ដោយ សេង ម៉ូលីនី ថ្ងៃសៅរ៍ ទី06 កក្កដា ឆ្នាំ2013 ម៉ោង18:07
ការតម្រូវនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មានបានរងការរិះគន់ ពាក់ព័ន្ធនឹងការចេញសេចក្តីណែនាំ ហាមឃាត់ការផ្សាយបន្តពីវិទ្យុបរទេស ក្នុងនោះមានវិទ្យុអាស៊ីសេរី វីអូអេ និងវិទ្យុបារាំងជាដើម ដែលបានជួលការផ្សាយបន្តពីវិទ្យុក្នុងស្រុក។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន នៅស្ថានីយរបស់លោក លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា កិច្ចសន្យាផ្សាយវិទ្យុរបស់លោក កាលពីមុនធ្វើឡើងក្នុងរយៈពេល៣ឆ្នាំម្តង ដោយមិនមានការបង្គាប់ឲ្យត្រួតពិនិត្យលើការផ្សាយឡើយ។ លោកបន្តថា បច្ចុប្បន្ននេះក្រសួងព័ត៌មាន តម្រូវឲ្យធ្វើកិច្ចសន្យាមួយឆ្នាំម្តង ហើយរាល់ម៉ោងជួលផ្សាយបន្ត ត្រូវមានការយល់ព្រមពីក្រសួងព័ត៌មាន បើពុំនោះទេក្រសួងព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់។
ប្រធានវិទ្យុសំបុកឃ្មុំរូបនោះ ចាត់ទុកថាគោលការណ៍នេះ ធ្វើឡើងក្នុងគោលបំណង រិតបណ្តឹងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ពោលចង់បិទស្ថានីយវិទ្យុរបស់លោកតែម្តង។
VOD មិនទាន់អាចសុំការបញ្ជាក់ពី ក្រសួងព័ត៌មានបាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍នេះ។
វិទ្យុសំបុកឃ្មុំ ត្រូវបានគេស្គាល់ថា ជួលម៉ោងផ្សាយដល់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល កម្មវិធីផ្សាយវិទ្យុអន្តរជាតិ ដូចជា សម្លេងសហរដ្ឋអាមេរិកVOA វិទ្យុអាស៊ីសេរីRFA ជាដើម ដែលវិទ្យុទាំងពីរនេះ ក្រសួងព័ត៌មាន ធ្លាប់ចេញសេចក្តីណែនាំឲ្យវិទ្យុក្នុងស្រុកទាំងអស់ បញ្ឈប់ការជួលម៉ោងផ្សាយបន្តផ្ទាល់ រយៈពេល១ខែអំឡុងពេលបោះឆ្នោត៕
No comments:
Post a Comment