Wednesday, July 31, 2013

អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត


ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។
ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។
អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។
មេ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។
កិច្ចការ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។
របាយការណ៍​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​​ទាហាន​ពី​បញ្ជា​ការដ្ឋាន​មួយ​ក្នុង​ខេត្ត រួម​ទាំង​ភរិយា​​របស់​ពួកគេ ឲ្យ​មក​ថត​រូប​ ហើយ​បន្ទាប់​មក​សាលា​ឃុំ និង​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ចេញ​ឯកសារ​ទាំង​នោះ​ឲ្យ​ពួក​គេ​ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។
មាន​ករណី​មិន​ប្រក្រតី​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល​ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។ នៅ​ថ្ងៃ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សម្ភាស​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ទី​នោះ ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង​លោក ហេង សិក្សា អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។
លោក ង៉ោ សុវណ្ណ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៣​កន្លែង។ ទី​១ នៅ​រាជធានី​ភ្នំពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣​ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ផង​ដែរ។
ចំណែក​លោក ហេង សិក្សា​ ដែល​អម​ដំណើរ​លោក ង៉ោ សុវណ្ណ​ ទៅ​បោះ​ឆ្នោត​នៅ​ឃុំ​នោះ​ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
អ្នក​ភូមិ​ដែល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នោះ​បាន​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ពួក​គេ​បោះ​ឆ្នោត ​ដោយ​ថា​ អ្នក​ទាំង​នោះ​មិន​មែន​ជា​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​បោះ​ឆ្នោត។ នៅ​ពេល​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ ពួកគេ​បាន​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ។ ក្រោយ​ពេល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ មាន​ប៉ូលិស​មួយ​ក្រុម​ដែល​គេ​ហៅ​ថា ប៉ូលិស​ខ្លា​ហោះ បាន​ទៅ​ដល់​តំបន់​នោះ ដើម្បី​ស្វែង​រក​មេខ្លោង​ហ៊ាន​តវ៉ា​ប្រឆាំង​ពួក​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​នោះ បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត ដោយ​មាន​ជន​ស៊ីវិល​ម្នាក់​ប្រដាប់​ដោយ​អាវុធ គំរាម​ថា នឹង​សម្លាប់​អ្នក​ណា​ដែល​ព្យាយាម​លាក់​បាំង​មេខ្លោង។
ចំពោះ​បញ្ហា​នេះ លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​មាន​ប្រសាសន៍​​ក្នុង​របាយការណ៍​នោះ​ថា ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចម្ការ​បោះ​ឆ្នោត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​បាន​ទេ៕

Monday, July 29, 2013

ផែនទី​បង្ហាញ​លទ្ធផល​បណ្តោះ​អាសន្ន​តាម​មណ្ឌល​នីមួយៗ


Map
យោង​តាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត ​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មាន​តែ​គណបក្ស​ពីរ​ដែល​ទទួល​បាន​អាសនៈ ក្នុង​ចំណោម អាសនៈ​ចំនួន ១២៣ ដែល​មាន​នៅ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ជា​គណបក្ស​កាន់​អំណាច និង គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ជា​គណបក្ស​ប្រឆាំង។
យោង​តាម​ប្រតិទិន​របស់​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​ចន្លោះ​ថ្ងៃទី​១៤ ខែ​សីហា - ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ការ​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ ការ​បែង​ចែក​អាសនៈ និង​ការ​កំណត់​បេក្ខជន​ជាប់​ឆ្នោត បើ​តាម​ករណី​គ្មាន ឬ មាន​បណ្ដឹង និង​ករណី​គ្មាន​ការ​បោះ​ឆ្នោត​សាជាថ្មី​។
១-​​បន្ទាយមានជ័យ​៖ មាន​អាសនៈ​ ៦​។​ CPP បាន​ ៤, CNRP ​បាន ​២
២-​បាត់ដំបង​៖ មាន​អាសនៈ​ចំនួន ៨​។​ CPP ​បាន​ ៥, CNRP ​បាន ​៣
៣-កំពង់ចាម​៖ ​មាន​អាសនៈ​ ១៨ ។​ ​ CPP ​បាន​ ៨, CNRP ​បាន​ ១០
៤-​កំពង់ឆ្នាំង​៖ ​មាន​អាសនៈ​៤ ។​ CPP ​បាន​ ២, CNRP ​បាន ​២​។​
៥-​កំពង់ស្ពឺ​៖ ​មាន​អាសនៈ​៦​។​ CPP ​បាន ​៣, CNRP ​បាន​ ៣​។​
៦-​កំពង់ធំ​៖ មាន​អាសនៈ​ ៦​។​ CPP ​បាន​ ៣, CNRP ​បាន​ ៣​។​
៧-​កំពត​៖ ​មាន​អាសនៈ​ ៦​។​ ​ CPP ​បាន​ ៣, CNRP ​បាន ​៣​។​
៨-​កណ្តាល​៖ ​មាន​អាសនៈ​ ១១​។​ ​ CPP បាន​ ៥, CNRP ​បាន ​៦​។​
៩-កោះកុង​៖ មាន​អាសនៈ​ ១​។​ CPP បាន​ ១
១០-ក្រចេះ​៖ មាន​អាសនៈ​ ៣ ។​ CPP ​២, CNRP ​បាន ​១​។​
១១-​មណ្ឌលគិរី​៖ មាន​អាសនៈ​ ១ ។​ CPP បាន​ ១
១២-រាជធានី ភ្នំពេញ​៖ មាន​អាសនៈ​ ១២​។​ CPP ​បាន ​៥, CNRP ​បាន ​៧​។​
១៣-​ព្រះវិហារ​៖ មាន​អាសនៈ​ ១ ។​ CPP ​បាន ​១
១៤-​ព្រៃវែង​៖ មាន​អាសនៈ​ ១១​។​ CPP បាន​ ៥, CNRP ​បាន ​៦​។​
១៥-ពោធិ៍សាត់​៖ មាន​អាសនៈ​ចំនួន ៤​។​ ​ CPP បាន​ ៣ CNRP ​បាន ​១​។​
១៦-​រតនគិរី​៖ មាន​អាសនៈ​ចំនួន ១​។​ ​ CPP ​បាន​ ១​។​
១៧-​សៀមរាប​៖ ​មាន​អាសនៈ​ចំនួន ៦។​ ​ CPP បាន ​៤, CNRP ​បាន ​២​។​
១៨-​ព្រះសីហនុ​៖ មាន​អាសនៈ​ចំនួន ១​។​ CPP បាន​ ១​។​
១៩-​ស្ទឹងត្រែង​៖ មាន​អាសនៈ​ចំនួន ១។​ CPP បាន​ ១។
២០-ស្វាយរៀង​៖ ​មាន​អាសនៈ​ចំនួន ៥​។​ CPP បាន​ ៣, CNRP ​បាន ​២​។​
២១-តាកែវ​៖ មាន​អាសនៈ​ចំនួន ៨​។​ ​ CPP ​បាន ​៤, CNRP ​បាន​ ៤​។​
២២-​កែប​៖ ​មាន​អាសនៈ​ចំនួន ១​។​ ​ CPP បាន​ ១
២៣-​ប៉ៃលិន​៖ ​មាន​អាសនៈ​ចំនួន ១។ ​ CPP បាន ​១​។​
២៤-​ឧ​ត្ត​រ​មានជ័យ​៖ ​មាន​អាសនៈ​ចំនួន ១​។​ CPP បាន ​១​។

