោះទេ។​ លោក​ទេព នីថា​អះអាង​ថា ​ការ​បោះឆ្នោត​មាន​អ្នក​សង្កេត​ការណ៍​ជាច្រើន​ទាំងជាតិ​ និង​អន្តរជាតិ​ដើម្បី​ធានា​ភាព​សេរី​និង​យុត្តធម៌។​

លោក​និយាយថា៖​ «អញ្ចឹងទៅ ​ការវាយ​តម្លៃ​ទៅជា​យ៉ាងណា​ នៅពេល​ចប់ការ​បោះ​ឆ្នោត?​ យើងនឹង​ឃើញ​ថា​ ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​វា​យ៉ាង​ណា»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចេញ​ សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ស្រដៀង​គ្នា​នឹង​អង្គការ​ HRW ​ដែរ​ អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទាក់ទង​នឹង​ភាព​មិនប្រក្រតី​ជាច្រើន​និង​ភាព​អវិជ្ជាមាន​ច្រើន​ចម្រុះ​គ្នា។ ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ខុមហ្រែល ​និង​អង្គការ​និចហ្វិច​បាន​អំពាវនាវ​ឲ្យមាន​ការត្រួត​ពិនិត្យ​គុណភាព​ទឹកខ្មៅ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ មិ​នត្រូវ​ប្រើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​មិន​ត្រឹមត្រូវ ​ដែល​គ្មាន​បិទ​រូប​ថត ​គ្មាន​ត្រា​ គ្មាន​ស្នាម​មេដៃ​ដើម្បី​បោះឆ្នោត។ ​អ្នកសង្កេត​ការណ៍​ត្រូវ​នៅ​រហូត​ដល់​ពេលចប់​ដំណើការ​បោះឆ្នោត។ ​ហើយ​គណបក្យ​នយោបាយ​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ក្រោយ​លទ្ធផល​បោះឆ្នោត។ ​

កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​មាន​អព្យាក្រិត្យ​ភាព​ក្នុង​នាម​កង​កម្លាំង​របស់​ជាតិ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ពិនិត្យ​ការ​តវ៉ា​ករណី​ចុះ​ឈ្មោះ​លោកសម រង្ស៉ី​ជា​បេក្ខជន​ឈរ​ឈ្មោះ​ឡើ​ងវិញ​ ដើម្បី​ធានា​តម្លៃ​នៃការ​លើក​លែងទោស​របស់​ព្រះ​មហាក្សត្រ​ និង​សំណើរ​បង្រួប​បង្រួម​ជាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕​

No comments:

Post a Comment