Thursday, July 11, 2013

ព្រឹទ្ធ​សមាជិក​អាមេរិក​ស្នើ​កាត់​ជំនួយ​ពី​កម្ពុជា


130711_01
លោក Dana Rohrabacher ព្រឹទ្ធ​សមាជិក​​សហរ​ដ្ឋ​អាមេរិក​ មក​ពី​​រដ្​ឋ​កាលីហ្វ័រ​នីញ៉ា​ ថ្លែង​​ក្តី​កង្វល់ពី​វិបត្តិ​នយោបាយ​​កម្ពុជា​​។ Reuters

ភ្នំពេញៈ ព្រឹទ្ធ​សមាជិក​អាមេរិក​កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​រដ្ឋការ​អាមេរិក​កាត់​បន្ថយ​ជំនួយ​ផ្ទាល់​មក​ឲ្យ​ប្រទេស​កម្ពុជា​ប្រសិន​បើ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ ខែ​កក្កដា​ខាង​មុខ​នេះ ត្រូវ​បាន​វិនិច្ឆយ​ថា មិន​សេរី​និង​យុតិ្តធម៌ ដែល​ជា​សញ្ញា​បង្ហាញ​នូវ​ការ​រកាំរកូស​កើន​ឡើង ពាក់​ព័ន្ធ​នឹង​ប្រាក់​ជំនួយ​អាមេរិក ដែល​ពុំ​បាន​នាំ​នូវ​ភាព​រីក​ចម្រើន​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​ដល់​ប្រទេស​កម្ពុជា។
លោក Steve Chabot ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ដែល​ដឹក​នាំ​អនុ​គណៈកម្មការ​ការ​បរទេស​របស់​ព្រឹទ្ធ​សភា​អាមេរិក ស្តីពី​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា ការ​បោះឆ្នោត​អាណតិ្ត​ទី៥ នៅ​កម្ពុជា​បាន​រៀបចំ​ឡើង​ក្រោម​របាំង​ក្លែង​ក្លាយ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ។
លោក​លើក​ឡើង​ថា៖ «គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា ត្រូវ​តែ​ផ្លាស់​ប្តូរ ហើយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី អូបាម៉ា ត្រូវ​ប្រើ​ប្រាស់​វិធី​តឹង​រ៉ឹង​ថែម​ទៀត ចំពោះ​មេ​ដឹក​នាំ​ផ្តាច់​ការ​កាន់​តំណែង​យូរ​បំផុត​នៅ​អាស៊ី»។
លោក Chabot បាន​បន្ថែម​ថា លោក​គ្រោង​ស្នើ​ច្បាប់​កាត់​បន្ថយ​ជំនួយ​សម្រាប់​ប្រទេស​នេះ ប្រសិន​បើ​ការ​បោះឆ្នោត​មិន​សេរី​និង​យុតិ្តធម៌​ទេ​នោះ។
លោក​បន្ថែម ៖ «ការ​កាត់​បន្ថយ​ជំនួយ​ផ្ទាល់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស ជំនួយ​កងទ័ព​បរទេស​និង​ការ​ផ្តល់​មូលនិធិ​លើ​ការ​ហ្វឹក​ហាត់ និង​អប់រំ​កងទ័ព​ជា​អន្តរជាតិ គឺជា​សកម្មភាព​មួយ​ដែល​អាមេរិក​គួរ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​នូវ​ការ​ថ្កោល​ទោស លើ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​និង​ពុំ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ»។
ថ្លែង​ក្នុង​សវនាការ​ក្រោម​ប្រធានបទ​«វិបតិ្ត​សង្គម​និង​នយោបាយ​នៅ​កម្ពុជា»​ការ​លើក​ឡើង​របស់​លោក Steve Chabot បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជាង​១ខែ ព្រឹទ្ធ​សមាជិក​ពីរ​រូប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ឡើង​វិញ​លើ​ជំនួយ​សម្រាប់​កម្ពុជា។
យោង​តាម USAID ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​១,២ ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​កម្ពុជា​គិត​ពី​ឆ្នាំ​១៩៩៣ ដល់ ២០១១ រីឯ​ប្រាក់​ជំនួយ​៧៣,៥ លាន​ដុល្លារ​អាមេរិក​បាន​កំណត់​សម្រាប់​ឆ្នាំ​២០១៤ រួច​ហើយ។
ថ្លែង​កាល​ពី​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស អះអាង​ជា​ថ្មី​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​និង​បាន​បញ្ជាក់​ថា កម្ពុជា​មិន​ខ្វល់​នឹង​សម្តី​ព្រឹទ្ធ​សមាជិក​អាមេរិក​ឡើយ ហើយ​ថា ជោគ​វាសនា​កម្ពុជា​ត្រូវ​សម្រេច​ដោយ​ប្រជាជន​កម្ពុជា​ផ្ទាល់។
ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​ពី​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​កម្ចី​ចំនួន ២០០​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង លោក ហោ ណាំហុង បញ្ជាក់​ថា៖ «ទោះ​ជា​អាមេរិក​ជួយ​កម្ពុជា​ឬ​មិន​ជួយ​គឺ​វា​ស្រេច​លើ​សហរដ្ឋ​អាមេរិក​។ គេ​អាច​និយាយ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​ប៉ុន្តែ​ការ​សម្រេច​លើ​អនាគត​របស់​កម្ពុជា គឺ​ស្ថិត​ក្នុង​ដៃ​របស់​ប្រជាជន​កម្ពុជា»។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​បន្ថែម​ថា សវនាការ​នោះ​ពុំ​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឡើយ។ លោក​បន្ត​ថា៖ «មាន​ព្រឹទ្ធ​សមាជិក​ម្នាក់​ឬ​ពីរ​នាក់​ទេ ពួក​គេ​មិន​មែន​តំណាង​ឲ្យ​គោល​នយោបាយ​រដ្ឋាភិបាល​អាមេរិក​ទាំង​មូល​ទេ ហើយ​ពួក​គេ​គ្មាន​សិទ្ធិ​សម្រេច​លើ​ជោគ​វាសនា​របស់​កម្ពុជា​ឡើយ»។
លោក Sean Macintosh អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​សវនាការ​ដោយ​ផ្ទាល់​ឡើយ ប៉ុន្តែ​ថា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​មាន​ក្តី​បារម្ភ​ដូច​ព្រឹទ្ធ​សមាជិក​អ៊ីចឹង​ដែរ ស្តី​អំពី​ស្ថានការណ៍​នៅ​កម្ពុជា។
លោក John Sifton នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ដែល​បាន​ផ្តល់​ចម្លើយ​នៅ​សវនាការ បាន​ទម្លាក់​កំហុស​ចំពោះ​ការ​ខ្វះ​ការ​អភិវឌ្ឍ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​លើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
លោក លើក​ឡើង​ថា៖ «បញ្ហា​មិន​មែន​ជា​ទម្លាប់​ឬ​ភាព​អសកម្ម​ទេ​។ ផ្ទុយ​ទៅ​វិញ វា​ជា​លទ្ធផល​នៃ​ហេតុការណ៍​នយោបាយ​គឺ​ដោយ​សារ​បុគ្គល​និង​គណបក្ស គឺ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក»។
អារម្មណ៍​បែប​នេះ ក៏​ត្រូវ​បន្ទរ​ដោយ​សមាជិក​សភា​លោក Dana Rohrabacher ព្រឹទ្ធ​សមាជិក​នៃ​អនុ​គណៈកម្មការ​ព្រឹទ្ធ​សភា​ទទួល​ផ្នែក​កិច្ចការ​បរទេស។
លោក​បន្ត​ថា៖«វា​ជា​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញ។ លោក ហ៊ុន សែន ជា​មនុស្ស​សាហាវ​និង​ពុករលួយ​ម្នាក់ ដែល​បាន​គ្រប់​គ្រង​ប្រទេស​ក្នុង​កណ្តាប់​ដៃ​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ»។
តែ​ទោះ​ជា​យ៉ាង​ណា​លោក Daniel Mitchell នាយក​ប្រតិបតិ្ត​នៃ​ក្រុមហ៊ុន​វិនិយោគ SRP International Group និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ កម្ពុជា បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​កាន់​តែ​ល្អ​ប្រសើរ។
លោក Mitchell ប្រាប់​សវនាការ​ថា៖«ដើម្បី​ធ្វើ​ឲ្យ​សិទិ្ធ​មនុស្ស​ល្អ​ប្រសើរ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​អាមេរិក គួរ​ចូល​រួម​ជា​ជាង​ងាក​ចេញ​ពី​ឱកាស​នៅ​កម្ពុជា»។
លោក Eni Faleomavaega សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះ​គន់​សំណើ​កាត់​បន្ថយ​ជំនួយ​នេះ​ផង​ដែរ ដោយ​គាំទ្រ​ឲ្យ​លុប​ចោល​បំណុល​ដែល​កើន​ឡើង​ក្នុង​អំឡុង​របប លន់ នល់ ដែល​មាន​ប្រហែល ជា​៤៦០ លាន​ដុល្លារ​អាមេរិក។
លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា សហរដ្ឋ​អាមេរិក​ចាំ​បាច់​ត្រូវ​កែ​តម្រូវ​នូវ​អ្វី​ដែល​បាន​ធ្វើ​ខុស​នៅ អាស៊ី​អាគ្នេយ៍...ប្រវតិ្តសាស្រ្ត​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​បាន​ទទួល​បរាជ័យ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​»។
លោក​ស្រី Eva Schueller ទីប្រឹក្សា​ច្បាប់​នៃ​អង្គការ​លីកាដូ ដែល​បាន​ផ្តល់​ចម្លើយ​ក្នុង​សវនាការ​នោះ​ដែរ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​លើ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​រដ្ឋ​ដោយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បណ្តេញ​ប្រជាជន​ទាំង​បង្ខំ​និង​ជំរុញ​ឲ្យ​អាមេរិក​កាត់​បន្ថយ​ជំនួយ​យោធា​មក​ឲ្យ​កម្ពុជា។
លោក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ បាន​ថ្លែង​ថា៖ «យើង​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​បី​ឆ្នាំ​កន្លង​មក​នេះ​លើ​ជំនួយ​យោធា និង​កិច្ច​សហ​ប្រតិបតិ្ត​ការ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ហើយ​ចំពោះ​យើង នេះ​ជា​ឱកាស​សំខាន់​ក្នុង​ការ​ផ្តោត​លើ​ចំណុច​នោះ»។
លោក Patrick Merloe នាយក​ផ្នែក​កម្មវិធី​បោះឆ្នោត​នៅ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​បង្ហាញ​នូវ​ការ​បណ្តេញ​សមាជិក​គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋសភា ការ​រឹត​ត្បិត​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស និង​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត ជា​មូលហេតុ​ដែល​ចាំ​បាច់​ត្រូវ​បង្កើន​ជំនួយ​ទ្វេ​ដង​ដល់​គំនិត​ផ្តួច​ផ្តើម​លទិ្ធ​ប្រជាធិបតេយ្យ។
លោក Chabot និង​អ្នក​ឯ​ទៀត​បាន​លើក​ឡើង​ពីក្តី​បារម្ភ​ដែល​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​បើ​លោក​ត្រឡប់​មក​ប្រទេស​វិញ នៅ​មុន​ការ​បោះឆ្នោត ដូច​ដែល​លោក​បាន​សន្យា​នោះ។
ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ លោក កុយ គួង ថ្លែង​ថា រឿង​ក្តី​លោក សម រង្ស៊ី ជា​រឿង​ក្តី​តុលាការ ហើយ​មិន​បាន​ប៉ះពាល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​ឡើយ។ លោក​បញ្ជាក់​ថា៖ «ទោះ​លោក សម រង្ស៊ី វិល​មក​វិញ​ឬ​អត់? វា​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ទេ។ បក្ស​គាត់​កំពុង​ធ្វើ​ការ​យ៉ាង​រលូន​ដោយ​គ្មាន​រូប​គាត់»។
លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាត់​ទុក សុន្ទរក​ថា​ព្រឹទ្ធ​សមាជិក​អាមេរិក​ពុំ​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ហើយ​ថា គ.ជ.ប ដែល​រង​ការ​រិះគន់​ពី​ម្សិលមិញ​ថា មាន​ភាព​លម្អៀង​កំពុង​ធ្វើ​ការ​តាម​អាណតិ្ត​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។
លោក​បន្ត​ថា៖ «យើង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នៅ​កម្ពុជា... ហេតុ​អ្វី​អាមេរិក​វិភាគ​បញ្ហា​នេះ។ ប្រហែល​ជា​ទម្លាប់​របស់​អាមេរិក​»៕ TK

No comments:

Post a Comment