Wednesday, July 10, 2013

តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច


តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​ស្ងៀមស្ងាត់​ ដោយសារ​លោក​មានលុយ​គ្រប់គ្រាន់​ហើយ​ ក្នុង​តំណែង​នាយករដ្ឋមន្រ្តី​ជា​ច្រើន​អាណត្តិ​មក​នេះ​។
ដោយ តាំង សារ៉ាដា
2013-07-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
​កិច្ចប្រជុំ​ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​
គណៈកម្មាធិការ​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​អង្គារ​ ទី៩​ ខែ​កក្កដា​ នៅ​រដ្ឋធានីវ៉ាស៊ីនតុន​ ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​។
RFA/Taing Sarada
តំណាងរាស្រ្ត​អាមេរិកាំង​រូប​ក៏​បាន​ព្រមាន​ថា​ ប្រសិន​បើ​ លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ពេល​លោក​វិល​ទៅ​កម្ពុជា​ដើម្បី​ ចូលរួម​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​ឈ្មោះ​លោក​ ហ៊ុន​សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ក្នុង​ពិភពលោក​។
សមាជិក​សភា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ កាលីហ្វ័រនីញ៉ា​ (California) លោក​ ដាណា រ៉ូរ៉ាបាឃើ​ (Dana Rohrabacher) ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​៖ «លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាន់​អំណាច​ដ៏​យូរ​បំផុត​នេះ​ ដោយសារ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​គាត់​បាន​ទទួល​ជំនួយ​ពី​បរទេស​។ ខ្ញុំ​គិត​ថា​ គេ​មិន​ចាំបាច់​ចាប់​ខ្លួន​លោក​ ហ៊ុន​ សែន​ទេ​ ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​ ត្រូវ​ស្នើ​ឲ្យ​លោក​ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​ ដែល​ជា​វិធី​សមគួរ​។ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ នៅតែ​មិន​យល់​ មនុស្ស​ទាំងអស់​ អាច​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទំលាក់​គាត់​ចេញ​»​។

ការ​ថ្លែង​របស់​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ធ្វើ​ឡើង​ភ្លាមៗ​ កាលពី​រសៀល​ថ្ងៃអង្គារ​ ទៅ​កាន់​ក្រុម​អ្នកសាព័ត៌មាន​ បន្ទាប់​ពី​សវនាការ​ស្តាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch) តំណាង​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ (NDI) និង​ តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ​ (Licadho) ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ខាង​កិច្ចការ​អន្តរជាតិ​។

លោក​ ដាណា រ៉ូរ៉ាបាឃើ​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ប្រសិន​បើ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​លោក​ សម​ រង្ស៊ី​ នៅ​ពេល​ ដែល​លោក​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​សំពាធ​ដ៏​ធំ​ដល់​កម្ពុជា​។ ​លោក​បន្ត​ថា​ ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ធ្វើ​ដូច្នេះ​មែន​ នោះ​ជា​ទង្វើ​ដ៏​អាក្រក់​បំផុត​៖ «ខ្ញុំ​គិត​ថា​ប្រសិន​បើ​លោក​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​ខ្លួន​លោក​មេដឹកនាំ​បក្ស​ជំទាស់​ ដែល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាមួយ​គាត់​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​កម្ពុជា​។ កម្ពុជា​បាន​ខិតខំ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ ធ្វើ​ដូច្នេះ​មែន​នោះ​ រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ជា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ទាំងអស់​នឹង​ចុះ​ឈ្មោះ​លោក​ ហ៊ុន​ សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ ក្នុង​ពិភពលោក​។ ហើយ​សហរដ្ឋអាមេរិក​មិនត្រឹម​តែ​កាត់​ជំនួយ​បរទេស​របស់​ខ្លួន​ដល់​កម្ពុជា​នោះ​ទេ​ តែ​វិយោគទុន​ទាំងអស់​នឹង​ត្រូវ​កាត់​»។

