អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានចេញរបាយការណ៍បន្ទាន់មួយនៅថ្ងៃទី៣១ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។របាយការណ៍នេះរៀបរាប់អំពីករណីក្លែងបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងខេត្តមួយចំនួន ហើយថែមទាំងមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបម្រើការក្នុងជួររដ្ឋាភិបាលទៀតផង។
អង្គការនេះបានស៊ើបអង្កេតឃើញថា មន្ត្រីជាន់ខ្ពស់បម្រើការឲ្យគណបក្សកាន់អំណាច មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើនកន្លែង។
មេភូមិម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់បទសម្ភាសន៍ដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដោយបង្ហាញពីរបៀបដែលអាជ្ញាធរមូលដ្ឋានរបស់គាត់ក្លែងបន្លំឯកសារបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។ ឯកសារនេះអាចឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះឆ្នោតបាន ទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ក៏ដោយ។
កិច្ចការនោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
កិច្ចការនោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
របាយការណ៍របស់អង្គការនោះបានបន្តទៀតថា សមាជិកម្នាក់ក្នុងក្រុមការងារថ្នាក់មជ្ឈិមនោះបានចាត់ចែងប្រមូលទាហានពីបញ្ជាការដ្ឋានមួយក្នុងខេត្ត រួមទាំងភរិយារបស់ពួកគេ ឲ្យមកថតរូប ហើយបន្ទាប់មកសាលាឃុំ និងមន្ត្រីដែលធ្វើការនៅក្រសួងមហាផ្ទៃ ចេញឯកសារទាំងនោះឲ្យពួកគេដើម្បីអាចទៅបោះឆ្នោតបាន។
មានករណីមិនប្រក្រតីមួយទៀត បានកើតឡើងនៅក្នុងឃុំគគីរធំ ខេត្តកណ្ដាល ដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា អាចបោះឆ្នោតបានច្រើនកន្លែង។ នៅថ្ងៃបោះឆ្នោត អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះបានសម្ភាសប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះ ហើយអ្នកភូមិទាំងនោះបានឲ្យដឹងថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងលោក ហេង សិក្សា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិកដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅបោះឆ្នោតនៅទីនោះ។
លោក ង៉ោ សុវណ្ណ ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ ៣កន្លែង។ ទី១ នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣ នៅខេត្តស្វាយរៀង ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ផងដែរ។
ចំណែកលោក ហេង សិក្សា ដែលអមដំណើរលោក ង៉ោ សុវណ្ណ ទៅបោះឆ្នោតនៅឃុំនោះ ក៏មានឈ្មោះបោះឆ្នោតមិនតិចដែរ។ លោកមានឈ្មោះបោះឆ្នោតនៅភ្នំពេញ មួយ និងនៅខេត្តកណ្ដាល មួយ។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកភូមិដែលមើលឃើញពីភាពមិនប្រក្រតីនោះបានតវ៉ាប្រឆាំងមិនឲ្យពួកគេបោះឆ្នោត ដោយថា អ្នកទាំងនោះមិនមែនជាប្រជាជនដែលរស់នៅទីនោះទេ តែមន្ត្រីមូលដ្ឋានរៀបចំការបោះឆ្នោតនៅតែអនុញ្ញាតឲ្យពួកគេបោះឆ្នោត។ នៅពេលមានការតវ៉ាពីប្រជាពលរដ្ឋ ពួកគេបានគំរាមចាប់ខ្លួនពលរដ្ឋទាំងនោះ។ ក្រោយពេលការបោះឆ្នោតបានបញ្ចប់ មានប៉ូលិសមួយក្រុមដែលគេហៅថា ប៉ូលិសខ្លាហោះ បានទៅដល់តំបន់នោះ ដើម្បីស្វែងរកមេខ្លោងហ៊ានតវ៉ាប្រឆាំងពួកគេមិនឲ្យបោះឆ្នោត។ ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សមាជិកមួយចំនួនក្នុងក្រុមនោះ បានបង្ហាញខ្លួនម្ដងទៀត ដោយមានជនស៊ីវិលម្នាក់ប្រដាប់ដោយអាវុធ គំរាមថា នឹងសម្លាប់អ្នកណាដែលព្យាយាមលាក់បាំងមេខ្លោង។
ចំពោះបញ្ហានេះ លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានមានប្រសាសន៍ក្នុងរបាយការណ៍នោះថា ដោយសារគណៈកម្មាធិការជាតិរៀបចម្ការបោះឆ្នោតស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា គួរទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយភាពឯករាជអំពីបញ្ហានេះ រួមទាំងភាពមិនប្រក្រតីដទៃទៀតដែលទាក់ទងនឹងការបោះឆ្នោត បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោតមិនអាចផ្ដល់ទំនុកចិត្តចំពោះភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះបានទេ៕
No comments:
Post a Comment