Monday, July 1, 2013

ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុជា​

ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុជា​

​ស្ថាប័ន​តុលាការ​កម្ពុជា​មាន​មន្ដ្រី​បម្រើ​ការងារ​ចំនួន​៣​ប្រភេទ​សំខាន់​ គឺ​ ៖​ ១-​ចៅក្រម ​(​អាច​ជា​ប្រធាន​តុលាការ​ ជា​អនុប្រធាន​តុលាការ​ ឬ​ជា​ចៅក្រម​ធម្មតា​)​ ២-​ចៅក្រម​ អយ្យការ​(​ជា​អគ្គ​ព្រះរាជអាជ្ញា​-​អគ្គ​ព្រះរាជអាជ្ញា​រង​ និង​ព្រះរាជ​អាជ្ញា​ សម្រាប់​នៅ​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ និង​ជា​ព្រះរាជ​អាជ្ញា​-​ព្រះរាជអាជ្ញា​រង​សម្រាប់​ សាលាដំបូង​រាជធានី​-​ខេត្ដ​)​និង​ ៣-​ក្រឡាបញ្ជី​(​អាច​ជា​ក្រឡាបញ្ជី​ ចៅក្រម​ និង​អាច​ជា​ក្រឡាបញ្ជី​អយ្យការ​) ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំង​អស់​ត្រូវ​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ចៅ​ក្រម​ រីឯ​ក្រឡាបញ្ជី​(​ស្ថានភាព​បច្ចុប្បន្ន​)​ត្រូវ​ឋិត​នៅ​ក្រោម​អាណា​ ព្យាបាល​របស់​ក្រសួងយុត្ដិធម៌​ ។​
​ចៅក្រម​និង​ព្រះរាជអាជ្ញា​មាន​មុខងារ​រៀងៗ​ខ្លួន​ទៅ​តាម​ប្រភេទ​រឿង​ក្ដី​ ជា​រឿង​ព្រហ្មទណ្ឌ​ឬ​ជា​រឿង​រដ្ឋប្បវេណី​ ។​ ប៉ុន្ដែ​ទោះ​យ៉ាង​ណា​ មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះក្ដី​ និង​មាន​តែ​អង្គការ​អយ្យការ​ទេ​ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹងអាជ្ញា​ ។​ ​ដោយឡែក​ចំពោះ​ក្រឡាបញ្ជី​ត្រូវ​មាន​ភារកិច្ច​ក្នុង​នាម​ជា​ជំនួយ​ការ​ ឬ​ជា​ស្មៀន​ ឬ​ជា​អ្នក​កាន់​រក្សា​ទុកដាក់​ឯកសារ​ឱ្យ​ចៅក្រម​-​ព្រះ​រាជអាជ្ញា​ ។​​ នៅ​ក្នុង​ការងារ​រក​លុយ​ ក្រឡាបញ្ជី​ក៏​អាច​ដើរតួ​សំ​ខាន់​ផង​ដែរ​ជំនួស​ចៅក្រម​ឬ​ព្រះ​ រាជអាជ្ញា​ ដូច​ជា​ការ​ស្ល​ សម្លុត​ឬ​គោះ​ឱ្យ​អ្នក​មានរឿង​ក្ដី​ធ្លាក់​លុយ​តាម​បច្ចេកទេស​របស់​ពួក​គេ​ ។​
I-​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រដ្ឋ​ប្បវេណី​ ៖
​ព្រះរាជអាជ្ញា​មិនសូវ​មានមុខ​ងារ​សំខាន់​នៅ​ក្នុង​សំណុំរឿង​រដ្ឋ​ប្បវេណី​ទេ​ វៀរលែងតែ​ក្នុង​ករណី​សំណុំរឿង​អនុវត្ដន៍​មួយ​ចំនួន​ដែល​ផ្នែក​អយ្យការ​ដើរតួ​ជា​អាជ្ញាសាលា​ (​ស្ថានភាព​បច្ចុប្បន្ន​)​រីឯ​ចៅក្រម​មាន​ តួនាទី​សំខាន់​ណាស់​លើ​ការ​ សម្រេច​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​។​
​សំណុំរឿង​វិវាទ​ដីធ្លី​ ការ​ចែក​ទ្រព្យសម្បត្ដិ​ ការ​រំលាយ​កិច្ចសន្យា​ឬ​ទាក់ទង​នឹង​ការ​អនុវត្ដន៍​កិច្ចសន្យា​ ការ​លែងលះ​ប្ដី​-​ប្រពន្ធ​ វិវាទ​ក្នុង​វិស័យ​ការងារ​ វិស័យ​ពាណិជ្ជកម្ម​ និង​ការ​ស្នើ​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​…​។​ល​។​ សុទ្ធតែ​ជា​ សំណុំរឿង​រដ្ឋប្បវេណី​ ។​