ខុម​ហ្វ្រែល​៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៧​អាសនៈ សង្គ្រោះ​ជាតិ ៥៦​អាសនៈ​​


ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃច័ន្ទ ទី29 ខែកក្កដា ឆ្នាំ2013, ម៉ោង 08:58 AM​

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា​ខុម​ហ្វ្រែល ប្រកាស​លទ្ធផល​បឋម និង​មិន​ផ្លូវការ​នៃ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៧​អាសនៈ ស្មើនឹង​៥៤.៤៧​ភាគរយ  និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៦​អាសនៈ ស្មើនឹង​៤៥.៥៣​ភាគរយ​។​
​លទ្ធផល​នេះ មិន​ខុស​គ្នា​ច្រើន​នឹង​លទ្ធផលបឋម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ទេ ដោយសារ​គណបក្ស​កាន់អំណាច បាន​ប្រកាសថា​ខ្លួន​ទទួលបាន​អាសនៈ​ចំនួន​៦៨ ក្នុងចំណោម​អាសនៈ​ចំនួន​១២៣ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ខុមហ្វ្រែល ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឲ្យដឹង​លទ្ធផល​ដែល​ទទួលបាន​នេះ គឺ​ប្រមូល​ចេញមក​ពី​ការិយា​ល័យ​​រាប់​សន្លឹក​ឆ្នោត ដោយ​​អ្នក​សង្កេត​ការណ៍​​ខុម​ហ្វ្រែល​​ពី​​១៤៧០​​ការិយាល័យ​​រាប់​​សន្លឹក​ឆ្នោត។​
​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម​នឹងន ចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឲ្យបាន​ល្អ ប្រសើរ ដើម្បី​បង្កលក្ខណៈ ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ត​ដំណើរការ​របស់​ខ្លួន​រហូត​បាន​បញ្ចប់​ជា​ស្ថាពរ​។​
​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ អំពាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម រង់ចាំ​ទទួល​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត និង​សូម​អំពាវនាវ​ឲ្យ​ចៀសវាង​នូវ​ការប្រើ​ហិង្សា និង​ការ​បង្កបញ្ហា​ណាមួយ ដែល​នាំឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​។​
​លទ្ធផល​បណ្តោះអាសន្ន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្លាក់​ចំនួន​២២​អាសនៈ ពោល​គឺ​ពី​៩០ មក​៦៨​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​អាសនៈ​សភា​គណបក្ស​កាន់អំណាច របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជិត​៣០​ឆ្នាំ​មកហើយ ធ្លាក់ចុះ​។ កាល​ពី​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា គណបក្ស​​​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន​៥៤​។ នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៣ និង​នៅ​ឆ្នាំ​២០០៣ ទទួលបាន​៧៣​អាសនៈ​។ នៅ​ឆ្នាំ​២០០៨ អាសនៈ​សភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​កើន​រហូត​ដល់​៩០​អាសនៈ​។ 
​លទ្ធផល​បណ្តោះអាសន្ន​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា អាច​បង្កើត​រដ្ឋាភិបាល​តែឯង​បាន ដោយ​ប្រើ​សំ​ទ្បេង​៥០​បូក​១ ដោយ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ឆ្នាំ​២០០៦​។​
 
​គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបែងចែក​អាសនៈ និង​កំណត់​បេក្ខជន​ជាប់ឆ្នោត (​តាម​ករណី​មាន ឬ​គ្មាន​ពាក្យបណ្តឹង និង​ករណី​គ្មាន​ការ​បោះ​ឆ្នោត​​សារ​ជាថ្មី​) ពី​ថ្ងៃ​​ទី​១៤ ខែ​​សីហា ដល់​​ថ្ងៃ​ទី​​០៨ ខែ​​កញ្ញា ឆ្នាំ​​២០១៣៕
- See more at: http://vodhotnews.com/15029#sthash.eRBtI8xb.dpuf

អាសនៈ​បក្ស​ប្រជាជន​កម្ពុជា​រវាង​ការបោះឆ្នោត​ឆ្នាំ១៩៩៨ រហូតដល់​ឆ្នាំ២០១៣

Original source from: http://thmeythmey.com/index.php?page=detail&ctype=article&id=7443&lg=kh

នៅ​ឆ្នាំ១៩៩៨ ចំនួន​អាសនៈ​សរុប​មាន​ចំនួន ១២២។ កាលណោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៤ អាសនៈ។ នៅ​ឆ្នាំ២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៧៣ អាសនៈ។ នៅ​ឆ្នាំ២០១៣នេះ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​ចំនួន៦៨អាសនៈ។ 

ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក​ប្រទេស​កម្ពុជា​ធ្លាប់​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន៥ដង​រួចមកហើយ បើ​គិត​ទាំង​ការបោះឆ្នោត​នា​ថ្ងៃទី២៨ខែកក្កដា​ខាងមុខនេះ។នៅ​ឆ្នាំ១៩៩៣ អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) បានរៀបចំ​ការបោះឆ្នោត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

