កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៣នៃរដ្ឋសភា(២០០៣-២០០៨) ទាក់ទងនឹងកិច្ចការកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការបានចែងថា “ចៅក្រមដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនឹងត្រូវបានដាក់ឱ្យចូលនិវត្ដន៍” ។
ក្រោយមក មានព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ខែខែកញ្ញាឆ្នាំ២០០៥ បានចែងថា “មាត្រា១ ៖ ត្រូវបានដាក់ឱ្យចូលនិវត្ដន៍ចៅក្រម និងព្រះរាជអាជ្ញាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ មាត្រា២ ៖ ចៅក្រមឬព្រះរាជអាជ្ញាមួយចំនួនអាចនៅបន្ដការងារតាមការចាំបាច់ ។” ។
អនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០០៥ គឺគេអាចធ្វើការប្រៀបធៀបបានថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចែងដូចជាមានភាពច្បាស់លាស់ណាស់(ចៅក្រមដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ត្រូវដាក់ឱ្យចូលនិវត្ដន៍) ប៉ុន្ដែព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០០៥ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់“សម្ដេចតេជោសែន”ដើម្បីសុំឡាយព្រះហស្ដពីព្រះមហាក្សត្រ ចែងមិនមានភាពច្បាស់លាស់ទាល់តែសោះ ពីព្រោះមាត្រា១កំណត់ឱ្យចៅក្រមឬព្រះរាជអាជ្ញាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យចូលនិវត្ដន៍ រីឯមាត្រា២បែរជាចែងថា ចៅក្រមឬព្រះរាជអាជ្ញាមួយចំនួនអាចនៅបន្ដការងារតាមការចាំបាច់ទៅវិញ ។
ដោយសារព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ចុះថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០០៥ចែងមិនច្បាស់លាស់ ទាក់ទងនឹងការដាក់ចៅក្រម-ព្រះរាជអាជ្ញាឱ្យចូលនិវត្ដន៍បែបនេះ ទើបមានចៅក្រមនិងព្រះរាជអាជ្ញាដែលមានអាយុដល់ចូលនិវត្ដន៍ជាច្រើននាក់ត្រូវបានអនុញ្ញាតឱ្យនៅបន្ដបម្រើការងារក្នុងស្ថាប័នតុលាការតទៅទៀតគ្មានកំណត់ពេលវេលា ។
ចៅក្រម-ព្រះរាជអាជ្ញាដែលមានអាយុលើសពី៦០ឆ្នាំ ហើយត្រូវបានអនុញ្ញាតឱ្យនៅបន្ដបម្រើការងារតទៅទៀត រួមមានជាអាទិ៍ ៖ ១-ឯកឧត្ដម ឌិត មុន្ទី ប្រធានតុលាការកំពូល អាយុ៧១ឆ្នាំ (គិតតាមការចូលប្រកបវិជ្ជាជីវៈមេធាវី ដាក់កើតថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ១៩៤១)និងមានអាយុ៦៨ឆ្នាំ (គិតតាមការចូលក្នុងក្របខ័ណ្ឌចៅក្រមដាក់កើតថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ១៩៤៤) ២-ឯកឧត្ដមឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល អាយុ៧៣ឆ្នាំ០២ខែ(កើតថ្ងៃទី២១ខែមេសាឆ្នាំ១៩៤០) ៣-លោក ប្រាក់ គឹមសាន ចៅក្រមតុលាការកំពូល និងជាចៅក្រមអង្គបុរេជំនុំជម្រះសាលាក្ដីខ្មែរក្រហម អាយុ៧០ឆ្នាំ០៥ ខែ(កើតថ្ងៃទី០៤ខែមករាឆ្នាំ១៩៤០) ៤-លោកទី ណេង ចៅក្រមតុលាការកំពូល អាយុ៦៩ឆ្នាំ០៤ខែ(កើតថ្ងៃទី១៥ខែកុម្ភៈឆ្នាំ១៩៤៤) ៥-លោក យស់ សូខឿន ចៅក្រម តុលាការកំពូល អាយុ៦៨ឆ្នាំ០៤ខែ (កើតថ្ងៃទី០៥ខែកុម្ភៈឆ្នាំ១៩៤៥) ៦-ឯកឧត្ដមជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ អាយុ៦៦ឆ្នាំ០៤ខែ(កើតថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ១៩៤៧) ៧-លោក សំរឹទ្ធិ សុផល ចៅក្រមសាលាឧទ្ធរណ៍ អាយុ៦២ឆ្នាំ(កើតថ្ងៃទី២៥ខែសីហាឆ្នាំ១៩៥០) ៨-លោក អ៊ុំ សារិទ្ធ ចៅក្រមសាលាឧទ្ធរណ៍ អាយុ៦៦ឆ្នាំ០៥ខែ(កើតថ្ងៃទី១៣ខែមករាឆ្នាំ១៩៤៧) ៩-ឯកឧត្ដម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ អាយុ៦២ឆ្នាំ០២ខែ(កើតថ្ងៃទី២៨ខែមីនាឆ្នាំ១៩៥១)…។ល។
ចៅក្រមដែលដល់អាយុត្រូវចូលនិវត្ដន៍ទាំងអស់នេះត្រូវបានអនុញ្ញាតឱ្យនៅបន្ដបម្រើការងារតទៅទៀតគ្មានកំណត់ពេលវេលា ដោយព្រះក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១១ ។
មជ្ឈដ្ឋានអ្នកវិភាគផ្នែកច្បាប់នៅកម្ពុជាបានលើកឡើងថា ស្ថាប័នតុលាការកម្ពុជាបច្ចុប្បន្នមិនទាន់មានច្បាប់ស្ដីពីលក្ខន្ដិកៈ ចៅក្រមនិងព្រះរាជអាជ្ញាសម្រាប់យកមកអនុវត្ដន៍ទេ ជាហេតុនាំឱ្យគ្មានម៉ែត្រសម្រាប់វាស់ស្ទង់អំពីកំហុសឆ្គងរបស់ចៅក្រមនិងព្រះរាជអាជ្ញាផង និងមិនអាចកំណត់អំពីរូបភាពនៃការដាក់ឱ្យចូលនិវត្ដន៍របស់ចៅក្រម-ព្រះរាជអាជ្ញាឱ្យមានភាពសុក្រឹតផង ។
ដូច្នេះ រូបភាពនៃការដាក់ចៅក្រម-ព្រះរាជអាជ្ញានៃស្ថាប័នតុលាការកម្ពុជាសព្វថ្ងៃឱ្យចូលនិវត្ដន៍ គឺគ្មានភាពច្បាស់លាស់ទេ ហើយអាចបង្កប់ទៅដោយអំពើពុករលួយនិងបក្ខពួកនិយមថែមទៀតផង ពីព្រោះមន្ដ្រីតុលាការទាំងនោះសុទ្ធតែជាមនុស្សសំខាន់របស់គណបក្សប្រជាជនកម្ពុជា។ មានន័យថា បើចៅក្រមខ្លួនឯងជាអ្នកប្រព្រឹត្ដខុសច្បាប់ឬគ្មានភាពស្អាតស្អំ មិនគោរពក្រមសីលធម៌ និងយុត្ដិធម៌ តើធ្វើដូចម្ដេចអាចវិនិច្ឆ័យសេចក្ដីផ្ដល់យុត្ដិធម៌ក្នុងនាមជាប្រជារាស្ដ្រខ្មែរដូចរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចែងទៅកើត ? គឺមិនអាចទៅរួចឡើយ ៕
No comments:
Post a Comment