ទោះបីជាយ៉ាងណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​លោក​ ផៃ ស៊ីផាន​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ក្នុង​វេទិកា​តុ​មូល​របស់​វិទ្យុអាស៊ីថា​ សហរដ្ឋអាមេរិក​កំពុង​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ ហើយ​ថា​ កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ ដែល​អនុវត្តន៍​ទៅ​តាម​នីតិរដ្ឋ​ប៉ុណ្ណោះ​៖ «ក៏​ប៉ុន្តែ​ថា​តើ​នៅ​ពេល​នេះ​ ព្រះមហាក្សត្រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បរទេស​ ដែល​ជា​អធិបតេយ្យ​របស់​កម្ពុជា​។ ហើយ​យើង​ដឹង​ហើយ​ នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏​បាន​និយាយ​ហើយ​។ និយាយ​បាន​ច្បាស់​ទៅ​ទៀត​ នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​បាន​និយាយ​ថា​ មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ​ក៏​ដោយ​ ដែល​ចង់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ឬ​មក​បង្គាប់​បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ​ ឬ​អន្តរជាតិ​របស់​កម្ពុជា​បាន​ឡើយ​។ នេះ​យើង​និយាយ​អំពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ និយាយ​អំពី​អធិបតេយ្យ​របស់​កម្ពុជា​ និង​និយាយ​អំពី​ព្រះ​មហាក្សត្រ​របស់​កម្ពុជា​ »​។

ប៉ុន្តែ​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ​ថ្លែង​ថា​ សហរដ្ឋអាមេរិក​នឹង​មិនអាច​ឱប​ដៃ​ឈរ​មើល​លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ បាន​នោះ​ទេ​៖ «អូ! ​ព្រះ​ជា​ម្ចាស់​អើយ​ វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​ ប្រសិន​បើ​យើង​ឃើញ​ មនុស្ស​ម្នាក់​ទៅ​សម្លាប់​មនុស្ស​ផ្សេង​ទៀត​ ហើយ​យើង​យល់​ព្រម​ឲ្យ​គេ​ធ្វើ​ដូច្នោះ​នោះ​។ ​នៅពេល​ដែល​មនុស្ស​ល្អ​ម្នាក់​ឃើញ​បីសាច​ធ្វើ​បាប​មនុស្ស​ ស្លូតត្រង់​ផ្សេង​ទៀត​ ពេលនោះ​មនុស្ស​ល្អ​នោះ​ ត្រូវ​តែ​ចូល​ជួយ​ជន​ រងគ្រោះ​នោះ​ហើយ​។ ដូច្នេះ​ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ដូច្នេះ​មែន​គាត់​គឺ​ជា​មនុស្ស​អាក្រក់​ ហើយ​មនុស្ស​អាក្រក់​ត្រូវ​តែ​ចុះចេញ​ពី​អំណាច​»។