ការបោះឆ្នោត​ពេលនោះ គឺត្រូវធ្វើ​ឡើង​មាន​រយៈពេល ៦ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៣ដល់ ២៨ ខែមេសា ឆ្នាំ១៩៩៣ ដែលមាន​គណបក្សនយោបាយ ចំនួន ២០ បាន​ចូលរួម។ប្រជាជន​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ប្រហែល ៤.៧ លាន​នាក់​ពោល​គឺមាន​អត្រា ៨៩.៥% នៃ​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។នៅ​អាណត្តិ​នោះ​មាន​អាសនៈ​សរុប​ចំនួន ១២០ ដែលជា​លទ្ធផល​គឺ​បាន​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន ៥៨ អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ៥១ អាសនៈ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា(លោកតា​សឺ​ន សាន) បាន ១០អាសនៈ​និង​បាន​ទៅ​គណបក្ស​ម៉ូលីណាកា និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ចំនួន ១អាសនៈ​ផងដែរ ។
ចូល​មកដល់​ឆ្នាំ ១៩៩៨ ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ម្ដងទៀត​នៅ​ថ្ងៃទី២៦ ខែកក្កដា​ដោយមាន​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ខុសពី​អាណត្តិ​មុន។ 

ការបោះឆ្នោត​លើក​នេះ​មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៩និង​មាន​ប្រជាជន​បាន​ទៅ​ចូលរួម​បោះឆ្នោត ចំនួន​ប្រហែល ៥.៣លាន​នាក់​ឬ​ស្មើនឹង ៩៣.៧% នៃ​ចំនួន​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។ចំនួន​អាសនៈ​សរុប​គឺមាន ១២២ ដែលជា​លទ្ធផល គឺ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ៦៤ អាសនៈ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ទទួលបាន ៤៣ អាសនៈ​និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១៥ អាសនៈ​ផងដែរ។

សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី៣វិញ គឺ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០០៣ ដែលមាន​គណបក្សនយោបាយ​ចំនួន ២៣ បាន​ចូលរួម​និង​មាន​ប្រជាជន​ដែល​បាន​ទៅ​បោះឆ្នោត ចំនួន​ប្រហែល ៦.៣ លាន​នាក់​ពោល​គឺមាន​អត្រា ៨៣.២% នៃ​ប្រជាជន​សរុប គឺ​បាន​ទៅ​បោះឆ្នោត​នៅពេលនោះ។ចំពោះ​អាសនៈ​វិញ​គឺមាន​ចំនួន ១២៣ ហើយ​គណបក្ស​ដែល​ទទួលបាន​អាសនៈ​គឺមាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៧៣ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៤អាសនៈ និង​គណបក្ស​សមរង្ស៊ី​ទទួលបាន ២៦ អាសនៈ។

ចំណែកឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី៤កន្លងទៅនេះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ដែលមាន​គណបក្សនយោបាយ​ចំនួន១១ បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះ។ប្រជាជន​ដែលមាន​ឈ្មោះ ហើយ​បាន​ទៅ​បោះឆ្នោត​គឺមាន​ប្រហែល ៨.១ លាន​នាក់​គឺ​ស្មើនឹង​អត្រា ៧៥.២% នៃ​ប្រជាជន​សរុប​គឺ​បាន​ទៅ​បោះឆ្នោត។នៅ​អាណត្តិ​នោះ​ផងដែរ​គឺមាន​អាសនៈ​សរុប​ចំនួន ១២៣ហើយ​គណបក្សនយោបាយ​ដែល​ទទួលបាន អាសនៈ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន៩០ អាសនៈ គណបក្ស​សមរង្ស៊ី ទទួលបាន២៦ អាសនៈ គណបក្ស​សិទ្ធិមនុស្ស​ទទួលបាន ៣អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ​ទទួលបាន ២ អាសនៈ​និង​ជា​ចុងក្រោយ​គឺ​គណបក្ស​ហ្វ៊ុ​ស៊ីន​ប៉ិច​ទទួលបាន ២ អាសនៈ។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាលពី​ម្សិលមិញ​ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៥ដែលមាន​គណបក្សនយោបាយ​ចំនួន ៨ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ដណ្ដើមយក​អាសនៈ​ចំនួន ១២៣ នៅក្នុង​រដ្ឋសភាជាតិ​ជាមួយនឹង​អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ចំនួន​ប្រហែល ៩.៦ លាន​នាក់​នោះ។ 

លទ្ធផល​បណ្តោះអាសន្ន​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន៦៨ រីឯ​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​ទទួលបាន៥៥អាសនៈ។លទ្ធផល​នេះ​បាន​បង្ហាញថា ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថយចុះ​កាលពី​អាណត្តិ​ទី១ កើនឡើង​នៅក្នុង​អាណត្តិ​ទី២ ៣ ៤ តែ​ថយចុះ​វិញ នៅក្នុង​អាណត្តិ​ទី៥នេះ៕ 