ការ​ចេញ​ដីកា​សម្រេច​រក្សា​ការ​ពារ​(​ច្បាប់​ចាស់​ហៅ​ថា​ដីកា​សម្រេច​តាម​ពាក្យសុំ​ឬ​ដីកា​សម្រេច​កិច្ចការ​ប្រញាប់​)​ ក៏​អាច​ឱ្យ​ចៅក្រម​មាន​ លទ្ធភាព​ស្វែងរក​លុយ​បាន​ដែរ​ ពី​ព្រោះ​ច្បាប់​មិន​បាន​ចែង​ឱ្យ​ច្បាស់​លាស់​ ពោល​គឺ​បើ​មាន​លុយ​ចេញ​លឿន​ តែបើ​គ្មាន​លុយ​អាច​យឺត​ ប្រែក្លាយ​ពី​កិច្ចការ​ប្រញាប់​ទៅ​ជា​កិច្ចការ​លែង​ប្រញាប់​ ។​
​ចំពោះ​សំណុំរឿង​អង្គសេចក្ដី​វិញ​ ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចែង​អំពី​នីតិវិធី​សម្រេច​ក្នុង​រឿង​ក្ដី​ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ត្រៀម​សម្រាប់​ ការ​ទាញហេតុផល​ និង​ដំណាក់​កាល​ទាញហេតុផល​ដោយ​ផ្ទាល់​មាត់​(​ជំនុំជម្រះ​)​។​ កាលបរិច្ឆេទ​​ដំណើរការ​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញហេតុផល​ ត្រូវ​កំណត់​ក្នុង​ រយៈពេល​៣០​ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដែល​ពាក្យបណ្ដឹង​ត្រូវ​បាន​ដាក់​ លើក​លែង​តែ​ក្នុង​ករណី​ដែល​មាន​មូល​ហេតុ​ពិសេស​ ។​ ប៉ុន្ដែ​ក្រម​នីតិវិធី​នេះ​មិន​បាន​ចែង​ឱ្យ​ជាក់លាក់​អំពី​កាលបរិច្ឆេទ​កំណត់​ក្នុង​ដំណាក់កាល​នីតិវិធី​បន្ដ​ពី​ការ​ត្រៀម​សម្រាប់​ការ​ទាញហេតុផល​នោះ​ទេ​ ជា​ហេតុ​អ្វី​ឱ្យ​ចៅក្រម​មួយ​ចំនួន​អាច​យក​លេស​ផ្អាប់​រឿង​ទុក​ចោល​រាប់​ខែ​ រាប់​ឆ្នាំ​ ទាល់តែ​មាន​លុយ​ទើប​ដំណើរការ​រឿង​ក្ដី​ទៅ​មុខ​បាន​បន្ដិច​។​
ច្បាប់​បាន​ផ្ដល់​ឆន្ទានុសិទ្ធិ​ឱ្យ​ចៅក្រម​ក្នុង​ការ​ជំនុំ​ជម្រះក្ដី​ តែ​ស្ថានភាព​សម្រេច​របស់​ចៅក្រម​បច្ចុប្បន្ន​នេះ​ភាគច្រើន​ គឺ​ឆន្ទានុសិទ្ធិ​រេ​រាំ​ទៅ​តាម​សម្ពាធ​អំណាច​ពី​ខាងក្រៅ​ និង​ឥទ្ធិពល​លុយកាក់​ជា​ធំ​ ។​ មាន​ន័យ​ថា​ បើ​គ្មាន​លុយ​ គ្មាន​បក្ខពួក​ រឿង​ក្ដី​យូរ​ និង​អាច​ទទួលលទ្ធផល​ចាញ់ក្ដី​ទៀត​ ។​ ការ​អនុវត្ដ​នីតិវិធី​នៅ​សាលាឧទ្ធរណ៍​និង​តុលាការ​កំពូល​ក៏​មិនសូវ​ខុស​គ្នា​ពី​សាលាដំបូង​រាជធានី​-​ខេត្ដ​ប៉ុន្មាន​ឡើយ​ បូក​រួម​ ទាំង​ល្បិច​គោះ​យក​លុយ​របស់​ចៅ​ក្រម​ពី​អ្នក​មានរឿង​ក្ដី​ ។​
II-​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ ៖
