Monday, July 8, 2013

សេចកី្ត​ថ្លែង​ការណ៍​រួម​និង​ប្រសិទ្ធភាព​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ


130628_08a
លោក នី ចរិយា ប្រ​ធានផ្នែក​ស៊ើ​​​ប​អ​ង្កេ​តនៃ​សមាគម​​សិ​ទ្ធិ​​មនុស្ស​អាដ​ហុ​ក។ រូបថត​ សារិទ្ធ

នៅ​ពេល​គណបក្ស​នយោបាយ​នីមួយៗ ប្រឹង​ប្រែង​រៀងៗ​ខ្លួន​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ខាង​អង្គការ​សង្គម​ស៊ីវិល​ក៏​រៀបចំ​កម្មវិធី​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មួយ​ដោយ​អញ្ជើញ​គណបក្ស​នយោបាយ​នានា​មក​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ ប៉ុន្តែ​មាន​តែ​គណបក្ស​ចំនួន​៦ រួម​មាន​គណបក្ស​សង្គ្រោះ​ជាតិ ហ៊្វុន​ស៊ិន​ប៉ិច សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សាធារណរដ្ឋ​ប្រជាធិបតេយ្យ ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ប្រសិន​បើ​ខ្លួន​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​គណបក្ស​ពីរ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចុះ​ហត្ថលេខា​ទេ។ ពាក់​ព័ន្ធ​ទៅ​នឹង​ប្រសិទ្ធភាព​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​និង​ប្រសិទ្ធភាព​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ លោក នី ចរិយា ប្រធាន ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្តល់​សម្ភាស​ជុំវិញ​បញ្ហា​នេះ​ជាមួយ​ភំ្នពេញ ប៉ុស្តិ៍ មាន​ខ្លឹម​សារ​ជា​អាទិ៍​ថា៖
ហេ​អី​បាន​គណបក្ស​ខ្លះ​មិន​ចុះ​ហត្ថលេខា លើសេចក្តី​ថ្លែង​ការណ៍​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ក្នុង​នោះ​មាន​លក្ខខណ្ឌ​ឬ?
ខ្ញុំ​មិន​ច្បាស់​ថា​ហេតុ​អី​បាន​ជា​គណបក្ស​ទាំង​នោះ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់​ទិន​ទៅ​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ទេ។ តែ​បើ​តាម​ខ្ញុំ​យល់ អាច​ដោយ​សារ​តែ​វា​ជិត​ដល់​ពេល​បោះឆ្នោត​ហើយ​គណបក្ស​មិន​ព្រម​ចុះ​ហត្ថលេខា ប្រហែល​ជា​គិត​ថា អាច​ជា​ការ​ដាក់​សម្ពាធ​ជា​ការ​បង្ខំ​ចិត្ត​ឲ្យ​ខ្លួន​ប្តេជ្ញា ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក៏​អាច​ថា​បាន​យើង​ក៏​មិន​ទាន់​ឃើញ​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ។
ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ការ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ដោយ​សំអាង​ថា​ខ្លួន បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួច​ហើយ​អ៊ីចឹង​មិន​ចាំ​បាច់​បង្ហាញ​វត្តមាន​ឬ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ទេ។ តែ​សម្រាប់​ខ្ញុំ​វិញ​ខ្ញុំ​យល់​ឃើញ​ថា ដោយ​សារ​តែ​អំពើ ពុករលួយ​ជា​អំពើ​ដែល​មនុស្ស​ភាគ​ច្រើន​គេ​មិន​ចូល​ចិត្ត​មិន​ថា​តែ​ប្រជាជន​កម្ពុជា​ទេ នៅ​លើ​សកលលោក​ក៏​គេ​មិន​ចូល​ចិត្ត​ដែរ​ដូច្នេះ​គណបក្ស​ដែល​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​គឺជា​ការ​បាត់​បង់​ឱកាស​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​នៃ​ការ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុករលួយ​ទៅ​វិញ​ទេ។
គណបក្ស​កាន់​អំណាច​អាង​លើ​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ស្រាប់ ចុះ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​តើ​មាន​ខ្លឹមសារ​លើស​ពី​ប្រសិទ្ធ​ភាព​ច្បាប់​ឬ​យ៉ាង​ណា?
