គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ
អង្គការ-សមាគមការពារសិទិ្ធមនុស្សកម្ពុជា (CHRAC)
ជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល
ដែលមានសមាជិក ចំនួន ២១ សូមសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃុំខ្លួនដោយមិនមានភស្តុតាងគ្រប់គ្រាន់លើលោក
លោក គុជ វែង ជាសកម្មជនការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ ប្រចាំខេត្តពោធិសាត់អស់រយៈពេលជាងពីរខែកន្លងទៅនេះ។
លោក គុជ វែង
ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣
ខណៈដែលលោកទៅចំការនៅចំណុចភ្នំព្រះ ភូមិក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគ
ខេត្តពោធិ៍សាត់ ហើយបញ្ជូនខ្លួនគាត់ទៅ ដាក់ឃុំរហូតមកដល់ថ្ងៃនេះ ដោយចោទប្រកាន់គាត់ពីបទ ឆបោក ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១០ នៅភូមិខ្សាច់ល្អិត
ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។
យោងតាមការប្រមូលពត៌មានរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម បានរកឃើញថា ការចាប់ខ្លួនលោក គុជ វែង
គឺពាក់ព័ន្ធនឹងការចោទប្រកាន់ពីលោកស្រី អ៊ំ ធាវី ដែលបានព្រមព្រៀងគ្នាប៉ុនប៉ងយកលុយទៅសូកប៉ាន់
ដើម្បីប្តីគាត់ (អ៊ំ ធាវី) បានទទួលការងារបុណ្យសក្កិជាប៉ូលីស។
បន្ទាប់ពីបានព្រមព្រៀង លោកស្រីបានអះអាងបញ្ជាក់ថា លោក គុជ វែង បានឆបោកលុយគាត់ចំនួន
៤៥០០ ដុល្លាអាមេរិក។ អង្គហេតុនេះ
បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២
ប៉ុន្តែវាគួរឲ្យសោកស្តាយចំពោះការចោទប្រកាន់របស់តំណាងអយ្យការអមតុលាការខេត្តពោធិសាត់ទៅលើភាគីម្ខាងនៃកិច្ចព្រមព្រៀងប្រព្រឹត្តបទសូកប៉ាន់។
ភាពសមហេតុផលតាមផ្លូវច្បាប់ បើតំណាងអយ្យការដំណើរការចោទប្រកាន់លោក គុជ វែង
ក៏គួរចោទប្រកាន់អ្នកស្រី ជាភាគីដើមចោទផងដែរ។
គណៈកម្មាធិការប្រព្រឹត្តិកម្មចាត់ទុកការចាប់ខ្លួនលោក
គុជ វែង គឺជាការរំលោភសិទ្ធិមនុស្ស និងជាការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស
និងធនធានធម្មជាតិដទៃទៀត កុំឲ្យមានការតវ៉ាទាមទារ។ ហើយ បច្ចុប្បន្ន លោក គុជ វែង កំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរដែលតំរូវឲ្យមានការពិនិត្យ
និងព្យាបាលជាប្រចាំពីគ្រូពេទ្យ ដូច្នេះ គណៈកម្មាធិការប្រព្រឹត្តិកម្មមានជំនឿថា សាលាឧទ្ធរណ៍
ដែលគ្រោងនឹងបើកសាវនាការលើការសុំនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
ស្អែកនេះ នឹងធ្វើការពិចារណាដោះលែងលោក គុជ វែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីបានព្យាបាលជំងឺ
និងរកស៊ីចិញ្ចឹមគ្រួសារ ព្រោះលោកមានកូនរហូត ដល់ទៅ ៧ នាក់ក្នុងបន្ទុក។
ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក សុក សំអឿន
នាយកប្រតិបត្តិនៃអង្គការ CDP
ទូរស័ព្ទលេខ: ០១២ ៩០១ ១៩៩
លោក ឡាត់ គី
ប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ សមាគមអាដហុក ទូរស័ព្ទលេខ: ០១២ ៨២៨ ៤១១
លោក ម៉ាក ចំរើន
ប្រធានសមាគម KYA
ទូរស័ព្ទលេខ: ០៩៧៤៤៤៥៧៧៧
លោក សួន ប៊ុនស័ក្តិ
លេខាធិការប្រតិបត្តិ CHRAC
ទូរស័ព្ទលេខ: ០៩២ ៣៤៤ ៣៥៧
No comments:
Post a Comment