Saturday, July 13, 2013

អ្នក​ច្បាប់​ចាប់អារម្មណ៍​និង​រិះ​គន់​លើ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឯកឧត្ដម​សម​រ​ង្ស៊ី​ថា​ខុស​ទម្រង់​

Original source from Damtnaut website

​កាលពី​ថ្ងៃ​ទី​១២​ខែកក្កដា​ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ តាម​សំណើ​ទូល​ថ្វាយ​របស់​​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្ដ​លេខានៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​ រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ឆ្​នាំ​២០១៣​ ត្រាស់​បង្គាប់​លើក​លែ​ទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ​ សម​ រ​ង្ស៊ី​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ តាម​អំណាច​សាលដីកា​លេខ​៣២​ ចុះ​ថ្ងៃ​ទី​០១​ខែមីនា​ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​ និង​សាល​ដីកា​ស្ថាពរ​លេខ​៨៤“​ក្រIIIឃ​”​ ចុះ​ ថ្ងៃ​ទី​២០​​ ​ខែកញ្ញា​ ឆ្នាំ​២០១១​ របស់​ សាលាឧទ្ធរណ៍​ ។​
​ព្រះរាជក្រឹត្យ​លើកលែងទោស​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លើក​ទី​២​នៅ​ឆ្នាំ​២០១៣​នេះ​ បាន​យោង​ទៅ​លើ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/​ ០២១​ចុះ​ថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០១១​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ពន្ធនាគារ​ ប៉ុន្ដែ​មិន​បាន​យោង​តាម​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​១៩៨៨​ ស្ដី​ពី​ការ​លើក​ លែង​ទោស​ និង​បន្ធូរ​បន្ថយទោស​ ដែល​នៅ​ជា​ធរមាន​អនុវត្ដន៍​នៅឡើយ​នោះ​ទេ​ ពោល​គឺ​មាន​ទម្រង់​ខុស​ពី​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ កាលពី​លើក​ទី​១​នៅ​ឆ្នាំ​២០០៦​ (​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/​០៦៨​ ចុះ​ថ្ងៃ​ទី​០៥​ខែកុម្ភៈ​ឆ្នាំ​២០០៦)​ បាន​យោង​ទៅ​លើ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​១៩៨៨​ ស្ដី​ពី​ការ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ ។​
​ក្រុម​អ្នក​តាមដាន​កិច្ចការ​ច្បាប់​នៅ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​មួយ​លេខ​០៣​សរ​ ចុះ​ថ្ងៃ​ទី​២៩​ខែឧសភា​ឆ្នាំ​២០១៣​ ស្ដី​ពី​ការ​អនុវត្ដន៍​គោល​ការណ៍​ណែនាំ​អំពី​នីតិវិធី​ និង​វិធាន​នៃ​ការ​តាក់តែង​សេចក្ដីព្រាងច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ផ្សេង​ទៀត​ ចុះហត្ថលេខា​ផ្ទាល់​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ ដោយ​បាន​ដាក់​ចេញ​នូវ​គំរូ​ទម្រង់​នៃ​ ព្រះរាជក្រឹត្យ​ស្ដី​ពី​ការ​បន្ធូរបន្ថយ​ទោស​ និង​លើកលែងទោស​តម្រូវ​ឱ្យ​យោង​តាម​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​១៩៨៨​ ស្ដី​ពី​ការ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ ពោល​គឺ​មិន​បាន​តម្រូវ​ឱ្យ​យោង​តាម​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/០២១​ ចុះ​ ថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០១១​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ពន្ធនាគារ​ នោះ​ទេ​ ។​
​ក្រុម​អ្នក​ច្បាប់​នៅ​កម្ពុជា​បាន​ធ្វើការ​ពន្យល់​ថា​ ច្បាប់​ស្ដី​ពី​ពន្ធ​នាគារ​មាន​១១​ជំពូក​ និង​៨៥​មាត្រា​ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១​/០២១​ ចុះ​ថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០១១​ មិន​បាន​ចែង​និរាករណ៍​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ខែមិថុនា​ឆ្នាំ​១៩៨៨​ ស្ដី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​នោះ​នៅ​ឡើយ​ (​មិន​ទាន់​មាន​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ថ្មី​មក​ជំនួស​)​ ពោល​គឺ​នៅ​មាន​សុពលភាព​ប្រើប្រាស់​ជា​ធរ​មាន​ដដែល​ ។​
មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ថា​ ព្រះរាជក្រឹត្យ​លើកលែងទោស​ឱ្យ​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ កាលពី​ម្សិល​មិ​ញ​នេះ​ មាន​ទម្រង់​ខុសឆ្គង​ ឬ​រំលោភ​បំពាន​ទៅ​លើ​សារាចរ​លេខ​០៣​សរ​ ចុះ​ថ្ងៃ​ទី​២៩​ខែឧសភា​ឆ្នាំ​២០១៣​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ស្ដី​ពី​ការ​អនុវត្ដ​គោលការណ៍​ណែនាំ​អំពី​នីតិវិធី​ និង​វិធាន​នៃ​ការ​ តាក់តែង​សេចក្ដីព្រាងច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ផ្សេង​ទៀត​។​ នេះ​គឺជា​គំរូ​អាក្រក់​មួយ​និង​ក៏​បាន​បង្ហាញ​អំពី​ភាព​ស៊ីចង្វាក់​គ្នា​លើ​ការ​តាក់តែង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​នានា​នៅ​កម្ពុជា​ ៕
Sam-Raingsy​5

No comments:

Post a Comment