ប្រហែល​ជា​បក្ស​ប្រជាជន​យល់​ថា សេចក្តី​ថ្លែង​ការណ៍​នេះ​គ្រាន់​តែ​ជា​ទ្រឹស្តី​មិន​មែន​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ព្រោះ​បក្ស​ប្រជាជន​តែងតែ​និយាយ​ថា លោក​មិន​អនុវត្ត​ទ្រឹស្តី ឬ​គ្រាន់​តែ​ថាៗ​ទេ​តែ​គាត់​ធ្វើ​ឬ​ក៏​អនុវត្ត​ជាក់​ស្តែង​តែ​ម្តង​នេះ​គឺជា​ទ្រឹស្តី​មួយ។​តែ​ជា​ធម្មតា​ដើម្បី​ឲ្យ​មាន​ភាព​រីក​ចម្រើន​ត្រូវ​មាន​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង គឺ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។ ទ្រឹស្តី​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ឯការ​អនុវត្ត​បង្ហាញ​ពី​សមត្ថភាព​អ៊ីចឹង​បើ​បាត់​ផ្នែក​ណា​មួយ​វា​ជា​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​និង​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​ឬ​ក៏​ការ​ទប់​ស្កាត់​អំពើ​ពុករលួយ​នេះ។
ក្នុង​ការ​ចូល​រួម​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​ឬ​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​សម្រាប់​ម្ចាស់​ឆ្នោត​ពិចារណា​ប៉ុណ្ណោះ។ តែ​ដោយ​សារ​ព័ត៌មាន​យើង​ទន់​ខ្សោយ​ដូច​នេះ​ប្រហែល​ជា​មិន​ប៉ះ​ពាល់​អី​ធ្ងន់​ធ្ងរ​ទេ ហេតុ​នេះ​បាន​ជា​បក្ស​ប្រជាជន​មិន​ខ្វល់​ខ្វាយ ម្យ៉ាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាត់​អ្នក​គ្រប់​គ្រង​ផង។
តើ​ប្រសិទ្ធភាព​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភាព​ខុស​គ្នា​យ៉ាង​ម្តេច​ដែរ?
អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​គណបក្ស​នយោបាយ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ឲ្យ​បាន​ពិត​ប្រាកដ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ក្រោយ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​តែ​ប៉ុណ្ណោះ​តែ​ថា​ការ​អនុវត្ត​យ៉ាង​ណា​ក្រោយ​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត​នោះ​គឺជា​ការងារ​របស់​បក្ស​នោះ​ទេ។
ចំណែក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​ការ​កើត​ចេញ​ពី​ឆន្ទៈ​របស់​បក្ស​ប្រជាជន​ដែល​បាន​បង្កើត​អង្គភាព​នេះ​ឡើង​នៅ​ពេល​នោះ​ក៏​មាន​ការ​សាទរ​ពី​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ដែរ តែ​គួរ​ឲ្យ​សោក​ស្តាយ​ដោយ​សារ​តែ​អង្គភាព​នេះ​មិន​ទាន់​មាន​ឯករាជ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ហើយ​ធ្វើ​ឲ្យ​អង្គភាព​នេះ​មិន​ទាន់​ចាត់​វិធាន​ការ​ទៅ​លើ​អំពើ​ពុករលួយ​ឲ្យ​បាន​ជា​ដុំ​កំភួន​នៅ​ឡើយ​ដែរ។
តើ​សេចក្តី​ថ្លែងការណ៍​រួម​ចាំ​បាច់​ជាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឬ​យ៉ាង​ម៉េច បាន​ជា​អង្គការ​សង្គម​ស៊ីវិល​ចាំ​បាច់​រៀបចំ​ឲ្យ​គណបក្ស​នយោបាយ​លោក​ចុះ​ហត្ថលេខា?
ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​វា​មាន​វិសាលភាព​និង​មាន​អំណាច​ជាង​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ឬ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​បទប្បញ្ញត្តិ​នោះ។​តែ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​អង្គការ​សង្គម​ស៊ីវិល លោក​រៀបចំ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​លោក​ចុះ​ហត្ថលេខា​គ្រាន់​តែ​ឧបករណ៍​មួយ​ក្នុង​ការ​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុករលួយ​នៅ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត ហើយ​បើ​ក្រុម​ណា​មួយ​មិន​ចូល​រួម​វា​គ្រាន់​តែ​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ​ដូច​នេះ​បើ​គណបក្ស​ណា​ចូល​រួម​ឬ​ក៏​មិន​ចូល​រួម​ក៏​គ្មាន​បញ្ហា​ខុស​ពី​ច្បាប់​អី​ដែរ។
លោក​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​ឯករាជ្យ​ចាត់វិធាន​ការ​មិន​បាន​ជា​ដុំ​កំភួន​តែ​កន្លង​មក​អង្គភាព​នេះ​បាន​ចាប់​ជន​ល្មើស​ដូច​ជា​ព្រះ​រាជអាជ្ញា ក្រឡា​បញ្ជី ចៅក្រម​និង​មន្រ្តី​មួយ​ចំនួន តើ​យ៉ាង​ម៉េច​ដែរ?