Sunday, July 28, 2013

គណបក្ស​ប្រជា​ជន​ឈ្នះ​ការ​បោះឆ្នោត​ ប៉ុន្តែ​បាត់​បង់​អាសនៈ​ជាច្រើន​


គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ម្សិល​មិញ​នេះ​ ប៉ុន្តែ​បាន​បាត់​បង់​អាសនៈ​ជា​​ច្រើន​​ គឺ​បាន​របូត​២២​អាសនៈ​ទៅ​​​ក្នុង​​ដៃ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​។ 
យោង​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​លោក​ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​បង្ហោះ​លើ​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​កាលពី​ល្ងាច​ម្សិលមិញ គណបក្ស​ប្រជា​ជន​បាន​ទទួល​៦៨​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​១២៣​ គឺ​ធ្លាក់​ចុះ​ពី​ចំនួន​៩០​អាសនៈ​ដែល​ខ្លួន​បាន​ឈ្នះ​​ក្នុង​ឆ្នាំ​​២០០៨។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​៥៥​​អាសនៈ​ គឺ​កើន​ពី​ចំនួន​សរុប​២៩​អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ឈ្នះ​មុន​ពេល​ច្របាច់​បញ្ចូល​គ្នា​។
លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​បដិសេធ​​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធផល​ដែល​លោក​ ខៀវ កាញារិទ្ធ​ បាន​​បង្ហោះ​តាម​ហ្វេស​ប៊ុក​ទេ ហើយ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​។ តែ​ទោះ​ជាយ៉ាង​ណា​  តួលេខ​បឋម​របស់​លោក ខៀវ កាញារិទ្ធ ត្រូវ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បញ្ជាក់​ថា ជា​ការ​ពិត​។
លោក ផៃ ស៊ីផាន ថ្លែង​ពី​លទ្ធផល​​បឋម​នេះ​កាលពី​យប់​មិញ​ថា “ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឮ។ តួលេខ​នេះគឺ​ត្រឹម​ត្រូវ​ហើយ”​។
លោក គល់  បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណ​ៈ​កម្មាធិការ​​ដើម្បីការ​បោះ​ឆ្នោត​​ដោយ​សេរី និង​​យុត្តិ​ធម៌​នៅកម្ពុជា  ហៅ​កាត់​ថា ខុម​ហ្វ្រែល​ បាន​ឲ្យ​ដឹង​ថា ការ​ប៉ាន់​ស្មាន​បឋម​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​កាលពី​ម្សិលមិញ គឺមាន​ចំនួន​តិច​ជាង​៦០​ភាគ​រយ​ ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។
អ្នក​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៨​មាន​ចំនួន​ប្រហែល​៧៥​ភាគ​រយ​។លទ្ធផល​បឋម​នៃការ​បោះឆ្នោត​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​កំពុង​កាន់​អំណាច​ ដែល​ធ្លាប់​​តែ​ទទួល​បាន​អាសនៈ​កើន​​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បោះឆ្នោត​មួយ​លើក​ៗ។ ខណៈ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​​តែ​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​មិន​ចាំ​បាច់​​​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ គណបក្ស​របស់​លោក ហ៊ុន សែន​ នេះ​​មិន​អាច​ធ្វើ​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដោយ​ឯក​តោ​ភាគី​ទៀត​បានឡើយ​​​ ព្រោះ​​វា​តម្រូវ​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​​​សំឡេង២ភាគ​៣នៅក្នុង​​សភា។
​គួររំឭក​ថា ក្នុង​ឆ្នាំ​២០០៦ ការ​ធ្វើ​វិសោ​​​​ធ​ន​កម្ម​​​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​ ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​បង្កើត​រដ្ឋា​ភិបាល​ដោយ​សំឡេង​៥០​បូក​១។ មុន​​ពេល​មាន​ការ​ធ្វើ​វិសោធនកម្ម​នេះ​​ ការ​បង្កើត​រដ្ឋា​ភិបាល​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សំឡេង​២​ភាគ​៣។
លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ម្សិល​មិញ​នេះក៏​មាន​ន័យ​ថា គណបក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច ដែល​បាន​ទទួល​ពីរ​អាសនៈ​ក្នុង​​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ នឹង​លែង​មាន​តំណាង​នៅ​សភា​ទៀត​ហើយ​ គឺ​ផ្ទុយ​ស្រឡះ​ពីការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ដែល​ខ្លួន​បាន​ទទួល​​​៥៨​អាសនៈ។
​មុន​ពេល​លោក ខៀវ កាញារិទ្ធ បង្ហោះ​លទ្ធផល​បឋម​តាម​ហ្វេសប៊ុក​កាលពី​ម្សិល​មិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ​ ដោយ​​ប្រកាស​ថា ការ​បោះឆ្នោត​នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​ប្រជា​ជន​កម្ពុជា​ មិន​ថា​​វា​មាន​លទ្ធផល​​​យ៉ាង​ណា​ទេ ។ ​​លោក​ សម រង្ស៊ី​ ​ថ្លែង​ថា “​ ថ្ងៃ​នេះ​គឺ​ជា​ទិវា​​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ ​ប្រជា​ជន​យ៉ាង​ច្រើន​បាន​នាំ​គ្នា​ចេញ​មក​សម្ដែង​​​ឆន្ទៈ​​របស់​ខ្លួន​ ហើយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ​ហើយ​។
គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ប្រកាស​មុន​​យុទ្ធ​នាការ​ឃោសនា​ផ្លូវ​ការ​ចាប់​ផ្ដើម​ថា ខ្លួន​នឹង​ផ្ដោត​តែ​លើ​ខេត្តទាំង​១៥​ ដែល​មាន​អាសនៈ​ចាប់​ពី​បីឡើង​ប៉ុណ្ណោះ។ គណបក្ស​នេះ​បានទទួល​ជ័យ​ជម្នះ​ធំបំផុត​ក្នុង​មណ្ឌល​ធំ​បំផុត​ទាំង​បួន​ក្នុង​ប្រទេស​នេះ គឺ​មណ្ឌល​រាជ​ធានីភ្នំពេញ កំពង់​ចាម កណ្ដាល និង​ព្រៃ​វែង​ ។
​នៅ​ក្នុង​រាជធានីភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​ប្រាំពីរ​អាសនៈ​ក្នុង​ចំណោម​១១​អាសនៈ​​ផ្ទុយ​ពី​ឆ្នាំ​២០០៨​ ពេល​គណ​បក្ស​​ប្រជា​ជន​ទទួល​បាន​ប្រាំ​ពីរ​អាសនៈ​។ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ដែល​ជា​ខេត្ត​មាន​ប្រជា​ជន​រស់​នៅ​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​១០​អាសនៈ​ក្នុង​ចំណោម​១៨​អាសនៈ ដោយ​ដណ្ដើម​បាន​បី​អាសនៈ​ពីគណបក្ស​កាន់​អំណាច​ និង​មួយ​អាសនៈ​ពី​គណបក្ស​ នរោត្តម រណឫទ្ធិ។ នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដួល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​បាន​ទទួល​ប្រាំ​មួយ​អាសនៈ​ក្នុង​ចំណោម​១១​អាសនៈនៅ​មណ្ឌល​នីមួយ​ៗ។
គណ​បក្ស​ប្រជា​ជន​បាន​ផ្ដួល​គណបក្ស​សង្គ្រោះ​ជាតិនៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង​ ក្រចេះ ពោធិ៍សាត់ សៀម​រាប និង​ស្វាយ​រៀង ដែល​​មានសរុប​​៣២​អាសនៈ។ គណបក្ស​សង្គ្រោះ​ជាតិ​​​​​​បាន​​ឈ្នះ​​​អាសនៈ​​កាន់​តែ​ច្រើន​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល ​​​​​​ទោះ​បីជា​មាន​​ការ​តវ៉ាជា​បន្ត​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​នេះ​​​​​​ថា គ.ជ.ប. ​បាន​បរាជ័យ​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​​ដោយ​​យុត្តិ​ធម៌​ក៏ដោយ។
លោក គល់ បញ្ញា បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​ច្រើន​បំផុត​ពី​អ្នក​បោះឆ្នោត​​គឺ​ការ​រក​មិន​ឃើញ​ឈ្មោះ​ខ្លួន​​ក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត​ផ្លូវ​ការ​​​ ដែល​បញ្ហា​នេះ​​​ធ្លាប់​ត្រូវ​បា​ន​​លើក​ឡើង​​ក្នុង​ការ​សិក្សា​ជា​ច្រើន​ ក្នុង​នោះ​រាប់​ទាំង​ការ​សិក្សា​​របស់​ គ.ជ.ប. ​ដែល​បង្ហាញ​ថា ​​អ្នក​បោះឆ្នោត​មិន​ក្រោម​១០​ភាគ​រយ​អាច​បាត់​បង់​នូវ​សិទ្ធិ​បោះ​ឆ្នោត​ ដោយ​សារ​ឈ្មោះ​របស់​ខ្លួន​ពុំ​មាន​នៅក្នុង​បញ្ជី​​ឈ្មោះបោះ​​ឆ្នោត​ផ្លូវ​ការ​។
ខុម​ហ្វ្រែល បាន​ប៉ាន់​​ប្រមាណ​ក្នុង​ខែ​មេសា​ថា ​មនុស្ស​ប្រហែល​១,​២៥​លាន​នាក់​អាច​​បាត់​បង់​សិទ្ធិ​​បោះឆ្នោត ​ព្រោះ​ថា អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​រួច​​១៣,​៥​ភាគ​រយមិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​ក្នុង​បញ្ជី​​ឈ្មោះ​។ គឺ​បញ្ហា​រក​ឈ្មោះមិន​ឃើញ​នេះ​ហើយ​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ការិយា​ល័យ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ ដោយ​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ពីរគ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​​៕

