គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិកាលពីម្សិលមិញនេះ ប៉ុន្តែបានបាត់បង់អាសនៈជាច្រើន គឺបានរបូត២២អាសនៈទៅក្នុងដៃគណបក្សសង្គ្រោះជាតិ។
យោងតាមលទ្ធផលក្រៅផ្លូវការដែលលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចម្សិលមិញ គណបក្សប្រជាជនបានទទួល៦៨អាសនៈក្នុងចំណោមអាសនៈសភាទាំង១២៣ គឺធ្លាក់ចុះពីចំនួន៩០អាសនៈដែលខ្លួនបានឈ្នះក្នុងឆ្នាំ២០០៨។
គណបក្សសង្គ្រោះជាតិ បានទទួល៥៥អាសនៈ គឺកើនពីចំនួនសរុប២៩អាសនៈដែលគណបក្សប្រឆាំងទាំងពីរបានឈ្នះមុនពេលច្របាច់បញ្ចូលគ្នា។
គណបក្សសង្គ្រោះជាតិ បានទទួល៥៥អាសនៈ គឺកើនពីចំនួនសរុប២៩អាសនៈដែលគណបក្សប្រឆាំងទាំងពីរបានឈ្នះមុនពេលច្របាច់បញ្ចូលគ្នា។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលដែលលោក ខៀវ កាញារិទ្ធ បានបង្ហោះតាមហ្វេសប៊ុកទេ ហើយបានឲ្យដឹងថា លទ្ធផលផ្លូវការនឹងត្រូវបានប្រកាសនៅថ្ងៃនេះ។ តែទោះជាយ៉ាងណា តួលេខបឋមរបស់លោក ខៀវ កាញារិទ្ធ ត្រូវលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ជាការពិត។
លោក ផៃ ស៊ីផាន ថ្លែងពីលទ្ធផលបឋមនេះកាលពីយប់មិញថា “ នេះជាអ្វីដែលខ្ញុំបានឮ។ តួលេខនេះគឺត្រឹមត្រូវហើយ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា ការប៉ាន់ស្មានបឋមបង្ហាញថា អ្នកបោះឆ្នោតកាលពីម្សិលមិញ គឺមានចំនួនតិចជាង៦០ភាគរយ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
អ្នកបោះឆ្នោតក្នុងឆ្នាំ២០០៨មានចំនួនប្រហែល៧៥ភាគរយ។លទ្ធផលបឋមនៃការបោះឆ្នោតនេះស្ដែងឲ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រជាប្រិយភាពរបស់គណបក្សកំពុងកាន់អំណាច ដែលធ្លាប់តែទទួលបានអាសនៈកើនឡើងជាបន្តបន្ទាប់ក្នុងការបោះឆ្នោតមួយលើកៗ។ ខណៈគណបក្សប្រជាជនកម្ពុជានៅតែអាចបង្កើតរដ្ឋាភិបាលបានដោយមិនចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិនោះ គណបក្សរបស់លោក ហ៊ុន សែន នេះមិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយឯកតោភាគីទៀតបានឡើយ ព្រោះវាតម្រូវឲ្យមានការបោះឆ្នោតដោយសំឡេង២ភាគ៣នៅក្នុងសភា។
គួររំឭកថា ក្នុងឆ្នាំ២០០៦ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត ដោយអនុញ្ញាតឲ្យគណបក្សនយោបាយបង្កើតរដ្ឋាភិបាលដោយសំឡេង៥០បូក១។ មុនពេលមានការធ្វើវិសោធនកម្មនេះ ការបង្កើតរដ្ឋាភិបាលតម្រូវឲ្យមានការបោះឆ្នោតដោយសំឡេង២ភាគ៣។
លទ្ធផលនៃការបោះឆ្នោតកាលពីម្សិលមិញនេះក៏មានន័យថា គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលបានទទួលពីរអាសនៈក្នុងការបោះឆ្នោតឆ្នាំ២០០៨ នឹងលែងមានតំណាងនៅសភាទៀតហើយ គឺផ្ទុយស្រឡះពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលខ្លួនបានទទួល៥៨អាសនៈ។