កន្លង​មក​អង្គភាព​នេះ​បាន​ចាត់​វិធាន​មួយ​ចំនួន​ដែរ​ដូច​ជា ចាប់​ខ្លួន​មន្រ្តី​មួយ​ចំនួន​នេះ​ប៉ុន្តែ​បើ​យើង​មើល​ពី​អំពើ​ពុករលួយ​នេះ​វិញ​ឃើញ​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែង​ហើយ​មាន ផ្សព្វ​ផ្សាយ​ទៀត​ពី​អំពើ​ពុករលួយ​តែ​អង្គភាព​មិន​បាន​ចាត់​ការ​ត្រង់​នេះ​ហើយ ដែល​យើង​សង្ស័យ​ថា មាន​ការ​លម្អៀង។
អ៊ីចឹង​តើ​លោក​មើល​ឃើញ អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា​មាន​សភាព​យ៉ាង​ម៉េច?
ខាង​អាដហុក​មិន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ​លើ​អំពើ​ពុករលួយ​ទេ តែ​យើង​បាន​ដឹង​ពី​អំពើ​ពុករលួយ​នេះ ក្នុង​វិស័យ​សាធារណៈ​ខ្លះ​ដែល​វា​ពាក់​ព័ន្ធ​នឹង​ការងារ​មួយ​ចំនួន​ដែល​យើង​បាន​ធ្វើ​ដូចជា​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ មាន​ការ​សូក​ប៉ាន់​ឬ​ទិញ​យុត្តិធម៌ ជា​ដើម​ក្នុង​ស្ថាប័ន​យុត្តិធម៌​នឹង​ដែរ ដូចជា ស្ថាប័ន​នគរបាល​យុត្តិធម៌ ស្ថាប័ន​តុលាការ​តែង​តែ​មាន​អំពើ​ពុករលួយ។
មួយ​វិញ​ទៀត​អំពើ​ពុករលួយ​នេះ​មិន​មែន​នៅ​តែ​ស្ថាប័ន​យុត្តិធម៌​មួយ​ទេ​គឺ​មាន​ស្ទើរ គ្រប់​កន្លែង​គ្រប់​ស្ថាប័ន​ហើយ​ប្រជា​ពលរដ្ឋ​តែង​តែ​រអ៊ូ​រទាំ​ពី​អំពើ​ពុករលួយ​នេះ​ដូច​ជា​ការ​ធ្វើ​ក្រដាស​ស្នាម​ក្នុង​សេវា​សាធារណៈ​ជាដើម។ ក្នុង​ឆ្នាំ​២០០៨ មាន​ការ​សិក្សា​របស់​អង្គការ IRI ទាក់​ទង​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ពេល​នោះ​មាន​ប្រជាជន​តែ​៩​ទៅ​១០​ភាគរយ​ទេ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​អំពើ​ពុករលួយ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣​នេះ​តាម​អង្គការ IRI រក​ឃើញ​មាន​ប្រជាជន​ជាង​២០​ភាគរយ ដែល​មិន​សប្បាយ​ចិត្ត ហើយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដូច្នេះ​ប្រជាជន​ដូច​ជា​មាន​ការ​យល់​ដឹង​ច្រើន​ពី​ការ​ប៉ះពាល់​ហើយ​ស្អប់​ខ្ពើម​អំពើ​ពុករលួយ។
អ្វី​ទៅ​ដែល​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ទុក​ក្រោយ​ពី​មាន​គណបក្ស​ខ្លះ​ចុះ​ហត្ថលេខា​លើ​សេចក្តី ថ្លែង​ការណ៍​រួម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​កន្លង​មក​នេះ?
ខ្ញុំ​គិត​ថា គណបក្ស​ដែល​មិន​ចូល​រួម​នោះ​ជា​រឿង​របស់​គេ តែ​សម្រាប់​គណបក្ស​ដែល​ចុះ​ហត្ថលេខា​ហើយ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត​បើ​មិន​អនុវត្ត​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ទេ​នេះ​ជា​ការ​អាម៉ាស់​ដ៏​ធំ​មួយ​ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​ប្រជាជន ថា​យើង​មិន​បាន​ធ្វើ​អី​ជា​ការ​ជាក់ស្តែង​បាន​តែ​និយាយ​ភរ​ប្រជា​ពលរដ្ឋ​ដើម្បី​ទាក់​ទាញ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជា​ការ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នា​ពេល​ក្រោយ​ដែរ។
ដើម្បី ជួយ​ឲ្យ​ម្ចាស់​ឆ្នោត​ឲ្យ​យល់​ដឹង​និង​ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ តើ​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​ធ្វើ​បែប​ណា?
ក្នុង​ប្រទេស​នីមួយៗ​ធម្មតា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​គឺ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដូចជា វិទ្យុ ទូរទស្សន៍ និង​កាសែត ក្នុង​ប្រទេស ដើម្បី​ផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ជ្រួត​ជ្រាប​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​គាត់​បាន​ដឹង​ពី​ស្ថានភាព​ពី​ឆន្ទៈ​ពី​គោល​នយោបាយ​គណបក្ស​នីមួយៗ​ប៉ុន្តែ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​យើង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គណបក្ស​កាន់​អំណាច​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ឯករាជភាព​ហើយ​បាត់​ព័ត៌មាន​មួយ​ចំនួន ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ឯករាជ្យ​មិន​អាច​ជ្រាប​ដល់​មូលដ្ឋាន​បាន៕

No comments:

Post a Comment