គណបក្សសង្គ្រោះជាតិ កំពុងធ្វើសេចក្តីថ្លែងការណ៍


Monday 29th July 2013
គណបក្សសង្គ្រោះជាតិ កំពុងធ្វើសេចក្តីថ្លែងការណ៍ ៖ សូមទស្សនា ការផ្សាយផ្ទាល់ ៖

សរុបចំនួនអសនៈរាជធានីខេត្តជាបណ្តោះអាសន្ននៃបក្សទាំងពីរ

Monday 29th July 2013

កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ជា​បណ្តោះអាសន្ន និង​បាន​បែងចែក​អស​នៈ​ក្នុង​រដ្ឋសភា​ទៅតាម​លទ្ធផល​បណ្តោះអាសន្ន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អស​នៈ​សរុប​ក្នុង​រដ្ឋសភា​ចំនួន ៦៨ កៅអី ដែល​មាន​សំលេង​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អស​នៈ​សរុប​ក្នុង​រដ្ឋសភា​ចំនួន ៥៥ កៅអី ដែល​នឹង​ក្លាយទៅជា​គណបក្ស​ប្រឆាំងតែមួយ​គត់​ក្នុង​សភា​។​
 
​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​មាន​ចំនួន ៦ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៤ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ២​កៅអី​។ ខេត្ត បាត់ដំបង​មាន​ចំនួន ៨ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៣ កៅអី​។​
ខេត្ត​កំពង់ចាម​មាន​ចំនួន ១៨ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៨ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ១០​កៅអី​។ ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ៤ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ២​កៅអី​។ 
ខេត្ត​កំពង់ស្ពឺ​មាន​ចំនួន ៦ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៣ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៣​កៅអី​។ ខេត្ត​កំពង់ធំ​មាន​ចំនួន ៦ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៣ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៣​កៅអី​។​
ខេត្ត​កំពត​មាន​ចំនួន ៦ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៣ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៣​កៅអី​។ ខេត្ត​កណ្តាល​មាន​ចំនួន ១១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៦​កៅអី​។​
ខេត្ត​កោះកុង​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១ កៅអី​។ ខេត្តក្រចេះ​មាន​ចំនួន ៣ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ១​កៅអី​។ ខេត្ត​មណ្ឌលគិរី​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១ កៅអី​។​
រាជធានី​ភ្នំពេញ​មាន​ចំនួន ១២ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៧​កៅអី​។ ខេត្តព្រះវិហារ​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១ កៅអី​។ ខេត្ត​ព្រៃវែង​មាន​ចំនួន ១១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៦​កៅអី​។​
ខេត្ត​ពោធិសាត់​មាន​ចំនួន ៤ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៣ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ១​កៅអី​។ ខេត្ត​រតនៈគិរី​ខេត្ត​កោះកុង​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១ កៅអី​។ ខេត្ត​សៀមរាប​មាន​ចំនួន ៦ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៤ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ២​កៅអី​។​
ខេត្ត​ព្រះសីហនុ​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១ កៅអី​។ ខេត្ត​ស្ទឹងត្រែង​មាន​ចំនួន ១ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១​កៅអី​។ ខេត្ត​ស្វាយរៀង​មាន​ចំនួន ៥ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៣ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ២​កៅអី​។​
ខេត្ត​តាកែវ​មាន​ចំនួន ៨ អសនៈ នៅក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៤ កៅអី និង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៤​កៅអី​។ រី​ឯ​ខេត្ត​កែប ប៉ៃលិន និង​ឧត្តរមានជ័យ​មានអ​សនៈ​ចំនួន ១ ដូចៗ​គ្នា ហើយ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​យកបាន​ទាំងអស់​៕

Friday, July 26, 2013

អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​រិះគន់​ថា​ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ជា​ប្រព័ន្ធ

សិទ្ធិ​មនុស្ស

អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​រិះគន់​ថា​ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ជា​ប្រព័ន្ធ

កែប្រែ​​​ទំហំ​​​អក្សរ 
ទីក្រុងវ៉ាស៊ីនតោន៖ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការឃោសនា​រក​សំឡេង​ឆ្នោត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ អង្គការ​ស.រ.អា.​មួយ​ឈ្មោះ ​Human ​Rights​ Watch ​(HRW)​ បាន​និយាយ​ថា​ មាន​បញ្ហា​ជាប្រព័ន្ធ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ថ្ងៃ​២៨ ​ខែ​កក្កដា​នេះ​គ្មាន​លក្ខណៈ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូវ។​ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃនេះ។​

