Monday, July 1, 2013

ដីកាចាប់ខ្លួន​របស់​តុលាការ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​អ្នកមានអំណាច និង​អ្នកមាន​លុយ​

ដីកាចាប់ខ្លួន​របស់​តុលាការ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​អ្នកមានអំណាច និង​អ្នកមាន​លុយ​

មាន​មនុស្ស​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ត្រូវបាន​ស្ថាប័ន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​នៅមុន​ពេល​ជំនុំជម្រះ​ក៏មាន និង​នៅក្រោយពេល​សវនាការ​ជំនុំជម្រះ​ក៏មាន​។​
​ជន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការ​រួមមាន​ត្រួសៗ​ដូចតទៅ​៖
១-​កញ្ញា ជា រដ្ឋា អតីត​ជានា​យ​អាវុធហត្ថ និង​នគរបាលជាតិ ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ព្រោះ​ពាក់ព័ន្ធ​នឹង​រឿង​ជះ​ទឹក​អាស៊ីដ​ទៅលើ​ម្តាយមីង​របស់ កញ្ញា អ៊ិន សុខ​លីន​ដា​។ កាល​នៅមាន​អំណាច​មុខ​ពេល​តុលា​ការចេញ​ដីកាចាប់ខ្លួន​កញ្ញា​ជា រដ្ឋា អាច​អញ្ជើញ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ឲ្យ​ចូលរួម​ធ្វើជា​អធិបតី​សម្ពោធ​យានដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ហ៊ឺហា​។​
២-​លោក ម៉ី រដ្ឋា អតីត​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១១ ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត​។ លោក ម៉ី រដ្ឋា ដែល​ក្លាយជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ត្រូវជា​ស្វាមី​របស់​ឈ្មោះ​ឌី លីន​ណា នៅមុន​ពេល​តុលា​ការចេញ​ដីកាចាប់ខ្លួន​គឺមាន​ជំនាញ​ខាង​ចេញ​មូល​ប្ប​ទា​នប​ត្រ «​សែក​» អត់លុយ​។​
៣-​លោក យាន ស៊ីណា អតីត អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ត្រូវបាន​តុល​ការចេញ​ដីកាចាប់ខ្លួន ព្រោះ​មានការ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ប្រើ​អំពើហិង្សា​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​។​ ​លោក យាន ស៊ីណា ដែលមាន​ឈ្មោះ​ជា​ជនជាប់ចោទ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៣ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ២ ឆ្នាំ គិតពី​ថ្ងៃ​ចាប់ខ្លួន និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល​។​
៤-​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកាចាប់ខ្លួន​ព្រោះ​មានការ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​បាញ់​កម្មការិនី​ចំនួន ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។ លោក​ឈូក បណ្ឌិត ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន ១៨ ខែ ពីបទ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​អ​ចេតនា​។ ​តាម​ប្រភពព័ត៌មាន​ខ្លះ បាន​ឲ្យ​ដឹងថា លោក​ឈូក បណ្ឌិត ដោយសារ​មាន​លុយកាក់​ច្រើន​ត្រូវបាន​អ្នកធំ​តាម​ជួយ​ការពារ​មិន​ឲ្យ​ជនជាប់ចោទ​រូបនេះ​ស្គាល់​រសជាតិ​គុក​ឡើយ​។​
៥-​លោកស្រី​ឧកញ៉ា ឈិន សុគន្ធា​រី ហៅ​យាយ​ក្រពើ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១២ ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម កែប ជុតិមា អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​ ​យាយ​ក្រពើ​ដែល​សព្វថ្ងៃ​កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នោះ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ៤ ឆ្នាំ ០៦ ខែ ពីបទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​។​ ​
បច្ចុប្បន្ន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង ៥ នាក់ ដូច​បាន​រៀបរាប់​ខាងលើ​របស់​ស្ថាប័ន​តុលាការ​គឺ​បាន​ត្រឹម​ឋិត​នៅលើ​ក្រដាស​តែប៉ុណ្ណោះ ឬ​អាច​និយាយថា «​ចាប់ខ្យល់​» ពីព្រោះ​ជនជាប់ចោទ​ខ្លះ​បាន​ពួន​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​អ្នកធំ អ្នកមានអំណាច និង​ជនជាប់ចោទ​ខ្លះទៀត​បាន​រត់គេចខ្លួន​ទៅ​បរទេស​ឋិត​នៅក្បែរ​ខាង​ប្រទេស​កម្ពុជា ដោយ​ខ្លាច​ជាប់ពន្ធនាគារ​។
មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​បានលើកឡើង​ថា គេ​មិនដឹងថា ដីកាចាប់ខ្លួន​ចេញ​ដោយ​ស្ថាប័ន​តុលាការ​នោះ​មាន​យុត្តិធម៌ ឬ​អយុត្តិធម៌​សម្រាប់​ជនជាប់ចោទ​ទេ ប៉ុន្តែ​តាម​គោល​ការ​ច្បាប់​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​តុលាការ​គឺ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ (​ជា​នគរបាលជាតិ ឬ​ជា​កងរាជអាវុធហត្ថ​…) ចូលរួម​អនុវត្តន៍​ក្នុងការ​តាម​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ ឬ​ទណ្ឌិត​។ ប្រសិនបើ​ដីកាចាប់ខ្លួន​របស់​តុលាការ​ចេញមក​ក្លាយជា​ឥតប្រយោជន៍ ឬ​បាន​ត្រឹម «​ចាប់ខ្យល់​» នៅ​គ្រប់​ករណី (​ចាប់ខ្លួន​ជនជាប់ចោទ​មិនបាន​អស់​រយៈពេល​រាប់​ឆ្នាំ​) នាំ​ឲ្យ​ដីកា​របស់​ស្ថាប័ន​តុលាការ​គ្មា​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នៃ​ផល​ប្រ​យោ​ជ​ន័​ច្បាប់ ព្រមទាំង​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ស្ថាប័ន​តុលាការ​ទាំងមូល​។​ ​
ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា រវាង​មន្ត្រី​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌​កម្ពុជា នៅក្នុង​សម័យ «​សម្តេច​តេ​ជោ​សែន​» គឺ​មួយ​ដំប និង​បួន គិតតែ​ផលប្រយោជន៍​លុយកាក់ និង​បុណ្យស័ក្តិ​ផ្ទាល់ខ្លួន​ដូចគ្នា គ្មាន​ខ្វល់​នឹង​ការអនុវត្តន៍​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ជា​ម្ចាស់​វាសនា​ប្រទេសជាតិ​អ្វី​ឡើយ​៕​
5555

No comments:

Post a Comment