Monday, July 1, 2013

កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ច្បាប់​ធានា​ឯករាជ្យ​របស់​តុលាការ


រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ១៣៥​ថ្មី កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​នៅ​ឡើយ​ទេ។
ដោយ វណ្ណ វិចារ
2013-06-16
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បាតុកម្ម តុលាការ ៦១០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar
សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​មួយ​ចំនួន​យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា យឺតយ៉ាវ​ក្នុង​ការ​តាក់តែង​ច្បាប់​នេះ ដោយសារ​តែ​ស្ថាប័ន​យុត្តិធម៌ និង​ក្រុម​អ្នក​ដែល​មាន​តួនាទី​ចូល​រួម​តាក់​តែង​ច្បាប់​នេះ​ឡើង ស្ថិត​ក្រោយ​សម្ពាធ​នយោបាយ ឬ​នៅ​ក្រោម​ឥទ្ធិពល​អ្នក​មាន​លុយ​មាន​អំណាច​នោះ។ បញ្ហា​ទាំង​នេះ​ក៏​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​តុលាការ​មិន​ឯករាជ្យ។
មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ សំណុំ​រឿង​លោក ឈូក បណ្ឌិត សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធ​តែ​ជា​ព្រនង់​ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សំពង​តុលាការ​កម្ពុជា ក្រោម​ហេតុផល​ថា តុលាការ​ក្នុង​ស្រុក​កំពុង​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម​អភិជន។
ករណី​លោក ម៉ម សូណង់ដូ គ្រាន់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ថា ប្រធាន​វិទ្យុ​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ដើម្បី​ចាប់​ខ្លួន។បន្ទាប់​មក សាលា​ដំបូង​រាជធានី កាត់​ទោស​ឲ្យ​ជាប់​គុក ២០​ឆ្នាំ​ទៀត បណ្ដាល​ឲ្យ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ស្ទើរ​មួយ​ចំហៀង​ពិភពលោក រាប់​ទាំង​ប្រធានាធិបតី​អាមេរិក ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ។
ករណី យ៉ោម បុប្ផា ក៏​ត្រូវ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា តុលាការ​សម្រេច​ក្ដី​ដោយ​មិន​យុត្តិធម៌ ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ​ដែរ។ រី​ឯ​ករណី​លោក ឈូក បណ្ឌិត វិញ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សុទ្ធ​តែ​សំដែង​ការ​ហួស​ចិត្ត​លើ​បទ​ចោទ​ដែល​ចោទ​ថា លោក​បាន​បង្ក​របួស​ស្នាម​ដោយ​អចេតនា បើ​ទោះ​ជា​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​កម្មករ​រង​របួស​ស្ទើរ​ស្លាប់​ក៏ដោយ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កត់​សម្គាល់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​គ្រប់​ស្ថាប័ន​ដោយ​គ្រប់គ្រង និង​ដាក់​សម្ពាធ​គាប​សង្កត់​មិន​ឲ្យ​ស្ថាប័ន​យុត្តិធម៌​បំពេញ​ការងារ​ប្រកប​ដោយ​ឯករាជភាព​នោះ​ទេ។
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​សំខាន់​ចង់​ជំរុញ​ឲ្យ​បង្កើត​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គ​ចៅក្រម​ឲ្យ​បាន​ឆាប់​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​យុត្តិធម៌​ពេញលេញ ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។
លោក យ៉ែម បុញ្ញឫទ្ធិ៖ «ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​មិន​ទាន់​មាន​ឯករាជ្យ​នៅ​ឡើយ ដូចជា​ករណី​នៅ​បាវិត លោក សូណង់ដូ ករណី​ឃាតកម្ម​លោក ជា វិជ្ជា ករណី​ឃាតកម្ម​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ហើយ​ទាំង​អស់​នេះ​យើង​សង្កេត​ឃើញ​ថា ប្រព័ន្ធ​តុលាការ​មាន​សមត្ថភាព​ពិត​ប្រាកដ និង​ឯករាជ្យ​ពិត​ប្រាកដ​ហើយ​ឬ​នៅ? គួរ​ថ្វាយ​ព្រះរាជ​សិទ្ធិ ថ្វាយ​មហាក្សត្រ​ជា​អ្នក​រៀបចំ ដើម្បី​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ បើ​សិន​ណា​មាន​តួនាទី​មជ្ឈិម​បក្ស សមាជិក​ជាន់​ខ្ពស់​បក្ស មិន​អាច​ឯករាជ្យ​បាន​ទេ»
លោក​បន្ត​ថា ច្បាប់​ស្ដីពី​ការ​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ មាន​សារសំខាន់​ណាស់ ប៉ុន្តែ​មុន​នឹង​បង្កើត​ច្បាប់​នេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ពិភាក្សា និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​សិន មិន​ត្រូវ​បង្កើត​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​មនុស្ស​មួយ​ក្រុម ដូច​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​បទឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។
ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ មិន​ទាន់​អាច​បង្កើត​បាន​ឆាប់ៗ​នោះ​ទេ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ។