អង្គការ ​HRW ​និយាយ​ដូច្នេះ​ដោយ​យោង​ទៅលើ​បញ្ហា​សំខាន់​បី​គឺ​ទាក់ទង​នឹង​ភាព​ស្មើគ្នា​នៃ​ប្រព័ន្ធ​ឃោសនា​ ក្រុម​មន្ត្រី​មាន​ភាព​លម្អៀងទៅរក​គណបក្ស គ្រប់គ្រង​ប្រទេស​ ហើយ​នឹងការ​មិនឲ្យ​លោកសម រង្ស៉ី​មេដឹកនាំ​ជំទាស់​ឈរ ឈ្មោះឲ្យ​គេបោះឆ្នោត​ជូននៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី២៨​ខែកក្កដា​នេះ។

លោកBrad Adams ​នាយក​អង្គការ​ HRW ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែងថា​ គណ បក្ស​ជំទាស់​មិនមាន​ប្រព័ន្ធ​ឃោសនា​ស្មើគ្នា​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស រចនា​សម្ព័ន្ធ​ថ្នាក់ជាតិ​និងថ្នាក់​មូលដ្ឋាន​មានភាព​លម្អៀងទៅរក​គណបក្ស​ប្រជា ជនកម្ពុជា​ គ្មាន​ប្រព័ន្ធ​យន្តការណ៍​ដោះស្រាយ​ទំនាស់​ដោយ​ឯករាជ្យ​និង​មិន​លម្អៀង​ ​បញ្ជី​បោះឆ្នោត​មាន​ឈ្មោះ​ប៉ោងឬ​ឈ្មោះខ្មោច​ ការផាត់​ចោល​លោក សម រង្ស៉ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិនឲ្យ​ឈរឈ្មោះ​ប្រកួតប្រជែង​ហើយ កងកម្លាំង​ប្រដាប់​អាវុធបាន​ជួយ​ឃោសនា​បោះឆ្នោត​ដល់​គណបក្ស​ប្រជាជន កម្ពុជា។

លោកBrad Adams ​បានថ្លែងថា៖​ «ដំណើរការ​ទាំងមូល​គឺមាន​ភាព​លម្អៀងទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ ប្រឆាំង​នឹង​គណបក្ស​ជំទាស់។ ​លទ្ធផល​ដែល​គួរ​ធ្វើ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ ត្រូវ​គេ​រៀបចំ​ឲ្យ​ទៅ​ជា​លទ្ធផល​តាម​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​បន្ត​ថា​ ការ​បោះឆ្នោត​មួយ​ដែល​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​គេ​រារាំង​មិន​ ឲ្យ​ប្រកួត​ប្រជែង​គឺ​សឹងតែ​ជា​ដំណើរការ​ដែល​គ្មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​នឹង​ យុត្តិធម៌។​

តែលោកទេព នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដោយ​ថ្លែង​ថា​ អង្គការ ​HRW ​ជា​អង្គការ​មិន​ដែល​និយាយ​អ្វីល្អ​ពី​កម្ពុជា ​រួមទាំង​ការ​បោះឆ្នោត។​ លោក​ថ្លែង​ថា ​បញ្ហា​លោក​សម រង្ស៉ី​ជា​រឿងមិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ដែល​គ.ជ.ប.​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​ដើម្បី​លុប​ឈ្មោះ​លោក​តែ​ប៉ុណ្ណោះ ​ហើយ​ការ​តវ៉ាត្រូវ​បិទផ្លូវ​ហើយ​ដោយ​សារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្បាស់​លាស់​ហើយ។​ ​លោក​អះអាង​ថា​ គ.ជ.ប​.គ្មាន​សមត្ថ​កិច្ច​លើ​ប្រព័ន្ធ​ឃោសនា​ឯកជន​ដែល​មាន​ឯក​រាជ្យភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់គេ​នោះទេ។​ លោក​ទេព នីថា​អះអាង​ថា ​ការ​បោះឆ្នោត​មាន​អ្នក​សង្កេត​ការណ៍​ជាច្រើន​ទាំងជាតិ​ និង​អន្តរជាតិ​ដើម្បី​ធានា​ភាព​សេរី​និង​យុត្តធម៌។​

លោក​និយាយថា៖​ «អញ្ចឹងទៅ ​ការវាយ​តម្លៃ​ទៅជា​យ៉ាងណា​ នៅពេល​ចប់ការ​បោះ​ឆ្នោត?​ យើងនឹង​ឃើញ​ថា​ ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​វា​យ៉ាង​ណា»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចេញ​ សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ស្រដៀង​គ្នា​នឹង​អង្គការ​ HRW ​ដែរ​ អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទាក់ទង​នឹង​ភាព​មិនប្រក្រតី​ជាច្រើន​និង​ភាព​អវិជ្ជាមាន​ច្រើន​ចម្រុះ​គ្នា។ ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ខុមហ្រែល ​និង​អង្គការ​និចហ្វិច​បាន​អំពាវនាវ​ឲ្យមាន​ការត្រួត​ពិនិត្យ​គុណភាព​ទឹកខ្មៅ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ មិ​នត្រូវ​ប្រើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​មិន​ត្រឹមត្រូវ ​ដែល​គ្មាន​បិទ​រូប​ថត ​គ្មាន​ត្រា​ គ្មាន​ស្នាម​មេដៃ​ដើម្បី​បោះឆ្នោត។ ​អ្នកសង្កេត​ការណ៍​ត្រូវ​នៅ​រហូត​ដល់​ពេលចប់​ដំណើការ​បោះឆ្នោត។ ​ហើយ​គណបក្យ​នយោបាយ​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ក្រោយ​លទ្ធផល​បោះឆ្នោត។ ​

កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​មាន​អព្យាក្រិត្យ​ភាព​ក្នុង​នាម​កង​កម្លាំង​របស់​ជាតិ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ពិនិត្យ​ការ​តវ៉ា​ករណី​ចុះ​ឈ្មោះ​លោកសម រង្ស៉ី​ជា​បេក្ខជន​ឈរ​ឈ្មោះ​ឡើ​ងវិញ​ ដើម្បី​ធានា​តម្លៃ​នៃការ​លើក​លែងទោស​របស់​ព្រះ​មហាក្សត្រ​ និង​សំណើរ​បង្រួប​បង្រួម​ជាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕​