មុនពេលលោក ខៀវ កាញារិទ្ធ បង្ហោះលទ្ធផលបឋមតាមហ្វេសប៊ុកកាលពីម្សិលមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយ ដោយប្រកាសថា ការបោះឆ្នោតនេះគឺជាជោគជ័យមួយសម្រាប់ប្រជាជនកម្ពុជា មិនថាវាមានលទ្ធផលយ៉ាងណាទេ ។ លោក សម រង្ស៊ី ថ្លែងថា “ ថ្ងៃនេះគឺជាទិវាប្រវត្តិសាស្ត្រមួយក្នុងប្រទេសកម្ពុជា។ ប្រជាជនយ៉ាងច្រើនបាននាំគ្នាចេញមកសម្ដែងឆន្ទៈរបស់ខ្លួន ហើយលទ្ធិប្រជាធិបតេយ្យហាក់ដូចជាកំពុងដំណើរការទៅមុខហើយ។
គណបក្សសង្គ្រោះជាតិបានប្រកាសមុនយុទ្ធនាការឃោសនាផ្លូវការចាប់ផ្ដើមថា ខ្លួននឹងផ្ដោតតែលើខេត្តទាំង១៥ ដែលមានអាសនៈចាប់ពីបីឡើងប៉ុណ្ណោះ។ គណបក្សនេះបានទទួលជ័យជម្នះធំបំផុតក្នុងមណ្ឌលធំបំផុតទាំងបួនក្នុងប្រទេសនេះ គឺមណ្ឌលរាជធានីភ្នំពេញ កំពង់ចាម កណ្ដាល និងព្រៃវែង ។
នៅក្នុងរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិបានទទួលប្រាំពីរអាសនៈក្នុងចំណោម១១អាសនៈផ្ទុយពីឆ្នាំ២០០៨ ពេលគណបក្សប្រជាជនទទួលបានប្រាំពីរអាសនៈ។ នៅក្នុងខេត្តកំពង់ចាម ដែលជាខេត្តមានប្រជាជនរស់នៅច្រើនបំផុតក្នុងប្រទេសនេះ គណបក្សសង្គ្រោះជាតិបានទទួល១០អាសនៈក្នុងចំណោម១៨អាសនៈ ដោយដណ្ដើមបានបីអាសនៈពីគណបក្សកាន់អំណាច និងមួយអាសនៈពីគណបក្ស នរោត្តម រណឫទ្ធិ។ នៅក្នុងខេត្តព្រៃវែង និងខេត្តកណ្ដាល គណបក្សសង្គ្រោះជាតិ បានផ្ដួលគណបក្សប្រជាជនកម្ពុជា ដោយបានទទួលប្រាំមួយអាសនៈក្នុងចំណោម១១អាសនៈនៅមណ្ឌលនីមួយៗ។
គណបក្សប្រជាជនបានផ្ដួលគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ ពោធិ៍សាត់ សៀមរាប និងស្វាយរៀង ដែលមានសរុប៣២អាសនៈ។ គណបក្សសង្គ្រោះជាតិបានឈ្នះអាសនៈកាន់តែច្រើនគួរឲ្យភ្ញាក់ផ្អើល ទោះបីជាមានការតវ៉ាជាបន្តបន្ទាប់ពីគណបក្សប្រឆាំងនេះថា គ.ជ.ប. បានបរាជ័យក្នុងការរៀបចំការបោះឆ្នោតដោយយុត្តិធម៌ក៏ដោយ។
លោក គល់ បញ្ញា បានឲ្យដឹងថា ពាក្យបណ្ដឹងច្រើនបំផុតពីអ្នកបោះឆ្នោតគឺការរកមិនឃើញឈ្មោះខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ដែលបញ្ហានេះធ្លាប់ត្រូវបានលើកឡើងក្នុងការសិក្សាជាច្រើន ក្នុងនោះរាប់ទាំងការសិក្សារបស់ គ.ជ.ប. ដែលបង្ហាញថា អ្នកបោះឆ្នោតមិនក្រោម១០ភាគរយអាចបាត់បង់នូវសិទ្ធិបោះឆ្នោត ដោយសារឈ្មោះរបស់ខ្លួនពុំមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។
ខុមហ្វ្រែល បានប៉ាន់ប្រមាណក្នុងខែមេសាថា មនុស្សប្រហែល១,២៥លាននាក់អាចបាត់បង់សិទ្ធិបោះឆ្នោត ព្រោះថា អ្នកចុះឈ្មោះបោះឆ្នោតរួច១៣,៥ភាគរយមិនអាចរកឈ្មោះរបស់ខ្លួនឃើញក្នុងបញ្ជីឈ្មោះ។ គឺបញ្ហារកឈ្មោះមិនឃើញនេះហើយ ដែលបានបង្កឲ្យមានអំពើហិង្សានៅការិយាល័យមួយក្នុងខណ្ឌមានជ័យ ដោយរថយន្តកងរាជអាវុធហត្ថពីរគ្រឿងត្រូវបានដុតបំផ្លាញ៕
No comments:
Post a Comment