ចំណែក​លោក​ ចន ស្ទីហ្វឹន​ (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch) មាន​ប្រសាសន៍​ថា​ ប្រសិនបើ​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ មែន​នោះ​ មិនត្រឹម​តែ​សហរដ្ឋអាមេរិក​ទេ​ ដែល​កាត់​ជំនួយ​បរទេស​ទៅ​កម្ពុជា​ ប៉ុន្តែ​នឹង​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​ ដូចជា​ប្រទេស​ជប៉ុន​ អូស្រ្តាលី​ បារាំង​ និងសហគមន៍​អ៊ឺរ៉ុប​ទាំងមូល​។
លោក​ ចន ស្ទីហ្វឹន ​បន្ត​ថា​ ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ ប្រាប់​លោក​ ហ៊ុន​ សែន​ ជាមុន​ហើយ​ថា​ មិនត្រូ​វចាប់​ខ្លួន​លោក​សម​ រង្ស៊ី​ ទេ​ ហើយ​ត្រូវ​ឲ្យ​មេបក្ស​ជំទាស់​រូប​នេះ​ ចូលរួម​ការ​បោះឆ្នោត​ បើ​មិន​ដូច្នោះ​ទេ​នោះ​ លោក​ ហ៊ុន​ សែន​ នឹង​ជួប​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្ពុជា​ គឺ​ការ​កាត់​ជំនួយ​ទាំងអស់​ ហើយ​នឹង​មិនទទួល​ស្គាល់ភាព​ស្របច្បាប់​ នៃ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​៖ «សហរដ្ឋអាមេរិក​កំពុង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ មិន​ថា​សភា​ ឬ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទាំងមូល​ទេ​ តែ​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​ដូច្នោះ​ដែរ​ ជាពិសេស​ ប្រទេសជប៉ុន​ សហភាពអ៊ឺរ៉ុប​ អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ពួកគេ​មើល​ឃើញ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដ៏​ធំ​ ហើយ​អ្វី​ដែល​ពួក​គេ​កំពុង​បារម្ភ​យ៉ាង​យកចិត្តទុកដាក់​នោះ​គឺ​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ នឹង​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​ទេ​។ បញ្ហា​សំខាន់​នោះ​ថា​ តើ​សហរដ្ឋអាមេរិក​នឹង​និយាយ​យ៉ាងណា​ នៅ​ក្រោយ​ការ​បោះឆ្នោត​។ តាម​រយៈ​អនុសាសន៍​របស់​យើង​ ក្រសួង​ការបរទេស​អាមេរិក​ និង​សេតវិមាន​ ពួកគេ​មាន​ការ​អាក់អន់​ចិត្ត​ជា​ខ្លាំង​។ ប្រការ​នេះ​ នឹង​នាំ​អោយ​មាន​ការ​កាត់​ជំនួយ​របស់​ អាមេរិក​ផ្ទាល់​ទៅ​កម្ពុជា​ខាង​ផ្នែក​យោធា​ ហើយ​ជា​សំខាន់​ទៅ​ទៀត​នោះ​គឺ​សហរដ្ឋអាមេរិក​នឹង​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ​»​។ 

ចំណែក​លោក​ ផាទ្រីក មើឡូ (Patrick Merloe) តំណាង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) មាន​ប្រសាសន៍​ថា​ ករណី​ទោស​ទណ្ឌ​របស់​ លោក​សម​ រង្ស៊ី​ ត្រូវ​តែ​បញ្ចប់​ ហើយ​លោក​ ហ៊ុន​ សែន​ ត្រូវតែ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​បក្សជំទាស់​ចូល​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច​៖ «ខ្ញុំ​គិត​ថា​ សវនាការ​សភា​សហរដ្ឋអាមេរិក​លើក​នេះមាន​សារសំខាន់​ណាស់​ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ករណី​ប្រទេស​កម្ពុជា​ ហើយ​បញ្ហា​កម្ពុជា​កំពុង​ល្បី​ខ្ទរខ្ទារ​ពេញ​ក្រុង​វ៉ាស៊ីនតុន​ (Washington)តែ​ម្តង​។ ម្យ៉ាងទៀត​ សារព័ត៌មាន​ក្នុង​ពិភពលោក​ក៏​បាន​យកចិត្តទុកដាក់​ផង ដែរ​ អំពី​បញ្ហា​កម្ពុជា​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ដ៏​ឆាប់​ខាងមុខ​។ ហើយ​ខ្ញុំ​គិត​ថា​ករណី​ផ្ទន្តាទោស​លើ​លោក​ សម​ រង្ស៊ី​ នឹង​ត្រូវ​បញ្ចប់​ នាំ​មក​នូវ​ភាពត្រឹមត្រូវ​ និង​យុត្តិធម៌​ សំរាប់​រូបលោក​»​។
កាល​ពី​ថ្ងៃ​អង្គារ​ អន្តរសភា​របស់​សហភាព​អ៊ឺរ៉ុប​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ទាមទារ​ឲ្យ​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​វិញ​ប្រកប​ដោយ​សេរីភាព​ពេញលេញ​។ លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ត្រលប់​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខ​ បើទោះជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ក៏ដោយ​៕

No comments:

Post a Comment