ឈ្មោះស្ទួនដែល​​រកឃើញ​​នៅរាជធានី-ខេត្ត ទូទាំងប្រទេស

Please go to original source: http://www.nationalrescueparty.org/duplicates_strict/

បានរកឃើញឈ្មោះស្ទួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅទូទាំងប្រទេស ។ ខាងក្រោមនេះគឺជាឈ្មោះស្ទួនដែលគណបក្សសង្រ្គោះជាតិរកឃើញ ខេត្តនានាទូលទាំងប្រទេសកម្ពុជា ៖
- See more at: http://www.nationalrescueparty.org/duplicates_strict/#sthash.E94cfWDP.dpuf

គុណ​ភាព​ទឹកថ្នាំ​ជ្រលក់​ម្រាម​ដៃ​បោះឆ្នោត​មាន​បញ្ហា​ អាច​លាង​ជ្រះ


នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និយាយ​​ទៅ​​កាន់​​អ្នកយក​ព័ត៌មាន​ ក្រោយពី​​លោក​​បាន​​បោះឆ្នោត​ហើយ នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​​កាលពី​ខែ​មិថុនា​ឆ្នាំ២០១២។​
កែប្រែ​​​ទំហំ​​​អក្សរ 
សុខ ខេមរា
ទីក្រុងវ៉ាស៊ីនតោន៖ ក្រុម​មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ទឹកថ្នាំ​មួយ​ចំនួន​ដែល​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តេស្តសាក​ល្បង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នោះ​ អាច​លុប​ជ្រះ​បាន​ ដែល​ធ្វើឲ្យ​មាន​ក្តី​បារម្ភ​ដល់ ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌។​ ក៏​ប៉ុន្តែ​មន្ត្រី​គ.ជ.ប.​បាន​អះអាង​ថា ​គុណភាព​ទឹក​ថ្នាំ​ល្អ​មិន​អាច​លុប​ជ្រះ​ភ្លាមៗ​បាន​ទេ។​

គ.ជ.ប.​បាន​អនុញ្ញាតឲ្យក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​និង​គណបក្ស​នយោបាយ​ បាន​ធ្វើការ​សាកល្បង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនការ​បោះឆ្នោត​ចាប់​ផ្តើម។​ គ.ជ.ប.​បាន​ឲ្យក្រុម​អ្នក​ចូលរួម​ជ្រលក់​ដៃ​ ហើយ​បញ្ជាក់​មក​វិញ​ប្រសិន​បើទឹកថ្នាំ​ដែល​ផលិត​ដោយ​ប្រទេស​ឥណ្ឌា​នោះ​មាន​បញ្ហា។​

ប៉ុន្មាន​ម៉ោង​ក្រោយ​ពីការ​ធ្វើតេស្តទឹកថ្នាំ​ជាផ្លូវការ​នៅ​ឯ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោតនោះ​ ​លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​បាន​ថ្លែង​ប្រាប់​វីអូអេថា​ ក្រោយ​ពី​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ទឹក​ថ្នាំ​ជា​ផ្លូវការ​ ទឹកថ្នាំ​នោះ​អាច​លាង​ជ្រះ។​

លោក​និយាយ​ថា៖​ «ហើយ​បុគ្គលិក​ខុមហ្រ្វែល​យើង​ពីរនាក់​ហ្នឹង​បាន​ធ្វើ​ជ្រលក់​ម្រាមដៃ​គាត់​លើទឹក​ខ្មៅ​ហ្នឹង​ ហើយ​យើង​បាន​ត្រឡប់​មកវិញ។​ គ.ជ.ប.​បាន​ប្រាប់​យើង​ថា​ ឲ្យយើង​ត្រឡប់​មកវិញ។​ ហើយ​គ.ជ.ប.​ថា​ ចាំបី​ម៉ោង​ទៀត​ បើសិន​ជា​ថា​យើង​លាង​ជ្រះ​ប្រាប់​គេ។​ ហើយ​ពេល​យើង​មក​វិញ​យើង​បាន​សាកល្បង​លាង​ទឹក​ដែល​យើង​ធ្លាប់​លាង​ហ្នឹង​ ស្រាប់​តែ​វាជ្រះ​ទឹក​ខ្មៅ​នឹង​ទៅ។​ ឥឡូវនេះ​យើង​បាន​ប្រាប់​គ.ជ.ប.​ហើយ»។​

លោក​គល់ បញ្ញា​បាន​អះអាង​ថា​ បញ្ហា​ទឹកថ្នាំ​នោះ​កើត​ឡើង​ជួនគ្នា​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ត្រូវ​គ.ជ.ប.​អនុញ្ញាត​ឲ្យ​នាំយក​ទៅ​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ផ្ទៀងផ្ទាត់​ជា​ចុង​ក្រោយ​ទេ។​

លោក​និយាយថា៖ ​«បូក​ជាមួយ​នឹង​រឿង​ទឹក​ខ្មៅ​នេះ ​យើង​មាន​ការ​ព្រួយ​បារម្ភ ​ទឹក​ខ្មៅ​លាង​ជ្រះ​ផង​ ហើយ​មាន​ការ​ណែនាំ​ពិសេស​ដោយ​អត់​មាន​ជា​និតិវិធី​ឬ​ក៏​បទ​បញ្ជា​អ្វី​ពី​បញ្ហា​ហ្នឹង ​ស្រាប់តែ​ណែនាំ​តាម​មាត់​ប្រាប់​ថា ​អត់​ឲ្យ​យក​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​ផ្ទៀងផ្ទាត់​ទេ​ ឬ​អត់​ឲ្យ​ទៅ​ជួយ​រក​ឈ្មោះ​ប្រជា​ពលរដ្ឋ​ទេ។​ រឿង​ហ្នឹង​ដែល​ជា​បញ្ហា​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។​

បាន​អះអាង​ប្រាប់​វីអូអេ​ក្រោយ​ពី​ពិធី​ធ្វើ​តេស្តទឹកថ្នាំ​ជាផ្លូវការ​កា​ពី​ល្ងាច ថ្ងៃ​សុក្រ​ថា​ ការ​ធ្វើតេស្តសាកល្បង​ទឹកថ្នាំ​រក​ឃើញ​ថា​ មាន​គុណភាព​ល្អ​ មិន​អាច​ លុប​ជ្រះ​ទេ។​

