មន្ត្រីសង្គមស៊ីវិល បានជួបប្រជុំគ្នាកាលពីពេលថ្មីៗដោយរិះរកនីតិវិធី ដើម្បីសើរើករណីនេះឡើងវិញ បើទោះបីជាចៅក្រមស៊ើបសួរបានសម្រេចដោះលែងបុរសប្រធានមណ្ឌលកុមារកំព្រានោះហើយក៏ដោយ។
ក្រុមអង្គការសិទ្ធិមនុស្ស និងសម្ព័ន្ធអង្គការធ្វើការជួយដល់កុមារមួយចំនួននៅក្នុងខេត្តសៀមរាប បានសម្ដែងការខកចិត្តចំពោះចៅក្រមនៃសាលាដំបូងខេត្តនេះ ដែលបានសម្រេចលើកលែងការចោទប្រកាន់បទសេពសន្ថវៈ ព្រមទាំងដោះលែងបុរសជាប្រធានអង្គការកុមារកំព្រាអប់រំអង្គរ ឱ្យមានសេរីភាពវិញ។
ក្រុមអង្គការទាំងនោះបានចាត់ទុកការដោះលែងប្រធានអង្គការនោះថា មានភាពមិនប្រក្រតីខុសពីការពិត ដែលអង្គការក្រៅរដ្ឋាភិបាលបានស៊ើបអង្កេត។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប គឺលោក នូ ពុទ្ធិ។ លោកបានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់លោកចៅក្រមដែលដោះលែងប្រធានអង្គការកុមារកំព្រាអប់រំអង្គរ (A.O.E.O) បានធ្វើឱ្យសម្ព័ន្ធអង្គការមួយចំនួនដែលកំពុងធ្វើការជួយកុមារមានការខកចិត្តជាខ្លាំង។
លោក នូ ពុទ្ធិ បានបញ្ជាក់ថា ការលើកលែងចោទប្រកាន់នោះ គឺនៅមានការសង្ស័យជាច្រើន ហើយអង្គការលីកាដូ នឹងព្យាយាមពិនិត្យលើផ្លូវច្បាប់ ដើម្បីសើរើរឿងនោះឡើងវិញ៖ «តាមចម្លើយរបស់ជនត្រូវចោទបំភ្លឺនៅចំពោះមុខចៅក្រមស៊ើប កាលពីថ្ងៃទី២២ ខែឧសភា គឺសារភាពថា គាត់បានឱបរឹតបង្កើតឱ្យមានតម្រេកផ្លូវភេទ ប៉ះពាល់ទៅលើក្មេងនោះហើយ ប៉ុន្តែដូចជាលោកចៅក្រមមិនបានចាប់អារម្មណ៍ទៅលើចំណុចនេះ។ ចំពោះការដោះលែងទៀតសោត យើងមិនសប្បាយចិត្តសោះ ហើយចំណុចមួយចំនួនទៀត ឃើញថាមិនទាន់មានភាពរលូននៅឡើយទេ។ គិតត្រឹមថ្ងៃទី១០ គឺថា អាណាព្យាបាលជនរងគ្រោះហ្នឹង គឺថាមិនទាន់បានទទួលសេចក្តីជូនដំណឹងចំពោះការសម្រេចរបស់តុលាការថា តើគាត់យល់ស្របចំពោះសេចក្តីសម្រេចរបស់តុលាការហើយ គាត់នឹងត្រូវធ្វើអ្វីទៀត គឺថាមិនទាន់បានទទួលគ្រប់គ្រាន់នៅឡើយ»។
ចំណែកនាយកអង្គការអេផល (APLE) ដែលប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើរំលោភផ្លូវភេទលើកុមារ គឺលោក សំលាង សិលា បានមានប្រសាសន៍ថា អង្គការរបស់លោកក៏ខកចិត្តចំពោះការដោះលែងបុរសប្រធានអង្គការកុមារកំព្រាអប់រំអង្គរនោះដែរ៖ «មានចំណុចសង្ស័យជាច្រើននៅក្នុងករណីនេះ ដែលយើងមិនទាន់អាចបង្ហើបឱ្យដឹងបាន ក៏ប៉ុន្តែយើងសង្ឃឹមថាការស៊ើបអង្កេតឡើងវិញ នឹងអាចរកឃើញសញ្ញាមួយចំនួន ដើម្បីផ្ដន្ទាទោសទៅលើជនល្មើស។ យើងនឹងធ្វើការជាមួយសមត្ថកិច្ចជំនាញនៅក្នុងរឿងនេះ ហើយអ្វីដែលយើងស្នើសុំឱ្យអាជ្ញាធរក្នុងកិច្ចប្រជុំថ្ងៃមិញនេះ គឺឱ្យអង្គការរបស់យើងបានចូលពាក់ព័ន្ធក្នុងការផ្ដល់សេវាផ្លូវច្បាប់ទៅដល់ជនរងគ្រោះ»។
កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅ ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៥ រួមនឹងមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផង បានជួបប្រជុំគ្នាដើម្បីស្វែងរកគន្លឹះផ្លូវច្បាប់មួយចំនួនក្នុងការសើរើករណីនោះឡើងវិញ។