លោក​បន្ត​ថា ច្បាប់​នេះ​ធំ និង​មាន​សារសំខាន់ ដូច​នេះ​ត្រូវ​មាន​ចំណាយ​ពេល​វេលា​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ពិសេស​ត្រូវ​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ពី​មជ្ឈដ្ឋាន​ទើប​អាច​ចេញ​រួច៖ «ជា​ច្បាប់​ដែល​នីតិប្រតិបត្តិ អ្នក​ធ្វើ​មក​ដោយ​មាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផង ក្រោយ​ពី​ស្ដាប់​ក្មួយៗ​និយាយ​ហ្នឹង ខ្ញុំ​បាន​សួរ​ទៅ​ក្រសួង​យុត្តិធម៌​ហើយ គេ​ថា កំពុង​តែ​ធ្វើ​ហើយ។ ហើយ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ មិន​មែន​ជា​រឿង​បក​ចេក​ហូប​ទេ។ អ៊ីចឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គេ​ជួយ​មើល ហើយ​ការងារ​ហ្នឹង​វែង ខ្ញុំ​សង្ឃឹម​ថា ការងារ​ហ្នឹង​អាណត្តិ​ទី​៥ នឹង​ចប់​ហើយ»
ទោះ​យ៉ាង​ណា​ក្តី លោក ឈាង វុន បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​កង្វះ​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ អាច​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​សម្រេច​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ឬ​អត់​នោះ​ទេ? ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​រួច​ហើយ។
អ្នក​តាម​ដាន​បញ្ហា​នយោបាយ​បញ្ជាក់​ថា ច្បាប់​មួយ​ចំនួន ដូចជា​ច្បាប់​ឯកពន្ធនភាព​ដែល​បង្កើត​កាល​ពី​ឆ្នាំ​២០០៦ និង​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ព្រឹទ្ធសភា​ទើប​តែ​អនុម័ត​ក្នុង​សប្ដាហ៍​មុន បាន​ធ្វើ​ដោយ​ប្រញាប់ប្រញាល់ ហើយ​ច្បាប់​នេះ​ទំនង​ជា​បម្រើ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល រាប់​ទាំង​លោក​នាយករដ្ឋមន្ត្រី តែង​បដិសេធ​ថា មិន​ដែល​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ទេ។
ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ សមភាព​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន តែ​សមាជិក​ភាគ​ច្រើន​ផ្សេង​ទៀត ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​វិភាគ​បញ្ហា​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ការ​ដែល​មិន​ទាន់​មាន​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ​នេះ​ហើយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ដល់​ក្រសួង​យុត្តិធម៌​ស្ទើរ​តែ​មិន​លុះ​ពេល។
លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ចែង​ច្បាស់​ថា ចៅក្រម ជា​បុគ្គល​បែប​ណា ព្រះរាជអាជ្ញា​ជា​បុគ្គល​បែប​ណា បាន​ប្រាក់​ពី​ណា​ចាយ រដ្ឋ​ធានា​សុវត្ថិភាព​ដូច​ម្ដេច? បើ​ធ្វើ​ខុស​ត្រូវ​រង​ពិន័យ​រដ្ឋបាល​យ៉ាង​ម៉េច ហើយ​ធ្វើ​ល្អ​មាន​កាំ​ប្រាក់​បែប​ណា?
លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បង្កើត​ច្បាប់​នេះ​ទេ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ពន្លឿន​ឲ្យ​ឆាប់​បំផុត​ទៀត​ផង៖ «ធានា​ការពារ​ឯករាជ្យ ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​មាន​មាត្រា ចៅក្រម​ព្រះរាជអាជ្ញា មិន​ត្រូវ​ចូល​ក្នុង​បក្ស​ណា​មួយ​ទេ បើ​ចូល​ហើយ​ត្រូវ​លា​ឈប់​វិញ ហើយ​ដាក់​ទណ្ឌកម្ម​ជន​ណា​ដែល​លូក​ដៃ​ចូល​កិច្ចការ​ចៅក្រម ព្រះរាជអាជ្ញា ទោះ​យ៉ាង​ណា​ធានា​ប្រាក់​ខែ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ ហើយ​ការងារ​ការពារ​សន្តិសុខ​ចៅក្រម ព្រះរាជអាជ្ញា​ហ្នឹង ២៤​ម៉ោង»
កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ដាក់​ញត្តិ​នៅ​មុខ​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌។
ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ការពារ​ដីធ្លី ធនធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ បំភ្លៃ​រឿង​ក្ដី​ជម្លោះ​ដីធ្លី​ទៅ​ជា​ករណី​បទល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។
ទន្ទឹម​នឹង​នោះ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​មាន​ច្បាប់​ដោយ​ឡែក​សម្រាប់​ការពារ ឬ​ចែង​ពី​ការ​បំពេញ​ការងារ​តាម​ឋានានុក្រម​នោះ​ឡើយ។ ចៅក្រម និង​ព្រះរាជអាជ្ញា បែរ​ជា​បំពេញ​ការងារ​នៅ​ក្រោម​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ដូច​មន្ត្រី​ក្រសួង​នានា​ទៅ​វិញ។ ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​អាច​គ្រប់គ្រង​ចៅក្រម ឬ​ព្រះរាជអាជ្ញា​បាន​ស្រួល​តាម​ខ្សែ​បណ្ដោយ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

No comments:

Post a Comment