១-​ការ​ចោទប្រកាន់​ឬ​មិន​ចោទប្រកាន់​(​បើក​ការ​ស៊ើបសួរ​)​ លើ​ជនសង្ស័យ​(​ជន​ដែល​គេ​ប្ដឹង​ទៅ​តុលាការ​)​គឺជា​សមត្ថកិច្ច​របស់​ចៅក្រម​អយ្យការ​(​ព្រះរាជអាជ្ញា​ ឬ​ព្រះរាជអាជ្ញា​រង​)​។​ ការ​ចោទ​ប្រកាន់​ ឬ​មិន​ចោទប្រកាន់​នេះ​ ចៅក្រម​អយ្យការ​អាច​ស្វែងរក​លុយកាក់​ជា​ផលប្រយោជន៍​បាន​ដែរ​ ហើយ​អាច​ចោទ​ក្នុង​កម្រិត​ធ្ងន់​ ឬ​កម្រិត​ស្រាល​ក៏​បាន​ ។​ ការ​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​(​ចោទ​ប្រកាន់​ជា​ស្ថាពរ​)​ទៅ​លើ​ជន​ត្រូវ​ចោទ​ ចៅក្រម​អយ្យការ​ក៏​អាច​ទទួល​បាន​ចំណែក​លុយកាក់​ពី​ចៅ​ក្រម​ស៊ើបសួរ​បន្ថែម​ទៀត​ដែរ​ បូក​រួម​ទាំង​លើ​ការ​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន​ក្នុង​ដំណាក់កាល​នីតិវិធី​ស៊ើបសួរ​ (​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​)​។​
២-​ដល់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ម្ដង​ ការ​ឃុំខ្លួន​ឬ​មិន​ឃុំ​ខ្ល្ញួ​ន​ជន​ត្រូវ​ចោទ​(​ជន​ដែល​ចៅ​ក្រម​អយ្យការ​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​រួច​ហើយ​)​ គឺជា​រឿង​សំខាន់​ ហើយ​ក៏​ជា​វគ្គ​ដែល​អាច​គោះ​យក​លុយ​បាន​ដែរ​ជាមួយ​ចៅក្រម​អយ្យការ​ រហូត​ដល់​ដំ​ណា​ក់​កាល​លើកលែង​ចោទប្រកាន់​ ឬ​បន្ដ​ចោទប្រកាន់​បញ្ជូន​សំណុំរឿង​និង​ជនជាប់ចោទ​ទៅ​ជំនុំជម្រះ​ ។​ មាន​ន័យ​ថា​ បើ​មាន​លុយ​អាច​ត្រូវ​ តុលាការ​លើកលែង​ចោទប្រកាន់​ ឬ​បន្ដ​ចោទប្រកាន់​ដែរ​ តែ​មិន​ធ្វើ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ ។​
៣-​ដល់​ដំណាក់កាល​ចៅក្រម​ជំនុំជម្រះ​ គឺជា​រឿង​សំខាន់​បន្ដ​ទៀត​សម្រាប់​ការ​ចេញ​ជា​សាល​ក្រម​ ឬ​សាលដីកា​…​។​ ចៅក្រម​ជំនុំជម្រះ​ ទោះជា​ចៅក្រម​ទោល​ ឬ​ជា​រូបភាព​សមូហភាព​(​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​)​គឺ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ បើ​មាន​លុយ​អាច​លើក​រឿង​មក​ជំនុំ​ជម្រះ​បាន​លឿន​ តែបើ​គ្មាន​លុយ​ទុក​រាប់​ខែ​ឬ​រាប់​ឆ្នាំ​តាម​កម្រិត​សាច់​រឿង​ បើ​មាន​លុយ​អាច​កាត់ក្ដី​សម្រាលទោស​ ឬ​អាច​កាត់ទោស​លើស​ពី​មួយ​ឆ្នាំ​ដោយ​មិន​ព្យួរ​ ហើយ​មិន​ចេញ​ដីកាឃុំខ្លួន​(​ករណី​ វត្ដមាន​ជនជាប់ចោទ​នៅ​ក្នុង​សវ​នា​ការ​)​ឬ​មិន​ចេញ​ដីកាចាប់ខ្លួន​(​ករណី​ ជនជាប់ចោទ​អវត្ដមាន​ក្នុង​សវ​នា​ការ​)​ ឬ​ក៏​កាត់ក្ដី​ឱ្យ​រួច​ផុត​ពី​បទ​ចោទប្រកាន់​ក៏​បាន​…​។​ លើស​ពី​នេះ​ ការ​ទទួល​បាន​សាលក្រម​ឬ​សាលដីកា​ក៏​ត្រូវ​គិតគូរ​រឿង​លុយ​ដែរ​ បើ​ពុំនោះ​ទេ​ រាប់​ខែ​មិន​អាច​ចេញ​សាលក្រម​ឡើយ​ក្នុង​រឿង​ក្ដី​ខ្លះ​ ។​ល​។​​ នៅ​មាន​រូបភាព​គោះ​យក​លុយ​ជា​ច្រើន​សណ្ឋាន​ទៀត​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ។​
​ទាំងនេះ​គឺជា​រូបភាព​មួយ​ចំនួន​នៃ​ល្បិច​កល​ដើម្បី​រក​លុយ​ដាក់​ហោ​ប៉ៅ​របស់​មន្ដ្រី​ស្ថាប័ន​តុលាការ​កម្ពុ​ជានា​សម័យ​“​សម្ដេច​តេ​ជោ​ សែន​”​ ៕
Court

No comments:

Post a Comment