ប្រតិកម្មរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលនេះបានធ្វើឡើងបន្ទាប់ពីថ្ងៃទី២២ ខែមីនា កន្លងទៅ ប៉ូលិសខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ន សាវុធ ជាប្រធានអង្គការកុមារកំព្រាអប់រំអង្គរពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើក្មេងស្រីមួយចំនួន ដែលស្នាក់នៅក្នុងមណ្ឌលនោះ។ ការចាប់ខ្លួនបន្ទាប់ពីសមត្ថកិច្ច និងអង្គការក្រៅរដ្ឋាភិបាល សហការស៊ើបអង្កេតរួមគ្នាអស់ជាច្រើនថ្ងៃ។
ទោះយ៉ាងណា ចៅក្រមដែលកាន់សំណុំរឿងក្តីនោះ បានបង្ហាញឆន្ទៈថា លោកមិនមានការព្រួយបារម្ភការរិះគន់ពីអង្គការក្រៅរដ្ឋាភិបាលទេ ពីព្រោះតែតុលាការមានឯកសារគ្រប់គ្រាន់ ហើយនៅមុនការសម្រេចលើកលែងចោទប្រកាន់ទៀតសោត តុលាការក៏បានអញ្ជើញអង្គការលីកាដូ ប៉ូលិសនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតមកស្ដាប់ ព្រមទាំងបានស្នើសុំឱ្យតុលាការធ្វើកោសល្យវិច័យទៅលើក្មេងស្រីទៀតផង។
ចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនោះ គឺលោក កូយ សៅ បានមានប្រសាសន៍ថា សមត្ថកិច្ចដែលចាប់ខ្លួនបុរសឈ្មោះ ម៉ន សាវុធ ពីដំបូងដោយសារតែក្មេងស្រីបានប្ដឹងពីបទរំលោភសេពសន្ថវៈ ក៏ប៉ុន្តែ នៅពេលដែលសំណុំរឿងនោះបានដាក់ដល់ដៃតំណាងអយ្យការពិនិត្យមើលទៅ យល់ថាមិនមែនជាអំពើសេពសន្ថវៈ ក៏បានប្ដូរបទចោទទៅជាបទប្រទូស្ដកេរ្តិ៍ខ្មាសវិញ។ លោកចៅក្រម កូយ សៅ បានបញ្ជាក់ទៀតថា នៅពេលដែលលោកស៊ើបសួរដោយជួបជាមួយមនុស្សជាច្រើន រួមទាំងកោសល្យវិច័យ ឃើញថា ក្មេងស្រីនៅមានព្រហ្មចារី ហើយថែមទាំងប្រធានអង្គការនោះបានឆ្លើយបដិសេធតាំងពីដើមរៀងមក មិនមានរកឃើញបទល្មើស ទើបតំណាងអយ្យការស្នើសុំឱ្យលោកលើកលែងការចោទប្រកាន់។
លោកចៅក្រម កូយ សៅ បានយល់ថា ប្រធានអង្គការកុមារកំព្រាអប់រំអង្គរ រូបនោះ អាចត្រូវគេកាច់កុងក្នុងរឿងទំនាស់ផលប្រយោជន៍ ហើយមានអ្នកញុះញង់កុមារឱ្យប្ដឹងលោក ម៉ម សាវុធ នោះពីបទរំលោភសេពសន្ថវៈដូច្នេះ៖ «យើងស៊ើបទៅអត់មាន! គ្រាន់តែដេកក្នុងនាមឪពុក និងកូន ហើយដេកមិនមែនតែម្នាក់ឯណា ៣-៤នាក់ឯណោះ ហើយជួនកាលបម្រះមក ឪពុកហ្នឹងដាក់មកឱ្យត្រូវកន្លែងវិញអីចឹង។ ហើយយើងក៏ធ្វើកោសល្យវិច័យទៅ វាអត់មានអីទាំងអស់ មិនមានបទល្មើសទេ។ ដូច្នេះហើយ យើងលើកលែងចោទប្រកាន់គាត់។ វាជាការឆ្លើយដាក់បង្ខូចកិត្តិយសគាត់។ លោក អ៊ុង ផាត ហ្នឹងឥឡូវគាត់រត់គេចខ្លួន មិនដឹងគាត់ទៅនៅឯណា ពីព្រោះក្មេងហ្នឹងចង់ឱ្យហៅគាត់មកតទល់ជាមួយក្មេងហ្នឹង ហើយ ២-៣នាក់ទៀត រួមគ្នាចោទគាត់ហ្នឹង មានឈ្មោះ ធីតា មួយទៀត ដែលខ្ញុំហៅអត់ចូលមកសោះ។ អ្នកដែលបង្ករឿងឆ្លើយដាក់គាត់ហ្នឹង»។
ទោះយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប អ្នកស្រី ម៉ៅ យិន បានមានប្រសាសន៍ថា សង្គមស៊ីវិលនៅតែខកចិត្តចំពោះការសម្រេចលើកលែងការចោទប្រកាន់ទៅលើប្រធានអង្គការកុមារកំព្រាអប់រំអង្គរនោះ។ អ្នកស្រី ម៉ៅ យិន បានបញ្ជាក់ថា អ្នកស្រីបានចំណាយពេលស៊ើបអង្កេតទៅលើករណីនោះជាច្រើនថ្ងៃ ហើយបានរកឃើញថា បុរសប្រធានកុមារកំព្រានោះ គឺពិតជាមានជាប់សង្ស័យនឹងការសេពសន្ថវៈជាមួយកុមារខ្លះមែន។
មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មានគម្រោងបញ្ជូនលិខិតទៅក្រសួងសង្គមកិច្ច ដើម្បីឱ្យចេញសេចក្តីសម្រេចបិទអង្គការកុមារកំព្រាអប់រំអង្គរ នេះ ដោយថា អង្គការនោះមានកំហុសផ្លូវច្បាប់ជាច្រើនក្នុងការគ្រប់គ្រង និងចាត់ចែងមិនត្រឹមត្រូវតាមលក្ខណៈបទដ្ឋានរបស់ក្រសួង៕
No comments:
Post a Comment