ក្រៅពីអំពើពុករលួយដែលបាននិងកំពុងគ្របដណ្ដប់ វាយលុកទៅលើគ្រប់វិស័យ និងគ្រប់ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជាទីពីរនេះ គឺស្ថាប័នតុលាការក៏ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ដោយចំៗថា លម្អៀង អសមត្ថភាព និងមិនអាចបម្រើសេវាយុត្ដិធម៌ជូនប្រជាពលរដ្ឋក្រីក្រ តូចតាច ។ លើសពីនេះ ទម្លាប់នៃការប្រគល់កិច្ចសន្យាដោយ មិនដេញថ្លៃ(ធ្វើលទ្ធកម្មសាធារណៈ) ពីសំណាក់រាជរដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួនលើការផ្គត់ ផ្គង់សេវាផ្សេងៗ ក៏ត្រូវប្រឈមនឹងការរិះគន់ព្រោងព្រាតដែរ ។
ព័ស្ដុតាងបានបង្ហាញថា ការប្រគល់កិច្ចសន្យាលើការបម្រើសេវាជួសជុលផ្លូវជាតិលេខ៤ជាថ្នូរនឹងការយកលុយពីអ្នកធ្វើដំណើរឆ្លងកាត់ទៅឱ្យក្រុមហ៊ុនអេហ្សិត(AZ) របស់ឯកឧត្ដមឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រយៈពេល៣៥ឆ្នាំដោយមិនដេញថ្លៃ ការធ្វើកិច្ចសន្យាដោះដូរផ្ទៃដីបឹងពោងពាងទំហំជាង១០៨ហិកតា និងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃរាប់រយលានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុនអិលវ៉ាយភី គ្រុប(LYP Group) របស់ឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ដោយមិនដេញថ្លៃ ការចុះកិច្ចសន្យាជួលផ្ទៃដីបឹងកក់ឱ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន(SHUKAKU Inc.) របស់ឯកឧត្ដមឧកញ៉ា ឡាវ ម៉េងឃីន (ស្វាមីយាយភូ ហៅ ជឹង សុភាព)រយៈពេល៩៩ឆ្នាំក្នុងតម្លៃជាង៧៩លានដុល្លារអាមេរិកដោយមិនដេញថ្លៃ ការធ្វើកិច្ចសន្យាលើការបម្រើសេវាប្រមូលចំណូលពីភ្ញៀវទេសចរចូលទស្សនាប្រាង្គអង្គរវត្ដ ទៅឱ្យក្រុមហ៊ុនសុខាអូតែល (Sokha Hotel)របស់អ្នកឧកញ៉ា សុខ គង់ ដោយទទួលបានចំណូលរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ មិនដេញថ្លៃ ការចុះកិច្ចសន្យាលើការបម្រើសេវារថយន្ដប្រណីតសម្រាប់ដឹកភ្ញៀវជាប្រតិភូបរទេសទៅឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ក៏មិនដេញថ្លៃ…។ល។
ផលវិបាកនៃការមិនធ្វើលទ្ធកម្មសាធារណៈ(មិនដេញថ្លៃ)លើការផ្គត់ផ្គង់សេវានានាដោយក្រុមហ៊ុនឯកជនមកឱ្យរដ្ឋ គឺបង្កឱ្យមានអំពើពុករលួយនិងគ្មានតម្លាភាព ។
និយាយអំពីស្ថាប័នតុលាការកម្ពុជាសព្វថ្ងៃនេះវិញ គឺភាពឯករាជ្យក៏គ្មាន ច្បាប់មូលដ្ឋានសំខាន់ៗ សម្រាប់ដំណើរការការងាររបស់ស្ថាប័នក៏គ្មាន និងធនធានមនុស្សក្នុងនាមជាចៅក្រម-ព្រះរាជអាជ្ញាល្អក៏ខ្វះខាត…។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១២៨ថ្មី(មាត្រា១០៩ចាស់)បានតម្រូវឱ្យអំណាច តុលាការជាអំណាចឯករាជ្យ ។ ប៉ុន្ដែតាមការពិត ស្ថាប័នតុលាការកម្ពុជាបច្ចុប្បន្នជាតុលាការដែលស្ដាប់តាមការបង្គាប់បញ្ជាពីគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយគ្រប់គ្រងអំណាច ហើយមន្ដ្រីធំៗរបស់តុលាការគឺជាសមាជិកនិងជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ នៅតាមការិយាល័យធ្វើការរបស់ប្រធានតុលាការមួយចំនួនមិនដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការទេ បែរជាដាក់តាំងរូបថតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា (ស្ថាប័ននីតិប្រតិបត្ដិ)និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅវិញ ។
មាត្រា១៣៥ថ្មី(មាត្រា១១៦ចាស់)នៃរដ្ឋធម្មនុញ្ញក៏បានចែងតម្រូវឱ្យមានការបង្កើតច្បាប់ស្ដីពី លក្ខន្ដិកៈចៅក្រមនិងព្រះរាជអាជ្ញា ប៉ុន្ដែរហូតមកទល់បច្ចុប្បន្នមានរយៈពេលចូល២០ឆ្នាំហើយ ច្បាប់ដ៏សំខាន់នេះមិនទាន់បានបង្កើតឱ្យចេញជារូបរាងនៅឡើយ ។
ការណ៍ដែលមិនទាន់មានច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា គឺមានន័យថា មិនទាន់មានម៉ែត្រ ឬរង្វាស់រង្វាល់សម្រាប់វាស់ស្ទង់អំពីកំហុសឆ្គងរបស់ចៅក្រម-ព្រះរាជអាជ្ញា និងការផ្ដល់ពិន្ទុចំណាត់ថ្នាក់ដល់ចៅក្រម-ព្រះរាជអាជ្ញាដែលបម្រើការងារបានល្អ បានពិតប្រាកដទេ មិនអាចរៀបចំការបោះឆ្នោតជ្រើសតាំងចៅក្រម-ព្រះរាជអាជ្ញាចំនួន៣រូបជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញពីឆន្ទៈរបស់ចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេសបាន មិនអាចកំណត់អំពីការដាក់ឱ្យចូលនិវត្ដន៎៍នៃចៅក្រម-ព្រះរាជអាជ្ញាឱ្យបានច្បាស់លាស់ និងមិនអាចបង្កើត តុលាការឯកទេសមួយចំនួនបាន ដូចជាតុលាការការងារ តុលាការពាណិជ្ជកម្ម តុលាការរដ្ឋបាល និងតុលាការអនីតិជន…។ល។ ដូច្នេះ ស្ថាប័នតុលាការនិងការប្រគល់កិច្ចសន្យាដោយគ្មានការ ដេញថ្លៃជាសាធារណៈ គឺជាចំណុចដែលត្រូវធ្វើការកែលម្អជាចាំបាច់សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលនឹងបង្កើតឡើងនៅពេលខាងមុខ ដ្បិតរាជរដ្ឋាភិបាលកន្លងមកគ្មានឆន្ទៈរវីរវល់ដោះស្រាយអំពីករណីនេះទេ ដោយខ្លាចស្ថាប័នតុលាការមានឯករាជ្យភាពកាត់ក្ដីពួកមន្ដ្រីពុករលួយឱ្យជាប់គុកអស់ ៕
No comments:
Post a Comment