លោក​និយាយ​ថា៖ ​«ហើយ​គុណភាព​ទឹកខ្មៅ​នេះ​ល្អ​ណាស់។​ ថ្មីៗ​ មុន​ហ្នឹង​បន្តិច​ប្រហែល​ជា​ពីរ​ម៉ោង​មុន​ហ្នឹង​គឺ​យើង​បាន​ធ្វើ​ការ​សាកល្បង​ឲ្យ​ជ្រលក់​ម្រាមដៃហើយ​ ហើយយើង​ទូរស័ព្ទ​ទៅវិញ​ពីរ​ម៉ោង​ក្រោយមក​ហ្នឹង​ អ្នក​យក​ទៅ​លុប​ហ្នឹង​អត់​ទាន់​លុប​ចេញ​នៅ​ឡើយ​ទេ។​ អញ្ចឹង​ទេ​ គុណភាព​វាមួយ​អាទិត្យ​ឯណោះ ទើប​លុប​ចេញ​ទៅ​វិញ​បាន។​ អញ្ចឹង​ទេ​រឿង​ទឹកខ្មៅ​ហ្នឹង​ធានា​គុណភាព​ច្បាស់​លាស់​ណាស់»។

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ និចហ្វិច ​បាន​អះអាង​ពី​ការ​រក​ឃើញ​ថា​ ទឹក​ថ្នាំ​ថ្នាំ​អាច​លុប​បានដែរ​ ដោយ​អះអាង​ថា ​ក្រុម​អ្នក​ឃ្លាំមើល​កំពុង​មាន​ក្តី​បារម្ភ​ពី​ភាព​សេរី​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត។​

លោក​ថ្លែងថា៖​ «យើង​មាន​ក្តី​បារម្ភថា​ ប្រសិន​បើ​គោល​ការណ៍​ម្នាក់​បោះ​បាន​មួយ​សន្លឹក​ តែ​បើ​មាន​ជន​ឆ្លៀត​ឱកាស​ប្រើប្រាស់​នូវ​ការ​លុប​បាន​របស់​ទឹក​ខ្មៅ​នេះ​ លាង​ឲ្យ​ស្អាត ​ហើយ​ទៅ​បោះ​ឆ្នោត​ម្តង​ទៀត​ ព្រោះ​ថា​ ពេល​ខ្លះ​យើង​ឃើញ​មាន​ករណី​ឈ្មោះ​ស្ទួន​បញ្ជី​បោះឆ្នោត ​មាន​ការ​ប៉ោង​ឡើង​ ហើយ​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​មាន​ភាព​មិន​ប្រក្រតី​ខ្លះៗក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ»។​

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ោង​ ឬ​មាន​ឈ្មោះ​ខ្មោច​ច្រើន បញ្ហា​ទឹកថ្នាំ​ខ្មៅ​អាច​លុប​បាន​ បញ្ហា​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាញ​ច្រើន​ ហើយ​មិន​ប្រក្រតី ​និង​ការ​មិន​ឲ្យ​គណបក្ស​ នយោបាយ​ និង​អ្នក​សង្កេត​ការណ៍​យក​បញ្ជី​ទៅ​ផ្ទៀង​ផ្ទាត់​នៅ​ការិយាល័យ​បោះ​ ឆ្នោត​គឺ​ជា​ការ​កង្វល់​ចុងក្រោយ​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត។

មុន​តែ​ប៉ុន្មាន​ម៉ោង​ដែល​ការ​ឃោសនា​រក​សំឡេងឆ្នោត​ត្រូវ​បញ្ចប់​កាលពី​ថ្ងៃសុក្រ​ នេះ​ អង្គការ​ស.រ.អា.​មួយ​ឈ្មោះ​ Human ​Rights ​Watch ​(HRW) ​បាន​និយាយ​ថា​ មាន​បញ្ហា​ជា​ប្រព័ន្ធ​យ៉ាង​ច្រើន​ដែល​ធ្វើឲ្យ​ការ​បោះឆ្នោត​ថ្ងៃ​២៨​ខែ​កក្កដា​នេះ​គ្មាន​ លក្ខណៈ​សេរី​ យុត្តិធម៌​ ត្រឹមត្រូវ។​ នេះជា​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។​

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ HRW ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា៖​ «ដំណើរការ​ទាំង​មូល​គឺ​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ប្រឆាំង​នឹង​គណបក្ស​ជំទាស់។​ លទ្ធផល​ដែល​គួរ​ធ្វើ​តាម​ឆន្ទៈ​របស់​ពល​រដ្ឋនោះ​ត្រូវគេ​រៀបចំ​ឲ្យទៅ​ជា​លទ្ធផល​តាម​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​អះអាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាជ្ញាធរ​ប្រដាប់​អាវុធ​ជួយ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​គ្មាន​ប្រព័ន្ធ​យន្ត​ការណ៍​ដោះស្រាយ​ទំនាស់​ដោយ​ឯករាជ្យ​ និង​មិន​លម្អៀង​ បញ្ជី​បោះឆ្នោត​មាន​ឈ្មោះ​ប៉ោង​ ឬឈ្មោះ​ខ្មោច​ និង​ការ​ផាត់​ចោល​លោកសម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជាដើម។​

តែ​លោកទេព នីថា​ អគ្គ​លេខាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដោយ​ថ្លែង​ថា​  អង្គការ​ HRW ​ជាអង្គការ​មិន​ដែល​និយាយ​ អ្វី​ល្អ​ពី​កម្ពុជា​ទេ រួមទាំងការ​បោះឆ្នោត។​ លោក​ទេព នីថា​អះអាង​ថា ​ការ​បោះ​ឆ្នោត​មាន​អ្នកសង្កេត​ការណ៍​ជាច្រើន ​ទាំងជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​ភាព​សេរី ​និង​យុត្តិធម៌។​

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់ អំណាច​ជាង​៣០ឆ្នាំ​ បាន​ឈ្នះ​ការ​បោះឆ្នោត​៩០​អាសនៈ​កាល​ពី​ឆ្នាំ​២០០៨​ក្នុង​រដ្ឋ​សភា​សរុប​ចំនួន​១២៣​អាសនៈ។ ​គណបក្ស​ជំទាស់​ទទួល​បាន​តែ២៩​អាសនៈ​ប៉ុណ្ណោះ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​ ពលរដ្ឋ​ជាង​៩​លាននាក់មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាង ​និង​គណបក្ស​មួយ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល៕​